ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រស្ស៊ីមួយរូបដែលបាននិយាយថា ប្រទេសរុស្ស៊ីមិនឃើញមានគ្រោះថ្នាក់ណាមួយពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ទីក្រុងប៉េកាំងនោះទេ ហើយថាខ្លួននឹងមិនរឹតបន្តឹងចំពោះអ្នកដំណើរមកពីប្រទេសចិនឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ។
កាលពីខែមុន ប្រទេសចិនបានដកចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើង។ ខណៈជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើងវិញ ប្រទេសមួយចំនួនតម្រូវឱ្យអ្នកដំណើរដែលមកពីប្រទេសចិនធ្វើតេស្ត។
ទីភ្នាក់ងារសារព័ត៌មាន Tass បានស្រង់សម្តីលោកស្រី អាន់ណា ប៉ូប៉ូវ៉ា (Anna Popova) ប្រធានក្រុមឃ្លាំមើលសុវត្ថិភាពអ្នកប្រើប្រាស់ Rospotrebnadzor ដែលបានប្រាប់ទូរទស្សន៍រដ្ឋថា៖ «យើងមិនរំពឹងថានឹងមានគ្រោះថ្នាក់ណាមួយនោះទេ។ យើងមិនបានដាក់ចេញនូវវិធានការបន្ថែមទៀត ដែលរឹតបន្តឹងអ្នកដំណើរមកពីប្រទេសចិនឡើយ»។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី និងប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
គួរបញ្ជាក់ថា ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ កាលពីថ្ងៃអាទិត្យ [ទី៨ ខែមករា ឆ្នាំ២០២៣] បន្ទាប់ពីនៅឯកោរយៈពេល៣ឆ្នាំ ដោយបានដកចេញនូវវិធានការរឹតត្បិតដ៏សំខាន់ចុងក្រោយ ដែលជាផ្នែកមួយនៃគោលនយោបាយ «សូន្យកូវីដ» នៅដើមខែធ្នូ បន្ទាប់ពីមានការតវ៉ាជាប្រវត្តិសាស្ត្រប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ការបិទប្រទេសញឹកញាប់ ការធ្វើតេស្តឥតស្រាកស្រាន្ត និងការរឹតត្បិតការធ្វើដំណើរចាប់តាំងពីដើមឆ្នាំ២០២០មក បានធ្វើឱ្យប្រទេសសេដ្ឋកិច្ចឈានមុខលំដាប់ទី២ នៅលើពិភពលោកនេះ ធ្លាក់ទៅក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលជិតកន្លះសតវត្សរ៍ និងបណ្តាលឱ្យមានចលាចលទូទាំងប្រទេស។
កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសមួយចំនួនតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ មានដូចជា សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា តៃវ៉ាន់ និងកូរ៉េខាងត្បូង៕