បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញបទល្មើសកាប់ឈើជិត១០០ករណី

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បាន​រក​ឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួនជិត១០០ករណីបន្ថែមទៀត ខណៈពួកគេថាបទល្មើសទាំងនេះបន្តកើតឡើងដោយសារការអនុវត្តច្បាប់នៅធូររលុង និងភាពអសកម្មរបស់មន្ត្រី។

បើតាម​​របាយការណ៍​បណ្ដាញសហគមន៍ព្រៃឡង់ដែលចេញផ្សាយនៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០២៣​ បានរកឃើញ​បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សមួយនេះនៅភូមិសាស្រ្តឃុំធ្មា និងឃុំរៀបរយ ​ស្រុកជ័យសែន ដែលមានចំនួន ៧៣​ករណី ដោយក្នុងនោះ​រកឃើញគល់ឈើដែលក្រុមជនល្មើសលួច​កាត់ចំនួន ៥៥ករណី។ គល់ឈើទាំងនោះមានមុខកាត់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ និងរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប ព្រមទាំង​ឈើក្ដារមួយចំនួនទៀតដែលជាប្រភេទឈើ គគីរ ត្រាច តៀក ផ្ចឹក ឈើទាល និង​ឈ្លីក ជាដើម​។ ​

ប្រភពដដែលបន្តថា ក្រុមជនល្មើសដែលលួចចូលទៅអារ និងដឹកឈើ ចំនួន៨នាក់ ដោយ​ដោយ​ប្រើ​គោយន្តដឹកឈើចំនួន២គ្រឿង រកឃើញប្រេងម៉ាស៊ូត និងសាំងចំនួន៣កាដុងធំ ហើយពួកគេក៏បានរកឃើញសម្ភារដែលបម្រើដល់ការកាប់ឈើជាច្រើនទៀត។

​ប្រធាន​បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី បានឱ្យដឹងថា ​ក្រោយពីបានចុះល្បាតរួចមក​ បណ្ដាញសហគមន៍ព្រៃឡង់បានជូនដំណឹង​ទៅកាន់មន្រ្តីបរិស្ថាន​នៅទីតាំងដែលបានរកឃើញបទល្មើស​ទាំងនោះ​។

លោកបន្ថែមថា​ មូលហេតុដែលបទល្មើស​នៅតែកើតមាននេះ ដោយសារតែមន្រ្តីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធមិនសកម្ម​ និងមិនបាន​​អនុវត្តច្បាប់​តឹងរ៉ឹង​ទៅលើជនល្មើស​។

លោកបន្តថា៖ «វាមិនស្ងៀមស្ងាត់ទេ ការកាប់បំផ្លាញព្រៃឈើ​នៅតែកើតមានហ្នឹងឯង​ ហើយមន្រ្តីគាត់ដើរជាមួយអាជ្ញាធរពី​ប៉ុន្មានថ្ងៃមុន ក្បែរៗភូមិហ្នឹងឯង​ ហើយដើរម៉េចនឹងឃើញ?​ គាត់ដើរបង្គ្រប់តែកិច្ច​ទេ​ មិនមែនទៅរកបទល្មើសទេ​ ថាគាត់បានដើរល្បាតហើយ​»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានបដិសេធជុំវិញការរកឃើញបទល្មើសពីសំណាក់បណ្ដាញសហគមន៍ព្រៃឡង់នេះ។ លោកបន្តថា ការរកឃើញនេះជារឿងមិនពិត ដោយសារតែការចុះល្បាតរបស់សហគមន៍​​​មិនបានសហការជាមួយ​មន្រ្តី​បរិស្ថាននៅតំបន់នោះទេ​។

លោកបន្តថា៖ «​គាត់ចុះទៅជាមួយពួកណា?​ អត់មានពួកខ្ញុំចុះជាមួយណាអី?​ ខ្ញុំអត់បានទទួលទេបង!​ ឆ្លើយតប​ម៉េច? ពួកខ្ញុំចុះធ្វើការរាល់ថ្ងៃ​ ពេលគាត់ចុះលើកក្រោយ ឱ្យគាត់ចុះសហការជាមួយខ្ញុំទៅ​។ ពួកខ្ញុំទទួលធ្វើការជាមួយ​ ឱ្យគាត់ចុះបញ្ជីត្រឹមត្រូវទៅ។​ បើគាត់អត់ធ្វើការជាមួយខ្ញុំផង ឱ្យខ្ញុំទទួល​ជាផ្លូវការម៉េច​»។

ប្រធានមន្ទីរបរិស្ថានរូបនេះ ​អះអាង​ថា​ មិនមានអំពើពុករលួយ​រវាង​ជនល្មើស​ និង​មន្រ្តី​បរិស្ថាននៅទីនោះទេ​។

លោកថា៖ ​«ពុករលួយនរណាមួយ? ពុករលួយ? ​បងឯងរកឈ្មោះឱ្យមក!​ ហើយពួកគាត់ដឹងអត់? ​ឱ្យឈ្មោះ​មក! ពួកយើងធ្វើការមានក្រមសីលធម៌តើ!​»

យ៉ាងនេះក្តី មន្ត្រីសម្របសម្រួល​គម្រោង​នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) លោក អូត ឡាទីន បានលើកឡើងថា ​ឆ្លងកាត់តាមការចូលរួមចុះល្បាតជាមួយ​បណ្ដាញសហគមន៍ព្រៃឡង់​កន្លងមក​ បទល្មើស​កើតឡើងបណ្ដាលមកពី​ភាព​អសកម្មរបស់មន្រ្តី​ និងអំពើពុករលួយ​របស់​​អាជ្ញាធរពាក់ព័ន្ធ​។

លោកបន្តថា៖ ​«បញ្ហាដែលកើតឱ្យមាន​បទល្មើសជាដដែលៗ អត់មានការបញ្ឈប់នេះ ​គឺភាពកម្សោយរបស់មន្រ្តី​នៅក្នុងការធ្វើកិច្ចការងារ ​ដោយសារ​គាត់មិនយកតួនាទីដើម្បីធ្វើកិច្ចការងារ​ដើម្បីផលប្រយោជន៍​ជាតិនោះទេ​ ជាពិសេស​គាត់មិនយកតួនាទីដើម្បីការពារព្រៃឈើនោះទេ​»។

លោក អូត ឡាទីន បន្ថែមថា​៖ «បើសិនជាគាត់យកតួនាទីទៅការពារព្រៃឈើ​ បញ្ហានៅក្នុងតំបន់ព្រៃឡង់​ ឬនៅតំបន់ការពារព្រៃឈើ វាលែងមានទៀតហើយ ដោយសារ​ពីព្រោះតែ​ព្រោះគាត់នៅប្រចាំការនៅទីនោះតែម្ដង​ ហើយពួកគាត់នៅតាមច្រកចេញឈើសំខាន់ៗ​»។

បើតាម​របាយការណ៍របស់សាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក កាលពីឆ្នាំ២០២២​ រកឃើញថា ទំហំគម្របព្រៃឈើប្រមាណ ១៤ម៉ឺនហិកតា នៅក្នុងតំបន់ព្រៃការពារចំនួនបី រួមមាន តំបន់ព្រៃឡង់ ព្រៃព្រះរការ និងព្រៃសហគមន៍សង្ឃរក្ខាវ័ន​ ត្រូវបានបាត់បង់។ ការបាត់បង់នោះ ដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនអភិវឌ្ឍន៍នៅជុំវិញតំបន់ព្រៃការពារទាំងនោះនៅក្នុងឆ្នាំ​២០២១​ ហើយ​ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះ រួមមាន ក្រុមហ៊ុន Think Biotech ក្រុមហ៊ុនវៀតណាម PNT និងក្រុមហ៊ុន Thy Nga៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ