តុលាការសម្រេចឃុំខ្លួនមន្ត្រីសង្គមកិច្ចម្នាក់ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតី​សម្បទាម្នាក់ ជាបណ្ដោះអាសន្ន​ នៅពន្ធនាគារ PJ ពាក់​ព័ន្ធ​រឿង​កិប​កេង​ថវិកា​រដ្ឋ​ជាង​ ៣៨ម៉ឺនដុល្លារ

ការសម្រេចឃុំខ្លួននេះធ្វើឡើងបន្ទាប់ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អនុប្រធាន​នាយកដ្ឋាន​​ហិរញ្ញវត្ថុ និងផ្គត់ផ្គង់​​ នៃ​ក្រសួងសង្គមកិច្ច លោក ឡាយ សំណាង ​បានកិបកេងថវិការដ្ឋជាង ១ ៥០០លាន​រៀល ឬស្មើ​ប្រមាណ​ជាង ​​៣៨​ម៉ឺន​ដុល្លារ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ក្រោយ​ការ​សាក​សួរ​ ចៅក្រម​ស៊ើប​​សួរ​សាលាដំបូង​រាជធានីភ្នំពេញ បាន​សម្រេច​ឃុំខ្លួនលោក ឡាយ សំណាង នៅពន្ធនាគារ PJ កាលពីថ្ងៃម្សិលមិញ។ ប៉ុន្តែ​លោកពុំបានបញ្ជាក់លម្អិត ​ថាតើ​មន្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេ។

លោកមានប្រសាសន៍ថា៖ «សំណុំរឿងហ្នឹង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននៅពន្ធនាគារ PJ ហើយ»។

ក្នុងសេចក្តីប្រកាសព័ត៌មា​នកាលពីថ្ងៃទី១១ ខែមករានេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានឱ្យដឹងថា ក្រោយការ​ស៊ើបអង្កេត​ស្រាវជ្រាវអស់រយៈពេល១៣ខែ ក្នុងការប្រមូលភស្តុតាង និងស្តាប់ចម្លើយសាក្សី អង្គភាព​នេះបាន​រក​ឃើញថា លោក ឡាយ សំណាង បាន​កិបកេងយកថវិកាគម្រោងជំនួយ​សង្គម​ជួយ​ដល់​ពលរដ្ឋក្រីក្រចំនួន ១១គម្រោង​​ និង​ជំនួយ​​ឧបត្ថម្ភនានា​ផ្សេង​ទៀត ដែល​មានទំហំទឹកប្រាក់សរុបជាង ១ ៥០០លានរៀល ឬស្មើនឹង ៣៨៧ ០០០ដុល្លារអាមេរិក តាំងពីឆ្នាំ២០១៩។

ប្រភពដដែលបន្តថា ការស៊ើបអង្កេតនេះបាន​ធ្វើឡើង​ក្រោយពី​ក្រសួងសង្គមកិច្ចបានប្តឹងលោក ឡាយ សំណាង ពាក់ព័ន្ធការកិបកេងថវិកា​របស់​ក្រសួង​ ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង​នៃពាក្យប្ដឹងនោះមក ACU ដើម្បីជាសមត្ថកិច្ច។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត មានប្រសាសន៍បន្ថែមលើសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ​ថា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនមន្ត្រីសង្គមកិច្ច លោក​ ឡាយ សំណាង ជាបណ្តោះអាសន្ននោះ ទំនង​​​ជា​ចៅក្រម​ទទួលបានភស្តុតាងគ្រប់ជ្រុងជ្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ស្របតាមនីតិវិធីច្បាប់។ លោកថា ការ​ចាត់វិធាន​ការ​ច្បាប់​លើមន្ត្រីសង្គមកិច្ច គឺជាសារបង្ហាញទៅសាធារណជនកុំឱ្យប្រព្រឹត្តអំពើបែបនេះ។

លោកមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ ការអនុវត្តច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលយើងបានបញ្ជូនទៅកាលពីម្សិលមិញនេះ វាពិតជាសារមួយដែលបញ្ជូនបន្ថែមទៀតទៅដល់សាធារណជនឱ្យយល់ច្បាស់ ហើយចៀសវាងការប្រព្រឹត្តអំពើពុករលួយ»។

នាយកប្រតិបត្តិអង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ចំណាត់​ការ​របស់​ ACU និង​​តុលាការ​ដែល​​សម្រេច​​ឃុំខ្លួនមន្ត្រីសង្គមកិច្ចរូបនេះ​ ជាសញ្ញាវិជ្ជមាន​មួយ ដើម្បី​ជា​គំរូកុំ​ឱ្យមន្ត្រីផ្សេងៗទៀតប្រព្រឹត្តអំពើបែបនេះបន្តទៀត។

យ៉ាងណា លោកបាន​អំពាវនាវទៅអង្គភាពប្រឆាំងអំពើពុករលួយ បន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងៗទៀតឱ្យ​មាន​តម្លាភាព និង​កុំប្រកាន់បក្ខពួក ដើម្បី​យក​ទៅ​អនុវត្តតាមច្បាប់ ដោយសារ​ទំហំ​ទឹកប្រាក់ដែលជនល្មើសបានប្រព្រឹត្តមានទំហំធំ។

លោកអំពាវនាវដូច្នេះថា៖ «ដូច្នេះ គួរតែមានការសិក្សាស្រាវជ្រាវរកភស្តុតាងបន្ថែមជាប្រព័ន្ធ ដើម្បីស្វែងរកមើល ថាតើមា​ន​ការជាប់​ពាក់ព័ន្ធ​នៅ​ក្នុងករណីនេះជាមួយមន្ត្រីណាទៀតដែរឬទេ ដើម្បី​ធានាមា​ន​ការចាត់វិធានការជាប្រព័ន្ធទៅលើអ្នកពាក់ព័ន្ធ ហើយតម្រូវឱ្យពួកគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ជារឿងចាំបាច់ ដើម្បីធានានូវសមធម៌ចំពោះករណីនេះ ហើយផ្តល់យុត្តិធម៌ដល់ជនងាយរងគ្រោះ ដែលថវិកានេះតម្រូវឱ្យ​មានការប្រើប្រាស់សម្រាប់ក្រុមងាយរងគ្រោះ ដូចជា ក្រុមស្ត្រី ជនពិការ ចាស់ជរា ឬក៏អ្នកក្រីក្រ»។

បើតាម​​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ​ឆ្នាំ​២០២១​​ ចេញ​ផ្សាយដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (T​r​an​sparency International) នៅ​ថ្ងៃ​ទី​​២៥ ខែ​មករា ឆ្នាំ​២០២២​ ​បង្ហាញ​ថា កម្ពុជាជាប់​ចំណាត់​ថ្នា​ក់​​​​លេ​ខ​១​៥៧ ក្នុង​ចំណោម​ប្រទេស និងដែនដី​ចំនួន​១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​​ថា ក​​ម្ពុជា​នៅ​​តែ​ជាប្រទេស​​មាន​កម្រិត​ពុក​រលួយអាក្រក់​ជាង​គេបំផុត ​ក្នុងចំ​ណោ​​ម​ប្រទេស​ទាំង​១០ នៃ​សមាជិក​​អាស៊ា​ន។

ច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ ចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយ​ការបោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។

ចំណែកច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ