តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ ខណៈសំណុំរឿងមួយទៀតបង្វិលឱ្យស៊ើបអង្កេតឡើងវិញ

លោក គឹម សុខ អ្នកវិភាគនយោបាយ។ (ហ្វេសប៊ុកលោក គឹម សុខ)

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» និងសងសំណងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៥០លានរៀល ខណៈសំណុំរឿងលោក គឹម សុខ និងមនុស្ស២នាក់ទៀតត្រូវបានចៅក្រមបង្វិលឱ្យស៊ើបអង្កេតឡើងវិញ

ការសម្រេចនៅថ្ងៃពុធ ទី១៨ ខែមករានេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ បានបើកសវនាការលើសំណុំរឿងនេះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែលមានលោក គី តិច មេធាវីតំណាងដោយអាណត្តិឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅលោក គឹម សុខ។ ក្នុងពាក្យបណ្ដឹងនោះ មេធាវីដើមបណ្ដឹង ដោយប្ដឹងទៅតុលាការឱ្យផ្ដន្ទាទោស លោក គឹម សុខ និងទារសំណងជំងឺចិត្តចំនួន១០០លានរៀលឬ ស្មើប្រមាណ២៥ ០០០ដុល្លារ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ នៅថ្ងៃពុធ ទី១៨ ខែមករា បានប្រកាសសាលក្រមកំបាំងមុខដោយផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ដាក់ពន្ធនាគារ ១៨ខែ ឬមួយឆ្នាំកន្លះ និងពិន័យប្រាក់ចំនួន៨លានរៀលចូលថវិការដ្ឋ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិសុខសង្គម និងបរិហារកេរ្តិ៍»។

លោក សេង សុជាតិ ក៏បានបង្គាប់ឱ្យសងជំងឺចិត្ត​៥០លានរៀល ឬស្មើប្រមាណ១២ ៥០០ដុល្លារសហរដ្ឋអាមេរិក ទៅរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់និងឃុំខ្លួនលោក គឹម  សុខ ផងដែរ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រឡាបញ្ជី​បានអានចម្លើយ​របស់​លោក គឹម សុខ ដែល​បាន​ផ្តល់នៅដំណាក់កាលអយ្យការ​​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​ការឃុំ​ខ្លួនរូបលោក។

នៅក្នុងចម្លើយ ឆ្នាំ២០១៧ លោក គឹម សុខ បាននិយាយថា លោកមិនមានចេតនាញុះញង់នរណាម្នាក់ឡើយ ខណៈលោកនៅតែបន្តការជជែកវែកញែកអំពីឃាតកម្មបង្កប់ហេតុផលនយោបាយ។

លោកបានរៀបរាប់អំពីករណីមួយចំនួន ដូចជា លោក ធន់ ប៊ុនលី ចាងហ្វាងកាសែត និងជាអ្នករិះគន់រដ្ឋាភិបាល ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៦, អ្នកស្រី ពិសិដ្ឋ ​ ពិល្លិកា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានសម្លាប់នៅក្នុងខែកក្កដា ឆ្នាំ១៩៩៩ ចំពេលមានការអះអាងពីទំនាក់ទំនងជាមួយនឹងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ចំណែកតារា​ចម្រៀង កញ្ញា ទូច ស៊ុននិច និង​អ្នក​កាសែត​​ប្រឆាំង លោក ជួ ជេដ្ឋារិទ្ធ ត្រូវ​បាន​បាញ់សម្លាប់​ក្នុងសប្ដាហ៍​តែ​មួយ ​ក្នុង​ខែ​តុលា ឆ្នាំ២០០៣, មេដឹកនាំ​សហជីព​ លោក ជា វិជ្ជា ត្រូវ​បាន​​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ ​ឆ្នាំ២០០៤, និង​លោក ឈុត វុទ្ធី អ្នក​ការពារបរិស្ថាន​ ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១២។

លោក គឹម សុខ ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល១៨ខែ​ ពាក់ព័ន្ធនឹង​បទ​សម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៧ ខណៈនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣​ តុលាការបានផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគារ ១៨ខែទៀត និងសងជំងឺចិត្តដើមបណ្តឹងជាង ១ម៉ឺនដុល្លារ ​ពាក់ព័ន្ធនឹងបទសម្ភាសកាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ជាមួយវិទ្យុអាស៊ីសេរីដដែលនេះ។

សំណុំរឿង​ទាំងពីរ​នោះ​ ដើមបណ្តឹងសំអាងថា លោក គឹម សុខ ដែលបានចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា និងរដ្ឋាភិបាល ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជាអ្នកវិភាគ​នយោបាយ​។

អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់វីអូឌីនៅថ្ងៃពុធ​ថា រដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ក្នុងការផ្ដន្ទាទោស និងទាមទារសំណង លើអ្នកវិភាគនិងអ្នកធ្វើការងារសង្គម ព្រមទាំងសកម្មជន រហូតដល់ថ្នាក់ដឹកនាំនយោបាយ ដែលមានស្មារតីទាមទារយុត្តិធម៌សង្គម និងរិះគន់ចំពោះការដឹកនាំមិនត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

លោកថា៖ «ការសម្រេចក្ដីឱ្យខ្ញុំចាញ់ទាំងអយុត្តិធម៌នេះ គឺជាឧទាហរណ៍មួយនៃការគំរាមកំហែង ២យ៉ាង មិនមែនចំពោះតែរូបខ្ញុំម្នាក់ទេ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋខ្មែរទូទៅ ដែលហ៊ានធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម។ ទី១ គំរាមអសន្តិសុខផ្ទាល់ខ្លួន ដែលប្រើប្រាស់ប្រព័ន្ធតុលាការចាត់ការឱ្យជាប់គុក និងទី២ គំរាមលើសេរីភាព ដោយចាត់ការឱ្យបង់ជំងឺចិត្តទៅពួកគាត់អ្នកកាន់អំណាច ឬក៏គណបក្សប្រជាជនកម្ពុជា ច្រើនម៉ឺនដុល្លារ អ្នកខ្លះដល់លានដុល្លារ ឱ្យជាប់ចំណងហិរញ្ញវត្ថុ និងរើមិនរួចតែម្ដង។ នេះគេហៅថា ​ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នេះ ដើម្បីសម្រេចគោលដៅអំណាចរបស់ពួកអ្នកកាន់អំណាច»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកការសម្រេចរបស់តុលាការធ្វើឡើងហាក់បានប្រាសចាកចំពោះប្រទេសផ្សេងៗទៀតដែលប្រកាន់នីតិរដ្ឋ តាមបែបលទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា អ្នកវិភាគ ជាអ្នករិះគន់នូវចំណុចអវិជ្ជមានដែលកំពុងកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ហើយគោលដៅនៃការរិះគន់នេះ ក្នុងការស្ថាបនា និងកែលម្អចំណុចខ្វះខាត ដើម្បីបំពេញឱ្យបានពេញលេញនូវប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលត្រូវតែគោរព។

លោក សេក សុជាតិ បន្តថា នៅពេលដែលរដ្ឋាភិបាល និងតុលាការប្ដឹងផ្ដល់ និងកាត់ទោសអ្នកវិភាគដែលជាអ្នកទាមទាររឿងអយុត្តិធម៌សង្គមនោះ លោកថា កម្ពុជាកំពុងដើរប្រាសចាកពីនីតិរដ្ឋ ហើយក៏ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនទាន់មានភាពចាស់ទុំ ក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «បរិបទ ឬការវិបត្តិនយោបាយនៅកម្ពុជា កំពុងដើរប្រាសចាកអំពីរដ្ឋធម្មនុញ្ញ ដែលដើរចេញពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ងាយទៅប្រើប្រាស់ឥទ្ធិពលអំណាចផ្ដាច់មុខ ដើម្បីគ្រប់គ្រង និងធ្វើយ៉ាងណាដើម្បីរក្សាឱ្យបាននូវអំណាចរបស់ខ្លួន ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។

ចំណែកសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្ត​អំពើបង្កឱ្យមាន​​ភាព​​​វឹក​វ​​រ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលមានជនជាប់ចោទ ៣នាក់នោះ ហើយត្រូវប្រកាសសាលក្រមនាថ្ងៃពុធនេះដែរ លោក សេង សុជាតិ ចៅក្រមជំនុំជម្រះ សម្រេចបង្វិលឱ្យស៊ើបអង្កេតឡើងវិញ។

សំណុំរឿងព្រហ្មទណ្ឌមួយទៀតដែលមានជនជាប់ចោទ លោក គឹម សុខ អ្នកវិភាគសង្គម និង​​ន​​យោ​បាយ, កញ្ញា មាស លក្ខិណា អតីតអ្នកគាំទ្រនយោបាយរបស់គណបក្សប្រឆាំង និងលោក ហ៊ុយ សុខ​​​គ្រៀល ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋ​​កម្មឆ្លង​ដែន នៃ​​ក្រសួងមហាផ្ទៃ ប្តឹង​ដោយ​ចោទប្រកាន់ពីបទ «អំពើញុះញង់ឱ្យប្រព្រឹត្ត​អំពើបង្កឱ្យមាន​​ភាព​​​វឹក​វ​​រ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីដើមខែ​កញ្ញា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ