លោក កឹម សុខា៖ ការសន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​រឿងចាំបាច់​បំផុត​ដើម្បី​ផលប្រយោជន៍​ជាតិ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា លើកឡើងថា លោកតែងតែប្រាថ្នាចង់បានការទំនាក់ទំនង ឬការជួបសម្ដែងការគួរសម និងការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ ដោយថា នេះគឺជារឿង​ចាំបាច់បំផុតដើម្បីផលប្រយោជន៍ជាតិ។

ការបញ្ជាក់ជំហរបែបនេះធ្វើឡើង ក្រោយប្រធានគណបក្សប្រឆាំងរូបនេះ​ជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោក Jacques PELLET នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣។

លោក កឹម សុខា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១០ ខែមករា ថា ក្នុងជំនួបនោះ លោកបានផ្លាស់ប្ដូរព័ត៌មាន ទស្សនៈ និងគោលជំហរ ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ដែលពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។

លោកបញ្ជាក់ថា គោលជំហររបស់លោក ជាទូទៅ លោកតែងតែទទួលស្វាគមន៍ជួបពិភាក្សាការងារ និងទំនាក់ទំនងជាមួយតំណាងអង្គការសហប្រជាជាតិ តំណាងប្រទេស ឬអ្នកការទូតនានាដែលជាមិត្តរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការថាជាប្រទេសលោកសេរី ឬកុម្មុយនីស្ត ឬអព្យាក្រឹតឡើយ ដើម្បីផលប្រយោជន៍ខ្មែរ ស្របតាមច្បាប់ជាតិនិងអន្តរជាតិ គឺមិនមែនជាការគប់គិតគ្នាដោយសម្ងាត់ ដែលនាំឱ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងកម្ពុជាឡើយ។

លោក កឹម សុខា អះអាងថា៖ «ហើយមិត្តបរទេសដែលជាមិត្តរបស់កម្ពុជា និងដែលបានប្រាស្រ័យទាក់ទងជាមួយខ្ញុំនោះ ក៏គេយល់ដឹងច្បាស់ថា ខ្ញុំមិនមែនជាបុគ្គលហិង្សា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព ឯកភាព អធិបតេយ្យភាព និងវឌ្ឍនភាពជាតិខ្មែរ ជាពិសេសមិនធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាពជាមួយកម្ពុជាឡើយ»។

បន្ថែមពីនេះ សម្រាប់ប្រធានបក្សប្រឆាំងដដែល​នេះ ​នៅតែយល់ឃើញថា ការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ គឺរឹតតែសំខាន់បំផុត ដើម្បីផលប្រយោជន៍ជាតិ។ ​

លោកថា៖ «ទោះជាយ៉ាងណា ខ្ញុំនៅតែយល់ថា “ទំនាក់ទំនង ឬការជួបសម្តែងការគួរសម និងការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ គឺរឹតតែសំខាន់ និងចាំបាច់បំផុត ដើម្បីផលប្រយោជន៍ខ្មែរ” ហើយដែលខ្ញុំតែងតែប្រាថ្នាចង់បាន»។

ចំណែកស្ថានទូតបារាំងប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី១១ ខែមករា ថា ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតបារាំង លោក Jacques PELLET ជាមួយលោក កឹម សុខា នៅស្ថានទូតបារាំង កាលពីថ្ងៃម្សិលមិញ ដើម្បីពិភាក្សាគ្នាអំពីប្រធានបទបច្ចុប្បន្នភាពផ្សេងៗ ជាពិសេសពីសារសំខាន់នៃការពង្រីកលំហនយោបាយ និងពលរដ្ឋ ក៏ដូចជាសារសំខាន់នៃពហុបក្ស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសាររបស់លោក កឹម សុខា ថាគ្រាន់ជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។ លោកថា ផ្អែកលើគោលការណ៍ច្បាប់ និងសភាពការណ៍ គឺហួសពេលចរចាហើយ ព្រោះសំណុំរឿងរបស់លោកដែលរងការចោទប្រកាន់តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ពីបទ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» កំពុងស្ថិតក្នុងដៃតុលាការ។ ដូច្នេះ លោកថា ទោះលោក កឹម សុខា ចង់ចរចាយ៉ាងណា ក៏មិនអាចទៅរួចដែរ។

សម្រាប់មន្ត្រីបក្សប្រជាជនរូបនេះ ឃ្លា «ជជែករវាងខ្មែរនិងខ្មែរ» របស់លោក កឹម សុខា គឺសំដៅលើការចរចានយោបាយ។ លោកថា ករណីចរចានយោបាយអាចកើតឡើងនៅពេលសំណុំរឿងមិនទាន់ដល់ដៃតុលាការប៉ុណ្ណោះ។ សម្រាប់លោក សុខ ឥសាន កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិនយោបាយអ្វីឡើយ។  ​

លោកថា៖ «គណបក្សប្រជាជន ជាគណបក្សទេវតា! ហើយមិនដែលមានសតិអារម្មណ៍ចង្អៀតចង្អល់ជាមួយគណបក្សនយោបាយណាមួយទេ។ តែយើងបើកទូលាយសិទ្ធិសេរីភាព សិទ្ធិនយោបាយ ឬមួយក៏បរិយាកាសនយោបាយនេះ យើងចង់ឱ្យមានបរិយាកាសនយោបាយល្អ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ប៉ុន្តែ […] អ្នកនយោបាយក៏ដោយ ឬពលរដ្ឋណាក៏ដោយ តែបានប្រព្រឹត្តបទល្មើសចូលផ្លូវច្បាប់ហើយ គឺថាមិនអាចសម្របសម្រួលខាងផ្លូវនយោបាយបានទេ។ វាត្រូវតែដោះស្រាយតាមផ្លូវច្បាប់ហ្នឹងឯង។ អ៊ីចឹងករណី កឹម សុខា នេះ ខ្ញុំយល់ថា វាធ្លាក់ទៅដល់ដៃតុលាការហើយ បានសេចក្តីថាធ្លាក់ទៅដល់ដៃផ្លូវច្បាប់ហើយ អ៊ីចឹងយើងមិនអាចងាកក្រោយដើម្បីចរចាណាមួយទេ»។

ក្រៅពីជួបជាមួយឯកអគ្គរដ្ឋទូតបារាំង កាលពីថ្ងៃទី១០ ខែមករា ដដែលនោះ លោក កឹម សុខា ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ផា​ទ្រីក មើ​ហ្វ៊ី (​Patrick Murphy) នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ ផងដែរ។

ប្រធានគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ក្នុងជំនួបជាង២ម៉ោងរវាងលោកជាមួយលោក Patrick Murphy នោះ ភាគីទាំងពីរបាន​ពិភាក្សាគ្នាអំពីព្រឹត្តិការណ៍មួយចំនួនកាលពីចុងឆ្នាំ២០២២កន្លងទៅ និងសម្រាប់ឆ្នាំថ្មី២០២៣​ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និង​កម្ពុជា ព្រមទាំងអំពីដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។

លោក កឹម សុខា លើកឡើងថា៖ «ឯកឧត្តមឯកអគ្គរដ្ឋទូត​ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកតែងតែលើកឡើងអំពីចេតនាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងពហុភាគីក្នុងតំបន់ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដោយឈរលើគុណតម្លៃ ដែលមានដូចជា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ជាដើម»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា សាររបស់លោក កឹម សុខា មានអត្ថន័យពញ្ញាក់ស្មារតីពលរដ្ឋខ្មែរទូទៅ អ្នកនយោបាយ ឱ្យងាកមករកការស្រុះស្រួលគ្នា បណ្ដុះនូវវប្បធម៌ត្រូវរ៉ូវគ្នា អាចរួមរស់នៅជាមួយគ្នា និងមិនបណ្ដុះនូវវប្បធម៌គុំកួន ខណៈលោកផ្ទាល់គាំទ្រនូវទស្សនៈនេះ។

លោកថា កន្លងមក លោក កឹម សុខា ធ្លាប់ប្រើយុទ្ធសាស្ត្រ ឬវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាច នៅពេលដែលលោកជាអនុប្រធានបក្សសង្គ្រោះជាតិ ជាមួយលោក សម រង្ស៊ី កាលពីឆ្នាំ២០១៤។ លោកចាត់ទុកថា វប្បធម៌សន្ទនារវាងបក្សកាន់អំណាចនិងបក្សប្រឆាំង គឺល្អសម្រាប់ខ្មែរ។

យ៉ាងណា លោកថា នៅក្នុងចរន្តបច្ចុប្បន្ន វប្បធម៌សន្ទនាមិនមានទៀតទេ ដោយសារវាបានបាត់តាំងពីឆ្នាំ២០១៥ ព្រោះគ្មានចរន្តចរចាសន្ទនាជជែកក្នុងនាមជនរួមជាតិ ខណៈអ្នកនយោបាយបច្ចុប្បន្នកំពុងបណ្តុះនូវវប្បធម៌ «ទឹកឡើងត្រីស៊ីស្រមោច»

លោក ឯម សុវណ្ណរ៉ា យល់ថា នៅមុនការបោះឆ្នោតឆ្នាំ២០២៣ មកដល់ លទ្ធភាពនៃការចរចានយោបាយមិនអាចកើតឡើងទេ ដោយសារតម្លៃ និងកម្លាំងនយោបាយរវាងបក្សធំៗទាំង២ខុសគ្នាឆ្ងាយណាស់ ដូច្នេះបក្សកាន់អំណាចនឹងមិនចរចាឡើយ។ ជាក់ស្តែង លោកថា កម្លាំងគណបក្សសង្គ្រោះជាតិបានចុះខ្សោយ ដោយសារកន្លងមក ប្រធានគណបក្ស លោក កឹម សុខា ខ្លួនឯងត្រជាក់ពេក ដែលធ្វើឱ្យអ្នកគាំទ្ររងា និងមិនមានភាពកក់ក្តៅ។

លោកមានប្រសាសន៍ថា៖ «កន្លងមក ឧទាហរណ៍ថា គេចោទប្រកាន់គាត់បទ “សមគំនិតជាមួយបរទេស”! កន្លែងនេះ យើងសួរថា តើគាត់មានបានសម្តែងមតិប្រឆាំង ឬតវ៉ាក្នុងក្របខណ្ឌផ្លូវច្បាប់កម្រិតណា? ហើយអ្នកដើរតាមគាត់បានចូលរួម ឬគាត់បានជំរុញអ្នកគាំទ្ររបស់គាត់ដែលជាសមាជិកបក្សសង្គ្រោះជាតិ អ្នកស្រឡាញ់បក្សសង្គ្រោះជាតិ ជួយតវ៉ាផ្លូវច្បាប់? មិនមែនឱ្យគាត់ហ្នឹងបំផុស ញុះញង់ តវ៉ា ឬប្រឆាំងនឹងអាជ្ញាធរតាមគោលការណ៍នយោបាយ ឬខុសគោលការណ៍ច្បាប់ទេ។ ប៉ុន្តែសកម្មភាពរបស់គាត់មានតិចតួចស្តួចស្តើង ហាក់ដូចជាគាត់ទទួលយកការចោទប្រកាន់របស់បក្សកាន់អំណាច អ៊ីចឹងដូចវាធ្វើឱ្យស្មារតីនៃការជជែកតវ៉ាហ្នឹង កម្លាំង២ហ្នឹង វាអត់ស្មើគ្នាទេ»។

បើទោះជាយ៉ាងនេះក្តី លោក សុវណ្ណរ៉ា មើលឃើញថា ការចរចាក្នុងរង្វង់អ្នកនយោបាយខ្មែរកើតឡើងទៅបាន វាលុះត្រាតែតម្លៃ និងកម្លាំងមានភាពប្រហាក់ប្រហែលគ្នា ដូចជាចរន្តពីអ្នកគាំទ្រ និងសហគមន៍អន្តរជាតិ។

លោក ឯម សុវណ្ណរ៉ា បន្តថា៖ «ប្រសិនបើវប្បធម៌សន្ទនាហ្នឹង វាអត់កើតទេ! អាវប្បធម៌ដុះដាលនៃវប្បធម៌គុំកួន ប្រេះឆាគ្នា ឬគេហៅថាវប្បធម៌ “ទឹកឡើងត្រីស៊ីស្រមោច”ហ្នឹង វាកាន់តែរីកដុះដាលច្រើន។ ហើយក្នុងសង្គមកម្ពុជា នៅថ្ងៃអនាគត វាប្រឈមនឹងការបែកបាក់។ វាមិនដំណើរការរលូនតាមគន្លងប្រជាធិបតេយ្យទេ បានន័យថា គន្លងជាក់ស្តែង យើង process ដំណើរការតាមរយៈការបោះឆ្នោត តាមរយៈការផ្លាស់ប្តូរថ្នាក់ដឹកនាំ តាមរយៈសំឡេងគាំទ្រពីប្រជាពលរដ្ឋ ដែលថ្ងៃអនាគត បើសំឡេងយន្តការប្រជាធិបតេយ្យ ទៅមិនរួច»។

គិតពីថ្ងៃដែល​សមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្ដាលអធ្រាត្រ កាលពីដើមខែ​កញ្ញា ឆ្នាំ២០១៧ អ្ន​ក​​​នយោបាយ​ចាស់វស្សារូបនេះ ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយជាង៥​​ឆ្នាំ​​មក​​ហើ​​​​យ។ ​សាលាដំបូងក្រុងភ្នំពេញ ​បានបិទបញ្ចប់នីតិវិធីនៃការសួរដេញដោល​លើអង្គសេចក្តី កា​ល​​​​​​ពីថ្ងៃទី១៩ ខែតុលា កន្លងទៅ លើសំណុំរឿងដែលចោទប្រកាន់លោក កឹម សុខា ពីបទ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» និងកំណត់ឱ្យភាគីក្នុងរឿងក្ដី ធ្វើសេចក្តីសន្និដ្ឋាន​​ជាលាយ​​លក្ខ​​ណ៍អក្សរ និងទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ក្រោយបញ្ចប់សេចក្តីសន្និដ្ឋានកាលពីខែធ្នូ ឆ្នាំមុន​ ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចភ្លាមៗថា សាលក្រមនៃរឿងក្ដីព្រហ្មទណ្ឌមួយនេះនឹងប្រកាស​នៅ​ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងនេះក្តី ក្នុងជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ​លោក ផា​ទ្រីក មើ​ហ្វ៊ី (Patrick Murphy) ​កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយលោក មើហ្វ៊ី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ​​ថា សិទ្ធិ​ធ្វើនយោបាយរបស់លោក កឹម សុខា គួរត្រូវ​បានផ្តល់សម្បទាឡើងវិញដោយពេញលេញ ក្រោយពីការឃុំខ្លួនគាត់និងបន្តនីតិវិធីនៅតុលាការប្រមាណ៥ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ