លោកស្រី សូ ចន្ធូ កំពុងឈរនៅខាងក្រៅផ្ទះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅពេលដែលសមត្ថកិច្ចជាច្រើននាកបានឡោមព័ទ្ធរ៉ឺម៉កកង់បីមួយគ្រឿងនៅកាច់ជ្រុង ហើយវាយខ្នោះអ្នកបើកបររ៉ឺម៉កកង់បីនោះ។
សមត្ថកិច្ចពីរនាក់ដែលបិទមុខ និងពាក់មួកសុវត្ថិភាព បានបង្ខំអ្នកបើកបររ៉ឺម៉កកង់បីរូបនោះចូលទៅអង្គុយក្រោយ ហើយបានក្រៀកគាត់ទាំងសងខាងដើម្បីកុំឱ្យគាត់រត់គេចខ្លួន។ សមត្ថកិច្ចជាច្រើនអ្នកទៀតបានព្យាយាមបញ្ឆេះម៉ាស៊ីនរ៉ឺម៉កកង់បី។
អ្នកបើកបររ៉ឺម៉កកង់បី បានស្រែកថា៖ «ជួយខ្ញុំផង! ខ្ញុំមិនបានធ្វើអ្វីខុសទេ»។
លោកស្រី ចន្ធូ អាយុ៥១ឆ្នាំ ជាអ្នកលក់គុយទាវ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានឃើញហេតុការណ៍ដូចគ្នានេះជាច្រើនលើកនៅតាមដងផ្លូវលំ នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសមត្ថកិច្ចស្លៀកពាក់ស៊ីវិល បិទមុខ និងប្រដាប់ដោយកាំភ្លើងខ្លីមកចាប់ក្របួច ស្ទាក់រ៉ឺម៉កកង់បី ឬម៉ូតូ និងចាប់ម្ចាស់រ៉ឺម៉កកង់បី ឬម្ចាស់ម៉ូតូនោះ ដោយចោទប្រកាន់ថាមានគ្រឿងញៀន។ បន្ទាប់មក សមត្ថកិច្ចអូសអ្នកបើកបរ និងយានជំនិះរបស់ពួកគេទៅកាន់ប៉ុស្តិ៍នគរបាល ដោយតម្រូវឱ្យបង់ប្រាក់រាប់ពាន់ដុល្លារ ដើម្បីទទួលយានជំនិះរបស់ពួកគេមកវិញ ហើយជាថ្នូរនឹងការដោះលែង។
លើកនេះ ខុសប្លែកពីរាល់ដង។ អ្នកជិតខាងបាននិយាយថា ពួកគាត់បានឡោមព័ទ្ធរ៉ឺម៉កកង់បីដែលសមត្ថកិច្ចបានដណ្ដើមយកពីអ្នកបើកបរ នៅខាងក្រៅហាងភីហ្សាមួយកន្លែង ដោយរារាំងអ្នកបើកបរមិនឱ្យបើកចេញឡើយ។ ប្រជាពលរដ្ឋម្នាក់ស្រែកថា «សូមមើលដីកា»។ អ្នកផ្សេងទៀតបានប្រាប់សមត្ថកិច្ចថា «អ្នកបំពានច្បាប់ហើយ»។
សាច់ញាតិរបស់លោកស្រី សូ ចន្ធូ ឈ្មោះ សូ ចន្ធា អាយុ៤០ឆ្នាំ ដែលរស់នៅម្ដុំកាច់ជ្រុងផ្លូវ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានទុកសាច់ដែលគាត់កំពុងលាងសម្អាតនៅខាងក្រៅផ្ទះចោល ដើម្បីចូលរួមជាមួយគេ ខណៈចំនួនអ្នកចូលរួមក្នុងហេតុការណ៍សមត្ថកិច្ចចាប់ខ្លួនអ្នករត់រ៉ឺម៉កកង់បីនោះ កើនដល់ជិត១០០នាក់។
គាត់បាននិយាយថា៖ «មនុស្សភាគច្រើនមានការខឹងសម្បា។ យើងរស់នៅក្រោមសម្ពាធ។»
គ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ ស្គាល់អ្នកបើកបររ៉ឺម៉កកង់បី ហើយក៏មិនដែលធ្លាប់បានឃើញគាត់ពីមុនមកដែរ។ ប៉ុន្តែក្នុងមួយឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់នេះ មានការធុញទ្រាន់នឹងការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញជាប្រចាំលើអ្នកបើករ៉ឺម៉កកង់បី ដែលពួកគេពណ៌នាថាជា «យុទ្ធនាការជំរិតទារប្រាក់» ដែលជារឿយៗ ពួកគាត់ឮអ្នកបើកបរទាំងនោះស្រែកហៅរកជំនួយ។
ប្រភពដដែលបន្តថា យ៉ាងហោចណាស់ បីដងក្នុងមួយសប្តាហ៍ ជាធម្មតានៅពេលល្ងាច សមត្ថកិច្ចពាក់របាំងមុខ និងឈរជើងនៅនៅតំបន់នេះ ដើម្បីចាប់ខ្លួន។ ប៉ុន្តែខណៈឆែកឆេររកថ្នាំញៀន សមត្ថកិច្ចរឹបអូសយកទូរសព្ទ កាបូបលុយ និងម៉ូតូ ឬរ៉ឺម៉កកង់បី ដោយតម្រូវឱ្យម្ចាស់ម៉ូតូ ឬរ៉ឺម៉កកង់បី បង់ប្រាក់ចំនួន ៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង និង១ពាន់ដុល្លារដើម្បីទទួលបានម៉ូតូមកវិញ។ ហើយសម្រាប់តម្លៃរ៉ឺម៉កកង់បីមួយគ្រឿង យ៉ាងហោចណាស់គុណនឹង ៥ដង នៃតម្លៃម៉ូតូ។ ស្ត្រីម្នាក់បាននិយាយបែបកំប្លែងថា «កាបូបលុយរបស់ពួកគេបានទៅដល់ប៉ុស្តិ៍នគរបាលរួចទៅហើយ មុនពេលពួកគេបង់ប្រាក់»។
បុរសម្នាក់បានរម្លឹកអំពីអ្នកបើកបររ៉ឺម៉កកង់បីម្នាក់ដែលត្រូវបានតម្រូវឱ្យបង់ប្រាក់ចំនួន១៥ ០០ដុល្លារ ដើម្បីបានរ៉ឺម៉កកង់បីមកវិញ ទោះបីសមត្ថកិច្ចបានដាល់ពោះគាត់ជាច្រើនដងក៏ដោយ។ ចាប់តាំងពីពេលនោះមក គាត់មិនដែលទៅតំបន់របស់គាត់វិញឡើយ។
លោកស្រី ទៀប វ៉ាន់រឿង ចៅសង្កាត់កាកាបទី១ បានថ្លែងថា ប្រហែលពីរសប្តាហ៍មុន សមត្ថកិច្ចបានចាប់ប្រជាការពារចំនួន២នាក់ ហើយបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ និងប្រជាការពារម្នាក់ទៀតបាននិយាយថា អ្នកទាំងពីរធ្លាប់បានថតវីដេអូ និងថតរូបភាពនៃការចាប់ខ្លួន។
លោកស្រី ទៀប វ៉ាន់រឿង បាននិយាយថា ការចាប់ខ្លួនរបស់សមត្ថកិច្ច គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់លោកស្រី។ ទោះយ៉ាងណា លោកស្រីបានលើកឡើងថា វាបង្កភាពចលាចលក្នុងសង្កាត់។ មន្ត្រីសង្កាត់ក៏បានបញ្ចុះបញ្ចូលសមត្ថកិច្ចឱ្យដោះលែងពួកគេផងដែរ។
ប្រជាពលរដ្ឋ និងចៅសង្កាត់ ទទួលស្គាល់ថា ការទិញ និងលក់ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ (crystal meth) ក្នុងចំណោមយុវជន និងមនុស្សធំ ទាំងក្នុងនិងក្រៅសង្កាត់។ លោកស្រី ទៀប វ៉ាន់រឿង បានថ្លែងថា «បញ្ហាគ្រឿងញៀនមានគ្រប់ទីកន្លែង»។
ប៉ុន្តែពួកគេនិយាយថា សមត្ថកិច្ចមិនអើពើនឹងឈ្មួញជួយដូរគ្រឿងញៀននោះទេ។ ផ្ទុយទៅវិញ ពួកគេផ្តោតទៅលើអ្នកដែលរស់នៅក្នុងតំបន់ ឬអ្នកបើកបរនៅតាមដងផ្លូវក្បែរនោះ ដោយផ្តោតលើអ្នកដែលទើបតែទិញម៉ូតូថ្មីៗ ដោយសារសមត្ថកិច្ចជឿថាមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃជំរិត។
កាលពីថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ការប្រឈមមុខដាក់គ្នាបានបន្តរយៈពេលមួយម៉ោង រហូតដល់សមត្ថកិច្ចព្រមដោះលែងអ្នកបើកបររ៉ឺម៉កកង់បីវិញ ដោយបានប្រគល់កាបូបលុយ និងសោរ៉ឺម៉កកង់បីមកឱ្យបុរសនោះវិញ មុននឹងប្រជាពលរដ្ឋអនុញ្ញាតឱ្យសមត្ថកិច្ចចាកចេញ។ នៅថ្ងៃបន្ទាប់ វីដេអូដែលត្រូវបានបង្ហោះតាម TikTok បង្ហាញថា បុរសដែលអះអាងថាជាអ្នកបើកបររ៉ឺម៉កកង់បីនៅក្នុងហេតុការណ៍នោះ ដោយបង្ហាញស្នាមជាំនៅលើដៃដោយសារខ្នោះដៃ។
នៅក្នុងវីដេអូនោះ បុរសរូបនោះបាននិយាយថា៖ «ពួកគេ [សមត្ថកិច្ច] បានធ្វើរឿងបែបនេះចំពោះមនុស្សជាច្រើន។ [ប្រជាពលរដ្ឋ] ឱ្យខ្ញុំដាក់ពាក្យបណ្ដឹង ប៉ុន្តែខ្ញុំមិនដឹងទៅណាទេ ព្រោះខ្ញុំខ្លាច ហើយខ្ញុំក្រីក្រណាស់»។
បុរសនោះបន្តថា៖ «គេវាយខ្នោះខ្ញុំដោយខ្ញុំគ្មានកំហុសអ្វីសោះ រួចនិយាយថាគេចាប់ច្រឡំ […] តើកិត្តិយសខ្ញុំនឹងទៅជាយ៉ាងណា?»
វីដេអូនោះទទួលបានការចុចចូលចិត្ត (Like) ជាង២២ ០០០ គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។
ការទទួលស្គាល់ដ៏កម្រពីនាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានចេញកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បាននិយាយថា នាយកដ្ឋានបានរកឃើញថា ក្រុមមន្ត្រីស៊ើបអង្កេតរបស់ខ្លួនបាន «បំពានវិន័យវិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ» ហើយថា នាយកដ្ឋាននឹងបញ្ជូនសំណុំរឿងទៅនាយកដ្ឋាននិយតកម្មរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បាននិយាយថា៖ «យើងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ក៏ដូចជាមតិស្ថាបនាពីបណ្តាញផ្សព្វផ្សាយសង្គម ដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងកែតម្រូវមន្ត្រីរបស់យើង»។
លោក ទូច ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី១ លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបដិសេធធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។
ការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសដែលរងការរិះគន់យ៉ាងខ្លាំង បានជំរុញឱ្យមានការចាប់ខ្លួនមនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយមានពាក្យបណ្តឹងស្រដៀងគ្នានេះដែរពីប្រជាពលរដ្ឋ ដែលនិយាយថា ពួកគាត់រងការរំលោភបំពានក្រោមរូបភាពសុវត្ថិភាពសាធារណៈ។ ក្នុងហេតុការណ៍មួយផ្សេងទៀតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីឆ្នាំមុន ប្រជាពលរដ្ឋបាននិយាយថា ការចាប់ខ្លួនត្រូវបានបញ្ឈប់ បន្ទាប់ពីពួកគាត់អន្តរាគមន៍ដោយប្រើកម្លាំង។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់កាកាប បាននិយាយថា ពួកគាត់បានបញ្ឈប់ការប្តឹងទៅសមត្ថកិច្ចសង្កាត់ និងខណ្ឌជាយូរមកហើយ។
លោក សុង សេន អាយុ៤០ឆ្នាំ ជាអ្នកបើកបររ៉ឺម៉កកង់បីម្នាក់ បាននិយាយថា សមត្ថកិច្ចបានឃាត់ខ្លួនគាត់កាលពីខែមុន បន្ទាប់ពីអ្នកដំណើរចុះពីលើរ៉ឺម៉កកង់បីរួច។
មុននឹងអនុញ្ញាតឱ្យសមត្ថកិច្ចឆែកឆេររ៉ឺម៉កកង់បី គាត់បានសម្លឹងមើលដៃសមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់។ ប្រជាពលរដ្ឋបាននិយាយថា ជួនកាលសមត្ថកិច្ចលាក់កញ្ចប់ថ្នាំញៀននៅក្នុងដៃ ដើម្បីដាក់ក្នុងហោប៉ៅរបស់នរណាម្នាក់។
អ្នកជិតខាងមួយក្រុមបានចេញមកខាងក្រៅដើម្បីមើលដោយស្ងាត់ៗ ខណៈសមត្ថកិច្ចឆែកឆេររ៉ឺម៉កកង់បីរបស់គាត់។ លោក សុង សេន បាននិយាយថា ដោយឃើញប្រជាពលរដ្ឋចេញមកច្រើន សមត្ថកិច្ចទាំងនោះភ័យខ្លាច ហើយក៏ដោះលែងគាត់។
លោកបាននិយាយថា៖ «ពួកគេ [សមត្ថកិច្ច] មិនហ៊ានធ្វើអ្វីខ្ញុំទេ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘People Are Angry’: Commune Residents Allege Extortion, Excessive Arrests Amid Drug Enforcement