ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋចំនួន៣ជាថ្មីទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
ស្ថាប័នរដ្ឋទាំង៣ ដែលក្រុមពលរដ្ឋដាក់ញត្តិនោះ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា។
អ្នកស្រី ប្រាក់ សុភា ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់វីអូឌីក្រោយដាក់ញត្តិនៅមុខក្រសួងរៀបចំដែនដីថា ជម្លោះដីធ្លីរបស់ពួកគាត់បានអូសបន្លាយរយៈពេល៤ឆ្នាំមកហើយ ដោយកើតឡើងក្រោយពីអាជ្ញាធរចោទថា ពួកគាត់រស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ និងឱ្យដោះដូរទៅទីតាំងថ្មី ខណៈពួកគាត់បានរស់នៅតំបន់មានជម្លោះនោះតាំងពីឆ្នាំ១៩៩០។
តំណាងពលរដ្ឋរូបនេះបន្តថា កន្លងមក អ្នកភូមិបានដើរដាក់ញត្តិតាមស្ថាប័នរដ្ឋជាច្រើន ដើម្បីសុំអន្តរាគមន៍ដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពលរដ្ឋនោះឡើយ ក្រៅពីការបង្ខំឱ្យដោះដូរទៅទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរ។
អ្នកស្រី ប្រាក់ សុភា និយាយថា គ្រួសារអ្នកស្រីមិនព្រមដោះដូរទៅទីតាំងថ្មី ដោយសារបារម្ភពីការបាត់បង់មុខរបរ និងជួបបញ្ហាជីវភាពគ្រួសារ ខណៈកន្លែងនោះពុំមានកន្លែងសមស្របសម្រាប់ប្រកបមុខរបររកស៊ីដូចកន្លែងចាស់។ អ្នកស្រីថា វាជារឿងអយុត្តិធម៌មួយ ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីនៅតំបន់បឹងតាមោកមកធ្វើជាកម្មសិទ្ធិ ខណៈពួកគាត់ជាពលរដ្ឋក្រីក្ររងការបណ្តេញចេញឱ្យទៅរស់នៅកន្លែងផ្សេង។
អ្នកស្រីបន្ថែមថា៖ «ដីបឹង ជាដីកេរដំណែលដូនតា អត់មានដីម៉ែឪអាជ្ញាធរ ហើយដែលយើងកាន់កាប់ក៏មិនមែនជាដីម៉ែឪយើងដែរ តែជាដីរបស់រដ្ឋ ហេតុអីបានជាពលរដ្ឋមិនអាចរស់នៅបាន? រស់នៅតែអស់លោកជាមន្ត្រីមែន? វាឈឺចាប់ វាអយុត្តិធម៌ យើងត្រូវការយុត្តិធម៌។ យើងសុំបញ្ជាក់ថា ពួកគាត់អត់បានរស់នៅក្នុងដីអនុក្រឹត្យទេ។ យើងនៅក្រៅដីអនុក្រឹត្យ ដែលជាដីស្រែប្រាំង ដែលពួកយើងកាន់កាប់។ អនុសាសន៍សម្តេចថា ដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ ឱ្យកាត់ឆ្វៀលឱ្យពួកគាត់ទៅ។ អ៊ីចឹងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន គាត់ប្រមាថអនុសាសន៍សម្តេច»។
កញ្ញា ស៊ា ដាវី ដែលអះអាងថាជាតំណាងពលរដ្ឋដែរនោះ បានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរបានចាក់លុបបឹងជិតដល់ផ្ទះ និងបានប៉ះពាល់ដល់កន្លែងចិញ្ចឹមត្រីរបស់ពលរដ្ឋ។ អ្នកស្រីថា អាជ្ញាធរបានឱ្យតំណាងចាស់របស់ពលរដ្ឋដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យទទួលយកការដោះដូរ ទៅរស់នៅទីតាំងថ្មី តាមការកំណត់របស់អាជ្ញាធរ ប៉ុន្តែរហូតពេលនេះ ពុំទាន់មានពលរដ្ឋព្រមទទួលយកការដោះដូរនៅឡើយទេ។
កញ្ញាបន្តថា ក្រោមគម្រោងអភិវឌ្ឍន៍តំបន់បឹងតាមោកនេះ បានបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋជាខ្លាំង ដោយសារអាជ្ញាធរបង្ខំឱ្យពួកគាត់ចេញពីលំនៅឋានដែលបានរស់នៅ និងអាស្រ័យផលជាច្រើនឆ្នាំ ប៉ុន្តែសម្រាប់អ្នកមានលុយមានអំណាច បែរជាទទួលបានដីតំបន់នោះរាប់សិបហិកតាមមកធ្វើជាកម្មសិទ្ធិ។ កញ្ញាថា អ្នកភូមិកំពុងពិបាកចិត្ត និងបារម្ភពីការបណ្តេញទាំងបង្ខំនៅថ្ងៃណាមួយ ប្រសិនបើពួកគាត់មិនព្រមចាកចេញតាមការបង្ខំរបស់អាជ្ញាធរ។
កញ្ញាបន្ថែមថា៖ «រដ្ឋាភិបាល ឬអាជ្ញាធរ គួរពិចារណាគិតឡើងវិញ ចំពោះការអភិវឌ្ឍនៅតំបន់បឹងតាមោកនេះ។ សូមកុំឱ្យមានការលម្អៀងទៅអ្នកមានអំណាច អ្នកមានលុយ សូមឱ្យការអភិវឌ្ឍនេះឱ្យស្មើភាពគ្នា ព្រោះក្នុងច្បាប់ភូមិបាលបានកំណត់ថា បើពួកយើងរស់នៅចាប់ពី៥ឆ្នាំទៅ យើងមានសិទ្ធិកាន់កាប់ស្របតាមផ្លូវច្បាប់។ ប៉ុន្តែនេះ ពួកយើងបានរស់នៅជាង២០ឆ្នាំហើយ អ៊ីចឹងពួកយើងសុំសិទ្ធិអភិវឌ្ឍន៍នៅនឹងកន្លែង ដោយមិនព្រមទទួលការដោះដូរទៅកន្លែងថ្មីឡើយ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី និងមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានទេពាក់ព័ន្ធនឹងការដាក់ញត្តិរបស់ពលរដ្ឋនេះ។
ប៉ុន្តែតំណាងពលរដ្ឋឱ្យដឹងថា មន្ត្រីក្រសួងរៀបចំដែនដី បានទទួលយកញត្តិពលរដ្ឋជាថ្មីទៀត នឹងបានសន្យាបញ្ជូនទៅថ្នាក់លើពិនិត្យជាថ្មីទៀត ខណៈខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា មិនបានទទួលញត្តិពីប្រជាពលរដ្ឋនោះទេ ដោយលើកហេតុផលថា ការធ្វើញត្តិនោះមិនត្រឹមត្រូវតាមបែបបទរដ្ឋបាល ហើយបានតម្រូវឱ្យធ្វើជាថ្មី។
ចំណែកអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ប្រាប់ថា កំពុងជាប់រវល់ប្រជុំ មិនទាន់អាចនិយាយបាន។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែងបានឡើយ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវលេខ១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។ លោកបន្តថា ពលរដ្ឋទាំងនោះត្រូវតែដោះដូរទៅទីតាំងថ្មី ដែលរៀបចំដោយអាជ្ញាធរ ដែលត្រូវបានដីឡូត៍ទំហំ ៤ម៉ែត្រ គុណ ១៨ម៉ែត្រ ក្នុង១គ្រួសារ ដែលទីតាំងស្ថិតក្នុងសង្កាត់សំរោងដូចគ្នា។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវ នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ធ្លាប់លើកឡើងថា ក្រោមគម្រោងអភិវឌ្ឍន៍បឹងតាមោករបស់រដ្ឋាភិបាល បានបង្កឱ្យមានភាពអយុត្តិធម៌សង្គម។ លោកថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីបឹងមកធ្វើជាកម្មសិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅ និងអាស្រ័យផលនៅជាប់បឹងនោះរាប់ឆ្នាំ បែរជាមិនទទួលបានកម្មសិទ្ធិលើដីរបស់ខ្លួន និងត្រូវរងនូវការបណ្តេញចេញពីលំនៅឋានទាំងបង្ខំថែមទៀត។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត សង្កេតឃើញថា យន្តការដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាលមួយរយៈចុងក្រោយ ហាក់មិនដំណើរការនោះទេ។ លោកថា ការពន្យារពេលមិនដោះស្រាយនេះ នឹងធ្វើឱ្យពលរដ្ឋជួបទុក្ខលំបាក និងបាម្ភពីការបណ្តេញចេញទាំងបង្ខំ ដូចករណីនៅសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ផ្សេងទៀត នាពេលកន្លងមក។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានទទូចដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយជូនពលរដ្ឋឱ្យបានសមរម្យ ដែលពួកគេអាចទទួលយកបាន ដើម្បីកុំប៉ះពាល់ដល់ជីវភាព និងរំលោភសិទ្ធិពលរដ្ឋដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ លោកសង្កេតឃើញថា ការដោះស្រាយរបស់អាជ្ញាធរកន្លងមក ដោយបង្ខំឱ្យពលរដ្ឋដោះដូរទៅទីតាំងថ្មីនោះ ភាគច្រើនបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយសារការបាត់បង់មុខរបរ និងចំណូល។
លោកបន្ថែមថា៖ «ក្នុងនាមអង្គការសង្គមស៊ីវិល យើងតែងតែសំណូមពរទៅដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គិតដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិមានលំនៅឋាន ដីធ្លីសមរម្យ និងជីវភាពសមរម្យ ឱ្យសមយើងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន»។
បឹងតាមោក ឬ បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោក សរុបជាង២ ០០០ហិកតាហើយត្រូវបានរដ្ឋាភិបាលកាត់ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នកមានលុយមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម៕