ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀតឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ។
លោកបានលើកឡើងពីព្រឹត្តិការណ៍ «គួរឱ្យសោកស្ដាយ» ចំនួន១២ រួមទាំងការកម្ចាត់អ្នកប្រឆាំងនឹងបក្សកុម្មុយនីស្ត កាលពីសម័យសង្គ្រាមត្រជាក់។
តាមការប៉ាន់ស្មាន មនុស្សប្រហែល៥០០ ០០០នាក់ត្រូវបានសម្លាប់រង្គាល។
លោក ចូកូ វីដូដូ (Joko Widodo) គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ទី២ ដែលបានសារភាពជាសាធារណៈនូវការបង្ហូរឈាមក្នុងទសវត្សរ៍ឆ្នាំ១៩៦០ បន្ទាប់ពីការសុំទោសជាសាធារណៈរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក អាប់ឌូរ៉ាម៉ែន វ៉ាហ៊ីដ (Abdurrahman Wahid) ក្នុងឆ្នាំ២០២០។
អំពើហិង្សានេះត្រូវបានលាតត្រដាងបន្ទាប់ពីបក្សកុម្មុយនីស្ត ត្រូវបានចោទប្រកាន់ថាបានសម្លាប់ឧត្តមសេនីយ៍ចំនួន៥រូប នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចំពេលមានការតស៊ូដើម្បីដណ្តើមអំណាចរវាងក្រុមកុម្មុយនីស្ត យោធា និងក្រុមអ៊ីស្លាមនិយម។
លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយកាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មាន នៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា ថា៖ «និយាយដោយស្មោះអស់ពីដួងចិត្ត ក្នុងនាមខ្ញុំជាប្រមុខរដ្ឋរបស់ឥណ្ឌូនេស៊ី ខ្ញុំទទួលស្គាល់ថា ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបានកើតឡើងជាច្រើនដង ហើយខ្ញុំពិតជាសោកស្តាយជាខ្លាំង»។
ព្រឹត្តិការណ៍ដែលលោកបានលើកឡើងនេះកើតឡើងនៅចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ២០០៣ រួមទាំងការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងអតីតមេដឹកនាំផ្តាច់ការ លោក ស៊ូហាតូ (Suharto) នៅចុងទសវត្សរ៍ឆ្នាំ១៩៩០។
លោក ចូកូ វីដូដូ (Joko Widodo) ក៏បានគូសបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ប៉ាពួ (Papua) ដែលជាតំបន់ភាគខាងកើត ជាប់ព្រំប្រទល់ប្រទេសប៉ាពួញូវហ្គីណេ (Papua New Guinea) ដែលមានចលនាបំបែកខ្លួនដ៏យូរអង្វែង ក៏ដូចជាអំឡុងពេលការបះបោរនៅក្នុងខេត្ត អាឆេ (Aceh) ភាគខាងជើងនៃកោះស៊ូម៉ាត្រា។
លោកបានបន្តថា រដ្ឋាភិបាលកំពុងខិតខំស្តារសិទ្ធិជនរងគ្រោះប្រកបដោយ «យុត្តិធម៌ និងភាពឈ្លាសវៃតាមផ្លូវតុលាការ»។
លោកបន្ថែមថា៖ «ខ្ញុំនឹងខិតខំអស់ពីចិត្ត ដើម្បីធានាថាការរំលោភសិទ្ធិមនុស្សមិនកើតឡើងម្ដងទៀតនៅពេលអនាគត»។
នាយកប្រតិបត្តិ នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី លោក អូស្មាន់ ហាមីដ (Usman Hamid) បានអំពាវនាវឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើហិង្សាទាំងនេះ។
លោកមានប្រសាសន៍ថា៖ «គ្រាន់តែទទួលស្គាល់ ដោយមិននាំអ្នកទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សកាលពីអតីតកាលមកផ្ដន្ទាទោស គឺគ្រាន់តែបន្ថែមអំបិលលើរបួសជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ។ និយាយដោយសាមញ្ញ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី គឺគ្មានន័យឡើយ បើគ្មានការទទួលខុសត្រូវ»៕