តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្តដើមបណ្តឹងជាង១ម៉ឺនដុល្លារ

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

សាលាដំបូងរាជធានីភ្នំពេញ ​បានផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ និងសងជំងឺចិត្តជាង ១ម៉ឺនដុល្លារ ទៅរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាដើមបណ្តឹង ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» ពាក់ព័ន្ធ​ការធ្វើអត្ថាធិប្បាយរឿងសម្លាប់លោកបណ្ឌិត កែម ឡី

ការសម្រេចនៅថ្ងៃពុធនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ បានបើកសវនាការលើសំណុំរឿងនេះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែលមានលោក គី តិច មេធាវីតំណាងដោយអាណត្តិឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅលោក គឹម សុខ។ ក្នុងពាក្យបណ្ដឹងនោះ មេធាវីដើមបណ្តឹង ដោយប្តឹងទៅតុលាការឱ្យផ្តន្ទាទោសលោក គឹម សុខ និងទារសំណងជំងឺចិត្តចំនួន ១០០លានរៀល ឬ ស្មើប្រមាណ២៥ ០០០ដុល្លារ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ នៅថ្ងៃពុធទី១៨ ខែមករា បានប្រកាសសាលក្រមកំបាំងមុខដោយផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ដាក់ពន្ធនាគារ ១៨ខែ និងពិន័យប្រាក់ចំនួន៨ លានរៀលចូលថវិការដ្ឋ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិសុខសង្គម និងបរិហារកេរ្តិ៍»

លោក សេង សុជាតិ ក៏បានបង្គាប់ឱ្យសងជំងឺចិត្ត ៥០លានរៀលឬ ស្មើប្រមាណ១២ ៥០០ដុល្លារសហរដ្ឋអាមេរិក ទៅប្រមុខរដ្ឋាភិបាល និងបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់និងឃុំខ្លួនលោក គឹម សុខ ផងដែរ។

សំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិសុខសង្គម និងបរិហារកេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទាក់ទិននឹងការផ្ដល់បទសម្ភាជាមួយវិទ្យុអាស៊ីសេរី រឿងឃាតកម្មលោកបណ្ឌិត កែម ឡី និងលោក ជា វិជ្ជា ជាដើម។

ចំពោះលោក គឹម សុខ មកដល់ពេលនេះ ធ្លាប់ត្រូវបាន​តុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈ​​ពេ​​​ល ​​​​​១៨ខែ រួចមកហើយ ក្រោមបទចោទ «បរិហារកេរ្តិ៍ និង​ញុះញង់» នេះដែរ។ នៅក្នុងបទសម្ភាស​​​ទាំង២​​លើ​​ក ​ជាមួយ​វិទ្យុ​​អាស៊ីសេរី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ អ្នកវិភាគរូបនេះបានភ្ជាប់គណបក្ស​​ប្រជា​​ជន​​ក​ម្ពុ​​ជា និង​​លោក​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅនឹងអំពើឃាតកម្មលោកបណ្ឌិត កែម ឡី ដែល​ត្រូវ​​​បា​​ន​​​​​ឃាតក​​បាញ់​​​​​សម្លា​​ប់​​កាលពីខែ​កក្កដា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ