គណបក្សក្រៅរដ្ឋាភិបាលយល់ថា ការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀនអាចមានហេតុផលនយោបាយ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ការចាប់ខ្លួនលោក ថាច់ សេដ្ឋា នៅពេលនេះ ដែលតុលាការសំអាងហេតុថាធ្វើឡើងដោយផ្អែកលើ​​ភស្តុ​​តាងដាក់បន្ទុកត្រឹមត្រូវតាមនីតិវិធីច្បាប់ ក្នុងពេលអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលដាក់​​ម​​ន្ទិល​សង្ស័យទៅលើការអនុវត្តនីតិវិធីនេះ ដែលចាត់ទុកទំនងអាចជាការចាប់ខ្លួនក្រោម​ហេតុផល​​ន​​យោ​​បាយ​​​​ច្រើន​​ជា​​ង ព្រោះបើគេពិនិត្យអំពីពេលវេលានៃបទល្មើស លោក ថាច់ សេដ្ឋា គួរ​​ណាស់​​ត្រូវបាន​​ចាប់​​​ខ្លួន​​ភ្លា​ម​​ៗតាំង​ពីមានបណ្ដឹងប្រឆាំងការចេញសែកស្អុយមកម៉្លេះ។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងនៅថ្ងៃទី​១៧ ខែមករា​នេះ​ថា ដោ​យ​​​​​សារ​លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ហេតុនេះការចោទប្រកាន់ក្រោមហេតុផលការ​​ចេញ​សែកស្អុយ ឬសែកដែលមិនមានសាច់ប្រាក់​នេះ ជារឿង​ហាក់មិនអស់ចិត្ត។ ម្យ៉ាងវិញទៀត លោកថា អ្វីដែល​​កាន់​​​តែមាន​​មន្ទិលសង្ស័យទៅទៀតនោះ គឺប្រសិន​បើតុ​លាការ​រក​ឃើញ​ពី​បទ​ល្មើស គួរណាស់​តែ​​អ្នកន​យោ​​បា​យ​​រូបនេះ ត្រូវចាប់ខ្លួនភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹង។

លោកបន្តថា៖ «ប៉ុន្តែប្រសិនបើថាការអនុវត្តផ្លូវច្បាប់ យើងមើលទៅវាហាក់ដូចជាមិទំនងណាស់។ មានករណីខ្លះ ដូចឯកឧត្ដម គង់ គាំ លោកកាន់កាប់៤០ឆ្នាំអីហើយ គេគិតថាជារឿងផ្លូវច្បាប់។ ​​​ហើ​​​​ឯកឧត្តម ថាច់ សេដ្ឋា មានករណីតាំងពីឆ្នាំ២០១៩ ជាដើម ហើយទើបមកចាត់វិធានការ​​​នៅពេ​​​​​នេះ​​ អ៊ីចឹងទៅ សម្រាប់ទស្សនៈខ្ញុំ ខ្ញុំដាក់ការសង្ស័យថា វាអាចពាក់ព័ន្ធនឹងរឿងនយោបាយ»។

លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយមានដើមកំណើតខ្មែរកម្ពុជាក្រោម ត្រូវបានសមត្ថ​​កិច្ចចាប់​ខ្លួននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០២៣។ ​​ក្រោ​​យ​​​​ចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀនរូបនេះត្រូវបានគេបញ្ជូនទៅឃុំខ្លួន​​បណ្ដោះ​​​​អាសន្ន​​ភ្លាម​​ៗនៅពន្ធនាគារព្រៃស។

មិនខុសគ្នាទេ អ្នកនាំពាក្យ និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន យល់ឃើញថា ការចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់គណបក្សភ្លើងទៀននៅពេលនេះ ជា​​រូប​ភាព​បង្ហាញឱ្យឃើញពីភាពហិង្សាខាងនយោបាយដែលគួរឱ្យព្រួយបារម្ភ។ ​​លោកបន្តថា បើទោះ​​ជារឿងរ៉ាវនេះមើលទៅវាហាក់ដូចជាអាថ៌កំបាំងបន្តិច តែយ៉ាងណា បញ្ហានេះមានមន្ទិល​​សង្ស័យ​​ជា​ច្រើន នៅពីក្រោយនៃការអនុវត្តនីតិវិធីតាម​​ផ្លូវតុ​​លា​​ការ​ប្រឆាំងលោក ថាច់ សេដ្ឋា នេះ។

លោកបន្តថា៖ «ដោយសារលោក ថាច់ សេដ្ឋា លោកជាអនុប្រធានគណបក្សភ្លើងទៀន ដែល​​ជា​​ណបក្សប្រឆាំងដ៏ធំមួយ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ អ៊ីចឹងយើងមើលពីខាងក្រៅ និងមើលពីចម្ងាយ​​​​ទៅ ការចាប់ខ្លួនរបស់លោកហ្នឹង វាបង្កើតជាបរិយាកាស​​មួយ​​មិន​​ល្អ។ ការរៀបចំការបោះឆ្នោតក្នុងពេលខាងមុខហ្នឹង វាដូចជាផ្តល់សារសម្រាប់អ្នកមើលពីចម្ងាយហ្នឹងនៅមានការគំរាមកំហែង និងការភ័យខ្លាច សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតមួយដែល​​សេរី ហើយយុត្តិធម៌ និងត្រឹមត្រូវ។ វាដូចជាការបង្ហាញនូវការផ្តល់សញ្ញាមន្ទិលសង្ស័យ នេះ​​ជាកា​​យល់ឃើញរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន »។

ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា ស្ថាប័នអយ្យការ​នៃតុលាការរាជធានីភ្នំពេញ បាន​​បញ្ជាក់​ជំហរនៃការចាប់ខ្លួនអនុប្រធាន​​គណបក្សភ្លើងទៀននេះ ថា​អ​នុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ខណៈ​លោក ថាច់ សេដ្ឋា ខក​ខាន​​មិន​​បាន​​ចូលខ្លួន​បំភ្លឺតាម​ដីកា​​បង្គាប់​ឱ្យ​ចូល​​ខ្លួន​​ចំនួន​​២លើក តាំងពីចុងខែ​​កុម្ភៈ ឆ្នាំ២០២១ មក។

ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ហាក់មានភាពស្ទាក់​ស្ទើរក្នុង​ការ​លើក​​​​ហេតុផល​ និងបានបដិសេធក្នុងការផ្តល់​ពីមូលដ្ឋាន និងអង្គហេតុ​នៃការចាប់ខ្លួននេះ។ តែ​យ៉ាង​ណា​​ លោក​​យល់ឃើញថា ការចាប់ខ្លួននេះមិនមែនជាសញ្ញា​ល្អ​ទេ សម្រាប់​​ប្រទេ​​​​ស​​ដែល​​​អនុ​វត្ត​របប​សេរីពហុបក្ស។ មិន​តែ​ប៉ុណ្ណោះ លោកថា ដើម្បីឱ្យគ្រប់ភាគីមានភាពស្មើគ្នាក្នុងកិច្ចការ​​​នយោ​​បា​​យ គួរណាស់គូភាគីនីមួយៗអនុវត្តឱ្យបានពេញលេញនូវ​​តួនាទី វប្បធម៌សន្ទនា ជាពិសេស​​ស្មារតីនៃ​​កិច្ចព្រមព្រៀង​​សន្តិសភាព​​ទីក្រុ​​ងប៉ារីស។

លោកបន្តថា៖ «ចំណុចនេះយើងមានការពិបាកពីព្រោះយើងមិនដែលបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ថាយើងតាមដានកិច្ចការទាំងអស់នោះ ដោយសារគណបក្សខ្មែររួប​​រួមជាតិ​​ មួយរយៈ​​​កន្លង​​មក ក៏ដូចជាពេលនេះ យើងកំពុងតែរៀបចំរចនាសម្ពន្ធតាមមូលដ្ឋានផង និងការកសាង​​​​ម្លាំងឡើងវិញផង។ យោងលើរបាយការណ៍នៃលទ្ធផលបោះឆ្នោតនានាក្នុងពេលកន្លងទៅ យើង​​​​​នៅ​​​មានកម្រិតទាបមែនទែន»។

លោក ថាច់ សេដ្ឋា រងការចោទប្រកាន់ដោយក្រុមហ៊ុន រិន ឆាយ ផនសប ពីបទ«មិនបានបំពេញ​​កា​​តព្វកិច្ច​​ចំពោះឧបរណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់​​ប្រាក់ចំ​នួន​​៥​សន្លឹក ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩។

លោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកការចាប់ខ្លួនក្បាលម៉ាស៊ីន​​ដឹកនាំ​​គ​ណ​​បក្សភ្លើងទៀន​នេះ​ថា ជាផ្នែកមួយដែលធ្វើឱ្យបក្សជំទាស់នេះ ឈានទៅរកភាពដុនដាប និង​បាត់​បង់​​​ជំ​​នឿ​​​ពី​អ្នក​គាំទ្រ។ មួយវិញទៀត លោកអះអាងថា ការអនុវត្តនីតិវិធីច្បាប់នេះ គឺធ្វើឡើង​ក្រោម​​​​ហេតុ​​ផល​​​​នយោបាយច្រើនជាងការរកឃើញថាអ្នកនយោបាយ​រូប​នេះមាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

លោកបន្តថា៖ «ប្រសិនបើយើងមើលពីការវិវត្តចុងក្រោយ ក៏ដូចជាការគំរាមរបស់លោកនាយរដ្ឋ​​​មន្រ្តី ហ៊ុន សែន យើង[យល់ថា]រឿងហ្នឹង វាគឺជារឿងនយោបាយច្រើនជាង ហើយមូលហេតុដែលធ្វើរឿងហ្នឹង​​ ​ដោយសារមកដល់ពេលនេះ កម្ពុជាជិតដល់ការបោះឆ្នោត ឆ្នាំ២០២៣ ដែលជាការបោះ​​ឆ្នោត​​ជ្រើ​​​​រើសតំណាងរាស្រ្ត អាណត្តិទី៧។ ដូច្នេះ គណបក្សភ្លើងទៀន ដែលជាគណបក្សកំពុង​​តែមានសំឡេង និងសក្ដានុពលគួរសមដែរ ដូច្នេះជាយន្តការមួយរបស់គណបក្សកាន់អំណាច គឺធ្វើ​​អ៊ីចឹង!​​​ ដើម្បីបង្សាបឥទ្ធិពលគណបក្សភ្លើង កុំឱ្យមានសំឡេង ឬក៏ឥទ្ធិពលទាក់​​ទាញអ្នកគាំទ្រ​​បាន​​ច្រើន»។

នៅពេលនេះ គេសង្កេតឃើញថា ក្បាលម៉ាស៊ីនដឹកនាំបក្សក្រៅរដ្ឋាភិបាលមួយនេះ មនុស្សសំខាន់​​ៗ ​ដូចជា លោក សុន ឆ័យ និងលោក គង់ គាំ ហើយចុងក្រោយនេះ គឺលោក ថាច់ សេដ្ឋា ត្រូវជាប់​​បណ្ដឹង​​នៅតុលាការ និងស្ថិតនៅក្នុងគំនាបនយោបាយ ខណៈការបោះឆ្នោត​​ថ្នាក់ជាតិ លើកទី៧ កាន់តែខិតជិតមកដល់។

យ៉ាងណា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍​របស់ខ្លួនក្នុង​​ថ្ងៃ​​​តែមួយ​នៃការចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ដោយអាជ្ញាធរក្រុងភ្នំពេញ​ថា ប្រសិនបើបរិយាកាស​​នយោ​​បាយនៅ​​តែ​​បែប​​នេះ គណបក្សភ្លើងទៀន អាចនឹងបោះបង់សិទ្ធិក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដែលប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខ​​នេះ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ