តំណាង​សហជីព​ស្នើ​តុលាការ​ជួយរក​យុត្តិធម៌ ក្រោយ​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ពី​ការងារ​និង​ទាមទារ​សំណង​ជិត​៤ម៉ឺនដុល្លារ

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងសហជីពចំនួន ៣នាក់ ស្នើ​ទៅ​តុលាការ​ឱ្យ​ជួយ​រក​យុត្តិ​ធម៌ ដោយអះអាងថា ថៅកែក្រុម​​ហ៊ុន​​បាន​រំលោភ​​សិទ្ធិ​​កម្មករ និងព្យួរការងារពួកគេទាំងអយុត្តិធម៌ ហើយបែរជាប្ដឹងទាមទារសំណង​ជិត ៤ម៉ឺនដុល្លារ។

ការស្នើនេះធ្វើឡើងបន្ទាប់ប្រធានសហជីពស្មារតីកម្មករ លោក កឹម សុភេន និងលេខាធិការ លោក គឹម វណ្ណដេត ព្រមទាំងអនុប្រធានសហជីពសា្មរតីកម្មករ អ្នកនាង ម៉ិច ស៊ាងហៃ បានចូល​​បំភ្លឺ​នៅសា​លាដំបូងរាជ​ធានី​ភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣​ តាម​ដីកាកោះ​របស់​តុលាការ ក្រោយ​ពី​ក្រុម​ហ៊ុន​ សិន​តៃ ហ្គាមេន បានប្ដឹងពួកគេ ករណីកម្មករតវ៉ា​កាល​ពី​ដើមខែ​ធ្នូ ឆ្នាំ​២០២២។

ប្រធាន​សហជីព​ស្មារតី​កម្មករ លោក កឹម សុភេន ប្រាប់វីអូឌីថា នៅពេល​ចូលទៅបំភ្លឺនៅសាលា​ដំបូងនោះ ចៅក្រម​បាន​ព្យាយាម​សម្រប​សម្រួលវិវាទការងាររវាង​ភាគីទាំង​សងខាង​​ ប៉ុន្តែមេធាវីដើមបណ្ដឹងរបស់ក្រុមហ៊ុន មិន​ព្រម​សម្រប​សម្រួល​​បញ្ចប់​រឿង​នោះទេ។

លោក​បន្ត​ថា មេធាវីក្រុមហ៊ុនបាន​បន្តទាមទារឱ្យពួកគាត់សងសំណងខូច​ខាត បើទោះបីជាកន្លងមក ក្រុមហ៊ុននេះបាន​រំលោភសិទ្ធិការងារ និង​​ព្យួរការងារ​​ពួក​គាត់​ទាំង​អយុត្តិធម៌​ក្ដី។

លោក​ចាត់​ទុក​ការ​មិន​ព្រម​សម្របសម្រួល និងបន្តប្ដឹងទាមទារ​សំណង​ពី​ពួកគាត់នេះថា ​​ជា​ការបំបិទ​សិទ្ធិសេរីភាព​ទៅលើ​កម្មករ​ ខណៈការ​តវ៉ារបស់កម្ម​ករ​​កាលពីដើមខែធ្នូ ឆ្នាំ២០២២ ធ្វើឡើង​គោរព​ទៅតាម​ច្បាប់ស្តីពី​ការ​ងារ។

លោក​ថា៖ ​«ប៉ះពាល់ បើគ្រាន់តែយើង​​ជួយ​ការ​ងារ ដោះស្រា​យ​​ជូ​ន​បង​ប្អូន​កម្មករ យើងការពារសិទ្ធិសេរីភាព​ជូនកម្មករ​ បែរ​ជា​រង​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ ក្រុ​ម​ហ៊ុន​ប្ដឹង​ ក្រុម​ហ៊ុន​ប្ដឹ​ង​សហជីព​ រំល​ង​​ភាគី​ក្រសួង​ទៀត​»។

វីអូឌី មិន​ទាន់​អាច​​សុំ​ការ​បញ្ជាក់​បន្ថែម​ពីចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក លឹម សុគន្ធា​រ៉ា និង​​​មេធាវី​​តំណាង​​ក្រុម​​ហ៊ុន​​ សិន​​តៃ ហ្គា​មេន​ លោក តាំង ម៉េង បានទេ នៅថ្ងៃនេះ។

ប៉ុន្តែកាលពី​ថ្ងៃទី​​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ លោក តាំង ម៉េង បានប្រាប់វីអូឌីថា​ ក្រុមហ៊ុនប្ដឹង​ទៅតុលាការ ដោយ​សារ​តំណាងសហជីពទាំង៣នាក់បានកៀរគរកម្មករ​តវ៉ា ដែល​ធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិកម្មរបស់​ក្រុមហ៊ុន។

លោកថា៖ «គេមិនមែន​ចេះ​តែ​ទារ​ដូចពួកគាត់​ទេ សំខាន់​ជាង​គេ គាត់ទា​មទារទៅតាមការខូចខាតជាក់ស្ដែង អាហ្នឹងពាក់ព័ន្ធនឹងការយឺតយ៉ាវ​ទៅឱ្យអតិថិជនទេ។ យើងគិតតែទៅលើប្រាក់ឈ្នួល ថ្លៃភ្លើង ថៃ្លអគារ។ ខ្ញុំចង់បញ្ជាក់ថា កូដកម្មហ្នឹង ដោយ​សារ​និយោជក​គាត់​ទ្រាំអ​ត់​បាន ដោយសារគាត់[កម្មករ]ធ្លាប់កូដកម្មម្ដងហើយ កាលពីឆ្នាំ២០១៥។ [កម្មករ]គាត់ធ្លាប់កូដកម្មបែបហ្នឹង អត់មានជូនដំណឹង អត់មានធ្វើអីតាមនីតិវិធីច្បាប់ទេ»។

អ្នកនាំពាក្យក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់​វីអូឌី​តាម​ប្រព័ន្ធតេឡេក្រាម​ថា កន្លងមក ក្រសួង​​បាន​ព្យាយាម​ឱ្យភាគីទាំងពីរគួរតែ​សម្របសម្រួលគ្នា ដើម្បីបញ្ចប់​វិវាទ ប៉ុន្តែភាគីទាំងពីរមិនព្រម ដោយប្ដឹងទៅតុលាការទៀត។ លោកថា ករណីបានផុតដៃក្រសួងការងារហើ​យ ដូច្នេះ​មានតែទុកឱ្យចៅក្រមជាអ្នកសម្រេច​និង​ពិនិត្យ​វិនិច្ឆយប​ន្ត។

លោកថា៖ «ប្រសិនជាមានភាគីណាមួយ​បន្ទន់​ជំហរថាខ្លួនខ្វះ​ខាត​ខ្លះ​ដែរ ហើយ​សន្យាមិនបង្កឱ្យមានការខ្វះខាត​នោះ​ជាលើក​ទីពីរ ភាគីដែល​គិត​ថា​​​ខ្លួនត្រូវទាំងស្រុង ក៏គួរគិតទៅលើគោលការណ៍​ឈ្នះ ខន្តី និង​អភ័យទោស​ដល់​ភាគីម្ខាងទៀត​ ដែលបានបន្ទន់ឥរិយាបថហើយ»។

បើតាម​ប្រធាន​សហជីពស្មារតីកម្មករ លោក កឹម សុភេន ដើម​ចម​នៃកា​រ​ផ្ទុះ​ការ​តវ៉ា​កាល​ពី​ដើមខែធ្នូ​នេះ ក្រោយ​ពីថៅកែ​ក្រុម​ហ៊ុន​ សិន​តៃ បានជូនដំណឹងមកកម្មករដែលត្រូវបាន​ព្យួរការងារចំនួន៩០០នាក់ ក្នុងរយៈពេល២ខែ ដោយផ្ដល់ប្រាក់ ៣០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករម្នាក់ ខណៈក​ម្មករទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់ ៥០ភាគរយ នៃប្រាក់ឈ្នួល។

បន្ថែម​ពីនេះ កម្មករ​ក៏ទាមទារឱ្យក្រុមហ៊ុនប្ដូរវេនក​ម្មករដើម្បីធ្វើការ ប៉ុន្តែក្រុមហ៊ុនមិនព្រម ដោយ​លើក​ហេតុ​ផល​ថា ការ​ប្តូរ​នេះ​នឹង​ប៉ះពា​ល់​ដល់​ខ្សែ​ចង្វាក់​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន ដោយថា កម្មករ​ទាំង​នោះមិន​មាន​ជំនាញ​ក្នុង​ការ​ដេរ​សម្លៀកបំពាក់ដែលនៅសល់។

ប្រធានសហជីពស្មារតីកម្មករ ឱ្យដឹងថា រោងចក្រ ​សិន តៃ ជារោងចក្រផលិតសម្លៀកបំពាក់ មានទីតាំងស្ថិតភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានថៅកែជាជនជាតិចិន ហើយមានកម្មករជិត២ ០០០នាក់បម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ