ក្រុមយុវជនស្ម័គ្រចិត្តវ័យក្មេងចំនួន១២នាក់កំពុងរៃអង្គាសថវិកាតាមបណ្តាញសង្គម ក្នុងគោលបំណងសាងសង់បណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដើម្បីជំរុញឱ្យពួកគេទទួលបានការសិក្សាអប់រំពេញលេញដូចទៅនឹងកុមាររស់នៅទីក្រុងដែរ។
យុទ្ធនាការក្រោមឈ្មោះថា «១ដុល្លារ បណ្ណាល័យ១ សម្រាប់កុមារជនជាតិដើមភាគតិច» ត្រូវបានបង្កើតឡើងដោយក្រុមយុវជនចំនួន១២នាក់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកៀរគរថវិកាសម្រាប់សង់អាគារបណ្ណាល័យមួយទុកសម្រាប់កុមារជនជាតិដើមភាគតិច សិក្សាស្រាវជ្រាវបន្ថែម ក្នុងស្រុកបរកែវ ខេត្តរតនគិរី។
តំណាងយុវជន បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ពួកគេប្រមូលថវិកាបានជាង៧០០ដុលា្លរ ដែលទទួលបានពីសប្បុរសជននានា ខណៈដែលទំហំទឹកប្រាក់សម្រាប់សាងសង់បណ្ណាល័យនេះ ត្រូវបានប៉ាន់ប្រមាណថាអាចនឹងត្រូវចំណាយអស់ជាង២ ០០០ដុល្លារអាមេរិក។ បើតាមគម្រោងបណ្ណាល័យនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថាបនិកបង្កើតគម្រោង បណ្ណាល័យភូមិយើង យុវតី ខន រក្សា វ័យ២២ឆ្នាំ បានឱ្យដឹងថា គម្រោងបង្កើតបណ្ណាល័យនេះបានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយមានការខ្វះខាតថវិកា ទើបពួកគេបង្កើតជាយុទ្ធនាការមួយនេះឡើង។យុវតីរូបនេះបន្តថា មូលហេតុដែលជំរុញឱ្យក្រុមយុវជនបង្កើតសកម្មភាពសប្បុរសធម៌បែបនេះ ដោយបានមើលឃើញពីបញ្ហា និងការប្រឈមរបស់ក្រុមកុមារជនជាតិដើមភាគតិច ដែលពួកគេអាចនឹងបោះបង់ការសិក្សារៀនសូត្រ ព្រោះតែស្ថិតនៅតំបន់ដាច់ស្រយាល និងគ្មានសម្ភារសិក្សាគ្រប់គ្រាន់ដូចកុមារនៅទីប្រជុំជនផ្សេងៗទៀត។
យុវតីបន្តថា៖ «ខ្ញុំមើលឃើញថា ក្មេងៗនៅហ្នឹង គាត់រស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងពីខេត្ត ហើយមួយទៀតហ្នឹងគាត់ជាជនជាតិដើមភាគតិច ប៉ុន្តែគាត់អត់សូវបានរៀនសូត្រ ហើយគាត់ចង់ចេះអក្សរមែនទែន ហើយគាត់ចង់រៀន ចង់អាន»។
មួយវិញទៀត កញ្ញាថា គម្រោងនេះគឺជាផ្នែកមួយជួយលើកកម្ពស់វិស័យអំណាននៅកម្ពុជា និងបានផ្សព្វផ្សាយពីវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ។ ស្ថាបនិកវ័យក្មេងរូបនេះ ឱ្យដឹងថា បណ្ណាល័យភូមិ ដែលត្រូវសាងសង់នោះ គឺស្ថិតនៅក្នុងភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។ ក្រៅពីមានសៀវភៅឱ្យកុមារអានហើយនោះ ក្នុងអាគារបណ្ណាល័យក៏មានបង្រៀនជាភាសាខ្មែរ ភាសាអង់គ្លេស និងសកម្មភាពសិក្សាផ្សេងៗទៀត ដែលបង្រៀនដោយយុវជនស្ម័គ្រចិត្តនៅក្នុងសហគមន៍ផ្ទាល់។ ប្រភពដដែលបន្តថា ផែនការនេះ គឺជំរុញឱ្យកុមាររស់នៅតំបន់ជនជាតិដើមភាគតិចមានចំណេះដឹងទូទៅកាន់តែទូលំទូលាយថែមទៀត ក្នុងយុគសម័យបច្ចេកវិទ្យានេះ។
យុវតីដែលកំពុងសិក្សាឆ្នាំទី៤ ជំនាញចិត្តវិទ្យារូបនេះ ឱ្យដឹងថា ក្រុមការងាររបស់ខ្លួនមានសរុបចំនួន១២នាក់ ដែលជាយុវជនស្ម័គ្រចិត្ត កំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា។ ប្រភពដដែលឱ្យដឹងថា ការងារជាអ្នកស្ម័គ្រចិត្តនេះ គឺចៀសមិនផុតពីបញ្ហាដែលត្រូវជួបឡើយ។ បញ្ហាដែលតែងកើតឡើងនៅក្នុងក្រុម ដូចជា ខ្វះខាតថវិកា និងមិនសូវមានពេលវេលាជាដើម ដោយសារម្នាក់ៗសុទ្ធតែតែត្រូវចំណាយពេលរកចំណូល ដើម្បីទ្រទ្រង់ការសិក្សាប្រចាំថ្ងៃរៀងៗខ្លួន។
ទោះជាយ៉ាងនេះក្តី សម្រាប់ស្ថាបនិកវ័យក្មេង យុវតី ខន រក្សា បានប្តេជ្ញាចិត្តនៅតែបន្តបេសកកម្មរបស់ខ្លួនឱ្យបានជោគជ័យ ដោយចង់ឃើញកុមារជនជាតិដើមភាគតិចទទួលបានការអប់រំល្អប្រសើរ ដើម្បីអនាគតរបស់ពួកគេ។
យុវតីបន្តថា៖ «វាជារឿងដែលធំហើយពិបាក ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញ ខ្ញុំគិតថា ខ្ញុំស្រឡាញ់ការសិក្សា ហើយខ្ញុំមើលឃើញថាមានតែការសិក្សា និងការអប់រំទេ ដែលអាចជួយផ្លាស់ប្តូមនុស្សយើងពីភាពលំបាកឱ្យមានភាពប្រសើរឡើងវិញបាន ឱ្យគិតវែងឆ្ងាយបាន ធ្វើរឿងល្អបាន ក្នុងសង្គម»។
ចំណែកជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី លោក ច្វាន ចិន វ័យ៤៧ឆ្នាំ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលក្រុមយុវជនបានបង្កើតបណ្ណាល័យក្នុងភូមិរបស់លោក។ បើតាមជនជាតិដើមចារ៉ាយរូបនេះ អ្វីដែលធ្វើឱ្យរូបលោកមានមោទកភាព ដោយសារការងារនេះជាផ្នែកមួយជួយជំរុញឱ្យកុមារជាជនជាតិដើមភាគតិចចេះស្រឡាញ់កាសិក្សា និងមានការអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើងថែមទៀត។
លោកបន្តថា៖ «មានគេបង្កើតនៅភូមិជ្រុង ខ្ញុំសប្បាយចិត្ត ដូចថាសប្បាយចិត្តជំនួសកូនក្មេង សប្បាយចិត្តនឹងយើងអ្នកចាស់កាលពីមុនមក យើងអត់មាន[បណ្ណាល័យ]អ៊ីចឹង បានយើងអត់សូវចេះ [អក្សរ] អត់សូវជំនាញ។ ខ្ញុំសប្បាយចិត្តមែនទែន»។
បើតាមក្រុមយុវជនស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២០ ពួកគេធ្លាប់បានកៀរគររកសៀវភៅដែរ ដើម្បីបរិច្ចាគទៅកាន់បណ្ណាល័យនៅតាមបណ្តាខេត្តមួយចំនួនរួចមកដែរ ដូចជា ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ៃលិន ជាដើម។ ប្រភពដដែលបន្តថា នេះជាគឺគម្រោងទីមួយដែលពួកគេបានរៃអង្គាសថវិកាដើម្បីសង់បណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច ហើយក៏សង្ឃឹមថានឹងបានលេចជារូបរាងឡើងក្នុងពេលឆាប់ៗនេះដែរ។
តាមរយៈគម្រោងទី១នេះ គឺក្រុមការងារនឹងសាងសង់បណ្ណាល័យដែលមានទំហំ បណ្ដោយ៧ម៉ែត្រ និង ទទឹង៥ម៉ែត្រ និងបន្ទប់ទឹកមួយនៅខាងក្រោយ។ ទីតាំងបណ្ណាល័យនេះជាការទទួលបានការបរិច្ចាគពីអ្នកភូមិ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរួមសម្រាប់សហគមន៍។
សប្បុរសជនម្នាក់ គឺលោក តុន ចន្ធរិទ្ធិ វ័យ២៧ឆ្នាំ បានប្រាប់វីអូឌីថា លោកបានបរិច្ចាគថវិកា ដើម្បីការសាងសង់បណ្ណាល័យនេះ បន្ទាប់ពីឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ លោកបង្ហាញការកោតសរសើរចំពោះការងារស្ម័គ្រចិត្តរបស់ក្រុមយុវជនទាំងនេះ ដោយថា គឺជាសកម្មភាពគំរូមួយល្អក្នុងសង្គម ដែលយុវជនផ្សេងទៀតគួរតែយកគំរូតាម។
លោកបន្តថា៖ «[ខ្ញុំ]ជឿថា ការបរិច្ចាគតិចតួចទៅកាន់គម្រោងពួកគាត់ ពិតជាសំខាន់ក្នុងការជួយឱ្យក្មេងៗនៅតំបន់ដាច់ស្រយាលទទួលបានចំណេះដឹងបន្ថែមទៀត ជួយពួកគេឱ្យមើលឃើញពិភពលោកធំជាងមុន។ ខ្ញុំជឿថា ប្រទេសយើងនឹងរីកចម្រើន នឹងល្អប្រសើរឡើង តាមរយៈសៀវភៅ តាមរយៈបណ្ណាល័យ ព្រោះបណ្ណាល័យជាកន្លែងនៃចំណេះដឹង»។
មេភូមិជ្រុង លោក យុន យីងឡាក់ វ័យ៤៨ឆ្នាំ បានឱ្យដឹង ភូមិជ្រុង គឺជាភូមិមួយស្ថិតនៅតំបន់ដាច់ស្រយាល ដែលមានចម្ងាយជាង ៣០គីឡូម៉ត្រ ពីទីរួមខេត្តរតនគិរី។ ក្នុងភូមិនេះមានប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិចជាង១០០គ្រួសារ។ ដោយឡែក ក្នុងភូមិរបស់លោកមានសាលាបឋមសិក្សាមួយខ្នង ខណៈដែលកុមារមួយចំនួនបានបោះបង់ចោលការសិក្សាដោយសារតែជីវភាពក្រីក្រ។ លោកទទួលស្គាល់ថា បើមានបណ្ណាល័យក្នុងភូមិ ពិតជាបានជំរុញឱ្យកុមារជនជាតិដើមភាគតិចកាន់តែស្រឡាញ់ការសិក្សាឡើងថែមទៀត។
លោកបន្តថា៖ «ខ្ញុំរំភើបដែរ ឱ្យតែគេជួយកុមារ ឱ្យយល់ដឹងអំពីសារៈប្រយោជន៍ អំពីច្បាប់រៀន។ អ៊ីចឹងអត់អីទេ ខ្ញុំស្វាគមន៍»។
មន្ត្រីសម្របសម្រួលអង្គការជនជាតិដើមភាគតិច ប្រចាំខេត្តរតនគិរី លោក អាង ប៊ុនគឺក មានប្រសាសន៍ថា កុមារជនជាតិដើមភាគតិចមួយចំនួន ក្នុងពេលបច្ចុប្បន្ននេះ កំពុងប្រឈមការបោះបង់ការសិក្សារៀនសូត្រ ដោយសារតែឪពុកម្តាយរបស់ពួកគេមិនបានយល់ដឹងពីគុណតម្លៃនៃការអប់រំនៅឡើយទេ។ លោកបន្តថា ក្រៅពីបញ្ហាទាំងនេះ កត្តាភូមិសាស្រ្តនៅតំបន់ដាច់ស្រយាល និងការទំនាក់ទំនងផ្នែកភាសា ក៏ជាឧបសគ្គមិនឱ្យកុមារជនជាតិដើមភាគតិចទទួលបានការអប់រំពេញលេញផងដែរ។
លោកបន្តថា៖ «ជនជាតិដើមភាគតិច ភាគច្រើនគាត់នៅតំបន់ដាច់ស្រយាល ធ្វើឱ្យពួកគាត់ទទួលនូវព័ត៌មានការសិក្សាហ្នឹង វាមិនទាន់ បានគ្រប់គ្រាន់។ ហើយទី២ កត្តាអាណាព្យាបាល ជាទូទៅ ជនជាតិដើមភាពតិចពួកខ្ញុំ ខ្ញុំនិយាយដោយចិត្តស្មោះ ឪពុកម្តាយមួយចំនួន គាត់អត់យល់ដឹងពីការលើកទឹកចិត្តឬជំរុញកូនឱ្យទៅរៀន»។
ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនសកម្មភាពលើកកម្ពស់ការអប់រំដល់កុមារជនជាតិដើមភាគតិច ឱ្យបានផុសផុលបន្ថែមទៀត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី លោក ខាត់ សាម៉ាល់ ទទួលស្គាល់ថា កុមារជនជាតិដើមភាគតិច ពិតជាពិបាកសម្របខ្លួនចូលក្នុងសង្គមជាមួយជនជាតិខ្មែរផ្សេងទៀត។ លោកថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ការសិក្សាអប់រំជាពហុភាសា ដើម្បីជួយឱ្យកុមារជនជាតិដើមភាគតិចងាយស្រួយទទួលយកការពន្យល់ពីគ្រូបង្រៀនអំឡុងពេលកំពុងសិក្សាក្នុងថ្នាក់។
លោកបន្តថា៖ «កម្មវិធីអប់រំពហុភាសា គឺជាស្ពានមួយសម្រាប់ជួយឱ្យកុមារហ្នឹងអាចទៅចូលរួមជាមួយហ្នឹង កម្មវិធីសិក្សាជាតិ ប្រកបដោយសមធម៌ និងទូលំទូលាយ ឬគេហៅថាកម្មវិធីស្ពាន»។
បើតាមប្រធានមន្ទីរអប់រំខេត្តរូបនេះ កម្មវិធីពហុភាសា ដែលដាក់បញ្ចូលក្នុងកម្មវិធីសិក្សា រួមមាន ភាសាគ្រឹង-ខ្មែរ ភាសាទំពួន-ខ្មែរ និងភាសាចារ៉ាយ-ខ្មែរ។ ប្រភពដដែលឱ្យដឹងទៀតថា សម្រាប់ថ្នាក់ទី១ ក្រសួងតម្រូវឱ្យកុមាររៀនភាសាជនជាតិដើមភាគតិចរបស់ខ្លួន ៨០ភាគរយ និងភាសាជាតិ ២០ភាគរយ។ ដោយឡែក សម្រាប់ថ្នាក់ទី២ រៀនភាសាកំណើត ៦០ភាគរយ និងភាសាជាតិ ៤០ភាគរយ រហូតដល់ថ្នាក់ទី៤ ទើបតម្រូវឱ្យរៀនភាសាជាតិ ១០០ភាគរយ តែម្តង។
យ៉ាងនេះក្តី អង្គការយូនីសេហ្វ ឱ្យដឹងថា ភាពក្រីក្រ ភាពនៅដាច់ស្រយាល ការមាក់ងាយ និងការរើសអើង ជាដើម ជាឧបសគ្គមិនឱ្យកុមារទទួលបានការអប់រំពេញលេញ។ អង្គការនេះក៏រកឃើញដែរថា កុមារនៅកម្ពុជានៅពុំទាន់រៀនទាន់ស្តង់ដារ នៃការរៀនសូត្រដែលអាចទទួលយកបាន ស្របទៅតាមអាយុរបស់ពួកគេនៅទ្បើយទេ។ យោងលើរបាយការណ៍ដដែល នៅកម្រិតបឋមសិក្សា មានកុមាររៀនថ្នាក់ទី៣ ជិត ២៥ភាគរយ ពុំចេះសរសេរសូម្បីតែពាក្យមួយម៉ាត់ នៅក្នុងតេស្តសរសេរតាមអាន។ បន្ថែមពីលើនេះ យូនីសេហ្វ រកឃើញទៀតថា កុមារអាយុចាប់ពី៣ ទៅ៥ឆ្នាំ ប្រមាណ ២៧ភាគរយ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និងលេខនព្វន្តស្របទៅតាមអាយុរបស់ពួកគេ ចំណែកក្មេងជំទង់ ៥៥ភាគរយ បានបោះបង់ចោលការសិក្សា មុនពេលពួកគេមានអាយុ១៧ឆ្នាំ។
ត្រលប់មកយុវតី ខន រក្សា វិញ រូបគេមានក្តីស្រម័យថា ក្រោយពេលអាគារនេះសាងសង់រួច វានឹងបានចូលរួមចំណែកក្នុងការផ្តល់ការសិក្សាស្រាវជ្រាវ ផ្តល់ចំណេះដឹង បច្ចេកវិទ្យា បង្រៀនភាសាខ្មែរ ភាសាបរទេស និងបង្កើតជំនាញ ដល់កុមារជនជាតិដើមភាគតិច និងពលរដ្ឋទូទៅក្នុងសហគមន៍ ប្រសើរជាងមុន។
យុវតីបន្តថា៖ «ខ្ញុំរំពឹងថា បណ្ណាល័យដែលខ្ញុំបង្កើតហ្នឹងអាចផ្តល់នូវចំណេះដឹងជំនាញសម្រាប់សហគមន៍ជនជាតិដើមភាគតិច មិនមែនតែក្មេងទេ ប៉ុន្តែសម្រាប់ចាស់ៗផ្សេងៗទៀត»៕