សហគមន៍មួយចំនួនឱ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ កំពុងដំណើរការដោយខ្វះធាតុចូលជាសាធារណៈ ខណៈសេចក្តីព្រាងច្បាប់នេះនិយាយអំពីអាជ្ញាបណ្ណបរបាញ់ និងដកចេញនូវពាក្យ «ជនជាតិភាគតិច»។
ច្បាប់ស្តីពី «តំបន់ការពារធនធានធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើរបស់ប្រទេសកម្ពុជា» ត្រូវបានធ្វើវិសោធនកម្មដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមអ្នកអភិរក្ស និងក្រុមជនជាតិដើមភាគតិច។ សេចក្តីព្រាងច្បាប់ដែលសហគមន៍ និងអ្នករាយការណ៍ព័ត៌មានទទួលបាន គឺផ្តោតលើការគ្រប់គ្រង ជាជាងការការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
យោងតាមសេចក្តីព្រាងច្បាប់នេះ ច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ កំពុងត្រូវបានពង្រីកបន្ថែមបន្តិចពី ១១ជំពូកទៅ១៣ជំពូក។ មាត្រាថ្មីមួយបំពេញបន្ថែមលើរបៀបវារៈវិមជ្ឈការរបស់រដ្ឋាភិបាល ដោយចែងថា រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទីការពារជីវចម្រុះ រួមទាំងការស្ដារឡើងវិញនូវព្រៃឈើរេចរឹល។
ទោះយ៉ាងណា សេចក្តីព្រាងច្បាប់នេះដកចេញនូវពាក្យ «សហគមន៍ជនជាតិដើមភាគតិច និងជនជាតិភាគតិច» នៅក្នុងមាត្រាដែលនិយាយអំពីការចូលរួមជាសាធារណៈក្នុងការអភិរក្សតំបន់ការពារ។
លោក ផៃ ជឹម តំណាងជនជាតិដើមភាគតិចជង មកពីខេត្តកោះកុង បានថ្លែងថា ការដកពាក្យ «ជនជាតិដើមភាគតិច» ចេញពីសេចក្តីព្រាងច្បាប់នេះកំពុងបង្កជាក្តីបារម្ភចំពោះជនជាតិដើមភាគតិច។
តំណាងជនជាតិដើមភាគតិចរូបនេះ បាននិយាយថា៖ «យើងខ្លាចថា នៅពេលអនាគត ពាក្យ “ជនជាតិដើមភាគតិច” នឹងលែងមាន ព្រមទាំងឈ្មោះ និងសិទ្ធិរបស់ក្រុមជនជាតិដើមភាគតិច។ ពួកគេបានប្រើពាក្យ “សហគមន៍មូលដ្ឋាន” ជំនួសវិញ ដែលមានភាពខុសគ្នាទាំងស្រុង»។
ក្រុមជនជាតិដើមភាគតិចចំនួន១៦ នៅទូទាំងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យបាត់បង់អត្តសញ្ញាណរបស់ពួកគាត់ ហើយពួកគាត់ស្នើឱ្យផ្លាស់ប្តូរសេចក្តីព្រាងច្បាប់នេះ ដើម្បីទទួលស្គាល់ក្រុមជនជាតិភាគតិច។
តំណាងជនជាតិដើមភាគតិចចារ៉ាយម្នាក់មកពីខេត្តរតនគិរី អ្នកស្រី ឃ្លាំង សារ៉ាត់ បានបង្ហាញក្តីបារម្ភថា ពាក្យពេចន៍ថ្មីក្នុងសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យគ្រួសារជនជាតិដើមភាគតិចពិបាកបន្តធ្វើកសិកម្មវិលជុំ។ លោកស្រី ឃ្លាំង សារ៉ាត់ បាននិយាយថា ករណីនេះគឺសម្រាប់តែក្រុមជនជាតិដើមភាគតិចមួយចំនួនប៉ុណ្ណោះ ហើយតម្រូវឱ្យមានការការពារជាក់លាក់។
លោក ហ៊ាន ប៊ុនហៀង អ្នកស្រាវជ្រាវអំពីបញ្ហាជនជាតិដើមភាគតិច មានប្រសាសន៍ថា សហគមន៍មួយចំនួនបានអំពាវនាវយ៉ាងហោចណាស់ចំនួន៤លើក ទៅក្រសួងបរិស្ថានអំពីសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិនេះ ដោយលោកថា នៅមិនទាន់មានដំណើរការពិគ្រោះយោបល់គ្រប់គ្រាន់នៅឡើយទេ។
ទន្ទឹមនឹងនេះ ច្បាប់ស្តីពីព្រៃឈើ មានបទប្បញ្ញត្តិស្តីពីការធ្វើកសិកម្មវិលជុំរបស់ជនជាតិដើមភាគតិច ប៉ុន្តែវាត្រូវបានកំណត់ចំពោះដីសមូហភាពដែលបានចុះបញ្ជីស្របច្បាប់។ លោក ហ៊ាន ប៊ុនហៀង បន្តថា ដំណើរការដ៏ស្មុគស្មាញក្នុងការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនេះ បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ហើយសហគមន៍ភាគច្រើនមិនមានបណ្ណកម្មសិទ្ធិ។
ទិន្នន័យចុងក្រោយដែលបានចែកចាយដោយអង្គការជនជាតិដើមភាគតិចកម្ពុជា (Cambodia Indigenous People’s Organization) ក្នុងឆ្នាំ២០២២ បានបង្ហាញថា មានសហគមន៍តែ៣៧ ក្នុងចំណោម ៥០០សហគមន៍ នៅទូទាំងប្រទេស ដែលទទួលបានបណ្ណកម្មសិទ្ធិ។ ប្រភពដដែលបន្តថា កន្លងមក គិតត្រឹមឆ្នាំ២០១៩ វេទិកាអង្គការមិនមែនរដ្ឋាភិបាល បានប៉ាន់ប្រមាណថា សហគមន៍ចំនួន២៤ ក្នុងចំណោមសហគមន៍ដែលត្រូវបានប៉ាន់ប្រមាណចំនួន៤៥៥ បានទទួលបណ្ណកម្មសិទ្ធិដីធ្លី។
ចំណែកច្បាប់ស្តីពីព្រៃឈើ កំពុងត្រូវបានពង្រីកពី ១០៩មាត្រា ដែលមាន១៨ជំពូក ទៅ ១៤៣មាត្រា ដែលមាន២៥ជំពូក។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ដែលអ្នករាយការណ៍ព័ត៌មានទទួលបាន។ ជំពូកថ្មីជាច្រើនផ្តោតលើពាណិជ្ជកម្ម ការវិនិយោគ និងការកែច្នៃឈើ។
គួរកត់សម្គាល់ថា ជំពូកមួយស្តីពី «ការអភិរក្សសត្វព្រៃ» កំពុងត្រូវបានកែទៅជា «ការគ្រប់គ្រងសត្វព្រៃ» ខណៈជំពូកថ្មីនិយាយអំពី «ការគ្រប់គ្រងអាវុធ»។
ផ្នែកដែលនិយាយអំពីការគ្រប់គ្រងអាវុធ ដាក់ចេញនូវការណែនាំអំពីអាជ្ញាបណ្ណបរបាញ់សម្រាប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ចែងថា អាជ្ញាបណ្ណបរបាញ់នឹងបញ្ជាក់អំពីបុគ្គល ទីតាំង ពេលវេលា និងប្រភេទសត្វ ហើយអ្នកផ្តល់អាជ្ញាបណ្ណត្រូវសហការជាមួយអង្គភាពជំនាញនៃរដ្ឋបាលព្រៃឈើក្នុងតំបន់។
សេចក្តីព្រាងច្បាប់នេះ បន្ថែមថា មន្ត្រីរដ្ឋបាលព្រៃឈើ នឹងរាប់ចំនួនសត្វដែលត្រូវបានបរបាញ់ និងប្រមូលថ្លៃសេវាបរបាញ់ដើម្បី «បរិច្ចាគចូលថវិកាជាតិ»។
នាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) លោក និក ម៉ាកស្ស (Nick Marx) បានថ្លែងថា ការកំណត់ការបរបាញ់ «បែបកម្សាន្ត» ដែលមានអាជ្ញាបណ្ណថាជាអំពើស្របច្បាប់ «មិនមែនជាទស្សនៈសមហេតុផលអំពីការអភិរក្សឡើយ» ដោយលោកកត់សម្គាល់ថា សត្វព្រៃធំៗនៅក្នុងប្រទេសបានផុតពូជ ឬស្ថិតក្រោមការគំរាមកំហែង ដែលក្នុងនោះរួមមាន សត្វខ្លាដំបងពូជឥណ្ឌូចិន (Indochinese tiger), គោព្រៃ (Kouprey), ខ្ទីង (Forest ox) និងសត្វរមាសជ្វា (Javan rhinoceros) ជាប្រភេទសត្វកំពុងផុតពូជ ខណៈសត្វដំរី, ទន្សោង (Banteng), គោសាទិស (wild cattle), ខ្លារខិនឥណ្ឌូចិន (Indochinese leopards) និងសត្វរមាំង (Eld’s deer) ជាប្រភេទសត្វកំពុងរងគ្រោះ ហើយសត្វក្របីព្រៃ (Wild water buffalo), គោព្រៃ (gaur), គោព្រៃ (larger bison) និងប្រើសស្បូវ (sambar deer) ជាប្រភេទសត្វងាយរងគ្រោះ។
លោក Marx បន្តថា សត្វព្រៃតូចៗ ដូចជា អម្បូរស្វា (primates) និងខ្លាត្រី (fishing cats) កំពុង «ធ្លាក់ចុះយ៉ាងខ្លាំង» ផងដែរ។
លោកថា៖ «ដោយគិតពីចំណុចទាំងអស់នេះ ជាការចាំបាច់ក្នុងការហាមឃាត់ការបរបាញ់គ្រប់ទម្រង់ ចាប់ពីរយៈពេលខ្លីដល់រយៈពេលមធ្យម ដើម្បីអភិរក្សសត្វព្រៃដែលនៅសេសសល់របស់កម្ពុជា។ ការបរបាញ់ដែលមានអាជ្ញាបណ្ណ គឺជាមធ្យោបាយរកលុយពីសត្វព្រៃដែលមិនមាននិរន្តរភាពឡើយ។ វានឹងពិបាកក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព ហើយនឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលមានជីវភាពខ្សត់ខ្សោយ»។
លោកបន្តថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលរួមចំណែកដល់ការអភិរក្ស នឹងជាមធ្យោបាយប្រសើរក្នុងការបង្កើនចំណូលរដ្ឋ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា និងលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនបានឆ្លើយតបនឹងសំណួរទេ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Fears Grow as Draft Laws Leave Out ‘Indigenous,’ Allow Hunting