សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ ក្រោយ​សមត្ថកិច្ច​ឱ្យ​លុប​បទចម្រៀង «ឈាមបាតុករ»

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើក​លំហ​សិទ្ធិ​សេរីភាព​​​ដល់​សង្គម​​ស៊ីវិល តាម​រយៈ​ការបង្ហោះបទចម្រៀង​ «ឈាមបាតុករ» ឡើង​វិញ ដោយ​ថា វិធានកា​រទ​ប់​​ស្កាត់ថ្មី​ៗនេះ​ជាកា​រគំរាមកំហែងសេរីភាពបញ្ចេញមតិ​ដែលធានាដោយច្បាប់​ជាតិ និង​អន្តរ​ជាតិ។

ការស្នើនេះបន្ទាប់ពីសង្គមស៊ីវិលចំនួន៤ស្ថាប័ន បានសម្រេចលុបចោលវីដេអូបទចម្រៀងរ៉េប ដែលមានចំណងជើងថា «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមរបស់​ខ្លួន បន្ទាប់​ពី​សមត្ថកិច្ចព្រមាន​ចាត់​វិធាន​ការច្បាប់​ ដោយ​លើក​ហេតុផល​ថា បទចម្រៀងនេះមាន​ចេតនា​ «អុច​អាល និង​ញុះ​ញង់»

ក្នុងលិខិត​របស់​អង្គ​ការ​សម្ព័ន្ធភាពការងារ​សិទ្ធិមនុស្សកម្ពុជា ហៅ​កាត់ CHRAC ចុះ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ ឱ្យដឹង​ថា ទោះបីជា​រដ្ឋាភិបាល​ជា​អ្នក​ធានាដល់​សន្តិ​សុខ និងសណ្ដាប់ធ្នាប់សាធារណៈ ​ក៏ពិតមែន ប៉ុន្តែបទចម្រៀងរបស់យុវជន គា សុគន្ធ ដែលចុះផ្សាយនៅលើគេហទំព័រ និង​បណ្តាញសង្គមរបស់​អង្គការ​សង្គម​ស៊ីវិល​នោះ មិន​មែន​ជា​អំពើ​ញុះញង់ ខណៈ​ពាក្យ​ពេចន៍​និង​អត្ថន័យក្នុង​បទចម្រៀង​នោះក៏​មិនបានឈានទៅរកការញុះញង់ និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គមជាតិដែរ។

មួយវិញទៀត អង្គការ​នេះថា ខ្លឹមសារនៃបទចម្រៀង«ឈាមបាតុករ»នេះ ត្រូវបានធ្វើឡើងស្ថិតក្នុង​ព្រំដែន​នៃ​សិទ្ធិ និង​សេរីភាពបញ្ចេញមតិ ដែលបាន​ចែង​ក្នុង​សេចក្ដី​ប្រកាសជាសកលនៃសិទ្ធិ​មនុស្ស និង​កតិកាសញ្ញាសិទ្ធិពលរដ្ឋ និង​នយោបាយ និងរដ្ឋធម្មនុញ្ញកម្ពុជា។

​លិខិតអង្គការ CHRAC បាន​លើកឡើងថា៖ «រដ្ឋធម្មនុញ្ញ​កម្ពុជាបាន​ទទួល​ស្គាល់​នូវ​រាល់​លិខិត​តុបករណ៍​​សិទ្ធិ​មនុស្សទាំងអស់នៃអង្គការសហប្រជាជាតិ អង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រួច​​ហើយ និង​​យល់​​ថា បទចម្រៀង​របស់​យុវជន គា សុគន្ធ ដែល​បានចុះផ្សាយក្នុងគេហទំព័រ និង​អង្គការសង្គម​ស៊ីវិល ដូច​ជា អង្គការ LICADHO [លីកាដូ] និងសង់ត្រាល់, CCFC [សមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា], IDEA [សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​]​ ជាដើម ខ្លឹម​សារ​នៃបទចម្រៀង​នេះគ្មាន​អ្វីក្រៅពី​​​អង្គ​ការ​ទាំងនោះ​​រំលឹក​នូវ​ហេតុការណ៍​ផ្លូវ​វេង​ស្រេង នាពេលថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៤ បង្ហាញ​ពី​ភាព​ក្រីក្រ​នៃ​កម្មក​​រខ្វះខា​ត តស៊ូ ដើម្បីចិញ្ចឹមជីវិត និងសុំឱ្យមាន​យុត្តិធម៌សម្រាប់អំពើហិង្សានាពេលនោះ»។

អង្គការ CHRAC យល់​ថា សិល្បៈក៏ជាផ្នែកមួយនៃសិទ្ធិសេរីភាពបញ្ចេញមតិ​ ដែល​មនុ​ស្សគ្រប់រូប​មានសិទ្ធិក្នុងការបញ្ចេញមតិដោយ​គ្មានការជ្រៀតជ្រែក។ សិទ្ធិនេះ រួមមាន សេរីភាពក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន និងគំនិតគ្រប់ប្រភេទ ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព ក្នុងទម្រង់សិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗទៀតនៃជម្រើសរបស់គាត់ ដែលមានចែងក្នុង​​មាត្រា១៩​ ​នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោបាយ (ICCPR)។

អង្គការ CHRAC បន្តថា​៖ «យើងព្រួយបារម្ភថា ប្រសិនបើជាការបញ្ចេញមតិដូច្នេះ មិនអាចធ្វើការបញ្ចេញមតិដោយសេរី ពេញលេញ និងគ្មានការជ្រៀតជ្រែក ដូចដែលយើងបានប្រាថ្នាចង់បាន ពុំអាចធ្វើទៅបានឡើយ ដើម្បីរួមចំណែកបំពេញការអនុវត្តគោលនយោបាយប្រជាធិបតេយ្យ»។

ករណីនេះ អង្គការ CHRAC ស្នើទៅលោក ស ខេង ឱ្យជួយសម្របសម្រួល ដោយធ្វើយ៉ាងណាទម្លាក់​ចោលក្ដីបារម្ភពាក់ព័ន្ធនឹង​បទចម្រៀង «ឈាមបាតុករ» និង​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​​វីដេអូ​បទ​ចម្រៀង​​​នេះ​​ឡើង​​វិញ ដើម្បីលើកកម្ពស់សិទ្ធិ និងសេរីភាពបញ្ចេញមតិ ដែលរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាកន្លងមក។

មួយវិញទៀត អង្គការ​នេះថា ការ​ស្នើនេះ​ក៏ដើម្បីរក្សានូវស្ថានភាពមុនពេល និង​ក្រោយ​ពេលបោះ​ឆ្នោត​ជាតិ​ នាពេល​ខាងមុខ កុំ​ឱ្យ​មាន​ភាព​ល្អក់ក​ករ ស្រប​ពេល​ក្រសួងមហាផ្ទៃ តែងចាត់ទុក​ក្រុមអង្គការសង្គមស៊ីវិលជាដៃគូមួយ​ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ដែល​ជា​ប្រទេស​អនុវត្តគោលនយោបាយសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា បន្ថែមថា វីដេអូព្រឹត្តិការណ៍បាតុកម្មនៅឆ្នាំ២០១៤ ត្រូវផ្សព្វផ្សាយទូលំទូលាយអស់ហើយ ដូច្នេះរដ្ឋាភិបាលមិនគួរព្រួយបារម្ភ រហូត​ទាមទារ​និងបំបិទសិទ្ធិអង្គការសង្គមស៊ីវិល​មិន​ឱ្យ​ផុសឬ​បង្ហោះបែប​នេះ​ទេ។

លោកថា៖ «តាមពិត យើងត្រូវផ្ដោតទៅលើយុត្តិធម៌ ដែលស្ថានភាពនៅពេលហ្នឹង​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត គឺ​ពួកគាត់​មិន​ទាន់​បាន​ចោទ​អ្នកណា​ជា​អ្នក​ខុស អ្នកណាជាអ្នកប្រព្រឹត្តនៅឡើយទេ។ ចម្រៀងហ្នឹងដែលចង់បាន​ គឺ​ឱ្យ​ជួយរក​​យុត្តិធម៌។ ដូច្នេះទេ ការបញ្ចេញមតិដូច្នេះ គួរ​តែ​អនុញ្ញាត វា​មិន​មាន​អី​ធ្ងន់ធ្ងរ​ វា​ជារឿង​​ធម្មតាៗ។ ដូច្នេះយើងហាមឃាត់​​ អាហ្នឹង​គឺមា​ន​ន័យ​ថា ការបញ្ចេញមតិផ្សេងៗទៀតដែលមានន័យជ្រៅទំលំទូលាយ ផុយ​ស្រួយ រស់នៅក្នុងសិទ្ធិ រឹតតែមិនអាចបញ្ចេញបាន។ ដូច្នេះ​គួរអនុញ្ញាតឱ្យផ្សព្វផ្សាយដែរ វីដេអូហ្នឹង»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការកោះហៅ​ក្រុមអង្គការសង្គមស៊ីវិល និងឱ្យលុបវីដេអូបទចម្រៀងនាពេលថ្មីៗនេះថា ជាការរឹតត្បិត និងរំលោភបំពានសិទ្ធិសេរីភាពដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ខណៈវីដេអូក្នុងបទចម្រៀងរ៉េបនេះជាព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា ដែលមិនមែន​ជាការថតសម្ដែងឡើយ។

លោកថា៖ «សម្ដេចក្រឡាហោម ស ខេង លោកបានមានប្រសាសន៍កាលពីថ្ងៃទី១០ ខែមករា យ៉ាងច្បាស់ហើយ ដោយចាត់ទុកអង្គការសង្គមស៊ីវិលគ្រប់វិស័យ​ ទាំងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ជាដៃគូសំខាន់ក្នុងការពង្រឹងកិច្ចការងារ ដើម្បីជួយទៅដល់​រដ្ឋាភិបាលនៅក្នុងការដឹក​នាំ និងអ​ភិវឌ្ឍន៍សង្គម​ជាតិ​ហ្នឹង។ អ៊ីចឹង​ការដាក់​សម្ពាធ​បែប​ហ្នឹង មិន​មែន​ជា​រឿង​ល្អ​ប្រសើរ​ទេ កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​យើងកំពុងតែធ្វើការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះហើយ។ គួរតែមាន​ការ​ពិនិត្យ​មើល នៅក្នុ​ង​ការ​ទាមទារ ​ការតវ៉ា ឬ​ការ​រំលឹក​ហ្នឹងឡើង​វិញ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ហើយ​ព្យាយាម​បញ្ចប់​អំពើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា អាហ្នឹង​ជារឿងដែលរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរធ្វើ»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិនបានឆ្លើយតបជុំវិញករណីនេះ ដោយប្រាប់ថា កំពុងជាប់រវល់ប្រជុំ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី លើកឡើងថា វិធានការលើក្រុម​អង្គ​ការ​ស​ង្គ​ម​ស៊ីវិល​​​​ ​ពាក់ព័ន្ធបទចម្រៀងដែលភ្ជាប់ព្រឹត្តិការណ៍ផ្លូវវេងស្រេង តែមិនចាត់វិធានការលើអ្នកពាក់ព័ន្ធដែលបំផ្លាញស​​​ម្បត្តិបេតិកភណ្ឌជាតិ នឹងបន្តបន្សល់ទុកនូវជំងឺ​អយុត្តិធម៌សង្គមផង និង​ការធ្លាក់ចុះប្រជា​ប្រិ​យ​ភាព​នៅពេលខាងមុខផង។

លោកគិតថា ព្រឹត្តិការណ៍បង្ក្រាប​ដោយ​ហិ​ង្សា​របស់អាជ្ញាធររដ្ឋ នៅលើផ្លូវវេងស្រេង កាលពី៩ឆ្នាំមុន ប្រៀបបា​ន​វិនាសកម្មដ៏ធំមួយដែ​​លរដ្ឋាភិបាលចង់កាយកប់ ដើម្បី​កុំឱ្យប៉ះពា​ល់ដ​ល់​ប្រជាប្រិយ​ភាពនៅពេលខាងមុខ ប៉ុន្តែលោកថា វិធាននេះអាចជាអាវុធមុខពីរ​សម្រាប់រដ្ឋាភិបាល។

លោកថា៖ «ចំណាត់ការនេះ ខ្ញុំគ្រាន់តែមានការព្រួយបារម្ភនៅត្រង់ថា តើការបំបិទហ្នឹងវាអាចនឹងផ្តល់​នូវផល​ល្អសម្រាប់រដ្ឋាភិបាល មិនចង់ឱ្យកម្មកររំឭករឿងចាស់ឡើងវិញ ឬអាចជាកត្តាមួយធ្វើឱ្យអាការខឹងស​ម្បា​ហ្នឹង​ ឬការខកចិត្តហ្នឹង វាកើនឡើងកាន់តែច្រើន»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២​៣ បានស្នើអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការទប់ស្កាត់​បណ្តាប្រព័ន្ធព័ត៌មាន​សង្គម​ ដែលបានយកបទចម្រៀងរ៉េបរបស់យុវជន គា សុគន្ធ មក​ផ្សព្វផ្សាយ​ ដោយក្រសួង​សំអាងថា បទចម្រៀងនេះ​អាចនឹង​បង្កអសន្តិសុខ​សណ្តាប់ធ្នាប់សង្គម។

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឡើងក្រោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិលបង្ហោះ​វីដេអូ​បទ​​ចម្រៀង «ឈាម​បា​តុ​ករ»​ លើបណ្ដាញសង្គម និងគេហទំព័ររបស់ខ្លួន ក្នុងខួប៩ឆ្នាំ​នៃអំ​ពើ​​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង

អំ​ពើ​​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង ​ដែលបានកើតឡើង​កាលពីថ្ងៃទី៣ ខែ​មករា ឆ្នាំ២០១៤ បាន​បណ្តាល​​ឱ្យ​មនុស្ស​ចំនួ​​​ន៤​នាក់​​ស្លាប់​ ​រង​របួស​៣​៨​នាក់​ ក្នុងនោះ ​​២​៥​នាក់​រង​របួស​ដោយគ្រាប់កាំភ្លើង​ ​និង​កុមារា​ម្នាក់​អា​យុ​​១​​៥​ឆ្នាំ​នៅ​ពេល​នោះ​​បាន​បាត់ខ្លួន​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ