មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់

ក្រុមជួយសង្គ្រោះបានសែងសាកសពជនរងគ្រោះចេញពីកន្លែងធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Pokhara ប្រទេសនេប៉ាល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ (REUTERS/Bijay Neupane)

យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន ៦៨​នាក់ បាន​ស្លាប់​បន្ទាប់​ពី​ករណី​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​មួយរបស់​ក្រុម​ហ៊ុន​អាកាស​​​ចរណ៍ Yeti Airlines បានធ្លាក់​នៅទី​ក្រុង Pokhara ក្នុង​ប្រទេស​នេប៉ាល់​ កាល​ពីថ្ងៃអា​ទិត្យ​ម្សិល​មិញ ដែល​នេះ​គឺ​ជា​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ដ៏អាក្រក់​បំផុត​មួយ​ក្នុង​រយៈពេល៣ទសវត្សរ៍​ចុង​ក្រោយ​ក្នុង​ប្រទេស​មួយ​នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

យោង​តាម​វីដេអូដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​​ទូរទស្សន៍​ក្នុង​ស្រុក បាន​បង្ហាញ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​រាប់​រយ​នាក់ បាន​និង​កំពុងតែ​ព្យាយាម​រុក​រក​តាម​តំបន់​ជម្រាល​ភ្នំ ជាកន្លែងដែលជើងហោះហើរដឹកមនុស្សចំនួន៧២នាក់ ចេញពីរដ្ឋធានី Kathmandu បានធ្លាក់ចុះ។

ទោះជាយ៉ាងណា ​មិន​ទាន់​មាន​​ការ​​បញ្ជាក់​​ពី​មូល​ហេតុច្បាស់លាស់ណាមួយ​ដែលប​ណ្ដាល​ឱ្យ​មានហេតុ​ការណ៍​​ធ្លាក់​​យន្តហោះ​​នេះនោះ​ទេ។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាល​ក៏បានបង្កើតក្រុមការងារមួយ ដើម្បីធ្វើការស៊ើបអង្កេតលើមូល​ហេតុនៃការ​ធ្លាក់​យន្ត​ហោះនេះ​ ខណៈលទ្ធផលត្រូវបានរំពឹងថា​នឹង​ចេញ​ក្នុ​ង​រយៈពេល ៤៥ថ្ងៃ។ នេះ​បើ​តាមការឱ្យ​ដឹង​ពីរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នេប៉ាល់ លោក Bishnu Prasad Paudel​ ដែល​បាន​ប្រាប់​អ្នក​យកព័ត៌​មាន។

គួរបញ្ជាក់​ថា ករណីនេះគឺ​ជា​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះដ៏សាហាវ​បំផុត​មួយ​របស់​ប្រទេស​នេប៉ាល់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក បន្ទាប់ពីមានករណីយន្តហោះ Airbus A300 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍អ​ន្តរ​ជាតិ​ប៉ាគីស្ថាន បានធ្លាក់​ចូល​ទៅ​ក្នុង​តំបន់ភ្នំមួយ​ក្នុង​អំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kathmandu ដោយពេលនោះបានសម្លាប់មនុស្សទាំងអស់ចំនួន ១៦៧នាក់ នៅលើយន្តហោះ។

គិតចាប់តាំងពីឆ្នាំ​២០០០មក ក្នុងនោះមានមនុស្សជិត ៣៥០នាក់ បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុ​ធ្លាក់​យន្តហោះ ឬឧទ្ធម្ភាគចក្រនៅក្នុងប្រទេសនេប៉ាល់ ខណៈហេតុការណ៍​ភាគ​ច្រើន​កើតឡើងដោយ​សារ​តែការ​ប្រែប្រួល​អាកាស​ធាតុ​ភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ