តំណាង VOD ថាការរាយការណ៍ព័ត៌មានពីកូដកម្មរបស់កម្មកររោងចក្រ ហេន ស៊ើវេន មិនបានខុសពីវិជ្ជាជីវៈ

កម្មករ-កម្មការិនីបម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងអ្នកសារព័ត៌មានវីអូឌី (VOD) បានអះអាងថា ការរាយការណ៍ព័ត៌មានរបស់សហការីខ្លួន ស្ដីពីការធ្វើកូដកម្មរបស់ក្រុមកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហេន ស៊ើវេន អឹភែរឹល កាលពីពេលថ្មីៗនេះ មិនបានខុសទៅនឹងវិជ្ជាជីវៈ ពិសេសមិនបានចូលទៅក្នុងបរិវេណរោងចក្រ ដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុននោះឡើយ។

​ការលើកឡើងនេះ ក្រោយពេលភាគីថៅកែរោងចក្រជាជនជាតិចិន ដែលតំណាងដោយ​មេធាវីរបស់ខ្លួន បានជូនដំណឹងមកស្ថាប័នវីអូឌី (VOD) ឱ្យសុំទោស និងផ្សាយកែតម្រូវឡើងវិញ ពាក់ព័ន្ធការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាបន្ទាន់​ ដោយចោទថា ផ្សាយខុសពីការពិត

ជាមួយគ្នានេះ ភាគីក្រុមហ៊ុន ហេន ស៊ើវេន អឹភែរឹល (HAND SEVEN APPAREL CO., LTD.) ​ថែមទាំងព្រមានចាត់វិធានការច្បាប់លើអ្នកសារព័ត៌មាន VOD ​ប្រសិនបើមិនសុំទោស និង​កែតម្រូវឡើងវិញទេ​។

នាយកស្ដីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាតំណាងអ្នកយកព័ត៌មាន លោក អ៊ិត សូធឿត បានឆ្លើយតបថា តាមរយៈការសាកសួរទៅកាន់សហការីសាម៉ី និងពិនិត្យវីដេអូផ្សាយឡើងវិញនោះ បង្ហាញថា វីដេអូដែលបានរាយការណ៍ផ្ទាល់នោះ គឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មិនមែនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដូចក្នុងលិខិតរបស់មេធាវីតំណាងឱ្យភាគីរោងចក្រនោះទេ។

លោកបន្ថែមថា នៅពេលនោះ អ្នកយកព័ត៌មាន វីអូឌី បានរាយការណ៍ផ្ទាល់ជាវីដេអូនៅខាងមុខរោងចក្រតែប៉ុណ្ណោះ មិនមែននៅខាងក្នុងរោងចក្រដូចការលើកឡើងតាមលិខិតនោះទេ គ្រាន់តែអ្នករាយការណ៍ព័ត៌មានវីអូឌីបានច្រលំនិយាយថា ខ្លួនកំពុងតែផ្សាយផ្ទាល់ក្នុងរោងចក្រ។

លោកបន្តថា«ការ Live [ផ្សាយផ្ទាល់]ហ្នឹង យើងLiveនៅខាងក្រៅរោងចក្រ គឺនៅតាមដងផ្លូវសាធារណៈទេ។ ហើយខ្ញុំចង់បញ្ជាក់កន្លែងនេះថា ប្រហែលជាគាត់អាចនិយាយនៅក្នុងសេចក្ដីរាយការណ៍ហ្នឹងច្រឡំ នៅពេលដែលគាត់ចាប់ផ្ដើមបើកក្បាលដំបូង គាត់និយាយថាកំពុងនៅក្នុងរោងចក្រ។ យើងអាចកែតម្រូវកន្លែងហ្នឹងតិច តែគាត់មិនបានចូលទៅក្នុងរោងចក្រនោះទេ»

លោកបន្ថែមថា អ្នករាយការណ៍ព័ត៌មាន វីអូឌី បានគោរពនូវវិជ្ជាជីវៈរបស់ខ្លួន ដោយគ្រាន់តែទៅរាយការណ៍ព័ត៌មាននៅកន្លែងដែលកម្មករតវ៉ា និងសម្ភាសកម្មករនៅទីនោះ ដោយមិនបានបញ្ចេញបញ្ចូលអ្វីនោះឡើយ មិនមែនទៅធ្វើកូដកម្មជាមួយកម្មករនោះទេ។

លោកថា«ខ្ញុំគិតថា គាត់[ភាគីរោងចក្រ]មានការយល់ច្រឡំ ឬគាត់មិនទាន់យល់ច្បាស់ពីតួនាទីអ្នកសារព័ត៌មាន នៅពេលដែលយើងចុះទៅយកព័ត៌មានផ្ទាល់។ យើងត្រូវមានវត្តមាននៅហ្នឹង យើងមិនបានចូលតវ៉ានោះទេ។ បើយើងចាត់ទុកថាអ៊ីចឹង អ្នកព័ត៌មានមិនដឹងធ្វើអីកើតទេ»

លិខិតជូនដំណឹងរបស់មេធាវី លោក តេង បញ្ញារិទ្ធិ ដែលតំណាងឱ្យថៅកែរោងចក្រ ហេន ស៊ើវេន ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ និងចុះហត្ថលេខាទទួលដោយតំណាងវីអូឌី នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានប្រាប់ឱ្យអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) សុំអភ័យទោស និងផ្សាយកែតម្រូវឡើងវិញជាបន្ទាន់ ពាក់ព័ន្ធការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ VOD និងបានសម្ភាសជាមួយ​កម្មករ-កម្មការិនី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ គឺខុសពីការពិតទាំងស្រុង។

លិខិតដដែលបានចោទប្រកាន់អ្នកយកព័ត៌មាន VOD ថាបានបំពាន​ចូលក្នុងបរិវេណក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត ដើម្បីថតរូបភាពនៅខាងក្នុងក្រុមហ៊ុន យកមកផ្សាយបង្ហាញជាសាធារណៈ ដោយថា ទង្វើទាំងនេះជារឿងខុសច្បាប់។

មេធាវីតំណាងឱ្យថៅកែរោងចក្រ អះអាងថា«អំពើទាំងអស់ខាងលើរបស់លោក [អ្នកយកព័ត៌មាន [VOD] បានធ្វើឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសគឺបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្តីខ្ញុំ ក្នុងឋានៈជានិយោជកនៃក្រុមហ៊ុន ដែលត្រូវបានការពារដោយច្បាប់។ ដូច្នេះ សូមលោកធ្វើការសុំអភ័យទោស និងផ្សាយកែតម្រូវឡើងវិញជាសាធារណៈ ពាក់ព័ន្ធនឹងការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៃទំព័រហ្វេសប៊ុកផ្លូវការរបស់ VOD កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ ជាបន្ទាន់ មុនពេលវិធានការច្បាប់នានាត្រូវបានអនុវត្តបន្ត»

លោក តេង បញ្ញារិទ្ធ ដែលជាមេធាវីតំណាងដោយអាណត្តិរបស់លោក Zhang Wenlong ជានាយកក្រុមហ៊ុន​ ហេន ស៊ើវេន អឹភែរឹល ​បានឆ្លើយតបថា ដោយសារតែកូនក្ដីរបស់ខ្លួនមិនបានបិទរោងចក្រ ឬបានបំបិទសិទ្ធិកម្មករអ្វីនោះទេ។ ហេតុដូច្នេះ លោកថា ប្រសិនបើអ្នករាយការណ៍ព័ត៌មាន វីអូឌី ពិតជាមិនបានធ្វើខុសវិជ្ជាជីវៈមែន ខាងក្រុមហ៊ុននឹងស្នើឱ្យមានការជជែកគ្នា។

លោកថា «ឃើញថាការដែលផ្សាយហ្នឹង គឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ប៉ះពាល់ដល់កិត្តិនាមរោងចក្ររបស់ពួកគាត់ ព្រោះរោងចក្ររបស់គាត់អត់បានធ្វើអ៊ីចឹងទេ បានគាត់មានប្រតិកម្មហ្នឹង។ អ៊ីចឹងបើសិនជាអាច គួរជជែកគ្នារកដំណោះស្រាយទៅ»

ទោះជាយ៉ាងណា ​ក្នុងលិខិត​របស់​មេធាវី​​​ លោក តេង បញ្ញារិទ្ធ គ្រាន់តែលើកឡើងជារួម និងមិនបានបញ្ជាក់​ឱ្យ​អ្នកសារព័ត៌មាន VOD ​កែតម្រូវត្រង់ចំណុចណាខ្លះឱ្យជាក់លាក់នោះទេ។

ទោះបីជាយ៉ាងនេះក្តី លោក អ៊ិត សូធឿត យល់ថា ការដែលមេធាវីក្រុមហ៊ុនឱ្យអ្នករាយការណ៍ព័ត៌មាន វីអូឌី ​កែតម្រូវ តែមិនបញ្ជាក់ថាកែតម្រូវត្រង់ណា និងថែមទាំងភ្ជាប់នូវមាត្រានៃក្រមព្រហ្មទណ្ឌផងនោះ ជាការគំរាមកំហែងលើអ្នកសាព័ត៌មានទៅវិញទេ។

ជាមួយគ្នានេះ លោក ឌុច ពិសិដ្ឋ ដែលជាមេធាវីតំណាងឱ្យអ្នករាយការណ៍ព័ត៌មាន វីអូឌី បានលើកឡើងថា បើពិនិត្យតាមវីដេអូ អ្នករាយការណ៍ព័ត៌មាន វីអូឌី គ្រាន់តែរាយការណ៍ព័ត៌មាននៅខាងមុខរោងចក្រ ជាទីដែលកម្មករតវ៉ាប៉ុណ្ណោះ។

លោក ឌុច ពិសិដ្ឋ បានបន្ថែមថា អ្នករាយការណ៍ព័ត៌មាន វីអូឌី បានគោរពវិជ្ជាជីវៈរបស់ខ្លួនដោយបានពាក់កាត និងសម្ភាសកម្មករនៅទីនោះ និងមិនបានបំពានច្បាប់អ្វីនោះទេ។

លោកថា៖ «ខ្ញុំឃើញវីដេអូហ្នឹង បញ្ជាក់ថា គាត់ដូចជាមិនបានចូលទៅក្នុងបរិវេណរោងចក្រទេ គាត់ដូចជាចូលសម្ភាសកម្មករដែលធ្វើកូដកម្មហ្នឹងនៅមុខរោងចក្រ ប៉ុន្តែបើយើងថតជាវីដេអូទៅ ធម្មតាវាត្រូវឃើញផ្លូវផង ឃើញអគារ ឃើញសំណង់របស់រោងចក្រ ឃើញកូដករអ៊ីចឹងទៅ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូចា) លោក ណុប វី មានប្រសាសន៍ថា ការដែល​អ្នក​រាយ​ការណ៍​ព័ត៌​មាន​បា​ន​ទៅ​យក​ព័ត៌មានផ្ទាល់នៅមុខរោងចក្រនេះ ពុំអាច​ចាត់​ទុក​ថាបាន​រំលោភ​លើសិទ្ធិ និង​ប៉ះពាល់ដល់កិត្តិយសដល់ក្រុមហ៊ុននោះទេ។

លោកថា៖ «ការរាយការណ៍នៅ​មុខរោងចក្រ គឺជារឿងធម្មតាទេ ដែលអ្នកយកព័ត៌មាន គេមិនចេះ​តែរាយការណ៍ជារួម កាលណាតែមានកម្មករតវ៉ា គេទៅរាយការណ៍ហើយ វាជារឿងធម្មតាតើ!»

បន្ថែមពីនេះ លោកថា ប្រសិន​បើក្រុមហ៊ុនយល់​ថា ការផ្សាយនោះ​ខុសពីការពិត ភាគីក្រុម​ហ៊ុន​គួរ​​​តែ​​បញ្ជាក់​ក្នុង​លិខិតរបស់ខ្លួន​ ថាតើ​ខុសត្រង់ចំណុចណា ដើម្បីឱ្យខាងស្ថាប័នព័ត៌មានពិនិត្យ និងធ្វើការកែសម្រួល ប្រសិនបើមានកំហុសឆ្គងមែននោះ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២២ កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បម្រើការងារនៅរោងចក្រ​កាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរកាត់ H7) នៅជិតផ្សារព្រៃទា ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ ស្របតាមច្បាប់ស្តីពីការងារ ក្រោយសង្ស័យថា រោងចក្របិទទ្វារ។ តែយ៉ាងណា ប្រធានរដ្ឋបាលរោង​ចក្រ បានបញ្ជាក់ថា រោង​​ចក្រ​​មិនបានបិទនោះទេ ហើយបញ្ហាវិវាទការងារនៅក្នុងរោងចក្រនេះបានដោះស្រាយចប់​អស់ហើយនៅថ្ងៃដដែលនោះ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ