អតីតស្នងការនគរបាលខេត្តកណ្ដាលដែលធ្លាប់ទទួលវិន័យពីក្រសួងមហាផ្ទៃ ក្រោមបណ្ដឹងពុករលួយ ដែលប្ដឹងដោយមន្រ្តីក្រោមឱវាទខ្លួន ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានដាក់វិន័យលើលោក អ៊ាវ ចំរើន ដែលកាលនោះជាស្នងការនគរបាលខេត្តកណ្ដាល ក្រោយពេលក្រសួងស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងអនាមិករបស់មន្រ្តីនគរបាលខេត្តកណ្ដាល។ ក្រសួងបានតម្រូវឱ្យលោក អ៊ាវ ចំរើន ត្រូវកែប្រែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្រោមហេតុផលថា អតីតស្នងការនគរបាលរូបនេះខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ។ ប៉ុន្តែក្រោយមក ពោលគឺនៅខែមករា ឆ្នាំ២០២០ លោក អ៊ាវ ចំរើន ត្រូវបានតែងតាំងជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងបន្ទាប់មក គឺនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តីទៀត។
ករណីនេះ មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីរដ្ឋាភិបាល ខ្វែងគំនិតគ្នាចំពោះការផ្ដល់ជូនតំណែងកាន់តែខ្ពស់ជាងមុន ដល់មន្រ្តីស្ថាប័នរដ្ឋដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងអំពើពុករលួយនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនធ្វើអត្ថាធិប្បាយចំពោះការតែងតាំងមន្រ្តីដែលក្រសួងមហាផ្ទៃធ្លាប់ដាក់វិន័យនេះទេ ដោយលើកឡើងថា ការដំឡើងឋានៈនេះ គឺស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្រ្តី។
ចំណែកអ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្រ្តី លោក ទិត្យ សុធា ថ្លែងថា ការផ្ដល់មុខតំណែងឱ្យលោក អ៊ាវ ចំរើន គឺឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អតីតស្នងការខេត្តកណ្តាលរូបនេះ។
លោក ទិត្យ សុធា បញ្ជាក់ថា៖ «ធម្មតាតែគេតែងតាំងមនុស្សស័ក្តិសមនឹងធ្វើកិច្ចការងារហ្នឹងហើយ»។
រីឯប្រធានអង្គភាពក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ បានបញ្ជាក់ថា តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ពុំមានអំណាចនយោបាយ និងមិនមែនជាសមាជិករបស់រាជរដ្ឋាភិបាលដូចមុនឡើយ។
លោក ផៃ ស៊ីផាន អះអាងថា៖ «គ្រាន់តែមានអំណាចជាទីប្រឹក្សា ឬការងារជំនួយការរបស់នាយករដ្ឋមន្រ្តីប៉ុណ្ណឹង។ កាលមុន សុំសេចក្ដីទុកចិត្តពីសភា ដល់ក្រោយមិនចាំបាច់ពីរដ្ឋសភាទេ គឺសេចក្ដីទុកចិត្តរបស់នាយករដ្ឋមន្រ្តី នៅពេលដែលអាណត្តិរបស់នាយករដ្ឋមន្រ្តីចប់ [គឺចប់ដែរ]»។
ក្រសួងមហាផ្ទៃ កាលពីខែឧសភា ឆ្នាំ២០១៩ បានសាកសួរនគរបាលផ្កាយ១ ចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបណ្ដឹងអនាមិក ប្ដឹងចោទប្រកាន់អតីតស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន ថាបានប្រើអំណាចផ្ដាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ។
ក្រសួងមហាផ្ទៃ លើកឡើងថា ការកោះហៅស្នងការរងទាំង៦នាក់មកសាកសួរនៅពេលនោះ គឺតបតាមលិខិតអនាមិកដែលប្តឹងសុំដកតំណែងស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ដោយចោទថា ស្នងការខេត្តរូបនេះបានប្រព្រឹត្តអំពើពុករលួយ។
ក្នុងលិខិតអនាមិកដែលបានប្ដឹងលោក អ៊ាវ ចំរើន កាលពីពេលនោះ បានលើកឡើងពីបញ្ហាចំនួន១៦ចំណុច ដែលថាប្រព្រឹត្តដោយអតីតស្នងការរូបនេះ រួមមាន ការទារលុយដើម្បីតែងតាំងតួនាទី ឋានន្តរសក្ដិ ពី២ពាន់ ដល់ ៣ពាន់ដុល្លារ, ការយកលុយពីកន្លែងហ្គេម ចាក់បាល់ និងកន្ទុយលេខ និងបង្កើតគ្រួសារនិយមនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ជាដើម។
ចំពោះការតែងតាំងជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅពេលនេះ សារព័ត៌មានវីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីលោក អ៊ាវ ចំរើន បានទេ ដោយសារគាត់ប្រាប់ថាជាប់រវល់ ក្រោយដឹងថាអ្នកហៅទូរសព្ទជាអ្នកសារព័ត៌មាន។
ចំណែកលោក ម៉ាន់ គឹមឡេង ដែលជានាយកការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល និងជាមន្រ្តីនគរបាលមួយរូបដែលធ្លាប់ធ្វើការជាមួយលោក អ៊ាវ ចំរើន ប្រាប់ឱ្យ អ្នកសារព័ត៌មាន វីអូឌី ទៅសុំការអនុញ្ញាតពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជាមុនសិន ដើម្បីទៅសម្ភាសលោកដោយផ្ទាល់នៅកន្លែងធ្វើការ បើចង់ដឹងរឿងរ៉ាវនៃការគ្រប់គ្រងរបស់លោក អ៊ាវ ចំរើន ក្នុងអំឡុងពេលលោកធ្វើជាស្នងការខេត្តកណ្តាលនោះ។
លោក ម៉ាន គឹមឡេង មានប្រសាសន៍ថា៖ «ខ្ញុំមិនអាចឆ្លើយបាន! ចង់ឆ្លើយបាន ទាល់លោកសុំមកស្នងការដ្ឋាន ហើយសុំការអនុញ្ញាតពីស្នងការសិនទៅ»។
ចំពោះរឿងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញថា ការតែងតាំងមន្រ្តីដែលធ្លាប់រងនូវការចោទប្រកាន់ផ្សេងៗឱ្យមានតំណែងខ្ពស់ជាងមុន អាចបណ្ដាលឱ្យមន្រ្តីថ្នាក់ក្រោមនៃស្ថាប័នដែលបុគ្គលនោះធ្លាប់មានរឿងអាស្រូវ បាក់ទឹកចិត្ត។
លោក ប៉ិច ពិសី យល់ថា៖ «វប្បធម៌នៃការតែងតាំង ឬក៏ប្ដូរតំណែង ឬក៏បញ្ជូនទៅកាន់កន្លែង ផ្សេងនៅក្នុងស្ថាប័នសាធារណៈ វាកើតឡើងជាញយៗចំពោះបុគ្គល ឬក៏មន្រ្តីដែលត្រូវបានគេចោទប្រកាន់ ឬមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីផ្សេងៗ។ មន្រ្តីផ្សេងទៀតដែលនៅក្នុងស្ថាប័នទំនាស់ដែលមាន គឺគាត់បាក់ទឹកចិត្តហើយ ព្រោះករណីដែលគាត់ [មន្រ្តីដែលត្រូវបានគេចោទប្រកាន់ ឬមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីផ្សេងៗ] ខុសច្បាប់ មិនត្រូវបានអនុវត្តច្បាប់ បែរជាត្រូវបានគេប្ដូរតំណែង ឬក៏មានមន្រ្តីខ្លះឡើងធំជាងតំណែងមុនទៅទៀត អ៊ីចឹងនេះជាវប្បធម៌មួយមិនល្អទេ»៕
កែតម្រូវ៖ កថាខណ្ឌ «ចំពោះការតែងតាំងជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅពេលនេះ សារព័ត៌មានវីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីលោក អ៊ាវ ចំរើន បានទេ ដោយសារទូរសព្ទចូលជាច្រើនដងតែទូរសព្ទឆ្លើយសារជាសំឡេងថាជាប់រវល់។» ទៅជា «ចំពោះការតែងតាំងជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅពេលនេះ សារព័ត៌មានវីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីលោក អ៊ាវ ចំរើន បានទេ ដោយសារគាត់ប្រាប់ថាជាប់រវល់ ក្រោយដឹងថាអ្នកហៅទូរសព្ទជាអ្នកសារព័ត៌មាន។»