អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលដែលរងការចោទថាជាប់ពាក់ព័ន្ធអំពើពុករលួយ បានចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចហើយ ក្រោយអង្គភាពនេះបានតម្រូវឱ្យមន្ត្រីរូបនោះឆ្លើយបំភ្លឺបន្ទាប់ពីបានទទួលពាក្យបណ្តឹង។
ក្នុងលិខិតចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបាននៅថ្ងៃសុក្រនេះ ACU បានឱ្យប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល លោក ពៅ សោមាណាក់ ចូលឆ្លើយបំភ្លឺ និងដាក់ឯកសារពាក់ព័ន្ធមកអង្គភាពមួយនេះឱ្យបានឆាប់ ពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួនក្នុងពេលធ្វើសកម្មភាពបំពេញតួនាទីភារកិច្ច។
លិខិតដដែលនេះបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ACU ទទួលបានបណ្តឹងមួយចោទប្រធានបរិស្ថាន លោក ពៅ សោមាណាក់ ថាបានយកលុយពីមន្ត្រីមិនមកបំពេញការងារម្នាក់ចំនួន២០០ដុល្លារក្នុង១ខែ និងកិបកេងថវិការៀបចំថ្នាលបណ្តុះកូនឈើដែលក្រសួងផ្តល់ជូនមន្ត្រីចំនួន ៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។
មួយទៀតនោះ លោក ពៅ សោមាណាក់ បានបញ្ជាឱ្យមន្ត្រីទាមទារថ្លៃសេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថានពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ និងយកប្រាក់ប្រចាំខែពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្មជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់។
ACU បន្តថា ក្រោយពិនិត្យមើលលើពាក្យបណ្តឹង ACU បានឱ្យលោក ពៅ សោមាណាក់ បំភ្លឺករណីនេះ និងផ្តល់ឯកសារពាក់ព័ន្ធមកអង្គភាពមួយនេះឱ្យបានឆាប់ ដោយថា ការបំភ្លឺលោក ពៅ សោមាណាក់ ជាមូលដ្ឋានមួយសម្រាប់ឱ្យ ACU ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យបណ្តឹងនោះទៀត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់តាមតេឡេក្រាមយ៉ាងខ្លីនៅថ្ងៃសុក្រនេះថា លោក ពៅ សោមាណាក់ បានឆ្លើយបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ហើយបច្ចុប្បន្ន មន្ត្រីរូបនេះកំពុងបំពេញការងារជាធម្មតានៅមន្ទីរបរិស្ថានខេត្តកណ្តាល។
វីអូឌី មិនអាចរកការឆ្លើយបញ្ជាក់បន្ថែមពីប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក ពៅ សោមាណាក់ បានទេ។
តែយ៉ាងណា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត មានប្រសាសន៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ពៅ សោមាណាក់ មិនទាន់បានឆ្លើយតប និងដាក់ឯកសារពាក់ព័ន្ធមកអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា នេះជាការខិតខំប្រឹងប្រែងមួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត ក្រោយទទួលបានបណ្តឹងពាក់ព័ន្ធបញ្ហាអំពើពុករលួយ។ លោកបានបង្ហាញការសាទរចំពោះចំណាត់ការនេះ ដើម្បីលុបបំបាត់បញ្ហាអំពើពុករលួយក្នុងសង្គមកម្ពុជា និងដើម្បីព្រមានដល់មន្ត្រីផ្សេងទៀតកុំឱ្យប្រព្រឹត្តអំពើបែបនេះបន្តទៀត។
លោក ប៉ិច ពិសី ក៏ជំរុញដល់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើកិច្ចការងារនេះជាប្រព័ន្ធនៅតាមស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីទប់ស្កាត់បញ្ហាអំពើពុករលួយ និងការខាតបង់ថវិកាជាតិ។
លោកបន្ថែមថា៖ «ជាការល្អណាស់ដែលយើងឃើញមន្ត្រីសាធារណៈខ្លួនឯងហ្នឹង ជាអ្នកផ្តល់ភស្តុតាង ផ្តល់ព័ត៌មានជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើកិច្ចការងាររបស់គាត់។ នេះជាសញ្ញាវិជ្ជមានមួយ។ ខ្ញុំគិតថា រដ្ឋាភិបាលក្តី អង្គភាពប្រឆាំងអំពើពុករលួយក្តី គួរតែធ្វើកិច្ចការនេះជាប្រព័ន្ធតែម្តង នៅគ្រប់ស្ថាប័នសាធារណៈ ដើម្បីកុំឱ្យមានការបាត់បង់ថវិកាជាតិ ដែលយើងមានតិចតួចហ្នឹង តាមរយៈការកិបកេង ការបន្លំ ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីសាធារណៈហ្នឹង»។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា លោក ឡាយ សំណាង ជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ ដែលការឃុំនេះធ្វើឡើងក្រោយពី ACU ស្រាវជ្រាវរកឃើញថា លោកបានកិបកេងថវិការដ្ឋជាង ១ ៥០០លានរៀល ឬស្មើប្រមាណជាង ៣៨ម៉ឺនដុល្លារ។
បើតាមសន្ទស្សន៍យល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសមានកម្រិតពុករលួយអាក្រក់ជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០ នៃសមាជិកអាស៊ាន។
ច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ ចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។
ចំណែកច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕