អតីតសមាជិកយុវជនខ្មែរថាវរៈមួយរូប កញ្ញា អេង ម៉ាឡៃ ហៅ«សូ មេត្តា» ត្រូវបានគេស្គាល់កាន់តែច្រើន ក្រោយពេលកញ្ញាបានប្រឡូកការងារសង្គមមួយចំនួន ដូចជាទាមទារឱ្យមានយុត្តិធម៌សង្គម ចូលរួមកិច្ចការពារបរិស្ថាន ការនិយាយកែលម្អ ឬចំណុចអសកម្មរបស់រដ្ឋាភិបាលជាមួយប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមពិធីកោសក់ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កាលពីដើមឆ្នាំមុន ការចូលរួមទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាដើម។
ការងារសង្គមទាំងនេះ ក៏បានធ្វើឱ្យកញ្ញា និងសហការីផ្សេងទៀតត្រូវបានចាប់ខ្លួននិងដាក់ពន្ធនាគារម្តងរួចមកហើយកាលពីឆ្នាំ២០២០ ប៉ុន្តែពួកគេនៅតែបន្តការងារសង្គមទាំងនេះទៀត បន្ទាប់ពីចេញពីពន្ធនាគារកាលពីឆ្នាំ២០២១។
ដោយសារតែសកម្មភាពការងារសង្គមនៅតែបន្តនេះហើយ ទើបសកម្មជនសិទ្ធិមនុស្សរូបនេះ និងប្អូនស្រី២នាក់ទៀត ត្រូវបង្ខំចិត្តភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពដែលមិនមែនជាប្រទេសកំណើត ដើម្បីគេចខ្លួនពីការប៉ុនប៉ងសម្លាប់ពីសំណាក់ជនស៊ីវិល ក្រោយមានការគំរាមឱ្យពួកគេបញ្ឈប់សកម្មភាពការងារសង្គមបន្តទៀត។
កញ្ញា អេង ម៉ាឡៃ ហៅ«សូ មេត្តា» ធ្លាប់ត្រូវបាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌច្បារអំពៅ ហើយតុលាការបានឃុំខ្លួនកញ្ញាក្នុងពន្ធនាគារជាងមួយឆ្នាំ ដោយចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ពាក់ព័ន្ធនឹងគម្រោងស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យតុលាការដោះលែងប្រធានសហជីព លោក រ៉ុង ឈុន។
សកម្មជនការពារសិទ្ធិមនុស្សវ័យក្មេងរូបនេះ បានប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា ក្រោយពេលចេញពីពន្ធនាគារ គាត់នៅតែបន្តសកម្មភាពការងារសង្គមដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សជាដើម។
កញ្ញាឱ្យដឹងថា ក្នុងការបំពេញការងារស្ម័គ្រចិត្តមួយនេះ គាត់ត្រូវបានជនមិនស្គាល់មុខតែងតែមកគំរាមគំហែងប៉ុនប៉ងសម្លាប់ចំនួនបីដងនិងគំរាមដល់សមាជិកគ្រួសាររបស់គាត់ថែមទៀត។ កញ្ញាបន្ថែមទៀតថា កាលពីពេលកន្លងទៅគាត់ប្រឈមការបាត់បង់ជីវិតម្តងរួចទៅហើយ ដោយមានជនមិនស្គាល់មុខបានព្យាយាមជិះឡានបំបុកម៉ូតូកញ្ញាបណ្តាលឱ្យដួល និងរងរបួសធ្ងន់។
កញ្ញា អេង ម៉ាឡៃ ប្រាប់ថា៖«រូបភាពការគំរាមគំហែងនោះវាមានទម្រងរូបភាពមកគំរាមគំហែងផ្ទាល់និងប៉ុនប៉ងសម្លាប់ផ្ទាល់ហើយរូបភាពមួយទៀតគេហៅថារូបភាពបង្ហាញថាចងអាឃាតនៅពេលដែលខ្ញុំចុះសកម្មភាព មន្រ្តីរាជការទៅបង្ហាញកាយវិការដាក់ខ្ញុំហ្នឹង គេហៅថាចងគំនុំចងអាឃាត ហើយមួយទៀតរាល់ពេលរាល់វេលាតាំងពីចេញពីពន្ធនាគារគឺខ្ញុំមានពួកបាទដៃទី៣ហ្នឹងតាមមកដល់ផ្ទះ»។
ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម សកម្មជនសិទ្ធិមនុស្សវ័យជាង ៣០ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា អំឡុងពេលកញ្ញាចុះធ្វើសកម្មភាពឃ្លាំមើលសិទ្ធិមនុស្សនៅមុខតុលាការ និងទៅថតរូបកូដករណាហ្គាវើលដ៍ គឺតែងតែមានជនមិនស្គាល់អត្តសញ្ញាណ មកគំរាមគំហែង ដោយប្រើពាក្យថា ថានឹងសម្លាប់កញ្ញា ប្រសិនបើមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។
យ៉ាងណាក្តី កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ កញ្ញាបានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីកន្លែងសុវត្ថិភាពហើយ។ ជាមួយគ្នានេះ ប្អូនស្រីរបស់គាត់ ២នាក់ទៀត ត្រូវបានទៅរស់នៅជាមួយគាត់ នៅក្រៅប្រទេស ក្រោយពេលមានការគំរាមសម្លាប់ជាបន្តបន្ទាប់បែបនេះ។
កញ្ញាបន្តថា៖«មូលហេតុដែលខ្ញុំសម្រេចចិត្តហ្នឹង គឺការគំរាមគំហែងប៉ុនប៉ងសម្លាប់ទី១ ទី២គេតាមគំរាមគំហែងអ៊ុកឡុកបងប្អូនខ្ញុំនៅស្រុកហើយនឹងបងប្អូនខ្ញុំដែលនៅជុំជាមួយខ្ញុំនៅភ្នំពេញគឺគេតាមគំរាមគំហែងរហូត ហើយមកទល់សព្វថ្ងៃនេះនៅពេលដែលខ្ញុំនាំប្អូនមកភៀសខ្លួនមករកកន្លែងសុវត្ថិភាពនេះក៏អាជ្ញាធរនៅតែតាមថតរូបប្អូនប្រុសខ្ញុំនៅភ្នំពេញហ្នឹង នៅពេលដែលប្អូនខ្ញុំបើកម៉ូតូទៅណាមកណាអ៊ីចឹង»។
កញ្ញា អេង ម៉ាឡៃ ហៅ «សូ មេត្តា» ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅល្ងាចថ្ងៃ៨ ខែតុលា ឆ្នាំ២០២១។ កញ្ញា សូ មេត្តា គឺជាមនុស្សទី៨ហើយ ដែលត្រូវបានដោះលែងនៅក្នុងសំណុំរឿង«ញុះញង់»រាប់ចាប់តាំងពីដើមខែតុលារហូតមកដល់ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២១ ដែលតុលាការផ្ដើមដោះលែងសកម្មជនបរិស្ថាន-សង្គម និងនយោបាយ។
ស្រដៀងគ្នានេះដែរ ប្អូនស្រីកញ្ញា អេង ម៉ាឡៃ គឺកញ្ញា អេង ដាវ៉ាន បានឱ្យដឹងថា មូលហេតុដែលកញ្ញាភៀសខ្លួនទៅតាមបងស្រី ព្រោះកញ្ញាព្រួយបារម្ភពីសុវត្ថិភាពនៅពេលមានជនមិនស្គាល់មុខមកថតផ្ទះ និងតាមដានស្ទើរតែរាល់ថ្ងៃ។ កញ្ញាបង្ហាញក្តីបារម្ភថា ពួកគាត់អាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត បើគាត់បន្តរស់នៅក្នុងប្រទេសកម្ពុជា។
កញ្ញា អេង ដាវ៉ាន ថា៖«គេបានមកថតនៅមុខផ្ទះ យើងនៅណាគេតាមថត តាមដាននៅកន្លែងហ្នឹងគ្រប់កន្លែង ដល់ពេលចឹងខ្ញុំពិបាកនឹងរស់នៅ។ ពេលចឹងបានមកតាមបងស្រីរបស់ខ្ញុំ ហើយក៏នៅតែមានព្រួយបារម្ភបងប្អូននៅស្រុកដែរ»។ យុវតីវ័យ ២៤ឆ្នាំរូបនេះបាន ចាត់ទុកសកម្មភាពរឹតត្បិតការរស់នៅរបស់ពួកគេជាបន្តបន្ទាប់បែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់រូបគាត់ ដោយថាជាការរំលោភសិទ្ធិមនុស្ស និងរំលោភរដ្ឋធម្មនុញ្ញកម្ពុជាដែលបានចែង ពីសេរីភាពក្នុងការចូលរួមការងារសង្គមរបស់ប្រជាពលរដ្ឋគ្រប់រូប។
កញ្ញាបន្តថា៖«ខ្ញុំយល់ឃើញថា គឺជារឿងអយុត្តិធម៌សម្រាប់បងស្រីរបស់ខ្ញុំ ពេលដែលគេមកប៉ុនប៉ងសម្លាប់គាត់នេះគឺជាអំពើដែលព្រៃផ្សៃមួយដែលគេធ្វើការដាក់លើបងស្រីខ្ញុំ»។
រដ្ឋធម្មនុញ្ញមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
មិនខុសគ្នានេះដែរប្អូនស្រីកញ្ញា អេង ម៉ាឡៃ ម្នាក់ទៀតគឺកញ្ញា អេង ចាន់ឌី ក៏កំពុងភៀសខ្លួនទៅរស់នៅជាមួយបងស្រីផងដែរ។ កញ្ញាស្នើឱ្យអាជ្ញាធរបញ្ឈប់ការយាយីទៅលើសកម្មជនដែលចូលរួមការងារសង្គម ដោយថា ពួកគេគ្រាន់តែចង់បានការគោរពសិទ្ធិមនុស្សឱ្យបានល្អប្រសើរតែប៉ុណ្ណោះ។
កញ្ញា អេង ម៉ាន់ឌី និយាយថា៖«គ្រាន់តែបងស្រីខ្ញុំហើយនឹងខ្ញុំទាំងបីនាក់ចង់ធ្វើការងារសង្គម ធ្វើការងារដើម្បីជាតិ គេគំរាមគំហែងសម្លាប់ គេគំរាមគំហែងដល់ផ្ទះហើយវាប៉ះពាល់ធ្ងន់ធ្ងរមែនទែនសម្រាប់ពួកខ្ញុំ»។
កញ្ញាស្នើថា៖«ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលឈប់ធ្វើទុក្ខបុកម្នេញ គំរាមគំហែងដល់ក្រុមគ្រួសារខ្ញុំនិងនាងខ្ញុំផងដែរ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានជំរុញឱ្យពួកគេ ទាំង៣ នាក់ ដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកថា ក្នុងនាមក្រសួងយុត្តិធម៌មិនគាំទ្រឱ្យមាននរណាម្នាក់ប្រព្រឹត្តអំពើខុសច្បាប់ក្នុងសង្គមនោះទេ។
លោកមានប្រសាសន៍ថា៖«ប្រសិនបើគាត់ថាគាត់ពិតជារងភាពអយុត្តិធម៌ មានការគំរាមគំហែងដល់ជីវិតជាការប៉ុនប៉ងអាហ្នឹង សុំឱ្យគាត់សហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការការពារសុវត្ថិភាពរបស់គាត់។ ច្បាប់ការពារបុគ្គលគ្រប់រូបដែលរងការបំពាន ប៉ុន្តែអង្គហេតុរឿងគាត់យ៉ាងម៉េចយើងក៏មិនទាន់ដឹងដែរ និងបើគាត់យល់ថាគាត់ត្រូវបានបំពាន»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ចាត់ទុកការលើកឡើងថា មានការប៉ុនបង់ចង់សម្លាប់សកម្មជនសិទ្ធិមនុស្សនោះ គ្រាន់តែជាហេតុផល ឬគ្រាន់តែឈ្នាន់របស់ក្រុមបុគ្គលមួយចំនួនដើម្បីចង់បានឱកាសភៀសខ្លួនទៅរស់នៅក្រៅប្រទេសប៉ុណ្ណោះ។ លោកបន្តថា ក្នុងប្រទេសកម្ពុជា គឺមានសុខសន្តិភាពពេញលេញ ដោយមិនមានរូបភាពប៉ុនប៉ងសម្លាប់ឬគំរាមកំហែងបែបនេះកើតឡើងនោះទេ។
លោកបន្តថា៖«យើងគិតថាវាគ្រាន់តែជាហេតុផលមួយដើម្បីជាឈ្នាន់បានចេញទៅរស់នៅក្រៅប្រទេស។ យើងឃើញជាក់ស្តែងថា តើស្ថានភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងរាល់ថ្ងៃនេះយ៉ាងម៉េចខ្លះ? ប្រជាពលរដ្ឋគាត់រស់នៅដោយសុខសាន្ត គ្មានបញ្ហាអ្វីផ្សេងៗ និយាយរួមមានន័យថា រស់នៅក្រោមដំបូលសន្តិភាព»។
លោកបន្ថែមថា៖«អ្វីដែលគាត់គិតនេះគ្រាន់តែជាការគិតរបស់ខ្លួនគាត់ផ្ទាល់ ក៏គ្មាននរណាហាមឃាត់គាត់ដែរ ប៉ុន្តែដូចយើងឃើញជាក់ស្តែងជាហេតុផលមួយដើម្បីរកហេតុផលណាមួយដើម្បីមានឱកាសផ្ទាល់ខ្លួនឯង ឬក៏ក្រុមគ្រួសារដើម្បីបានទៅរស់នៅប្រទេសណាមួយ ប្រទេសទី៣ ឬក៏ប្រទេសណាមួយ»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា សកម្មជនការពារសិទ្ធិមនុស្ស ឬយុវជនដែលតែងតែសកម្មចេញមុខធ្វើការងារសង្គម ប៉ះពាល់ដល់ប្រយោជន៍រដ្ឋាភិបាល ពួកគេតែងតែរងការគំរាមកំហែងជាបន្តបន្ទាប់។លោកថា រាជរដ្ឋាភិបាលគួរតែត្រួតពិនិត្យឡើងវិញ និងស្វែងរកដំណោះស្រាយ ដើម្បីការពារសន្តិសុខដល់ប្រជាពលរដ្ឋគ្រប់ៗរូបឱ្យបានស្មើៗគ្នា។
លោកមានប្រសាសន៍ថា៖«ចឹងយើងចង់ឃើញរាជរដ្ឋាភិបាលមានការពិនិត្យទៅលើបញ្ហាទាំងអស់ហ្នឹងឡើងវិញដើម្បីឱ្យគេមើលឃើញថា នៅពេលដែលមានបទល្មើសកើតឡើងត្រូវតែយកចិត្តទុកដាក់ ហើយដោះស្រាយឱ្យមានប្រសិទ្ធភាព ហើយការពារមនុស្សគ្រប់រូប»។
លោក ស៊ឹង សែនករុណា លើកឡើងថា មិនមាននណាម្នាក់ចង់រត់គេចពីប្រទេសកំណើតរបស់ខ្លួន ដោយយកលេសគំរាមកំហែងនោះទេ។
លោក ស៊ឹង សែនករុណា និយាយថា៖«រដ្ឋាភិបាលគាត់ពិបាកក្នុងការអនុវត្តណាស់ ព្រោះតួនាទីហ្នឹងថ្វីត្បិតតែគាត់ជាអ្នកប្រតិ្តបត្តិមែន ប៉ុន្តែដោយសារតែអ្នករងគ្រោះហ្នឹងគេអត់មានទំនុកចិត្ត ដោយសារការប្តឹងផ្តល់កន្លងមកមានរឿងរ៉ាវកន្លងមកហ្នឹងគឺពួកគាត់អត់បានដោះស្រាយឱ្យសកម្មជនទាំងអស់ហ្នឹងបាន ទើបគេរត់ចេញគេអត់ចង់មានការប្តឹងផ្តល់រកដំណោះស្រាយអីហ្នឹង ហើយបានជាចេះតែមានការភៀសខ្លួនចេញអ៊ីចឹង»។
ត្រឡប់មកកញ្ញា អេង ម៉ាឡៃ វិញ បាននិយាយថា បើទោះបីឃ្លាតចាកឆ្ងាយពីស្រុកកំណើតពិតមែន ប៉ុន្តែកញ្ញាបានប្តេជ្ញាថា នឹងនៅតែបន្តជួយសង្គមជាតិតាមដែលអាចធ្វើទៅបាន។
កញ្ញាលើកឡើងថា៖«ទោះបីជាខ្ញុំចាកចេញស្រុកកំណើតក៏ដោយ តែខ្ញុំនៅតែរក្សាឆន្ទៈព្យាយាមជួយជាតិរបស់យើងទៅតាមលទ្ធភាព។ ខ្ញុំអត់បញ្ឈប់ទេ តែគ្រាន់ថាកាលៈទេសៈនេះ ខ្ញុំចង់ការពារគ្រួសារ ព្រោះគ្រួសារខ្ញុំ ខ្ញុំជាមេគ្រួសារខ្ញុំជាអ្នកគ្រប់គ្រងបងប្អូន ហើយប៉ាខ្ញុំគាត់ចាស់ហើយ គឺគាត់អត់អាចមើលថែរក្សាពួកខ្ញុំបានទេ»៕