អង្គភាពកំចាត់មីនកម្ពុជា នឹងបង្ហាត់ជំនាញបោសសម្អាតមីនដល់មន្ត្រីជំនាញអ៊ុយក្រែនក្នុងខែមករានេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គ្រោងបង្ហាត់ជំនាញបោសសម្អាតមីនដល់មន្ត្រីជំនាញរបស់អ៊ុយក្រែន ក្នុងខែមករានេះ ទៅ​លើ​ការ​ប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​បោស​សម្អាត​មីន ជាពិសេស​ឧបករ​ណ៍រាវមីន​ប្រភេទផលិតនៅជ​ប៉ុន ក្រោមកិច្ចសហការកម្ពុជា-ជប៉ុន លើសកម្មភាពកម្ចាត់មីនមនុស្សធម៌។

នេះបើតាម​​សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ស្តីពី «កិច្ចសហប្រតិបត្តិការលើសកម្មភាពកម្ចាត់មីនមនុស្សធម៌ជាមួយប្រទេសអ៊ុយក្រែន តាមរយៈផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន លើបច្ចេកវិទ្យាបោសសម្អាតគ្រាប់មីន ដែលត្រូវប្រព្រឹត្តទៅនៅកម្ពុជា»

CMAC លើកឡើងថា រដ្ឋាភិបាលកម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ​បាន​ផ្តល់​ការ​គាំទ្រដល់ CMAC ក្នុង​ការ​រៀបចំ​វគ្គហ្វឹកហ្វឺនសកម្មភាពកម្ចាត់មីនមនុស្សធម៌​ ជូនដល់មន្ត្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយ​ក្រែន។

ប្រភពដដែលបន្ថែមថា​ ផ្អែក​លើ​បទ​ពិសោធដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ និងដោះស្រាយបញ្ហាគ្រាប់មីន និង​សំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកម្ចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២នោះ រដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យសកម្មភាពកម្ចាត់មីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែន។

នាសម័យប្រជុំកំពូល​អាស៊ាន​លើក​ទី​៤០-៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សា និងឯកភាពជាមួយនាយករដ្ឋមន្ដ្រីជប៉ុន លោក KISHIDA Fumio ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅប្រទេសអ៊ុយក្រែន។

CMAC ថា៖ «ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អង្គភាព CMAC នឹងរៀបចំការហ្វឹកហ្វឺនជូនមន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន [State Emergency Service of Ukraine] ដែលហៅកាត់ថា “SESU” នៅកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន»។

អង្គភាព​នេះ​ថា ក្នុងកម្មវិធីហ្វឹកហ្វឺនមាន ៤វគ្គ ក្នុងនោះមាន​ពិធីបើកវគ្គហ្វឹកហ្វឺន, ដំណើរទស្សនកិច្ចចម្ការមីន, ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាព សកម្មភាពមីន និងការធ្វើប្រតិបត្តិការបង្ហាញ និងពិធីបិទវគ្គហ្វឹកហ្វឺន។

បើតាម CMAC បញ្ហាគ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភណ្ឌមិ​ន​ទាន់​ផ្ទុះ​ ដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមានបំណងវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ។​

ដូច្នេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។

ទន្ទឹមនឹងនេះ កិច្ចការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខសុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ ត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ