ការកាន់អំណាច ៣៨ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

នៅថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៣ ជាខួបលើកទី៣៨​​ឆ្នាំ​ហើយ នៃការឡើង​​កាន់អំ​​ណាច​​ជា​​​នាយ​​ក​​រដ្ឋ​​មន្រ្តីរបស់លោក ហ៊ុន សែន។ ស្ថិតក្នុងដំណើរជីវិតនយោបាយ​ដ៏វែងឆ្ងាយនេះ គេអាច​​និ​យាយ​​​បាន​ថា លោក ហ៊ុន សែន ជា​មនុស្សទី១​ហើយ​ដែល​កាន់​មុខ​​​តំណែងជាមេដឹកនាំកំ​​ពូលបាន​​យូរ​​ជាងគេ បើធៀបនឹងមេដឹកនាំដទៃទៀតរបស់កម្ពុជា​ រួមទាំងនៅក្នុងតំបន់ និងពិភពលោកផង។

តើមានមូលហេតុអ្វីដែលនាំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចមានឱកាស​​កាន់អំណាចក្នុងតួនាទី​​ជាមេដឹកនាំ​​កំ​​ពូលបានយូរជាងគេ? តែ​យ៉ាងណា ស្របពេលដែលលោក​​ទទួលបា​​នជោគ​​ជ័យ​​ស្ទើរគ្រប់​​ជំ​​ហានក្នុង​ជីវិត​ជា​អ្នក​នយោបាយ លោក​ក៏ហាក់បាត់បង់ឱកាសនេះ២លើកដែរ ក្នុងមុខតំណែង​​ដ៏ធំ​​មួយ​​នេះ។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាការ​បោះ​ឆ្នោត​លើក​ដំបូង នៅ​ក្នុង​ឆ្នាំ​១៩៩៣ កា​​ល​ណោះ គណបក្សរាជានិយម​ហ្វ៊ុន​ស៊ិន​ប៉ិច បាន​នាំមុខគណបក្សប្រជាជនកម្ពុជា។​​ការ​ចាញ់​​​​ឆ្នោ​​ត​​ដែលទំនងគណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្នក្នុងពេលនោះ នឹក​ស្មាន​មិន​ដល់​ អាច​​​​​​ដោ​​​​យ​​សារគណបក្សប្រជាជនកម្ពុជាបានដឹងថា អ្វីដែលខ្លួនប្រឹងប្រែង​ក្នុង​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម ​ជា​​​​​លទ្ធ​​ផល​​​​ដែលបានដោយមិនចាំបាច់ប្រឹងប៉ុន្មានទេ ព្រោះជី​វិត​មនុស្សរាប់ម៉ឺន​នាក់ត្រូវ​ស្រោច​​​ស្រង់​​​​​​​​ដោ​យ​រណៈសិរ្សសាមគ្គីសង្គ្រោះជាតិ ដែល​សព្វ​ថ្ងៃ​ គឺបក្សប្រជាជន​កម្ពុជា​នេះ​ឯង។ តែយ៉ាង​ណា ការ​បាត់បង់ឱកាសកាលណោះ បានធ្វើឱ្យសហនាយករដ្ឋមន្រ្តីទី២ ក្នុងរដ្ឋាភិបាល​ចម្រុះ​ គឺ​លោក ហ៊ុ​​ន សែន បានព្យាយាម​ប្រើគ្រប់​វិធី​ដើម្បីស្ដារ​ស្ថានការណ៍​នេះ​ឱ្យ​បាន​នឹង​នរ​ឡើង​វិញ។

បើទោះជាលោកហៀបនឹងបាត់អំណាចគ្រា​នោះ តែលោ​ក​អាច​រៀន​សូត្រ​ពី​​កំហុស​របស់​​​លោក​​បា​​ន​​​​​លឿន ហើយកែប្រែយុទ្ធសាស្រ្តនយោបាយបានយ៉ាងឆាប់រហ័ស រហូតជំរុញឱ្យបាន​​កាន់អំ​​ណាច​​បន្តដល់ពេលសព្វថ្ងៃនេះ។

ឧបសគ្គទី២សម្រាប់លោក ហ៊ុន សែន ដែលទំនងលោកគិតថា រលកនយោបាយចាស់នឹងមិន​អាច​តាម​ជាន់​កែង​លោក​ជា​ថ្មី​ទៀត​ទេ គឺក្រោយ​ការ​រួមបញ្ចូលគ្នា​​​​ជា​​កម្លាំងនយោបាយអ្នក​ប្រជាធិប​តេយ្យ ក្រោយ​ឆ្នាំ​២០១២ រវាង​គណបក្ស សម រង្ស៊ី និងគណ​​បក្ស​​សិទ្ធិ​​​មនុស្សរបស់លោក កឹម សុខា

បរិបទ​ថ្មី​នេះហាក់មានកម្លាំងខ្លាំងជាងមុន បើធៀបកាលពីអាណត្តិទី១ ប៉ុន្តែ​អ្នក​នយោបាយ​​ដែល​មាន​​​ភាព​​​ប៉ិន​​​​​​​​​ប្រសប់​​ក្នុងកិច្ចការនយោបាយ លោក ហ៊ុន សែន ក៏នៅតែអាចឈរជើងនឹង ហើយ​ជ្រោង​ទូក​​​មួយ​​​​​​​នេះ​​​​​ចែវទៅ​ដល់គោលដៅ​ ដោយមិន​ឱ្យរលក​ពន្លិចបាន​ដូចលើកមុន​​ដែរ។ ប៉ុន្តែ​សម​រ​ភូមិ​នយោ​​បា​​​យ​​​លើក​​​នេះហាក់មិនដូចលើកមុនទៀតទេ បើទោះជាលោក ហ៊ុន សែន ប្រើ​គ្រប់​មធ្យោ​បាយ​​​​​ដើម្បី​​​​ស្ទូច​​​អ្នក​​នយោបាយឱ្យដើរចេញ ហើយ​ដុតផ្ទះចាស់ចោល តែមន្រ្តីក្នុង​គណបក្ស​សង្រ្គោះ​ជាតិ ហា​​​ក់​​​មិន​​អើពើនឹងយុទ្ធសាស្រ្តថ្មីនេះទៀតទេ។

ឆ្លងកាត់បទ​ពិសោធក្នុងអតីត​កាល ម្នាក់ៗ​សុទ្ធ​តែ​គិ​ត​​​ថា ការរស់នៅនៅក្នុងជំរំថ្មីនេះនឹងជួយ​ឱ្យ​ស្ថាន​ការណ៍​នយោបាយមានភាពល្អប្រសើរ។ ​​ប៉ុន្តែការ​​តស៊ូ​​​នយោបាយរួមគ្នារវាងអ្នកប្រជាធិប​តេយ្យ​លើក​នេះមិន​បាន​ដល់​គោល​​​​ដៅនៅឡើយផង ជំរំន​​​យោ​បាយគណបក្ស​ដែលមានរូប​សញ្ញា​​ព្រះ​អាទិត្យ ត្រូវរលាយ​ភ្លាម​ដែរនៅ​ចុង​ឆ្នាំ២០១៧។

នៅក្នុងតួនាទី​ជាអ្ន​កនយោបាយជាន់ខ្ពស់ និងធ្លាប់ឆ្លងកាត់ជាទាហានខ្មែរក្រហម​ផង ភាពលេចធ្លោ​​ដែលធ្វើឱ្យលោកនាយ​​ក​​រដ្ឋមន្រ្តីនៅតែអាចក្តាប់ឱកាសក្នុងតំណែងកំពូលនេះបាន គឺលោកជាតំ​ណា​​ង​ឱ្យ​​​​​ភាគីរដ្ឋកម្ពុជាតែម្នាក់គត់ ដែលហ៊ានអារកាត់​សខ្មៅនៅក្នុងកិច្ចចរចា​នយោបាយ ថ្ងៃ​២៣ តុលា ឆ្នាំ​​១​​៩៩១ នៅទីក្រុងប៉ារីស។ ជំហាន​បន្ទាប់​ គឺការកម្ចាត់នយោបាយអង្គការចាត់តាំងខ្មែរក្រហម ដែលជា​​ក្រុម​​តស៊ូចុង​​ក្រោ​​យប្រ​​ឆាំង​​នឹងរដ្ឋាភិបាល បានសម្រេចជាស្ថាពរនៅឆ្នាំ១៩៩៨។

ទំនងផ្តើមចេញពីនយោបាយឈ្នះឈ្នះនេះហើយ ដែលជំរុញឱ្យលោក ហ៊ុន សែន ជាអ្នកន​​យោ​​បា​យ​​​​តែម្នាក់គត់ដែលអាចឈរជើងក្នុងតំណែងជានាយករដ្ឋមន្រ្តីបានដល់៣៨ឆ្នាំ។ ​​មាន​ឥរិយាបថ​​ជា​​អ្នក​​​ការទូត​​​ផង និងជាមេបញ្ជាការផង នៅក្នុងអាណត្តិរបស់លោក៣៨ឆ្នាំនេះ គេសង្កេតឃើញ មា​​នសមិទ្ធផលធំៗ​​ជា​​ច្រើ​​នត្រូវបានស្ថាបនាជាបន្តបន្ទាប់ រួមមាន ផ្នែក​​គមនាគមន៍ ថ្នល់ ស្ពាន សាលា​រៀន និង​មន្ទី​​រ​​ពេទ្យ ជាដើម។

ក្រោមកិច្ចផ្តួចផ្តើមនយោបាយការបរទេស លោក ហ៊ុន សែន បានធ្វើឱ្យក​​ម្ពុជា​​​​ក្លាយ​​ជា​​សមាជិក​ទី​១០ នៅ​ក្នុង​សមាគមអា​ស៊ាន កាលពីចុងខែ​មេសា ឆ្នាំ១៩៩៩។ ជាបន្តបន្ទាប់​​​​មក​​​​ទៀត គេ​សង្កេត​ឃើញមាន​វប្បធម៌​អរូបិយ​ជា​ច្រើន​ផ្នែក ត្រូវបាន​រដ្ឋាភិបាលក្រោមការដឹក​​នាំ​​របស់​​លោ​ក ហ៊ុន សែន បាន​ដាក់​បញ្ចូល​នៅ​​ក្នុង​ក្រប​ខណ្ឌ​​​​បេតិកភណ្ឌពិភពលោក។ ការអភិវឌ្ឍទាំងនេះនៅ​​មិន​ទាន់​គិត​ដល់អាគារ​ស្កឹម​ស្កៃ ខុនដូ​ខ្នាត​យក្ស រថយន្ត​ទំនើបៗ និង​ទីក្រុងត្រូវបានពង្រីក​​មិន​​ឈ​ប់​​​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ឡើយ​ផង។

ស្របពេល​​​សមិទ្ធផលបានកើតឡើងជាហូរហែ​នេះ គេសង្កេតឃើញ​​បំណុល​​សា​​ធារ​​ណៈ​​​​ដែ​​ល​​​កម្ពុជា​ជំពាក់​បរទេស​វិញ ក៏មានចំនួនកើនឡើងមិនចាញ់គ្នាប៉ុន្មានដែរ។ ​​​នៅក្នុងសន្នីសិទ្ធសារព័ត៌មាន​​​​​​​​ស្តី​​​​ពី ​​«​​ទ្ធ​​ផលក្នុងរយៈពេល៥ឆ្នាំដែលក្រសួងសេដ្ឋកិច្ច​សម្រេច​បាន» កាល​ពីខែ​សីហា ឆ្នាំ២​​០​​២២ ឱ្យដឹង​ថា កម្ពុជា​ជាប់​បំណុល​សាធារណៈ​ជាមួ​យរ​ដ្ឋបរទេសជាដៃគូ បានបន្ត​​កើ​​ន​​​ឡើង​ជិត ​១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិកទៅហើយ។

យ៉ាងនេះក្តី លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានប្រាប់ក្រុមអ្នកសារព័ត៌មាន​​កាល​ពី​ខែ​សីហា​​​ថា យោងតាម​ការវាយ​​តម្លៃ​​​ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និង​ភាព​ជាក់​​​​ស្តែ​ង​​​​បំណុល​​សា​​ធារ​​ណៈ​ដែលកម្ពុជាជំពាក់មិត្តជាដៃគូនេះ មិន​​ទាន់​​ចោទជាបញ្ហានៅឡើយទេ ពោ​​​ល​គឺ​​កម្ពុជានៅ​​​មាន​​​​ល​​ទ្ធ​​​​​ភាព​បន្តខ្ចីនិង​សង​បាន ហើយបំណុលទាំងនោះគឺបម្រើ​​ឱ្យសេចក្តី​​ត្រូ​​វកា​​រ​​រួម និងប្រ​​យោ​​​​​ជន៍​​សា​​​​​​​ធារណៈ។

ស្របពេលដែលលោកនាយក​រដ្ឋមន្រ្តីទទួលបា​នភាព​ជោគ​ជ័យ​ក្នុង​ជីវិត​នយោបាយរបស់លោក នេះ ការដឹកនាំរបស់លោកក្នុងរយៈពេល៣៨​ឆ្នាំ ក៏រងការរិះគន់មិនតិចដែរ។ លោក ហ៊ុន សែន ត្រូវ​គេ​ចាត់​ទុក​ថាជាអ្ន​ក​ស្ទាត់ជំនាញក្នុងការធ្វើឱ្យដៃគូនយោបាយត្រូវចុះចាញ់ដោយ​​មិន​​​អា​ច​​​​​តដៃ​បាន។ ប្រហែលផ្តើមចេញពីនយោបាយឈ្នះ​ឈ្នះលើរបប​ខ្មែ​រក្រហម និង​លោក​​មានភាព​​បត់​​បែន​បាន​លឿន ព្រម​ទាំង​ប្តូរ​យុទ្ធសាស្រ្តនយោបាយ​បានទាន់ពេលវេលានេះហើយ ជាអំណោ​​យ​​ផល​ ធ្វើ​ឱ្យ​សង្វៀន​នយោបាយ​មួយ​នេះ លោក​អាចដើរដោយគ្មានដៃគូក្នុងក្របខណ្ឌសេរី ដោយមាន​ពហុ​​​បក្ស​​​​​​​ក៏បាន ឬគ្មាន​ក៏បាន។

នៅក្នុងរដ្ឋាភិបាលចម្រុះ ក្នុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតដែលរៀបចំឡើងដោយ អ៊ុនតាក់ បើ​​ទោះ​​​ជាកម្លាំងនយោបាយហ្វ៊ុនស៊ិនប៉ិច មាន​ទាំង​ធនធាន​មនុស្ស និង​សព្វាវុធ​​ជា​​មួយផង ក៏​មិន​​អាច​​​​យក​​​ប្រៀបលើគណបក្សប្រជាជនកម្ពុជាបាន​ដែរ។ សម្បុកនយោបាយនៅក្នុងគណបក្សប្រជាជនកម្ពុជា​​ ដែល​ប្រមូល​ផ្តុំ​ដោយ​បញ្ញ​វន្ត​មក​​​​ពី​​​បរ​ទេសក៏មាន អ្នកតស៊ូនៅជាយដែនក៏មាន នៅទី​បំផុត គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវ​បែក​កម្លាំង​​​សា​​មគ្គី​​​ដូច​​​​កម្លាំង​​​យោ​​ធា​​របស់​​ខ្មែរក្រហមដែរ ហើយ​ផែន​ការ​​ចាស់នេះទំនងជា​លោក ហ៊ុន សែន យកមកប្រើដែរ​ សម្រាប់​កម្ចាត់​បក្ស​ប្រឆាំង​ដ៏​ធំ​ចេញ​ពី​សង្វៀន​នយោបាយ​កាល​ពី​ឆ្នាំ​២០១៧។ នៅក្នុងឆ្នាំនេះដដែល អង្គការអន្តរជាតិធំៗមានដូចជា អង្គការ IRI NDI និងស្ថាប័ន​សារព័ត៌មានឯករាជ្យមួយចំនួន ក៏ត្រូវ​បង្ខំចិត្តបិទទ្វារ ដោយសារពួកគេមិនអាចបំពេញការងារបាន ព្រោះតែរងការយាយីខាងនយោ​​បាយ​​​។

អ្នកការពារផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវអំណោយផលសោះ។ លោ​​​ក​​​​​​បន្ត​ថា រដ្ឋាភិបាល​បានផ្តល់សច្ចាប័នជាមួយអន្តរជាតិ ក្នុងការធានា​ការ​គោរព​សិទ្ធិម​នុ​​​ស្ស ជាពិសេស​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ ប៉ុន្តែភាពជាក់ស្តែងមិនដូច្នេះឡើយ។

អ្នកការពារសិទ្ធិមនុ​​ស្ស​រូបនេះបន្តថា មានសកម្មជនសិទ្ធិមនុស្ស និងយុវជនសង្គម ជា​ពិសេស​អ្នកនយោ​បាយ ត្រូវរងការបង្រ្កាបជាបន្តបន្ទាប់ ក្រោមហេតុផលបង្កចលនាសង្គម និងរូបភាពបដិវត្តន៍ពណ៌។

លោកបន្តថា៖ «បញ្ហាជម្លោះនយោបាយធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ពួកគាត់មានទុក្ខសោកក្នុង​ចិត្ត​រហូតហ្នឹង ឱ្យតែដល់រដូវកាលបោះឆ្នោតមកដល់ គឺពួកគាត់មានការព្រួយបារម្ភ​ណាស់ អំពីបញ្ហា​ហ្នឹង ហើយជាពិសេសពេលដែលបោះឆ្នោត គឺពួកគាត់មានការលំបាក។ យើងឃើញហើយ គឺនៅ​មាន​ភាព​គាប​សង្កត់​ទៅលើការប្រើប្រាស់នូវឆន្ទៈរបស់ពួកគាត់នៅឡើយទេ ហើយ​គណបក្សនយោ​​បា​​យ​ទៀតសោតក៏មានការលំបាកក្នុងការចូលរួមឱ្យបានពេញលេញដែរ។ ពាក់​ព័ន្ធនឹង​សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​ធ្វើសកម្មភាពនានា ក្នុងការសម្ដែងមតិជាសាធារណៈស្វែងរកការគាំទ្រ ។ ហើយ​បើសម្ដែង​មតិមិនស្រួល យើងឃើញហើយ មានការប្រើប្រាស់ប្រព័ន្ធតុលាការ​ប្តឹងផ្តល់ដ​កហូតទ្រព្យសម្បត្តិអីអ៊ីចឹងទៅ»។

ហាក់មិនខុសគ្នាទេ លោក ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ស្របពេលកម្ពុជាកំពុងតែធ្លាក់ចុះសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសជិតខាងក៏កាន់តែមិនអាចទៅមុខបានថែមទៀត។ លោកបន្តថា ជារូបភាពមើលទៅកម្ពុ​​ជា ដូចមានសន្ទុះទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ តែភាពប្រេះឆាផ្ទៃក្នុងកម្ពុជានៅតែជាមហារីកដែលមិនអាចព្យាបាលបាន ព្រោះតែនយោបាយចង់ឈ្នះចាញ់។

លោកបន្តថា៖ «ពលរដ្ឋកម្ពុជាឥលូវ សេរីភាពបញ្ចេញមតិហាក់ដូចជារួមតូច ហាក់លែងចង់និយាយ​ហើយ​គ្រប់គ្នា។ អ៊ីចឹង​នេះ វាមានការលំបាកមួយ។ ហើយចំណុចមួយទៀត បើយើងមើលអំពី ​គេហៅ​​ថា ការបរទេសក្រៅប្រទេសនេះ វៀតណាមកុម្មុយនីស្តមែន ប៉ុន្តែគេសម្របខ្លួនបានជាមួយ​នឹង​បណ្តាប្រទេស​ប្រជាធិបតេយ្យ​ច្រើន និង​ទទួលបានអត្ថប្រយោជន៍ច្រើន។ ដោយឡែកកម្ពុជាយើង យើង​បានអត្ថប្រយោជន៍ដែរ តែហាក់ដូចជាកំពុងតែប្រឈមនឹងការបាត់បង់ ដូចជា EBA និង GSP ជាដើម។ នេះជាក្តីបារម្ភសម្រាប់ពលរដ្ឋយើង»។

ជាមេដឹកនាំបក្សដែល​​មាន​​ឈ្មោះ​​​​​ដើមថា បក្សបដិវត្តន៍ប្រជាជនខ្មែរ ហើយ​​បានប្តូរមកជា​​បក្ស​​ប្រ​​ជា​​ជនកម្ពុជាវិញ ចាប់ពីឆ្នាំ១៩៩១ រហូតដល់​​សព្វ​​ថ្ងៃ លោក ហ៊ុន សែន ទទួលបានការគាំទ្រដោយ​​សា​រ​​យុទ្ធសាស្ត្រ​នយោបាយរបស់លោក ត្រូវគេចាត់ទុកថាមានភាពបត់បែន។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោក ហ៊ុន សែន ជាតំណាងម្ចាស់ហត្ថលេខីដ៏សំខាន់មួយរូប ក្នុង​​កិច្ច​​​​​​​​ប្រឹង​​ប្រែង​​នាំឱ្យមានកិច្ចព្រមព្រៀងនយោបាយរួម ដែលហៅថា កិច្ចព្រមព្រៀង​​សន្តិ​ភាព​ទីក្រុ​​​ង​​ប៉ា​​​រី​ស​​ ពីខាងគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ត្រូ​វ​​បា​​ន​​​​តែង​​​​តាំងជាប្រធាន​​ក្រុមប្រឹក្សា​​​រដ្ឋ​​​​មន្រ្តីស្តីទី នៅថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ១​៩៨៤ ហើយបានក្លាយជាប្រធាន​​ក្រុមប្រឹក្សារដ្ឋមន្រ្តីជា​​ផ្លូវ​​ការ នៅថ្ងៃទី​១៤ ខែមករា ឆ្នាំ១៩៨៥។

ពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន កាន់តំណែងជាសហនាយករដ្ឋមន្រ្តី ដែល​​ជា​​នា​​យ​​​ក​រដ្ឋ​​មន្រ្តី​ទី២ ក្នុងជួរដ្ឋាភិបាលចម្រុះ នីតិកាលទី១ នៃរដ្ឋសភា ហើយលោក​បាន​​​ក្លា​​យ​​ជា​ប្រធាន​គណបក្ស​ នៅថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០១៥ ក្រោយ​ពី​​​លោ​ក ជា ស៊ីម អតីតប្រ​​​ធា​ន​​គណបក្ស បាន​ទទួលមរណភាព​​នៅក្នុងឆ្នាំ​​​ដដែលនេះ។​​ ក្រុមអ្ន​កឃ្លាំមើល​​ សង្កេតឃើញថា ភាពខ្លាំងដែលនាំឱ្យលោក ហ៊ុន សែន អាចឈ​រ​ជើង​បាន​យូរ​ក្នុង​តំណែង​​​​ជា​​នា​យ​​ករដ្ឋមន្រ្តីរហូត៣៨ឆ្នាំ មានហេតុផលជាច្រើន ក្នុងនោះ​ទំន​ង​​​មានហេតុផលចម្បង​៣ ដែល​​​លេ​​ច​​ធ្លោ ហើយអាចឱ្យលោកនៅតែស្ថិតក្នុងតួនាទីនេះបាន គឺបើលោក​ប្រព្រឹត្ត​កំហុស​ហើយ លោក​​អា​ច​រៀន​​​សូត្រ​​បាន​​លឿនពីកំហុសនោះ និង​ជាអ្នក​នយោបាយ​ដែល​មិន​ងាយ​បោះ​បង់​គ្នា​ចោល ទោះ​​​ក្នុង​​​​កា​​លៈ​​ទេសៈណាក៏ដោយ បើទោះជាមានកំហុស ត្រូវ​ដកចេញហើយដាក់កន្លែងថ្មី​ និង​​​ចំណុច​​​​​​​​ទី៣ ជាអ្នក​​ន​​​​យោ​​​បាយដែលពូកែនិងចេះរៀបចំយុទ្ធសាស្រ្ត ធ្វើយ៉ាងណា​ឱ្យ​សមាជិក​នៃ​ស្ថាប័ន​​​​រដ្ឋ​​​ត្រូវ​​មាន​ចំណែកក្នុងការទទួលខុសត្រូវចំពោះមុខបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ