ក្រសួងការបរទេសចិន ស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងខែកុម្ភៈខាងមុខ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ (REUTERS/Thomas Peter)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសចិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ មកកាន់ប្រទេសនេះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណួរទាក់ទងនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថាលោក អេនតូនី ប្លីនខេន គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នៅដើមខែកុម្ភៈខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា៖ «ប្រទេសចិន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន មកកាន់ប្រទេសចិន»។

លោកបន្ថែមថា៖ «ទាំងប្រទេសចិន និងអាមេរិក បច្ចុប្បន្នក៏កំពុងតែធ្វើការទំនាក់ទំនងគ្នា អំពីការរៀបចំកម្មវិធីជាក់លាក់នានាផងដែរ»។

លោក វ៉ាង វិនពីន បន្តថា៖ «[ចិន]ក៏សង្ឃឹមថា សហរដ្ឋអាមេរិកនឹងប្រកាន់យកនូវទស្សនៈត្រឹមត្រូវចំពោះប្រទេសចិន និងរក្សាឱ្យបាននូវការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា»។

យោងតាមមន្ត្រីអាមេរិកមួយរូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រសួងការបរទេសអាមេរិក ក៏កំពុងតែសម្លឹងមើលពីកិច្ចប្រជុំរបស់លោក អេនតូនី ប្លីនខេន ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) នៅទីក្រុងប៉េកាំងផងដែរ ខណៈដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ ខែកុម្ភៈ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ប្រទេសចិននេះ ក៏ជាដំណើរលើកដំបូងដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមួយនេះ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨ ដែលជាជំនួបរវាងអតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) និងអតីត​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក វ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ