កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ

អ្នកស្រី Paetongtarn Shinawatra អាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងនៅពេលនាងចូលរួមសន្និសីទសារព័ត៌មានរបស់គណបក្សភឿថៃ នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Athit Perawongmetha)

កូនស្រីរបស់អតីត​នាយករដ្ឋមន្ត្រី​ថៃដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បី​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ខណៈ​បក្ស​ប្រឆាំងដ៏​សំខាន់​មួយ​នេះព្យាយាម​ឡើង​មក​កាន់​កាប់​អំណាចឡើង​វិញ បន្ទាប់ពីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពី៨​ឆ្នាំមុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានស្គាល់ថាជាកូនស្រីរបស់លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្មួយស្រីរបស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងឈរឈ្មោះក្រោមគណបក្សភឿថៃ​ (Pheu Thai) ជាគណបក្សចុងក្រោយមួយដែលបង្កើតឡើងដោយគ្រួសារមហាសេដ្ឋីរបស់ខ្លួន​ អស់​រយៈពេលពីរទសវត្សរ៍កន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យ នៅភាគឦសានប្រទេសថៃ ទាក់ទិននឹងការត្រៀមខ្លួន​ឈរ​ឈ្មោះជា​នា​យក​រដ្ឋមន្ត្រីក្នុង​ការបោះឆ្នោតនៅពេលខាងមុខនេះ កូនស្រីអតីត​នាយករដ្ឋមន្ត្រី​ថៃរូបនេះបានលើកឡើងថា៖ «ចាស៎!​ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ»។

អ្នកស្រី​បន្ត​ថា​៖ «​យើង​ចង់​ឱ្យ​គណបក្សរបស់យើង​ឈ្នះ​ការបោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ដើម្បីឱ្យយើងអាច​សម្រេច​បាននូវរាល់ការ​សន្យាទាំងឡាយ​ដែល​យើង​បាន​ធ្វើ​ចំពោះ​ប្រជាពលរដ្ឋ​»។

គួរបញ្ជាក់ថា អ្នកស្រី Paetongtarn Shinawatra វ័យ៣៦ឆ្នាំរូបនេះ ក៏បានចូលរួមការប្រមូលផ្តុំគណបក្ស​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ ហើយបាននាំមុខក្នុងការស្ទង់មតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ សម្រាប់បេក្ខភាព​នាយករដ្ឋមន្ត្រីកំពូលលើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា

លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែធ្នូ ឆ្នាំមុន ធ្លាប់បានប្រកាសថា រូបលោកនឹង​បន្ត​ឈរ​ឈ្មោះស​ម្រាប់​អាណត្តិ​ក្រោយ​​មួ​យ​​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​នេះ ក្រោមគណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបតែបង្កើតឡើងថ្មី។

ទោះជាយ៉ាងណា ប្រជាប្រិយភាពរបស់លោកក្នុងពេលបច្ចុប្បន្នហាក់ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈកាលពីឆ្នាំ២០២១ កន្លងទៅ រូបលោកក៏ធ្លាប់ត្រូវបានបាតុករទាមទារឱ្យចុះចេញពីតំណែង ជុំវិញការដោះស្រាយករណីវីរុសកូវីដ-១៩ មិនបានល្អផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ