អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមសហជីពធ្វើពិធីរម្លឹកខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា

សង្គមស៊ីវិល និងអ្នកគាំទ្រផ្សេងទៀត ចូលរួមពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមសហជីពរៀបចំពិធីរម្លឹកខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់អតីតប្រធានសហជីព​ លោក ជា វិជ្ជា ​ខណៈសំណុំរឿង​នេះ សមត្ថកិច្ចមិនទាប់ចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះយកមក​ផ្តន្ទាទោសបាននៅឡើយ។

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតមួយទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។

លិខិតនេះបានលើកឡើងថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែត ក្បែរវត្តលង្កា រាជធានីភ្នំពេញ។

លិខិតដដែល​បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ សមាជិកសហជីព និងក្រុមគ្រួសារ សាច់ញាតិប្រមាណ១៥០នាក់នឹងជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅកន្លែងតម្កល់រូបសំណាក ក្បែរវត្តលង្កា ជិតវិមានឯករាជ្យ និងជិតភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ក្នុងលិខិតចុះថ្ងៃទី១៣ ខែមករា​ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមសហជីពជួបជុំគ្នាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ប៉ុន្តែត្រូវគោរព និងអនុវត្តតាមកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមក ហើយសហជីពត្រូវសហការជាមួយអាជ្ញាធរ ដើម្បីធានានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈផងដែរ។

ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ មានប្រសាសន៍ថា ឃាតកម្មសម្លាប់លោក ជា វិជ្ជា គឺរដ្ឋាភិបាលហាក់ពុំមានឆន្ទៈក្នុងការស៊ើបអង្កេត និងស្រាវជ្រាវរកឃាតកពិតមកផ្តទ្ទាទោសតាមច្បាប់នោះទេ។ អ្នកស្រីថា ករណីឃាតកម្មផ្សេងៗ គឺសមត្ថកិច្ចស្រាវជ្រាវរកឃើញឃាតកលឿន ប៉ុន្តែសម្រាប់ឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា កណ្តាលថ្ងៃត្រង់ កាលពី១៩ឆ្នាំមុន គឺសមត្ថកិច្ចរកមិនឃើញតម្រុយណាមួយឡើយ។

ប្រធានសហព័ន្ធសហជីពរូបនេះ បន្តថា ក្នុងឱកាសជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃ២២ ខែមករា ក្រុមសហជីពបន្តអំពាវនាវ និងទទូចដល់រដ្ឋាភិបាលឱ្យស៊ើបអង្កេតករណីនេះ ដើម្បីបង្ហាញការពិត និងផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះទៀត។

អ្នកស្រីបន្ថែមថា «រឿងព្រួយបារម្ភភ័យខ្លាច យើងចេះតែភ័យខ្លាចហើយ ព្រោះនៅស្រុកខ្មែរយើងមិនដូចនៅស្រុកគេទេ។ អ៊ីចឹងនៅថ្ងៃរម្លឹកខួបរបស់លោក ជា វិជ្ជា ហ្នឹង គឺសហជីពរបស់យើងនៅតែទាមទារឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះដូចរាល់ឆ្នាំអ៊ីចឹង»

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកនឹងចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃ២២ ខែមករានេះ។ លោកថា រូបលោកដែលជាមិត្តភក្តិ និងក្រុមគ្រួសាររបស់លោក ជា វិជ្ជា បានរង់ចាំយុត្តិធម៌អស់រយៈពេលជិត២០ឆ្នាំហើយ។

ប្រធានសហជីពរូបនេះ បន្តថា សមត្ថកិច្ចកម្ពុជាមិនមែនអសមត្ថភាពក្នុងការស្វែងរកឃាតក និងអ្នកពាក់ព័ន្ធនោះទេ ប៉ុន្តែសមត្ថកិច្ច និងរដ្ឋាភិបាលមានចេតនាមិនស្វែងរកឃាតកតែម្តង ដោយសារឃាតកម្មនេះជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានឋានៈធំក្នុងជួររដ្ឋាភិបាល។

លោកបន្ថែមថា «សមត្ថកិច្ចរាជធានីភ្នំពេញ ឬក៏រដ្ឋាភិបាល មានចេតនាមិនវែកមុខរកឃាតក និងអ្នកនៅក្រោយខ្នងឃាតក យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ ព្រោះករណីឃាតកម្មលើលោក ជា វិជ្ជា នេះជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានឋានៈធំ។ នេះបើតាមការអះអាងរបស់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅពេលដែលលោក ជា វិជ្ជា ទទួលបានសារគំរាមកំហែង ហើយខ្ញុំក៏បានជូនគាត់ទៅជួបប៉ូលិសព្រហ្មទណ្ឌ ហើយប៉ូលិសព្រហ្មទណ្ឌគាត់ក៏បានឆែកមើលលេខទូរសព្ទ ហើយគាត់បានឆ្លើយតបមកវិញថាគាត់មិនហ៊ានប៉ះនោះទេ ព្រោះ ម្ចាស់ទូរសព្ទមានឋានៈខ្ពស់ណាស់។ អ៊ីចឹងសូមលោករកកន្លែងមានសុវត្ថិភាពទៅ»

លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ឃាតកបាញ់​​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែតមួយ ​ក្រោយ​វត្ត​លង្កា រាជធានីភ្នំពេញ។ ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ពេលនោះកើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការគំរាម​សម្លាប់ ​និង​ការ​គំរាម​កំហែង​ជាបន្តបន្ទាប់ពី​ជន​មិន​ស្គាល់​មុខ​​ ​ចំពោះ​សកម្មភាព​សហជីព​​​របស់​លោក​ដើម្បីការពារប្រយោជន៍និងសិទ្ធិសេរីភាព​​កម្មករ​។ ​

រយៈពេល១៩ឆ្នាំ​មកនេះ អាជ្ញាធរនៅ​មិនទាន់បាន​នាំ​ខ្លួន​ឃាតក​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្តន្ទាទោស​នោះ​ទេ ក្រៅតែ​ពី​ជនសង្ស័យពីរ​រូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិល និងសហជីពហៅថា ជាឃាតកសិប្បនិមិត្តតែប៉ុណ្ណោះ។

ប៊ន សំណាង​ និង​ សុក សំអឿន ​ត្រូវបានតុលាការ​​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗចំនួន២០ឆ្នាំ​ ពីបទ «ឃាតកម្មដោយចេតនា» លើលោក ជា វិជ្ជា តែ​ត្រូវ​បាន​តុលាការ​កំពូលដោះ​លែង និងរួចផុតពីការចោទប្រកាន់​វិញ​ កាល​ពីខែកញ្ញា ​ឆ្នាំ​២០១៣ ​ក្រោយ​ពីពួកគេត្រូវជាប់ពន្ធនាគារសរុបជាង៥ឆ្នាំ ដោយតុលាការកំពូលសំអាងថា អ្នកទាំងពីរគ្មានកំហុស៕  ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ