បទយកការណ៍៖ មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ ប្ដឹងចៅហ្វាយនាយថាប្រព្រឹត្តអំពើពុករលួយដែលកាងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាតាឡុកសារមន្ទីរខេត្តចំនួន០៦សារមន្ទីរ តាមប្រព័ន្ធអ៊ីនធើណេត នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។ (ហ្វេសប៊ុក៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia)

មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ​ ដោយចោទប្រកាន់ប្រធាននាយកដ្ឋានសារមន្ទីរនេះថា យកស្ថាប័នរដ្ឋមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយអាងខ្នងបង្អែករដ្ឋមន្ត្រីក្រសួងវប្បធម៌។

យោងតាមពាក្យបណ្ដឹងដាក់ជូនលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រព្រឹត្តអំពើពុករលួយ និងគ្រប់គ្រងសារមន្ទីរមានភាពមិនប្រក្រតី ព្រមទាំងមានបក្ខពួកនិយម។

ក្នុងពាក្យបណ្ដឹងនោះបានសរសេរថា៖ «បុគ្គលឈ្មោះ ឆាយ វិសុទ្ធ បានប្រព្រឹត្តអំពើពុករលួយ យកលុយពីការលក់សំបុត្រ​ ភ្ញៀវចូលទស្សនាសារមន្ទីរជាតិភ្នំពេញ ដោយគិតជាមធ្យមក្នុងមួយខែ ស្មើនឹង ៣៦ ៣៨០ដុល្លារ។ ដោយ[បើ]គិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២២ គឺរយៈពេល១ឆ្នាំ គឺស្មើនឹងថវិកាចំនួន៤៣៦ ៥៦០ដុល្លារ»។

ពាក្យបណ្ដឹងបានរៀបរាប់ទៀតថា៖ «ទង្វើទាំងឡាយដែលបុគ្គលឈ្មោះ ឆាយ វិសុទ្ធ បានប្រព្រឹត្ត គឺពុករលួយ ដោយកិបកេងយកថវិកាជាតិដោយផ្ទាល់ខ្លួន គឺខ្លួនអាងយ៉ាងលើលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ជាខ្សែបង្អែក តាមគាបសង្កត់ធ្វើបាបមន្ត្រីក្រោមឱវាទ ដោយប្រើពាក្យសម្ដីអសុរោះ ប្រើអំណាចខុសក្រមសីលធម៌ក្នុងការគ្រប់គ្រងមន្ត្រីដែលជាស្ថាប័នជាតិ មកធ្វើដូចក្រុមហ៊ុនខ្លួនឯង ដែលរកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។

មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញមួយរូបដែលបានចូលរួមដាក់ពាក្យប្ដឹង បានថ្លែងប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីការគាបសង្កត់របស់ថ្នាក់លើ នៅថ្ងៃទី៨ ខែមករា ថាបន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្បើយ សារមន្ទីរជាតិភ្នំពេញបានទទួលភ្ញៀវបរទេសជាមធ្យមចំនួន ៣០០នាក់ ដែលចូលទស្សនាក្នុងមួយថ្ងៃ ដោយសំបុត្រក្នុងម្នាក់១០ដុល្លារ​ ខណៈភ្ញៀវខ្មែរមានចំនួនតិចតួច​ ហើយសំបុត្រម្នាក់៥០០រៀល។ ប៉ុន្តែថវិកាទាំងនោះមានភាពលាក់លៀមជាច្រើន។

មន្ត្រីដែលធ្វើការជាច្រើនឆ្នាំនៅសារមន្ទីរជាតិភ្នំពេញរូបនេះ ឱ្យដឹងទៀតថា តាំងពីលោក ឆាយ វិសុទ្ធ មកគ្រប់គ្រងនៅដើមឆ្នាំ២០២០ លោក វិសុទ្ធ បានបិទបាំងព័ត៌មានទាក់ទិនថវិកាដែលប្រមូលបាន និងរុះរើមន្ត្រីចាស់ៗមួយចំនួន រួចដាក់ប្រពន្ធ និងបក្ខពួកខ្លួនផ្សេងទៀតឱ្យគ្រប់គ្រងជំនួស។ ដោយឡែក ប្រាក់ឧបត្ថម្ភបុគ្គលិកត្រូវបានកាត់ផ្ដាច់ ដែលបណ្ដាលឱ្យមន្ត្រីមួយចំនួនលាលែងពីការងារ។ ក្រៅពីនេះ លោក វិសុទ្ធ ថែមទាំងព្រមានដកមន្ត្រីរូបណាដែលមិនស្ដាប់បង្គាប់លោក។

លោកនិយាយថា៖ «បុគ្គលិកចាស់ដែលគាត់ជាប់កិច្ចសន្យាគាត់ [លោក ឆាយ វិសុទ្ធ] ដកច្រើន ដាក់ក្មេងជំនួស ខ្ទង់ជិត១០នាក់ដែរ។ គាត់ថា បើ[មន្ត្រីណា]មិនធ្វើតាមគាត់ គាត់ដកចេញ គាត់ឱ្យធ្វើអី ធ្វើហ្នឹង គាត់និយាយក្នុងអង្គប្រជុំ។ [ថ្លៃមគ្គុទ្ទេសក៍] ឥឡូវគាត់មកដាក់ច្បាប់ដូចមាត់គាត់ ឱ្យយក៣ដុល្លារមួយជើង [ជួលមគ្គុទ្ទេសក៍ម្ដង] ហើយដក១ដុល្លារទុកអង្គភាព តែលុយ តាំងពីគាត់ធ្វើហ្នឹងមក អាលុយ១ដុល្លារ ដឹងគាត់យកទៅណា?»

លោកបន្តថា៖ «បុគ្គលិកអណ្ដែតមួយចំនួនរត់ចោលអស់ ដោយសារអត់មានឱ្យអីគ្នាសោះ។ មន្ត្រីស្នើសុំលុយអី គេអត់មានចំណាយ គេចំណាយតែគ្នាគេប៉ុន្មាននាក់ហ្នឹង។ ចូលរួមប្ដឹងដែរ ប្រហែលពាក់កណ្ដាលនៃបុគ្គលិកជាង១០០នាក់។ នៅសារមន្ទីជាតិ ពីមុនមក សុំឈប់ថ្ងៃចន្ទអ៊ីចឹង ថ្ងៃសៅរ៍ អាទិត្យ យើងនៅធ្វើការបម្រើ អ៊ីចឹងគេមានលុយឧបត្ថម្ភ សម្រាកថ្ងៃ ត្រង់លុយហ្នឹង គេយកមកចាយវិញ ផ្នែកសន្តិសុខអីហ្នឹង ដល់ក្រោយមកបានកាត់ចោលអស់ទៅ»។

មន្ត្រីរូបនេះបន្ថែមថា ប្រធានការិយាល័យអប់រំនៃសារមន្ទីរជាតិភ្នំពេញ ក៏ត្រូវជាប្រពន្ធរបស់លោក ឆាយ វិសុទ្ធ ផងដែរ។

អង្គុយផ្ដល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន វីអូឌី នៅជ្រុងមួយខាងមុខនៃហាង មីនីម៉ាត ទល់មុខសារមន្ទីរជាតិភ្នំពេញ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ និយាយដោយសំឡេងយ៉ាងក្រអួនស្អកៗថា មូលហេតុដែលក្នុងពាក្យបណ្ដឹងរំលេចឈ្មោះ លោកស្រី ភឿង សកុណា ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌ មានការជាប់ពាក់ព័ន្ធក្នុងករណីនេះ ដោយសារលោក ឆាយ វិសុទ្ធ តែងលើកឡើងពីឈ្មោះរដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ រាល់ពេលដែលក្រុមមន្ត្រីចោទសួរពាក់ព័ន្ធនឹងរឿងឈប់ផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ។

លោកនិយាយថា៖ «មន្ត្រីធម្មតា ធ្វើការ មានថ្ងៃឈប់ ថ្ងៃសម្រាក អ៊ីចឹងគេត្រូវមានលុយឧបត្ថម្ភ ហើយលុយរបបប្រចាំខែដែលគេយកចំណូលពីភ្ញៀវ អាហ្នឹងត្រូវឧបត្ថម្ភគេ មានប៉ុន្មានៗ ក្បួនខ្នាតអ៊ីចឹង។ ម្នាក់ៗគេសង្ឃឹមអាហ្នឹង។ អត់មាន [ផ្ដល់ប្រាក់ឧបត្ថម្ភឱ្យ] គាត់ថារដ្ឋមន្ត្រីមិនទាន់ឱ្យចែក គាត់និយាយនៅអង្គប្រជុំអ៊ីចឹង។ អាហ្នឹងមួយដែលមន្ត្រីខឹង អ៊ីចឹងគាត់អាងតែឈ្មោះរដ្ឋមន្ត្រីទេ យកមកប្រើ។ គាត់និយាយថា រដ្ឋមន្ត្រីមិនទាន់ឱ្យបើកប្រាក់ឧបត្ថម្ភ។ គាត់ថាបើសិនជាអ្នកណាហ៊ានចង់តវ៉ាជាមួយគាត់ ទៅសួររដ្ឋមន្ត្រីទៅ បុគ្គលិកណាហ៊ានទៅសួរ [រដ្ឋមន្ត្រី]?។ អ៊ីចឹងពីមួយថ្ងៃទៅមួយថ្ងៃ ឥឡូវវាចូល៣ឆ្នាំ»។

មន្ត្រីផ្នែកមគ្គុទ្ទេសក៍ នៃសារមន្ទីរជាតិភ្នំពេញម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា នាងរងផលប៉ះពាល់ផ្លូវចិត្តដោយពាក្យសម្ដីជាខ្លាំងពីលោក ឆាយ វិសុទ្ធ។ 

ស្រ្តីរូបនោះនិយាយថា៖ «គាត់ [លោក ឆាយ វិសុទ្ធ] ច្រើនដេញយើង ធ្វើការជាមួយទ្រាំជាមួយគាត់បានៗ ធ្វើការមិនបានផ្លាស់ចេញទៅណា ផ្លាស់ចេញទៅ។ ការងារធ្វើការរលូន ត្រូវបានគាត់បង្ខាំង ថាត្រូវធ្វើតាមវេនអញ្ចេះវេនអញ្ចុះ អត់ឱ្យឆ្លងវេនគ្នា អត់ឱ្យឆ្លងអី យើងវាត្រូវមានសម្ពាធមួយ យើងអត់ចង់ធ្វើការងារហ្នឹងដែរ យើងមានអារម្មណ៍ផ្លូវចិត្តដែរ»។

មន្ត្រីរូបនេះបន្ថែមទៀតថា ប្រាប់ឧបត្ថម្ភប្រចាំខែដែលជាភាគរយនៃប្រាក់ចំណូលរបស់សារមន្ទីរជាតិភ្នំពេញ ដែលក្រសួងហិរញ្ញវត្ថុធ្លាប់ផ្ដល់ឱ្យកន្លងមក ត្រូវបានកាត់ផ្ដាច់។

នាងនិយាយថា៖ «បើនិយាយពីអត្ថប្រយោជន៍ផ្សេងៗ គឺយើងអត់ដែលមានតាំងពីគាត់គ្រប់គ្រងមក។ កន្លែងយើងធ្វើការ ទាំងថ្ងៃបុណ្យ សៅរ៍ អាទិត្យ មួយថ្ងៃវាល់ល្ងាច។ គាត់[ក្រសួងហិរញ្ញវត្ថុ] មានគោលការណ៍មួយ គឺកាត់ភាគរយពីចំណូលហ្នឹងមកឱ្យបុគ្គលិក។ ពីខែ១០ ដល់ខែ៣ ខែ High season [រដូវភ្ញៀវទេសចរច្រើន] យើងបានច្រើនដែរ ប្រហែលជាមុនគាត់កាន់ យើងបាន៣០០ ទៅ៤០០ដុល្លារ តាមហ្នឹង។ ខែ Low [អត់សូវមានភ្ញៀវទេសចរ]  បាន១០០ ឬក្រោម១០០ដុល្លារ»។

សារព័ត៌មាន វីអូឌី ពុំអាចសុំការបកស្រាយពីលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ បានទេ​ ដោយទូរសព្ទមិនចូល ខណៈព្យាយាមទាក់ទងតាមប្រព័ន្ធតេឡេក្រាម លោកក៏បានប្លុក [Block] ក្រោយពីឃើញអ្នកសារព័ត៌មានផ្ញើពាក្យបណ្ដឹង និងសំណួរទៅកាន់លោក។ ចំណែកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ឱ្យអ្នកសារព័ត៌មាន វីអូឌី សួរទៅកាន់អ្នកនាំពាក្យក្រសួងវប្បធម៌ជំនួសវិញ។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ថាលោកពុំមានអ្វីអត្ថាធិប្បាយឡើយ ដោយករណីនេះ គឺស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ។

លោក ប៉ុណ្ណាស៊ីរីវត្ថ និយាយថា៖ «ការងារហ្នឹងមិនមែនការងារអ្នកនាំពាក្យទេ ការងារអេស៊ីយូ [អង្គភាពប្រឆាំងអំពើពុករលួយ] កាលណាប្ដឹងអេស៊ីយូ អេស៊ីយូគេចុះហើយ។ គេប្ដឹងអ៊ីចឹង អេស៊ីយូ គេចេះធ្វើការ គេចេះអង្កេតស្អីៗ គេមានស្អីៗសព្វគ្រប់។

លោកបន្តថា៖ «[រដ្ឋមន្ត្រីក្រសួងវប្បធម៌] ភ្ជាប់អ្នកណាភ្ជាប់ទៅ! អេស៊ីយូ ឋានៈណាក៏គេស៊ើបដែរ! បើថាជារឿង វាពិតប្រាកដមែន។ បើថាមិននេះវិញ ឋានៈណាក៏អេស៊ីយូ គេចាត់ការដែរ មិនអីចឹង!»

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្ដឹងនេះរួចហើយ។

លោក ចាន់ វិចិត្រ និយាយថា៖ «ប្អូន ករណីនេះ អង្គភាពបានទទួលហើយ ចំពោះចំណាត់របស់អង្គភាព យើងអនុវត្តតាមនីតិវិធីរបស់យើង ដែលមានយ៉ាងច្បាស់លាស់»។

នៅក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាទទួលបាន ២៣ពិន្ទុ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ ប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេសនិងដែនដី។

កម្ពុជានៅតែត្រូវគេមើលឃើញថា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ និងចំណាត់ថ្នាក់ទាបបំផុតទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា មន្ត្រីនៃសារមន្ទីរជាតិទាំងនោះទំនងស៊ូទ្រាំលែងបានចំពោះទង្វើរបស់ថ្នាក់ដឹកនាំបច្ចុប្បន្ន ទើបដាច់ចិត្តទំលាយបែបនេះ។ លោកក៏ជំរុញឱ្យស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងឡាយ ត្រូវស៊ើបអង្កេតករណីពុករលួយដែលសង្ស័យថាមានខ្នងបង្អែកនេះ ដោយឯករាជ្យផងដែរ។

លោក ប៉ិច ពិសី និយាយថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត អាចត្រួតពិនិត្យទៅលើការចោទប្រកាន់នេះ ព្រោះធម្មតា មន្ត្រីមិនងាយផ្ដល់ព័ត៌មាន ឬក៏ធ្វើការចោទប្រកាន់ទេ ទាល់តែគាត់ដល់កម្រិតមួយធ្ងន់ធ្ងរហើយ បានគាត់ហ៊ានរាយការណ៍អ៊ីចឹង»។

មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ ប្រាប់ថា ពួកគាត់បានដាក់ពាក្យប្ដឹងជុំវិញភាពមិនប្រក្រតីនេះតាំងពីលោក ឆាយ វិសុទ្ធ មកដឹកនាំគ្រាដំបូង ទៅកាន់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ និយាយថា៖ «មន្ត្រីចង់ប្ដូរថ្នាក់ដឹកនាំ បំភ្លឺរឿងពុករលួយលុយ ចំណូលគ្រប់ផ្នែក មិនមានការបែងចែកដល់មន្ត្រី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ