រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានលាលែងចេញពីរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទម្សិលមិញនេះ ដែលកើតឡើងស្របពេលដែលមានការរិះគន់អំពីសមត្ថភាពរបស់លោកស្រី ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោក Olaf Scholz ស្របពេលដែលប្រទេសអាល្លឺម៉ង់ កំពុងតែស្ថិតនៅក្រោមសម្ពាធក្នុងការអនុម័តលើការបង្កើនការគាំទ្រផ្នែកយោធាអន្តរជាតិសម្រាប់ទីក្រុងកៀវផងដែរ។
ជាមួយគ្នានេះ សម្ពាធក្នុងការស្វែងរកអ្នកជំនួសតំណែងថ្មីភ្លាមៗ ក៏ជាបញ្ហាប្រឈមមួយទៀតផងដែរ ខណៈរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ត្រូវបានរំពឹងថានឹងមកកាន់ទីក្រុងប៊ែរឡាំង (Berlin) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយរូបលោកនឹងត្រូវចូលរួមក្នុងសន្និសីទមួយនៅថ្ងៃសុក្រ នៅឯមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ Ramstein នៃរដ្ឋ Rhineland-Palatinate ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានលើកឡើងថា លោកស្រី Christine Lambrecht បានស្នើសុំជាផ្លូវការឱ្យលោក Olaf Scholz ដកខ្លួនចេញពីតំណែង ខណៈអធិការបតីអាល្លឺម៉ង់រូបនេះក៏បានយល់ព្រម។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិតអាវុធ Hensoldt លោក Olaf Scholz ក៏បានធ្វើការថ្លែងអំណរគុណដល់លោកស្រី Christine Lambrecht សម្រាប់ការបំពេញការងាររបស់លោកស្រីនាពេលកន្លងមក ដោយបន្ថែមថា រូបលោកនឹងធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីស្វែងរកអ្នកមកជំនួសតំណែងលោកស្រី។
យោងតាមកាសែត Frankfurter Allgemeine Zeitung ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល បានឱ្យដឹងថា តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ថ្មី នឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ ខណៈបេក្ខភាពដែលរំពឹងថានឹងឡើងមកជំនួស រួមមាន ស្នងការសម្រាប់កងកម្លាំងប្រដាប់អាវុធនៃសភា លោកស្រី Eva Hoegl, រដ្ឋមន្ត្រីការពារជាតិជាន់ទាប លោកស្រី Siemtje Moeller, ប្រធានគណបក្ស SPD លោក Lars Klingbeil និងរដ្ឋមន្ត្រីក្រសួងការងារ លោក Hubertus Heil៕