សង្កាត់១០នៅភ្នំពេញ និងឃុំ៣នៅខេត្តកណ្ដាល បានប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត

ស្ថានភាពទឹកជំនន់តាមបណ្ដោយស្ទឹងព្រែកត្នោត នៅទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់វីអូឌីនៅថ្ងៃចន្ទ​ថា ប្រជាពលរដ្ឋនៅសង្កាត់ចំនួន១០ នៅខណ្ឌដង្កោ បានរងផលប៉ះពាល់ដោយជំនន់ទឹកព្រែកត្នោត ក្នុងសង្កាត់ចំនួន២បានរងផលប៉ះពាល់ខ្លាំងជាងគេ គឺសង្កាត់សាក់សំពៅ និងសង្កាត់គងនយ។

អ្នកនាំពាក្យរូបនេះបន្តថា ក្រោយរងការជន់លិចនេះ អាជ្ញាធរពាក់ព័ន្ធចុះជួយអន្តរាគមន៍ដោយជួយទប់ទឹកកន្លែងខ្លះ និងជួយនាំពលរដ្ឋទៅកន្លែងទីទួលសុវត្ថិភាពដើម្បីសា្នក់នៅបណ្ដោះអាសន្ន រួមទាំងជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ យ៉ាងណា លោកមិនទាន់ដឹងច្បាស់លាស់អំពីចំនួនសរុបរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះទេ។

លោកបន្ថែមថា៖ «កិច្ចអន្តរាគមន៍យើងបានជួយទប់ទឹក និងមានមើលការខុសត្រូវចំពោះបងប្អូនប្រជាពលរដ្ឋកន្លែងដែលគាត់លិចខ្លាំង។ យើងរកកន្លែងទួលឱ្យពួកគាត់មកស្នាក់នៅបណ្តោះអាសន្ន។ អ្នកដែលមិនសូវលិចខ្លាំង យើងប្រាប់ឱ្យពួកគាត់មានប្រុងប្រយ័ត្នខ្ពស់ ហើយយើងដាក់កម្លាំងប្រចាំ២៤ម៉ោងចាប់តាំងពីមានវត្តមានទឹកចូល ដើម្បីត្រៀមជួយអន្តរាគមន៍ក្នុងករណីមានអ្វីកើតឡើង»

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៥ ខែមករា​ បានឱ្យដឹងថា កម្លាំងនគរបាលជាតិ​ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងនោះមាន២៩ភូមិ ដែលមាន ៩៥៣ខ្នងផ្ទះ និង ១ ០២៦គ្រួសារ ស្មើមនុស្ស ៤ ០៣៥នាក់។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិដដែល សង្កាត់ដែលប៉ះពាល់នោះមាន សង្កាត់សាក់សំពៅ, សង្កាត់ស្ពានថ្ម, សង្កាត់ក្រាំងពង្រ, សង្កាត់គងនយ, សង្កាត់ទៀន, សង្កាត់ព្រែកកំពឹស, សង្កាត់ជើងឯក, សង្កាត់ព្រៃស, សង្កាត់ដង្កោ, និងសង្កាត់ព្រៃវែង។

ចៅសង្កាត់គងនយ លោក អ៊ុន សុរុំ បានឱ្យដឹងថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានជាន់លិចភូមិចំនួន៤ នៃសង្កាត់នេះ ហើយប្រជាពលរដ្ឋជាង ៣០គ្រួសារ ត្រូវបានសង្គ្រោះពីអាជ្ញាធរ និងជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។

អភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ូច សាវឿន ប្រាប់វីអូឌីថា គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតនេះ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៣ នៃស្រុកកណ្ដាលស្ទឹង ក្នុងនោះមានឃុំកណ្ដោក, ឃុំដើមឫស និងឃុំជើងកើប។ លោកថា អាជ្ញាធរបានដាក់កម្លាំងនៅតាមតំបន់រងគ្រោះ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ យ៉ាងណា លោកមិនចាំពីចំនួនពលរដ្ឋរងគ្រោះជាក់លាក់នោះទេ។

លោកបន្ថែមថា៖ «ក្រោយពីមានណែនាំពីឯកឧត្តមអភិបាលខេត្ត យើងបាននាំយកស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះ។ ហើយពាក់ព័ន្ធសុខភាពវិញ យើងក៏បានរៀបចំជាតង់ឱ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្នផងដែរ»

អ្នកស្រី សែម មាស នៅភូមអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ដែលជម្លៀសចេញនៅទីទួលសុវត្ថិភាព ប្រាប់វីអូឌីថាពលរដ្ឋប្រមាណ ៤៦០គ្រួសារ នៅភូមិអំពៅព្រៃ បានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះមានផ្ទះចំនួន៥ខ្នងរបស់ពលរដ្ឋត្រូវបានកួចហូរទៅតាមទឹកស្ទឹង ខណៈពលរដ្ឋប្រមាណ ២០គ្រួសារនៅភូមិនេះ បានជម្លៀសចេញទៅនៅទីទួលសុវត្ថិភាព។

ពលរដ្ឋរូបនេះឱ្យដឹងថា ទឹកស្ទឹងបានធ្លាក់មកខ្លាំងរយៈពេល៣ថ្ងៃហើយ ដោយរហូតមកដល់ពេលនេះ មិនទាន់ស្រកវិញនៅឡើយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពកូនចៅ និងពិបាកក្នុងការរស់នៅ ខណៈពួកគាត់ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ។

អ្នកស្រីបន្ថែមថា៖ «ទឹកហូរបាក់ផ្ទះទៅទាំងអស់ទ្រព្យសម្បត្តិនេះ[ជាកម្មសិទ្ធិ]ក្មួយរបស់ខ្ញុំ។ គ្មានសល់អ្វីទេ។ គ្នាកូនខ្ចីទៀត ចេះឆ្លងផុតទាន់ កុំអីទៅទាំងម៉ែទាំងកូន មិនដឹងយ៉ាងម៉េចទេ។ ទូកចងនៅក្រោមផ្ទះក៏លិចហូរទៅតាមទឹកដែរ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉ន ណាវី និយាយថា គ្រួសារអ្នកស្រី និងពលរដ្ឋដែលរងគ្រោះផ្សេងទៀតកំពុងពិបាកក្នុងការរស់នៅ ការធ្វើដំណើរ និងបារម្ភពីសុវត្ថិភាពកូនៗ ខណៈគ្រួសារអ្នកស្រីមិនទាន់បានជម្លៀសចេញនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ អត់សូវបានដេកទេ ភ័យខ្លាចផ្ទះរលំហូរទៅតាមទឹក។ យប់មិញដាច់ខ្សែពីរបី យើងចាប់ទាញទាន់។ ពាក់ជាមួយដើមឈើ បានដើមឈើជួយទប់ កុំអីខ្ញុំ៣នាក់ម៉ែកូនហូរទៅតាមទឹកហើយ។ អ៊ីចឹងហើយបានជាខ្ញុំប្រុងប្រយ័ត្នខ្ពស់ ដេកមិនសូវលក់ទេយប់ឡើង»

ប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក លោក ម៉ៅ ហាក់ មានប្រសាសន៍ថា នៅថ្ងៃចន្ទ​ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានស្រកចុះជាងកន្លះម៉ែត្រវិញហើយ។ លោកថា ចាប់ពីថ្ងៃទី១៧ ខែមករា ទៅទឹកស្ទឹងព្រែកត្នោត នឹងស្រកចុះជាបន្តបន្ទាប់ទៀត។

កាលពីឆ្នាំ២០២១ ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញ​សេចក្ដីថ្លែងការណ៍មួយជំរុញ​​ទៅ​រដ្ឋាភិបាលឱ្យ​បង្ហាញ​វិធាន​ការ​ជាក់លាក់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ពី​ស្ទឹងព្រែកត្នោត។ គណបក្សនេះបន្តថា ដើម្បីដោះ​​ស្រាយ​​​បញ្ហា​ទឹកជំនន់នៅស្ទឹងព្រែកត្នោតបាន​ រដ្ឋាភិបាល​ចាំបាច់ត្រូវធ្វើទំនប់ ប្រឡាយរំដោះទឹក និង​អាងស្តុកទឹកផ្នែកខាងលើ ត្រូវធ្វើផ្លូវរំដោះទឹកនៅផ្នែកខាងក្រោម ជាពិសេស​នៅខណ្ឌដង្កោ និងស្រុកកណ្ដាល​​ស្ទឹង ខេត្តកណ្ដាល រួមទាំងផ្អាកការលុបបឹង ជាពិសេសនៅក្នុងខណ្ឌដង្កោ ជាដើម ដើម្បីអាចមានសមត្ថ​ភាព​ទប់ទឹកជំនន់ក្នុងរដូវវស្សាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ