បក្សភ្លើងទៀន៖ សេចក្ដីថ្លែងការណ៍ដែលថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនពាក់ព័ន្ធរឿងនយោបាយនោះ ជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)

មេធាវីដែលការពារក្ដីឱ្យអនុប្រធានបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បញ្ជាក់ថា សេចក្តីថ្លែង​ការណ៍​ដែល​​ផ្សព្វ​ផ្សាយ​ថា «ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាម​នីតិវិ​ធី​ច្បាប់​នៅ​កម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយ» នោះ គឺជាលិខិតក្លែងក្លាយ ដែលត្រូវគេបង្កើត​ដើម្បី​បង្ក​ការ​ភ្ញាក់​ផ្អើល និងចលាចលផ្ទៃក្នុងគណបក្សភ្លើងទៀន។

កាលពីយប់ថ្ងៃទី១៧ ខែមករា មានការចែកចាយព័ត៌មានបន្តគ្នាថា ក្រសួងព័ត៌មានបាន​ផ្សាយ​នៅ​​​លើ​បណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធសេចក្តីថ្លែងការណ៍​ករណី​ចាប់ខ្លួន​អនុ​ប្រធាន​បក្ស​ភ្លើង​ទៀន ដោយ​ក្នុងនោះ ក្រសួងបានសរសេរ​ខ្លឹមសារ និងមាន​ភ្ជាប់នឹងរូបថតសេចក្តី​ថ្លែង​ការណ៍​​នោះ​​ថា «គណបក្សភ្លើង​ទៀន បានប្រកាសថា ការឃុំខ្លួននិងចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយនោះទេ»

សេចក្តីថ្លែងការណ៍ដែលក្រសួងបានផ្សព្វផ្សាយ​នោះ មានខ្លឹមសារថា៖ «គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាម​នីតិវិធី​ច្បាប់​នៅ​កម្ពុជា ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ និងចាត់ទុកថា​ការលើកឡើង​របស់​ក្រុម​អ្នក​នយោបា​យ​ឆ្លៀត​ឱកាសនិយមមួយចំនួនតូច ជាការបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ និង​មាន​ចេតនា​កេងចំណេញនយោបាយបម្រើដល់ប្រយោជន៍បរទេស»។

អ្នកប្រើប្រាស់​បណ្តាញសង្គមមួយចំនួនបានថត ឬ screenshot ចែកចាយបន្ត ដោយលើក​ឡើង​ថា ក្រសួង​ព័ត៌​មានបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ក្លែងក្លាយ ឬ fake news និង​បាន​​រិះ​គន់​​ថា ក្រសួងព័ត៌​មាន​ជាស្ថាប័នផ្លូវការរបស់រដ្ឋ មិនគួរណា​ផ្សាយបំភ្លៃការពិត បង្ក​ការ​ភ័ន្ត​ច្រឡំ​ទៅ​កាន់​មហាជន​បែប​នេះ​ឡើយ ពោលគឺត្រូវតែផ្សព្វផ្សាយព័ត៌មានពិតដោយវីជ្ជាជីវៈ។

យ៉ាងណា ក្រោយមក ក្រសួងព័ត៌មានបានលុ​ប​នូវការបង្ហោះសេចក្តីថ្លែងការណ៍​នោះ​វិញ។

លោក សំ សុគង់ ដែលជាមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា ប្រាប់​វីអូឌីនៅថ្ងៃទី១៨ ខែ​មក​រា​នេះ​ថា លោកបានជួបជាមួយថ្នាក់ដឹកនាំបក្សភ្លើងទៀនរួចហើយ ខណៈបក្ស​លើក​ឡើង​ថា សេច​ក្តី​ថ្លែង​ការណ៍នោះជាលិខិតក្លែងក្លាយ ដែលគេមានចេតនាបង្កើតរឿង ដើម្បីបង្ក​ចលាចល​ផ្ទៃ​ក្នុង​គណបក្ស។

លោកថា៖ «គណបក្សភ្លើងទៀន ក៏មានការភ្ញាក់ផ្អើលដែរ។ ព័ត៌មានហ្នឹងគឺជាព័ត៌មានអត់ពិត ហើយព័ត៌​មាន​ហ្នឹង​អាចមានជនណាមួយ គាត់អាចបង្កបង្កើតរឿងហ្នឹងមក ដើម្បីធ្វើឱ្យមាន​ភាព​ចលាចល ភាពភ្ញាក់​ផ្អើលនៅក្នុងផ្ទៃក្នុងគណបក្ស។ តាមពិត ព័ត៌មានហ្នឹងអត់ពិតទេ។

លោក សំ សុគង់​ បន្តថា៖ «សំខាន់យើងកំពុងតែយកឯកសារមកសិក្សា ហើយនិងផ្តល់​យោបល់​​ទៅគ​ណបក្ស បើសិនជាគណបក្សគាត់យល់ថាប៉ះពាល់ដល់កិត្តិយស ឬក៏ប៉ះពាល់​ដល់​កិត្តិសព្ទ​របស់​គណបក្ស​ធ្ងន់ធ្ងរ​ពេក។ អាហ្នឹងគណបក្សឱ្យប្តឹង អ៊ីចឹងក្រុមមេធាវី​នឹងរៀបចំ​បណ្តឹង​ទៅតា​ម​នីតិវិធី។ ប៉ុន្តែបើសិនគណបក្សថាគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍ អាហ្នឹងទុកឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្សជាអ្នកសម្រេច»។

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃ​អគ្គនាយក​ដ្ឋានព័ត៌មាន និង​សោតទស្សន៍ លោក ផុស សុវណ្ណ ហើយនិងអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី១៨ ខែមករានេះ។

សាស្ត្រាចារ្យផ្នែកសារព័ត៌មាន លោក ម៉ៃ ទិត្យថារ៉ា យល់ថា មុនការបង្ហោះផ្សព្វផ្សាយ​ព័ត៌មាន​នីមួយៗ ស្ថាប័ន​គួរតែមានការផ្ទៀងផ្ទាត់ព័ត៌មានពិតជាមុនសិន ជាពិសេស​ស្ថាប័នធំៗ​ដែល​អ្នក​​តាម​ដាន​​ព័ត៌មាន​​ធ្លាប់​ទុក​ចិត្ត ដើម្បី​​ចៀសវាងការក្លែងបន្លំ បើ​មិន​ដូច្នេះ​ទេ ស្ថាប័ននោះនឹង​ក្លាយជាអ្នក​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​ទៅ​កាន់​សាធារណជន​ជាមិន​ខាន។

លោកបន្តថា ក្រោយរកឃើញនូវកំហុសឆ្គងក្នុងព័ត៌មាន បើទោះស្ថាប័នបាន​លុប ឬដក​ព័ត៌​មាន​​នោះ​​វិញ​​ក៏​​ដោយ ក៏គួរតែមានការកែតម្រូវ និងពន្យល់ទៅសាធារណជន ដើម្បីកុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំបន្ត​ទៀត ព្រមទាំងបង្ហាញនូវគំរូផងដែរ។

លោក​ថា៖ «អាពេលបង្ហោះហ្នឹង មិនដឹងថាគាត់បាន clarify and verify [បញ្ជាក់ និងផ្ទៀងផ្ទាត់]  ហើយនៅ? បានជាដកបាត់! ហើយនេះជាការបង្កើតចម្ងល់សង្ស័យទៅដល់អ្នកអាន អ្នក​មើល តទៅទៀត​ដែរ។ វាអាចឱ្យមានការ confuse [ភ័ន្តច្រឡំ] […] យើង​នៅស្ថាប័ន​ព័ត៌មាន​មួយ យើង​ផ្សាយ​ព័ត៌​មានដែ​ល​មិន​ពិត បង្កឱ្យមានភាពចលាចល។ ឧទាហរណ៍ ប្រជាពលរដ្ឋដូច​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ទៅ​លើ Website [គេហទំព័រ] ណាមួយ ខ្ញុំមើលតាមដាន Website ហ្នឹង។ ប៉ុន្តែបើ Website ហ្នឹងគាត់ដាក់ហើយដកៗ ថ្ងៃក្រោយខ្ញុំ​នឹង​អស់​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​បណ្តាញ​ព័ត៌​មាន​ហ្នឹង។ អ៊ីចឹងវា​ប៉ះ​ពាល់​ទៅដល់​អ្នក​អាន ហើយ​និង​ព័ត៌មាន​ទៅ​ដល់​សង្គម ជាពិសេសរឿងរ៉ាវដែលធំៗ វាអាចបង្កភាពចលាចលបានដែរ»

លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយមានដើមកំណើតខ្មែរកម្ពុជាក្រោម ត្រូវបានសមត្ថ​​កិច្ច​ចាប់​ខ្លួននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០២៣។ ​​ក្រោ​​យ​​​​ចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេបញ្ជូន​ទៅឃុំ​ខ្លួន​​​​បណ្ដោះ​​​​​អាសន្ន​​ភ្លាម​​ៗនៅពន្ធនាគារព្រៃស ក្រោមការចោទ​​ប្រកាន់ ពីបទ «មិន​បាន​បំពេញ​​​កា​​តព្វ​កិច្ច​​ចំពោះឧបករណ៍អាចជួញដូរបាន» ឬ​ហៅ​ថា​ ការចេញសែកដោយគ្មានសាច់​​ប្រាក់ ចំ​នួន​​៥​សន្លឹក ទៅឱ្យ​​ក្រុម​ហ៊ុន រិន​ ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩។

ករណីនេះ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​ចាត់​ទុកការចាប់​និង​ឃុំ​ខ្លួន​​លោក ថាច់ សេដ្ឋា ថា​ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់​ស្មារតី​ប្រជា​ពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។

តែយ៉ាងណា ​ស្ថាប័នអយ្យការ​នៃសាលាដំបូង​រាជធានីភ្នំពេញ បាន​​បញ្ជាក់​ជំហរ​នៃ​ការ​ចាប់​ខ្លួន​អនុ​ប្រធាន​​​គណបក្សភ្លើងទៀននេះ ថា​អ​នុវត្តតាមដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ ខណៈ​​លោក ថាច់ សេដ្ឋា ខក​ខាន​​មិន​​បាន​​ចូលខ្លួន​បំភ្លឺតាម​ដីកា​​បង្គាប់​ឱ្យ​ចូល​​ខ្លួន​​ចំនួន​​២លើក តាំងពីចុងខែ​​កុម្ភៈ ឆ្នាំ២០២១ មក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានប្រាប់ឱ្យក្រសួង-ស្ថាប័ន និងអ្នកសារព័ត៌មាន រួមគ្នាទប់​ស្កាត់​ព័ត៌​មាន​ក្លែង​ក្លាយឱ្យកាន់តែសកម្មថែមទៀត ដោយថា ព័ត៌មានមិនពិត និងព័ត៌មាន​ក្លែងក្លាយ អាចបង្កភាពចលាចល អស្ថិរភាពនយោបាយ អសន្ដិសុខសង្គម។

លោកថ្លែង​ថា៖ «បន្ដចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្រប​ខណ្ឌ​ជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មានក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​ជាតិ​អាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធ​ប្រឆាំង​ព័ត៌​មាន​មិន​ពិត និង​ព័ត៌មាន​ក្លែង​ក្លាយ ឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មាន​ក្លែង​ក្លាយ ជា​ផ្នែកចិត្ដសាស្ដ្រ ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថិរភាពនយោបាយ អសន្ដិសុខសង្គម និងកើតមានអរិភាពជាមួយនឹងបរទេស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ