ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ម្នាក់ ដែលមានសញ្ជាតិពីរគឺ អ៊ីរ៉ង់-អង់គ្លេស ពីបទ «លួចយកការណ៍ឱ្យអង់គ្លេស»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ។
អង់គ្លេសបានហៅការកាត់ទោសប្រហារជីវិតលោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ថាមានហេតុផលនយោបាយ ហើយបានអំពាវនាវឱ្យដោះលែងជាបន្ទាន់។
លោក អាលីរ៉េហ្សា អាបារី (Alireza Akbari) មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អាលី ហ្សាមខានី (Ali Shamkhani) ដែលបច្ចុប្បន្នជាលេខានៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ និងបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥ នៅពេលដែលលោក អាលីរ៉េហ្សា អាបារី (Alireza Akbari) មានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់។
ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ បានលើកឡើងថា៖ «លោក អាលីរ៉េហ្សា អាបារី គឺជាភ្នាក់ងារដ៏សំខាន់មួយនៃសេវាស៊ើបការណ៍សម្ងាត់អង់គ្លេសនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចូលទៅកាន់មជ្ឈមណ្ឌលរក្សាទុកឯកសារសម្ងាត់មួយចំនួនរបស់អ៊ីរ៉ង់»។
ក្រសួងនេះបន្ថែមថា៖ «លោក អាលីរ៉េហ្សា អាបារី បានលួចផ្តល់ព័ត៌មានដល់សេវាចារកម្មរបស់សត្រូវ»។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) បានអំពាវនាវឱ្យមានការដោះលែងលោក អាលីរ៉េហ្សា អាបារី (Alireza Akbari)។
លោក ជេមស៍ ក្លេវឺលី (James Cleverly) បានសរសេរនៅលើបណ្តាញ Twitter ថា៖ «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការប្រហារជីវិតលោក អាលីរ៉េហ្សា អាបារី និងដោះលែងលោកជាបន្ទាន់។ នេះជាទង្វើដែលមានហេតុផលនយោបាយដោយរបបព្រៃផ្សៃ ដែលមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះជីវិតមនុស្ស»។
លោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៩ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អាលី ហ្សាមខានី (Ali Shamkhani) ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Nournews ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខកំពូលរបស់ប្រទេសនេះ បានរាយការណ៍ថា ការកាត់ទោសប្រហារជីវិតលោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ត្រូវបានធ្វើឡើងដោយតុលាការកំពូលរបស់ប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យការិយាល័យការបរទេសរបស់អង់គ្លេស បានលើកឡើងថា៖ «អាទិភាពរបស់យើង គឺធានាឱ្យមានការដោះលែងលោក អាលីរ៉េហ្សា អាបារី ជាបន្ទាន់ ហើយយើងបញ្ជាក់ជាថ្មីនូវសំណើរបស់យើង ដើម្បីឱ្យស្ថានកុងស៊ុលអាចធ្វើការលើករណីនេះ»។
អ៊ីរ៉ង់ ដែលមានជម្លោះជាមួយមហាអំណាចលោកខាងលិច រួមទាំងអង់គ្លេស ជុំវិញអ្វីដែលខ្លួនហៅថាជាការជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលប៉ុន្មានខែមកនេះ មិនទទួលស្គាល់ស្ថានភាពសញ្ជាតិពីររបស់នរណាម្នាក់ឡើយ៕