សង្គមស៊ីវិលថា ករណីសមត្ថកិច្ចមិនអាចចាប់ខ្លួនអតីតអភិបាលខេត្តកែបដែលប្រើហិង្សាលើស្ត្រីម្នាក់ បង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ

លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ យល់ថា ​​ការដែលសមត្ថកិច្ច​​នៅមិនទាន់អាច​ស្វែងរកចាប់ខ្លួន​​អតីត​​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ​ ដែលប្រើហិង្សា​លើស្ត្រីម្នាក់បណ្ដាលឱ្យ​បែក​ក្បាល​នោះ ថាជា​​​ការអនុវត្តច្បាប់​ស្ដង់ដារ​ពីរ។

ការលើកឡើងរបស់សង្គមស៊ីវិលនេះ បន្ទាប់ពី​​អភិបាល​រង​ខេត្ត​កែប​ លោក ភូ លិ​ នៅ​បន្ត​រត់គេច​ខ្លួន​នៅឡើយ ក្រោយ​​មាន​បណ្ដឹងនៅតុលាការ ពីបទ ប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្ដាលឱ្យ​បែក​ក្បាល ក្នុង​ពិធី​ជប់​លៀង​មួយ​ កាលពីចុងខែធ្នូ ឆ្នាំ២០២២។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មានប្រសាសន៍ថា​ ករណី​​អំពើ​ហិង្សា​​​​​នេះ​ជាបទល្មើស​ព្រហ្មទណ្ឌ និងជាបទល្មើស​​ជាក់ស្ដែង​​ តែបែរជា​សមត្ថកិច្ច​មិនអាច​ចាប់ខ្លួនបាន​​​ភ្លាមនៅនឹងកន្លែងកើតហេតុ​​។

លោកយល់ឃើញថា ការ​ដែល​​​មិន​អាច​​ចាប់​ខ្លួន​​អតីត​​​អភិបាលរង​ខេត្តកែប​ ឱ្យ​មកទទួលខុស​ត្រូវចំពោះមុខច្បាប់ ជា​ឧទាហរណ៍​​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​​ស្ដង់​ដារ​​ពីរ រវាង​​អ្នក​​មាន​​លុយ​មាន​អំណាច ​ជាមួយ​​សកម្មជនសិទ្ធិមនុស្ស​ បរិស្ថាន​ និងនយោបាយ ​ជាដើម​។

លោកថា៖ «​ប្រសិនជាអ្នកដែលជាសកម្មជន អ្នកខ្លះមិនបានទាំងប្រព្រឹត្តខុសផង​ គ្រាន់តែមានបញ្ជាពីថ្នាក់លើ ​ចាប់​ភ្លាមៗ​​ សមត្ថកិច្ច​ច្រូងច្រាង​ ហាក់បីដូចជា​មាន​សមត្ថភាពខ្ពស់ ​[…]​ ស្ដង់ដារនៃការអនុវត្តច្បាប់ហ្នឹង យើងឃើញថា​មិនស្មើគ្នាទេ​។ ដោយឡែក អ្នកខ្លះមិនទាំងបានប្រព្រឹត្ត​អីខុសផង ​បែរជា​​ទៅចាប់ខ្លួនគេ​​ដូចជាភ្នែកបន្ទោរ បើយើងប្រៀបធៀបនឹងករណីលោក កឹម​ សុខា ចុះ​​​ គឺ​ចាប់​ទាំងយប់»។

លោកបន្ថែមថា ​ប្រសិនបើ​សមត្ថកិច្ច​នៅតែមិនអាចចាប់ខ្លួនអតីត​​​អភិបាលរងខេត្តកែបរូបនោះ​មក​​ផ្ដន្ទាទោស​​​ទេ នឹងធ្វើឱ្យសាធារណជន​អស់ជំនឿចិត្តលើ​សមត្ថកិច្ច​​ ​ហើយជន​រងគ្រោះ​បែរជា​ត្រូវ​ដើរ​​​ស្វែង​រក​យុត្តិធម៌ដោយខ្លួនឯង ​ដែល​ក្នុងករណីនោះនឹងបង្កនូវ​អសន្តិសុខសង្គម​កើត​ឡើង​​បន្ត​ទៀត​​។​

ចំណែកនាយក​​ចាត់​​កា​​រទូ​ទៅនៃ​​អ​ង្គការលី​កាដូ លោក ​អំ សំអាត​ យល់ឃើញប្រហាក់ប្រហែលគ្នាដែរ​​ថា ​​ភាពយឺតយ៉ាវ​របស់​សមត្ថកិច្ច​​​ក្នុងការនាំខ្លួនជនប្រព្រឹត្តដែលជាអតីតអភិបាលខេត្តរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់​ ​ជាកាអនុវត្តច្បាប់​ស្តង់ដារពីរ និងធ្វើឱ្យ​​វប្បធម៌​និទណ្ឌភាពនឹង​បន្ត​កើត​មាន​​ ដោយសារតែការ​បណ្តែត​​​បណ្ដោយ​ឱ្យជនល្មើសគេចពី​សំណាញ់​ច្បាប់​។

លោកថា​​៖ «ទាក់ទង​ដំណើរការផ្លូវ​ច្បាប់​ពីបទហិង្សា​ ហាក់ដូចជាមានការយឺតយ៉ាវ​ ហើយហាក់ដូចជាទុកឱកាស​ឱ្យ​លោក ភូ លិ គាត់អាច​គេច​ខ្លួនបាន។​ ចំណុច​ហ្នឹង សាធារណជន​នឹងមើលឃើញនូវការអនុវត្តស្ដង់ដារពីរ​ ហើយជាពិសេស​ជាមួយ​​សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន​ សកម្មជន​សង្គម ជាដើម ដែលការអនុវត្តច្បាប់​ដែលហាក់ដូចជាដំណើរការ​លឿន​»។

តែយ៉ាងណា ស្នងការនគរបាលខេត្តកែប លោក សម្បត្តិ សុធារដ្ឋ បានច្រានចោលការលើកឡើងនេះ ដោយថា​ ​លោក ភូ លិ បានគេច​ខ្លួន​ចេញពីខេត្តកែប តាំង​ពីប្រព្រឹត្តបទល្មើស​រួចមក ហើយពេល​នេះ ​សមត្ថកិច្ចខេត្ត​​​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅតុលាការ​រួចរាល់ហើយ។

លោកថា៖ ​«កិច្ចការ​នេះ​ ខ្ញុំបានបញ្ជូនសំណុំរឿងទៅតុលាការរួចរា​ល់​អស់​ហើយ​ ហើយ​តុលាការ​បាន​កោះអញ្ជើញរួច​រាល់​អស់​ហើយ​ ខ្ញុំបានផ្ញើជូនទៅហើយ​ តែការ[ហៅ]គាត់ទៅបំភ្លឺពេលណា ខ្ញុំអត់បានដឹងទេ»។

លោកបន្តថា៖ «​មានអីត្រូវឃុំខ្លួន? បើ​ខ្ញុំ​មិន​ទាន់បាន​ទទួលដីកា​នាំខ្លួនឬចាប់ខ្លួនអីផងហ្នឹង​ គ្រាន់តែធ្វើលិខិតកោះអញ្ជើញ​ពី​តុលាការ​មក​តើ​! អត់មាននៅក្នុងភូមិសាស្រ្តខេត្តកែបខ្ញុំផង​ កុំថាចាប់ភ្លាម ​ក្រោយ​កើត​ហេតុ​ គេរាយការណ៍មក សមត្ថកិច្ច​ចុះទៅដល់គោលដៅ​ ហើយគាត់បានគេច​ចេញពីភូមិសាស្រ្តហ្នឹងបាត់ទៅហើយ​»។

ចំណែក​អ្នកនាំពាក្យសាលាដំបូងខេត្ត​កែប លោក សឿន មុនីរ័ត្ន​ មានប្រសាសន៍យ៉ាងខ្លី​ថា សាលាដំបូងខេត្ត និងសមត្ថកិច្ចជំនាញ​​ ​កំពុងចាត់វិធានការ​ ខណៈសំណុំរឿងនេះនៅ​​​ពុំទាន់​ដល់​ថ្ងៃកំណត់​ឱ្យជន​សង្ស័យចូល​ខ្លួន​​មក​​តាម​​ដីកា​​នៅ​​ឡើយ​ទេ។

អតីត​​អភិបាលរងខេត្តកែប លោក ភូ លិ ត្រូវបានចោទប្រកាន់ថា​បានប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្តាល​ឱ្យ​រងរបួស​​បែក​​ក្បាល ​​ក្នុង​​ពិធី​​ជប់​​លៀងមួយ​​ ហើយ​ករណីនេះ​ត្រូវបាន​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យដក​តំណែងអភិបាល​រង​ខេត្តរូបនោះ កាល​ពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២២។

ក្រៅតែពីករណីអតីត​អភិបាលរងខេត្តកែបនេះ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿង​ នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន២នាក់រង​របួស​ធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ស្លាប់ផង​នោះ​ ហើយ​សមត្ថកិច្ច​ក៏នៅ​មិនអាចចាប់ជនបង្កយកមក​អនុវត្តទោសបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ