សង្គមស៊ីវិលជាង២០ ស្នើរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាន អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិលដែលសកម្មលើការ​ងារ​សិទ្ធិ​ជាមូលដ្ឋាន​​ជាង២០​ស្ថាប័ន ស្នើរដ្ឋាភិបាល​ពន្លឿនការអនុម័ត «សេចក្ដីព្រាង​ច្បាប់​​ស្ដីពីសិទ្ធិទទួលព័ត៌មាន» នាជំនួប​ជាមួយ​អ្នកសារព័ត៌មាន នៅថ្ងៃទី​១៤ ខែមករា ខាងមុខ​នេះដើម្បី​​លើក​កម្ពស់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

ការស្នើនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម​របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន នៅថ្ងៃទី​១២ ខែមករា ឆ្នាំ២០២៣នេះ។ អង្គការទាំងនោះមានដូចជា អង្គការតម្លាភាពកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខុមហ្វ្រែល និងអាដហុក ជាដើម។

សេចក្តីថ្លែងការណ៍នោះបាន​លើកឡើងថា បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជានៅ​មាន​កង្វល់​អំពី​ការទទួលបានព័ត៌មានសាធារណៈនៅឡើយ ព្រោះទាំងរដ្ឋបាលថា្នក់ជាតិ និង​ថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់​ស្ទើរ​ក្នុង​ការ​បើក​ចំហ ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ ដោយសារ​ខ្វះខាត​ធន​ធាន សមត្ថភាព​មាន​កម្រិត បើទោះជាមានបញ្ញត្តិខ្លះបានកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈ ក្នុង​ការបើក​ចំហ ឬផ្សព្វផ្សាយព័ត៌មានក៏ដោយ។

ប្រភពដដែលបន្តថា ការរីករាលដាលនៃកូវីដ-១៩ នាពេលបច្ចុប្បន្ន បានបង្ហាញឱ្យឃើញពីសារៈសំខាន់ និងការអនុវត្តសិទ្ធិទទួលព័ត៌មាន ក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ថាមាន​ភាព​សកម្ម និងចូល​រួមចំណែកក្នុងការ​លើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ពួកគេថា ដំណើរការនៃការផ្តល់និងទទួលព័ត៌មានសេវាសាធារណៈផ្សេងៗទៀតមាន​ការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិ និងផលប្រយោជន៍នានា ដូចជា កិច្ចសន្យាដីសម្បទាន សេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗ គម្រោងលទ្ធកម្មសាធារណៈថ្នាក់ជាតិ បញ្ហាដីធ្លី ការបណ្តេញចេញដោយបង្ខំ និងវិវាទដទៃទៀត។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា សង្គមស៊ីវិលទទួលស្គាល់ការខិតខំប្រឹងប្រែងមួយចំនួនរបស់​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ជាពិសេសនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីមួយចំនួនដូចជា អភិបាលកិច្ចល្អមូលដ្ឋាន ក្របខណ្ឌគណនេយ្យភាពសង្គម ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និង ច្រកចេញចូលតែមួយ ជាដើម។

អង្គការ​ទាំងនោះ​ក៏បានលើកឡើង​​ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក លើកទី៣ និងកាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នាជំ​នួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក លើកទី៤ ​ពីការ​​​ធានាឱ្យមានច្បាប់សិទ្ធិ​ទទួលព័ត៌​មាន​ក្នុងនីតិកាល​ទី៦នេះ។ ប៉ុន្តែពួកគេថា មក​ដល់​​បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌​មាន​បាន​បញ្ចប់​ការ​ត្រួតពិនិត្យលើមាត្រាស្តីពីទោសបទប្បញ្ញត្តិពីក្រសួងយុត្តិធម៌ និងបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញហើយ។

ដូច្នេះ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន​​ជាលើកទី​៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាង​មុខ​នេះ ក្រុមយុវជន ក្រុមមនុស្សចាស់ អង្គការសង្គមស៊ីវិល ក្រុមការងារលើកកម្ពស់សិទ្ធិ​ទទួលព័ត៌មាននៃអង្គការមិនមែនរដ្ឋាភិបាល ស្នើរដ្ឋាភិបាល និងស្ថាប័នសភាជាតិ អនុម័តសេចក្តីព្រាង​​ច្បាប់ស្តីពី​សិទ្ធិ​ទទួលព័ត៌មានឱ្យ​បានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន ដើម្បីលើក​កម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។

ក្រៅពីនោះ ពួកគេ​ក៏​បានស្នើដល់​ក្រសួង មន្ទីរ និងអង្គភាពនានា​របស់រដ្ឋ ត្រូវបើកចំហព័ត៌មានសាធារណៈឱ្យបាន​ទូលំទូលាយ ពង្រឹង​និងបង្កើតនូវយន្តការទាំងឡាយ​ ជាពិសេសយកចិត្តទុកដាក់លើការផ្សព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បីធានាថា ប្រជាពលរដ្ឋ ក្រុមយុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច ទទួលបាននូវព័ត៌មានពេញលេញ។

ប្រភពដដែលក៏​បាន​ស្នើរដ្ឋាភិបាលផ្តល់កិច្ចការពារ​​​ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលបានបង្ហាញនិងចែកចាយនូវព័ត៌មានពិតប្រាកដ ឬ​ព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ ផ្សព្វ​ផ្សាយឱ្យបាន​ទូលំទូលាយអំពីសិទ្ធិទទួលបានព័ត៌មាន និងលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេស​យុវជ​ន​ឱ្យ​ចូលរួម​ក្នុង​ការស្វែងរកព័ត៌មានសាធារណៈ​ទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ជាដើម។

សេច​ក្តីព្រាង​ច្បាប់​ស្តីពីសិទ្ធិទ​ទួល​បាន​ព័ត៌មាន មាន​៩ជំពូក ៣៧​មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជាច្រើនឆ្នាំមកហើយ ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ