បក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់ញត្តិទៅរដ្ឋសភាស្នើសុំកែប្រព័ន្ធបោះឆ្នោត

​ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីលោកយកញត្តិដាក់នៅរដ្ឋសភា ស្នើកែប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតខាងមុខទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបញ្ចៀសមិនឱ្យមានវិវាទ រួមទាំងវិបត្តិនយោបាយក្រោយការបោះឆ្នោតដូចអាណត្តិមុនៗ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់ញត្តិទៅរដ្ឋសភានៅព្រឹកថ្ងៃចន្ទ​ ស្នើកែប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតខាងមុខទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបញ្ចៀសមិនឱ្យមានវិវាទ រួមទាំងវិបត្តិនយោបាយក្រោយការបោះឆ្នោតដូចអាណត្តិមុនៗ។

​ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីលោកយកញត្តិដាក់នៅរដ្ឋសភា នាព្រឹកថ្ងៃចន្ទថា ការយកញត្តិទៅដាក់នៅស្ថាប័នជាតិកំពូលមួយនេះ បន្ទាប់ពី គ.ជ.ប. បានទទួលសំណើរួមគ្នា និងជួបពិភាក្សាជាមួយតំណាង​គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពី​ខែសីហា ឆ្នាំ២០២២ ដើម្បីស្នើសុំជួបតំណាង គ.ជ.ប. កែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែត្រូវបានតំណាង គ.ជ.ប. ច្រានចោលសំណើរបស់ពួកគេ ​ដោយថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប. នោះទេ គឺពាក់ព័ន្ធនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរដែនដីទៅវិញ។

លោក យ៉េង វីរៈ មានប្រសាសន៍ថា ​ញត្តិដាក់នៅរដ្ឋសភា​នោះ ដើម្បីស្នើសុំឱ្យ​កែប្រព័ន្ធបោះឆ្នោត ជាពិសេសសមាសភាពទាំង៩រូបរបស់ គ.ជ.ប. តាមរយៈការជ្រើសរើសអ្នកឯករាជ្យ និងកែច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីឱ្យការបោះឆ្នោតទទួលបានសេរី ត្រឹមត្រូវ  យុត្តិធម៌ និងបញ្ចៀសកុំឱ្យមានវិវាទ រួមទាំងវិបត្តិនយោបាយក្រោយការបោះឆ្នោតដូចអាណត្តិមុនៗ។

លោកថ្លែងថា៖ «រដ្ឋធម្មនុញ្ញយើង មាត្រា១៥១.២ថ្មី អត់ឆ្លើយតបនឹងសភាពការជាក់ស្តែងទេ ព្រោះបញ្ញត្តិហ្នឹងចែងថា គណបក្សដែលដឹកនាំរដ្ឋាភិបាល ដាក់បេក្ខភាពបួន សមាសភាពបួន ហើយគណបក្សដែលអត់ដឹកនាំរដ្ឋាភិបាល មានអាសនៈក្នុងរដ្ឋសភា តែអត់ដឹកនាំរដ្ឋាភិបាល អាចដាក់បួននាក់ ហើយទាំងពីរហ្នឹងអាចរើសបានមួយនាក់ទៀត សម្រាប់អ្នកទីប្រាំបួន​»។

លោកបន្ថែមថា៖ «ប៉ុន្តែជាក់ស្តែងនៅក្នុងអាណត្តិកន្លងមកនេះ ជាពិសេសនីតិកាលទី៦នេះ គឺមានតែមួយគណបក្សទេ  ១២៥អាសនៈ មានគណបក្សតែមួយ។ អ៊ីចឹងវាក្យខណ្ឌដែលនិយាយថា គណបក្សដែលមានអាសនៈនៅសភា ប៉ុន្តែមិនដឹកនាំរដ្ឋាភិបាល ដាក់បេក្ខភាពបួននាក់បាន និងរួមគ្នារើសអ្នកទីប្រាំបួន អត់មានអនុវត្តទេ! ហ្នឹងហើយដែលរដ្ឋសភា ក្រុមអ្នកតំណាងរាស្ត្រ ត្រូវពិនិត្យទៅលើបញ្ញត្តិហ្នឹង ដើម្បីកុំឱ្យវាស្ទះ ព្រោះថា សមាសភាព គ.ជ.ប. សំខាន់ ព្រោះគាត់ជាអ្នករៀបចំគ្រប់គ្រងការបោះឆ្នោត។ ហើយបញ្ញតិ្តក្នុ្ងងរដ្ឋធម្មនុញ្ញ ក៏កំណត់ដែរថា គ.ជ.ប​. ត្រូវធានាឱ្យការបោះឆ្នោតសេរី និងយុត្តិធម៌ ជាស្ថាប័នមួយឯករាជ្យអព្យាក្រឹត»។

លោកបន្ថែមថា ក្រោយពីដាក់ញត្តិរួច មន្ត្រីរដ្ឋសភាបានទទួលយក ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទផ្ដល់ព័ត៌មានជាក់លាក់ជុំវិញសំណើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃណាឱ្យជាក់លាក់នៅឡើយទេ ខណៈបក្សនេះសង្ឃឹមថា ស្ថាប័នកំពូលនេះនឹងធ្វើតាមការស្នើសុំរបស់ខ្លួន ដើម្បីធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មានសុក្រឹតភាព ដូចសម័យអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣​ ផងដែរ ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គណបក្សនយោបាយមានសិទ្ធិដាក់សំណើសុំកែច្បាប់នៅរដ្ឋសភាបាន តែរាល់ការសម្រេចយ៉ាងណោនោះអាស្រ័យលើថ្នាក់ដឹកនាំ។ ប៉ុន្តែលោកថា សំណើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំមករដ្ឋសភាកែសមាសភាព៩រូប និងកែច្បាប់ បទបញ្ជា រួមទាំងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទំនងជាមិនអាចទៅរួចនោះទេ ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ហើយ។

លោកមានប្រសាសន៍ថា៖ «មាននីតិវិធីច្រើនណាស់ដែលត្រូវធ្វើ ដំបូងឡើយ មានសេចក្តីព្រាងច្បាប់ មានសេចក្តីស្នើច្បាប់ ហើយទាល់តែព្រះករុណាគាត់ពិគ្រោះជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ឧទារហណ៍មានគណបក្សគ្រប់នៅក្នុងរដ្ឋសភាគាត់ចូលរួមក្នុងការសម្រេចផង ប៉ុន្តែគាត់ដាក់មកចេះតែដាក់មក ព្រោះជាមតិរបស់គាត់ ជាសំណើរបស់គាត់ ចេះតែដាក់មក ប៉ុន្តែតាមលទ្ធភាព តាមនីតិវិធីមានការពិបាកខ្លាំងណាស់​ ហើយក្នុងពេលបច្ចុប្បន្ននេះ គឺថាយើងមិនទាន់អាចធ្វើអ៊ីចឹងទៅបានទេ ហើយយើងពិបាកកែរដ្ឋធម្មនុញ្ញ គឺថាមិនងាយទេ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់មិនមានអ្វីពិបាកសម្រាប់រដ្ឋសភានោះទេ ពីព្រោះតាមច្បាប់ តំណាងរាស្ត្រមានសិទ្ធិធ្វើវិសោធនកម្មច្បាប់បាន បើពួកគេមើលឃើញថា ច្បាប់ដែលបង្កើតផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបន្តថា បើរដ្ឋសភាមិនធ្វើតាមសំណើរបស់គណបក្សនយោបាយដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ នឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់តំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតឱ្យ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យសំណើនេះ រដ្ឋសភាពិចារណា ដើម្បីធ្វើយ៉ាងណាឱ្យធ្វើការកែសម្រួល ឬក៏ធ្វើ​វិសោធនកម្មទៅលើសំណើរបស់គណៈបក្សនយោបាយដែលគាត់បានស្នើឡើង គាត់ត្រូវតែដាក់នៅរដ្ឋសភា​ ប៉ុន្តែគាត់នឹងមិនសប្បាយចិត្តម្នាក់ឯង ហើយវានឹងប៉ះពាល់ដល់តំណាងរាស្ត្រដែរ ដែលការងារតំណាងរាស្ត្រ គេស្នើឱ្យគាត់ការក្រោយៗទៀត ហើយគាត់អត់ព្រមធ្វើ»។

បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំមុន បាន​កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ