រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រួយបារម្ភថា ការឈ្លានពានតៃវ៉ាន់ដោយចិនអាចនឹងកើតឡើង

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada ជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខអាមេរិក-ជប៉ុន ឆ្នាំ២០២៣ នៅក្រសួងការបរទេសក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។ (REUTERS/Joshua Roberts)

រដ្ឋមន្ត្រី​ការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើង​នៅថ្ងៃពុធម្សិលមិញ ដោយហាក់សម្ដែងជាការសង្ស័យថា ការបង្កើនសកម្មភាពយោធារបស់ចិន នៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃ​ការឈ្លាន​ពាន​ដោយ​ទីក្រុង​ប៉េកាំង​នៅលើដែនកោះមួយនេះ ដែលអាចនឹងកើតមានឡើងនៅពេលខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ និង​សមភាគីជប៉ុន រដ្ឋមន្ត្រីការពារជាតិអាមេរិករូប​នេះបន្តថា៖ «យើងបានឃើញពីការកើនឡើងនៃសកម្មភាពនៅលើដែនអាកាសនៅក្នុងច្រកសមុទ្រ [តៃវ៉ាន់] ហើយយើងក៏បានឃើញការកើនឡើងនូវសកម្មភាពនាវាលើផ្ទៃទឹក ជុំវិញកោះតៃវ៉ាន់ផងដែរ»។

ទាក់ទិននឹងករណីនេះ លោកបន្ថែមថា៖ «មិនថាតើវា [ការឈ្លានពាន] អាចកើតមានឡើងមែន ឬយ៉ាងណានោះទេ [តាមរយៈសកម្មភាពដែលធ្វើឡើងដោយចិន] វាមានន័យថា ការឈ្លានពានអាចនឹងកើតមានឡើងនៅពេលខាងមុខ។ ខ្ញុំពិតជាមានការសង្ស័យទាក់ទងនឹងករណីនេះ»។

ការលើកឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ក៏ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ចិន​បាន​​ធ្វើ​​សមយុទ្ធ​​យោធា​​ជុំវិញ​​​កោះ​តៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ ដែល​ជា​សមយុទ្ធលើក​ទី​២ ក្នុង​រយៈ​ពេល​តិចជាង​មួយ​ខែ ខណៈ​ក្រសួង​ការពារជាតិតៃវ៉ាន់ បាន​រាយ​​ការណ៍​​ថា ខ្លួន​​បាន​​ឃើញ​​យន្ត​​ហោះ​ចម្បាំង​ចិនចំនួ​ន ៥៧​គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន​ ៤គ្រឿង ដែលកំពុង​ប្រតិបត្តិការជុំវិញកោះនេះ។

គួរបញ្ជាក់​ថា ភាព​តាន​តឹង​រវាង​តៃវ៉ាន់ និង​ចិន បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ខណៈដែល​ចិននៅតែបន្តអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន និងទាមទារឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយក​អំណាច​របស់​ទីក្រុងប៉េកាំង។

ជាការឆ្លើយតប តៃវ៉ាន់ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​ពង្រឹង​ការ​ការ​ពាររបស់ខ្លួន ដើម្បីធានាឱ្យបានថាគ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំ ដោយមិនផ្តល់សេរីភាព និងប្រជាធិបតេយ្យនោះទេ ខណៈសហរដ្ឋអាមេរិក​ក៏ធ្លាប់បានអះអាងឱ្យដឹងកាលពីពេលកន្លងទៅថា ខ្លួននឹង​គិតគូរអំពីការការពារដែនកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ