បទយកការណ៍៖ ក្រុមអ្នកប្រតិបត្តិទេសចរណ៍ថា បម្រាមថតរូបនៃអាជ្ញាធរជាតិអប្សរា មិនផ្ដល់ចំណេញអីដល់ទេសចរណ៍តំបន់អង្គរ

មគ្គទេសក៍ទេសចរណ៍ ធ្វើការបង្ហាញណែនាំនិងរៀបរាប់ពាក់ព័ន្ធប្រាសាទនានានៅតំបន់អង្គរ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តំបន់អង្គរ គឺជាប៉ូលទេសចរណ៍វប្បធម៌ដ៏សំខាន់បំផុតរបស់កម្ពុជា ដែល​​សម្បូរទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ បុរាណ​ស្ថាន​នានា ផ្សារ​ភ្ជាប់​នឹង​បណ្ដុំប្រពៃណីទំនៀម​ទម្លាប់ ដែល​បាន​បន្សល់​ទុក និង​មានរហូត​ដល់​សព្វ​ថ្ងៃ។ តំបន់នេះត្រូវបានចុះបញ្ជីជាសម្បត្តិ​បេតិក​ភណ្ឌវ​ប្បធម៌​ពិភព​លោក នៃ​អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ បន្ទាប់មក ដើម្បីស្ដារនិង​អភិវឌ្ឍទេសចរណ៍ អាជ្ញាធរ​ដើម្បី​ការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ដែលហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» ក៏ត្រូវបានបង្កើតឡើងដែរ ក្នុងឆ្នាំ១៩៩៥។

មុនវិបត្តិសកលកូវីដ-១៩ ផ្ទុះឡើង ភាពអច្ឆរិយៈនៃតំបន់អង្គរ បានឆក់យកបេះដូងទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាកើនឡើងជាបន្តបន្ទាប់។​ ប្រការនេះនាំឱ្យមានការរៀបចំ កែលម្អសណ្ដាប់ធ្នាប់ និងការដាក់ចេញផែនការ បទប្បញ្ញត្តិនានា ដើម្បីគ្រប់គ្រងទេសចរណ៍ ព្រមទាំងធានាការរក្សាតម្លៃវប្បធម៌ជាប្រវត្តិសាស្ត្រសម្រាប់តំបន់ទាំងមូល។

ជាក់ស្ដែង អាជ្ញាធរជាតិអប្សរា បានតុបតែងកែលម្អតំបន់អង្គរជាបន្តបន្ទាប់ ដើម្បីទាក់ទាញ បង្ហាញមុខមាត់ថ្មី និងស្វាគមន៍ភ្ញៀវទេសចរជុំវិញសកលលោក​ ក្រោយធូរស្បើយកូវីដ-១៩។ យ៉ាងណាមិញ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានដំឡើងស្លាកបម្រាមថតរូប ដាក់នៅតាមប្រាសាទនានាក្នុងតំបន់អង្គរ។

បម្រាមនេះបានបង្កភាពភ្ញាក់ផ្អើល និងការជជែកវែកញែកសម្រាប់មហាជនជាថ្មីនៅក្នុងបណ្ដាញសង្គម ជាពិសេសក្នុងចំណោមអ្នកចូលចិត្តថតរូប និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ជាដើម។ ដោយពួកគាត់បានបង្ហាញក្ដីបារម្ភថា ការហាមឃាត់នេះ មិនបានផ្ដល់ផលចំណេញក្នុងការជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា ផ្ទុយទៅវិញ ជាការខាតបង់ធំមួយលើការផ្សព្វផ្សាយតំបន់អង្គរទៅកាន់ពិភពលោក ព្រមទាំងបង្កនីតិវិធីសាំញ៉ាំ និងការយល់ច្រឡំដល់ទេសចរ ប្រសិនបើមិនមានការពន្យល់បកស្រាយឱ្យបានច្បាស់លាស់។

មគ្គទេសក៍ទេសចរណ៍មួយរូប លោក តារា បានឱ្យវីអូឌីដឹងថា លោកយល់ស្របនឹងការអនុវត្តកន្លងមក ដូចជា ការហាមប្រាមការប្រើដ្រូននៅតំបន់អង្គរ ដែលវាអាចបង្កការខូចខាតដល់ប្រាសាទ និងសណ្ដាប់ធ្នាប់ ជាដើម។ យ៉ាងណា លោកថា ស្លាកហាមថតរូបដាក់ថ្មី ដែលហាមម៉ាស៊ីនថត ៣៦០ដឺក្រេ ១៨០ដឺក្រេ របស់អាជ្ញាធរ អាចធ្វើឱ្យទេសចរមិនពេញចិត្ត និងបន្ថែមភាពស្មុគស្មាញ ជាពិសេសទេសចរមកលេងដោយខ្លួនឯង និងមិនបានដឹងអំពីព័ត៌មានហាមប្រាម។

លោក តារា បង្ហាញមតិបែបនេះថា៖ «ចំពោះខ្ញុំ ឧបមាខ្ញុំជាអ្នកថតរូប ខ្ញុំចង់បានការផ្ដិតយករូបភាពស្អាតហ្នឹង មិនថានៅកន្លែងណា កន្លែងណាទេ បើសិនកន្លែងហ្នឹង វាស្មុគស្មាញច្រើន បញ្ហាច្រើន​ អត់មានអីពិបាកទេ គឺខ្ញុំអត់ទៅតែម្ដង! ខ្ញុំសុខចិត្តទៅកន្លែងផ្សេង ព្រោះយើងមិនដឹងថាទៅតវ៉ាជាមួយគេម៉េចបាន»។

ស្រដៀងគ្នានេះដែរ អ្នកចូលចិត្តថតរូប លោក ភក្ត្រ លីម បានប្រាប់វីអូឌីថា លោកមិនយល់ស្របទៅនឹងការដាក់បម្រាមលើឧបករណ៍ថត ១៨០ដឺក្រេ ៣៦០ដឺក្រេ នោះទេ។ ដោយអ្នកមានបទពិសោធថតរូបជាង១០ឆ្នាំមកហើយរូបនេះថា ស្លាកបម្រាមផ្ដល់ភាពមិនច្បាស់លាស់ និងគ្មានប្រសិទ្ធភាពលើការកំណត់ឧបករណ៍ថត។ ដោយលោកអះអាងថា ទូរសព្ទ ឬកាមេរ៉ាឌីជីថលខ្លះ ក៏មានសមត្ថភាពអាចថតរូបភាពកម្រិត ១៨០ដឺក្រេ ៣៦០ដឺក្រេ បានដែរ។

លោក ភក្ត្រ លីម បង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖ «មួយវិញទៀត ការដាក់បម្រាម គឺមិនមានផលចំណេញដល់ប្រទេសជាតិ ក្រៅតែមានការអាក់អន់ចិត្តពីសំណាក់ទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលភាគច្រើនពួកគេប្រើប្រាស់ Action camera [ដែលមានរូបក្នុងស្លាកបម្រាម]»។

យ៉ាងណាក៏ដោយចុះ ជុំវិញបញ្ហានេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វីអូឌីថា បម្រាមថតរូបនេះ មិនមែនជារឿងថ្មីនោះទេ គឺបានអនុវត្តយូរមកហើយ គ្រាន់​តែអាជ្ញាធរទើបនឹងដាក់ស្លាកបម្រាមឱ្យបានឃើញនៅតាមប្រាសាទនានាថ្មីៗនេះ។ លោក កុសល បន្តថា បំណងនៃការហាមម៉ាស៊ីនថតរូបដែលមានបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីធានាថា ការប្រើប្រាស់រូបភាពពីតំបន់អង្គរឱ្យបានសមស្របពីសំណាក់ភ្ញៀវទេសចរ ចៀសវាងការយកទៅប្រើដោយមិនសមរម្យ ដែលអាចប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋខ្មែរ និងតម្លៃវប្បធម៌ជាតិ​ ខណៈអាជ្ញាធរនៅមិនទាន់អាចគ្រប់គ្រងទៅលើបច្ចេកវិទ្យាទាំងនោះបាននៅឡើយ។

លោក ឡុង កុលស ថ្លែងថា៖ «ការងារខាងផ្នែកផ្សព្វផ្សាយទេសចរណ៍ យើងដឹងណាស់ថា ការងារអ្វីដែលប៉ះពាល់ អ្វីដែលមិនប៉ះពាល់។ អ៊ីចឹងសម្រាប់យើង ការងារនេះ យើងមិនទៅហាមឃាត់[ទាំងស្រុង]មិនឱ្យថតទេ។ ភ្ញៀវទេសចរអាចថតរូបតាមទូរសព្ទដៃ ឬក៏មានកាមេរ៉ាថតរូប អាចថតវីដេអូ ប្រើប្រាស់បានជាក់ស្ដែងផ្ទាល់ខ្លួនជាអនុស្សាវរីយ៍ ក្នុងការមកទស្សនាកម្ពុជា។ [ទាំងនេះ] យើងមិនមានហាមឃាត់ទេ លើកលែងតែអាប្រភេទបច្ចេកវិទ្យាទំនើប[ក្នុងស្លាកហាម]ហ្នឹងឯង»។

យ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បម្រាមនេះ គឺអនុវត្តនៅគ្រប់ប្រាសាទក្នុងតំបន់អង្គរទាំងមូល ប៉ុន្ដែមិនមានការដាក់ពិន័យណាមួយលើអ្នកល្មើសនោះទេ ដោយមានក្រុមការងារតាមប្រាសាទចាំជម្រាបណែនាំ។

សម្រាប់ទេសចរចង់ថតរូបដូចទម្រង់ដែលហាមឃាត់ លោក ឡុង កុសល បន្ថែមយ៉ាងដូច្នេះ៖ «ពួកគាត់អាចដាក់ស្នើសុំតាមអនឡាញបាន ឬក៏គាត់អាចមកកាន់មជ្ឈមណ្ឌលសេវាកម្មរបស់យើង។ យើងធ្វើកិច្ចការងារលឿនណាស់ រយៈពេលចន្លោះមួយថ្ងៃទៅបីថ្ងៃ។ ប្រសិនបើគាត់ គាត់ប្រញាប់ យើងអាចដំណើរការកិច្ចការឱ្យគាត់ត្រឹមតែមួយថ្ងៃ។ យើងមិនមានការផាកពិន័យអីគាត់ទេ គ្រាន់តែយើងហាមប្រាមចំពោះគាត់ ជម្រាបគាត់ឱ្យបានដឹង សុំកុំឱ្យគាត់ថតឧបករណ៍បែបហ្នឹងទៀត ប៉ុណ្ណឹងឯង»។

រំឭកជូនថា កាលពីខែកញ្ញា ឆ្នាំ២០២២ ជាផ្នែកមួយដើម្បីទាក់ទាញទេសចរបរទេសមកទស្សនាតំបន់អង្គរ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ជូនការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋាននេះ និងក្រុមប្រាសាទតំបន់កោះកេរ រយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃ​ ដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ។

ត្រលប់មកច្រកចូលទស្សនាប្រាសាទព្រះខ័ន ដែលជាកន្លែងអនុវត្តបម្រាមឯនេះវិញ ខណៈទេសចរកំពុងដើរចេញចូល លោក អន ហេង ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ បានឆ្លៀតពេលប្រាប់វីអូឌីកាលពីថ្ងៃទី៩ ថាលោកបានពន្យល់ហេតុផលទៅទេសចរអំពីបម្រាម នៅពេលឃើញទេសចរប្រើប្រាស់ ឬថតរូប ដោយឧបករណ៍ដែលបានហាមឃាត់។ លោកបន្តថា ទេសចរហាក់យល់ដឹងច្រើន និងមិនមានការថ្នាំងថ្នាក់ដល់ការប៉ះពាក្យសម្ដីខ្លាំងពីភ្ញៀវណាមួយនៅឡើយ។ យ៉ាងណា នៅទីតាំងប្រចាំការរបស់លោក លោកមើលឃើញថា ទេសចរប្រើឧបករណ៍ថតរូបប្រភេទដូចក្នុងបម្រាម មិនមានច្រើននោះទេ។

លោក អន ហេង ភ្នាក់ងារទេសចរណ៍ដែលមានបទពិសោធជាង១០ឆ្នាំក្នុងតំបន់អង្គរ លើកឡើងបែបនេះថា៖ «រាល់ឧបករណ៍ដែលយើងចេញបម្រាមហាមនេះ គឺយើងត្រូវតែហាមគ្រប់ជាតិសាសន៍ទាំងអស់។ ការហាមឃាត់កន្លងៗមក យើងធ្លាប់ហាមឃាត់ដ្រូន ដែលការហាមនេះយូរមកហើយ។ ក្រោយមក ហាមឃាត់លើឧបករណ៍កាមេរ៉ា ៣៦០ដឺក្រេ ១៨០ដឺក្រេ ដូចជាការងារថ្មីដែរ​ ប៉ុន្ដែវាមិនថ្មីទេ ព្រោះយើងប្រាប់អំពីហេតុផលដល់គាត់ទៅ គាត់យល់។ ភ្ញៀវប្រហែលគាត់មានបទពិសោធពីហាមប្រាមនៅប្រទេសផ្សេងៗ ឬក៏ប្រទេសរបស់គាត់។ សម្រាប់ភ្ញៀវទេសចរ អ៊ីចឹងទៅ ដូចអត់មានភាពលំបាកអីទេ អត់មានផលប៉ះពាល់អីនឹងភ្ញៀវទេ»។

​ក្រោយធូរស្បើយកូវីដ-១៩ និងការបើកចំហជើងមេឃឡើងវិញរបស់រដ្ឋាភិបាល ទេសចរបរទេសមកលេងតំបន់អង្គរ ចាប់មានកំណើនឡើងមកវិញ។ ជាក់ស្ដែង ​កាលពី​ឆ្នាំ ២០២២ ​មានភ្ញៀវទេសចរ​អន្តរជាតិ​ ជាង ២​សែន ៨​ម៉ឺន​នាក់ បានមកកាន់តំបន់នេះ ដែលទាញចំណូលពីការលក់សំបុត្រចូលទស្សនាបាន​ជាង ១១លាន ៥សែន​ដុល្លារ​អាមេរិក។ យ៉ាងណា កំណើនទេសចរនៅមិនទាន់ដូចកាលមុនឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ នោះទេ។ កាលនោះ តំបន់​អង្គរ ធ្លាប់ទទួលបាន​ទេសចរ​បរទេស​ជាង​ ២លាន ២​សែន​នាក់ ក្នុងចំណោមទេសចរអន្តរជាតិមកទស្សនាកម្ពុជាសរុបជាង ៦លាន ៦សែននាក់ ដោយរកចំណូលបានប្រមាណជិត ១០០លានដុល្លារអាមេរិក

ក្នុងករណីនេះដែរ ប្រធានសមាគម​ទេសចរណ៍​កម្ពុជា លោក​ស្រី ឆាយ ស៊ីវលីន​ ប្រាប់វីអូឌីថា លោកស្រីមើលឃើញ ការហាមឧបករណ៍ថតរូបមួយចំនួននៅតំបន់អង្គរនេះ មិនមែនជារនាំងឧបសគ្គក្នុងការទាញទាក់ទេសចរនោះទេ ប៉ុន្ដែអាចការខកចិត្តមួយ ប្រសិនបើទេសចរដែលមកតំបន់អង្គរ មិនបានស្វែងយល់ និងចង់ថតរូបភ្លាមៗដោយម៉ាស៊ីនថតដែលបានហាមប្រាម ។ យ៉ាងណាមិញ ក្នុងនាមអ្នកប្រតិបត្តិទេសចរណ៍ លោកស្រីថា ចង់ឃើញការសហការពីគ្រប់ភាគី ជំរុញការផ្សព្វផ្សាយ ផ្ដល់ព័ត៌មានទូលំទូលាយ និងភាពងាយស្រួលដល់ទេសចរ។

លោក​ស្រី ឆាយ ស៊ីវលីន ថ្លែងពន្យល់ថា៖ «ខ្ញុំគិតថា មិនជាកត្តាប៉ះពាល់[កំណើនទេសចរ]អីទេ។ តែបើអត់បានដឹងមុន អាចឱ្យគាត់មានអារម្មណ៍ថាខកចិត្ត មកដល់ហើយអត់បានថត ប៉ុន្ដែនៅពេលដែលគាត់ស្វែងយល់ថា អាហ្នឹងគឺនៅតាមរមណីយដ្ឋានធំៗ ជាពិសេសតំបន់វប្បធម៌អ៊ីចឹង វាជាបេតិកភណ្ឌពិភពលោក។ អ៊ីចឹងត្រូវមានការហាមឃាត់នៅតាមកម្រិតណាមួយ គឺដូចៗតែគ្នាទេ! ប្រសិនបើគាត់ដើរច្រើន គាត់អាចយល់ហើយ ព្រោះប្រទេសនីមួយៗក៏មានការហាមឃាត់អ៊ីចឹងដែរ ព្រោះមិនមែនកន្លែងធម្មតាទេ នេះជាបេតិកភណ្ឌពិភពលោក»។

លោកស្រីបន្ថែមថា៖ «សំខាន់ហ្នឹង គឺអាជ្ញាធរអប្សរា ថាគាត់ជួយសម្រួលដល់ការសុំប៉ុនណា។ ហ្នឹងអាស្រ័យលើគាត់ទេ។ បើសិនជាគាត់គិតថាគួរតែសម្រួលអ៊ីចឹងទៅ គាត់សម្រួលទៅ ក៏វាកាន់តែល្អសម្រាប់ភ្ញៀវទេសចរអ៊ីចឹង»។

​បន្ថែមលើនេះ លោក​ កឹម សុវណ្ណា អ្នក​ថតរូបឯករាជ្យ ប្រាប់វីអូឌីឱ្យដឹងថា ការថតរូប ឬផ្សព្វផ្សាយទេសចរណ៍តំបន់អង្គរទៅពិភពលោកឱ្យបានច្រើន គឺជាឱកាសល្អមួយសម្រាប់ស្រូបទាញទេសចរមកទស្សនាតំបន់នេះ ក្រោយកូវីដធូរស្បើយ។ ​ ដូច្នេះ ការថតរូបផ្ដិតយករូបភាពនៅតំបន់នេះ មិនគួររឹតត្បិត និងគួរត្រូវបានលើកទឹកចិត្ត។ ផ្ទុយទៅវិញ លោកថា ការហាមប្រាមថតរូបនៅតំបន់អង្គរ ជាការខាតបង់ និងបង្កើតភាពស្មុគស្មាញមួយលើផ្នែកផ្សព្វផ្សាយ ដែលអាចនាំឱ្យទេសចរ ឬអ្នកថតរូបជាដើម បង្វែរទិសទៅទេសចរណ៍ទៅតំបន់ផ្សេង។

លោក កឹម សុវណ្ណា ថ្លែងយ៉ាងដូច្នេះថា៖ «អ្នកថតមិនចេះខ្វះទេ រូបរាប់លានមួយឆ្នាំៗ ប៉ុន្ដែវាមានអ្នកថត មានស្នាដៃ យើងធ្វើឱ្យគេចាប់អារម្មណ៍អីអ៊ីចឹង។ ឥទ្ធិពលហ្នឹង យើងចង់បង្ហាញពីវប្បធម៌ អ៊ីចឹងអ្នកដែលល្បី គាត់ថតពីអាហ្នឹង អ៊ីចឹងរូបថតហ្នឹង វាល្បីទៅតាមកេរ្តិ៍ឈ្មោះអ្នកថតហ្នឹងដែរហើយ»។

លោក សុវណ្ណា បន្ថែមថា៖ «ដូចជាក្រុមហ៊ុនថតភាពយន្តធំៗ ប៉ុន្ដែអាហ្នឹង តែគេចង់ថត គេសុំហើយ។ ឧបមាថា ទស្សនាវដ្ដីល្បីពិភពលោក ក្រុមគាត់មកថត ហើយបើយើងមិនឱ្យ ឬគេឃើញនីតិវិធីស្មុគស្មាញ គាត់ខ្ជិល លែងថតតែម្ដង! អាហ្នឹងវាប៉ះពាល់ដល់ការផ្សព្វផ្សាយទេសចរណ៍យើងហ្នឹង មានអីទៀត»។

យ៉ាងណា គួរឱ្យដឹងដែរថា ​កាលពីឆ្នាំ២០១៤ កន្លងទៅ កម្ពុជា និងក្រុមហ៊ុន Google បានសហការគ្នាផលិតរូបភាពប្រភេទប៉ាណូរ៉ាមិច ៣៦០ដឺក្រេ (360 degree Panoramic Imagery) ជាង ៩ម៉ឺនរូបភាព នៃប្រាសាទអង្គរវត្ត និងក្រុមប្រាសាទនានាជុំវិញជាង​ ១០០ប្រាសាទទៀត ដាក់ចូលក្នុងកម្មវិធី Google Street Views ។ កម្មវិធីនេះអនុញ្ញតឱ្យទស្សនាសម្រស់ប្រាសាទនានាបានតាមប្រព័ន្ធអ៊ីនធឺណែត ដោយកាលនោះស្ថាប័នទាំងឡាយដែលរួមគ្នាបង្កើតឡើង ជឿជាក់ថានឹងនាំភាពល្បីរន្ទឺនៃតំបន់អង្គរទៅកាន់ពិភពលោក និងស្រូបត្រលប់នូវភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាតំបន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ