តុលាការកំពូល គ្រោងសវនាការលើសំណុំរឿងអ្នកសារព័ត៌មានម្នាក់នៅចុងខែមករានេះ ពាក់ព័ន្ធនឹងបទញុះញង់

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូល គ្រោង​បើកសវនាការលើ​សំណុំរឿង​អ្នកសារព័ត៌មាន​ម្នាក់ឈ្មោះ កៅ ពិសិដ្ឋ នៅចុងខែ​មករានេះ ពាក់​ព័ន្ធ​​សំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «រារាំងដល់ការអនុវត្តវិធានការ»

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មាន​របស់គេហទំព័រ www.srbreakingnews.com ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ​ក្រោយ​ពី​​អ្នក​សារព័ត៌មាន​រូបនោះបាន​បង្ហោះ​សារ​នៅតាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយ​រិះគន់​រដ្ឋាភិបាល​​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩​ និងសុំ​ឱ្យ​​សហ​គមន៍​អន្តរ​ជាតិ​​ចាត់​វិធានការ​លើ​​រដ្ឋាភិបាល​កម្ពុជា​​ ដូចជា ការ​​ផ្ដាច់​ជំនួយ ​ជាដើម​។

យោងតាម​លិខិតអញ្ជើញមេធាវី ចុះ​ថ្ងៃទី៦​ ខែមករា ឆ្នាំ​២០២៣ ដោយ​​​មហាអយ្យការ​អម​តុលាការ​កំពូល ​​លោក​​ព្រះរាជអាជ្ញា ប៉ែន សារ៉ាត បាន​​កោះអញ្ជើញ​លោក នួន ផានិត មេធាវីការពារសិទ្ធិឱ្យអ្នកសារ​ព័ត៌មានឈ្មោះ កៅ ពិសិដ្ឋ ចូលរួម​សវនាការ​​នៅ​​តុលាការ​កំពូល ​នៅព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ​​នេះ។

បើតាមលិខិត​អញ្ជើញរបស់ព្រះរាជអាជ្ញា​ គឺ​អ្នកសារព័ត៌មាន​ឈ្មោះ កៅ ពិសិដ្ឋ អាយុ៣២ឆ្នាំ ជាប់​ចោទ​ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទរារាំងដល់ការអនុវត្តវិធានការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុង​​ខែឧសភា និង​ខែកក្កដា ឆ្នាំ​២០២១ បទ​ល្មើស​ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោក នួន ផានិត មេធាវីការពារក្ដីឱ្យអ្នកសារព័ត៌មានឈ្មោះ កៅ ពិសិដ្ឋ ឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះថា លោកនឹងចូលការពារសិទ្ធិតាមការអញ្ជើញរបស់តុលាការ។

លោកថា៖ «ខ្ញុំនឹងចូលរួម! ខ្ញុំត្រៀមលក្ខណៈរួចអស់ហើយ ព្រោះសំណុំរឿង យើងក្ដាប់ជុំ តាំងពីនៅដំណាក់កាលដំបូង សាលាឧទ្ធរណ៍។ អ៊ីចឹងខ្ញុំជាមេធាវី បានត្រៀមរួចរាល់ហើយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ឱ្យកូនក្តីនៅតុលាការកំពូល»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី សាទរចំពោះការពន្លឿនដោះស្រាយនូវករណីរបស់អ្នកសារព័ត៌មាន ខណៈលោកគិតថា តុលាការក៏មានឆន្ទៈក្នុងការធ្វើយ៉ាងណាជំនុំជម្រះឱ្យបានឆាប់ដើម្បីបញ្ចប់ករណី។

លោកថា៖ «ខ្ញុំនៅតែទទូចថា គោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញយើង ដែលចែងគាំទ្រទៅដល់ការអនុវត្តសិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន ដែលជាច្បាប់កំពូលហ្នឹង គួរតែត្រូវបានក្លាយជាមូលដ្ឋានគ្រឹះ […] យកមកពិចារណា ដើម្បីពិនិត្យមើលគ្រប់សំណុំរឿងទាំងអស់ប្រឆាំងជាមួយអ្នកសារព័ត៌មាន ក៏ដូចជាករណីរបស់លោក កៅ ពិសិដ្ឋ។ អ៊ីចឹងហើយចំណុចនេះ ខ្ញុំគិតថា បើយោងទៅលើអ្វីដែលឈរទៅលើគោលការណ៍នៃសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ករណីរបស់គាត់គួរតែត្រូវបានទម្លាក់ចោល»។

សម្រាប់លោក ណុប វី អ្នកសារព័ត៌មានមានលំហសេរីភាពមួយ ដែលអាចចូលរួមក្នុងការបញ្ចេញមតិ អភិវឌ្ឍសេរីភាព និងវិជ្ជាជីវៈ ដោយឈរលើខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ព្រមទាំងគោលការណ៍ច្បាប់អន្តរជាតិផ្សេងទៀត។ លោកថា រដ្ឋាភិបាលក៏បានចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ដូច្នេះ ​គ្រប់​ការ​បញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងសេរីភាពរបស់ពួកគាត់ គួរតែទទួលបានការ​ការពារ និងការសម្របសម្រួលមួយ​ ដើម្បីឱ្យគាត់អាចអនុវត្តនូវសិទ្ធិសេរីភាពបាន។

បើតាមលោក ណុប វី​ ក្រៅពីករណី​លោក កៅ ពិសិដ្ឋ កន្លងទៅ ក៏មានករណីផ្សេងៗទៀតដែលអ្នកសារព័ត៌មានបានរងនូវការប្តឹងផ្តល់ នៅពេលដែលពួកគាត់បានអនុវត្តនូវសេរីភាព ដោយសរសេរ បង្ហោះ ឬបញ្ចេញមតិនៅលើប្រព័ន្ធ​អ៊ីនធឺណិត។

បើតាមមេធាវីការពារក្ដីឱ្យ​លោក កៅ ពិសិដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងខេត្តបាត់ដំបង បាន​​​​ផ្ដន្ទា​​ទោសកូនក្តីរបស់លោក​ឱ្យ​ជាប់ពន្ធនា​គារ​​ចំនួន​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀល។ ក្រោយមក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ចៅក្រម​សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូងខេត្តបាត់ដំបង ទុកជាបាន​ការ ដែលករណីនេះ ​មេធាវី​ការពារក្តីឱ្យ​លោក កៅ ពិសិដ្ឋ ​បន្ត​ប្តឹង​សាទុក្ខប្រឆាំងនឹងសាលក្រម​នោះទៅតុលាការ​កំពូលបន្តទៀត។​

កាលពី​ថ្ងៃទី​​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​សារព័ត៌មានគ្មានព្រំដែន បាន​ចេញសេចក្តីថ្លែងការណ៍​​មួយ ដោយ​​ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង​​​លោក កៅ ពិសិដ្ឋ ជាបន្ទាន់និងឥតលក្ខ​ខណ្ឌ ដោយកាលណោះ ​​អង្គការ​អន្តរជាតិ​មួយនេះថា​ រដ្ឋាភិបាល​កម្ពុជាកំពុងប្រើលេស​ទប់ស្កាត់​ជំងឺកូវីដ-១៩ ទៅបំបិទសំឡេង​អ្នករិះគន់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ