តំណាងពលរដ្ឋចំនួន៧នាក់ ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យចូលសវនាការនៅថ្ងៃនេះ ខណៈពលរដ្ឋជាង១០០នាក់បានចូលរួមគាំទ្រនៅមុខសាលាដំបូងខេត្តនេះផងដែរ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរ លោក ឡោ ក្រឹម អមដោយក្រឡាបញ្ជី នៃសាលាដំបូងខេត្តកោះកុង លោក ម៉េង ចាន់ថេង បានសម្រេចដាក់តំណាងពលរដ្ឋ៧នាក់ រួមមាន អ្នកស្រី ភាព តេង, អ្នកស្រី ណុយ សុខ, អ្នកស្រី ទន់ ឡាយ, លោក តូច ង៉ាន់, លោក ឃង់ រុច និងតំណាងពលរដ្ឋផ្សេងទៀត ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយឆ្លើយបំភ្លឺពាក់ព័ន្ធបទចោទ «អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងអំពើប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក ឃុន តឿន បានចេញដីកាកោះហៅតំណាងពលរដ្ឋទាំង៧នាក់នោះឱ្យចូលសវនាការនៅរសៀលថ្ងៃទី១៨ ខែមករានេះ។
តំណាងពលរដ្ឋដែលកំពុងជាប់បណ្តឹងនៅតុលាការ អ្នកស្រី ភាព តេង បានច្រានចោលចំពោះការចោទប្រកាន់នេះ។ អ្នកស្រីថា វាជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត ដែលពួកគាត់ជាប្រជាពលរដ្ឋបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុនរំលោភយកហើយ និងត្រូវបានគេប្តឹងទៅតុលាការថែមទៀត។
តំណាងពលរដ្ឋរូបនេះអះអាងថា ពលរដ្ឋ២៤៣គ្រួសារ នៅសហគមន៍ព្រលាន ក្នុងឃុំកណ្ដោល ស្រុកបូទុមសាគរ ត្រូវបានក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់លោកឧកញ៉ា លី យ៉ុងផាត់ បានដាក់គ្រឿងចក្រឈូសឆាយដី និងផលដំណាំរបស់គាត់អស់ជាច្រើនហិកតាកាលពីឆ្នាំ២០០៦ ហើយអាជ្ញាធរបានគំរាមកំហែងមិនឱ្យពលរដ្ឋចេញតវ៉ាប្រឆាំង និងបានគំរាមចាប់ខ្លួនពួកគាត់ដាក់ពន្ធនាគារផងដែរ ខណៈដីនោះ ពួកគាត់បានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥។
អ្នកស្រី ភាព តេង បន្តថា ក្រោយគ្មានដីធ្លីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតនោះ គឺនៅឆ្នាំ២០១៨ អ្នកភូមិបាននាំគ្នាតវ៉ាទាមទារយកដីធ្លីមកវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយនោះទេ ហើយនៅឆ្នាំ២០២២ អ្នកភូមិបាននាំគ្នាចូលទៅបោះតង់រស់នៅលើទីតាំងដីជម្លោះរៀងៗខ្លួន និងត្រូវបានអាជ្ញាធរប្តឹងតំណាងពលរដ្ឋ៧នាក់ទៅតុលាការយ៉ាងអយុត្តិធម៌។
អ្នកស្រីបន្ថែមថា៖ «រឿងនេះ វាអយុត្តិធម៌សម្រាប់ខ្ញុំ និងប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់នៅខេត្តកោះកុង។ យើងមានការឈឺចាប់មែនទែន ដោយសារយើងបាត់បង់ដីធ្លីហើយ ត្រូវបានគេយកប្រព័ន្ធតុលាការមកគាបសង្កត់ គំរាមកំហែងលើពួកខ្ញុំទៀត។ ចំពោះបទចោទនេះ ខ្ញុំមិនទទួលស្គាល់នោះទេ ព្រោះយើងជាអ្នករងគ្រោះដីធ្លីពិតប្រាកដ បែរជាចោទប្រកាន់ថាយើងញុះញង់ និងបង្កភាពវឹកវរដល់សង្គមទៅវិញ»។
បើតាមអ្នកស្រី ភាព តេង ក្រោយការសាកសួរតំណាងពលរដ្ឋប្រមាណ៤ម៉ោង គឺតុលាការខេត្តកោះកុង មិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយឱ្យពួកគាត់ទៅផ្ទះវិញ និងរង់ចាំសវនាការនៅថ្ងៃទី២២ ខែមករា បន្តទៀត។
តំណាងពលរដ្ឋដែលកំពុងជាប់បណ្ដឹងនៅតុលាការម្នាក់ទៀត អ្នកស្រី ណុយ សុខ និយាយថា ការដើរតវ៉ារយៈពេល៥ឆ្នាំមកនេះ គឺអាជ្ញាធរមិនបានខិតខំរកដំណោះស្រាយជូនពលរដ្ឋនោះទេ ប៉ុន្តែបានព្យាយាមច្រានចោលការដោះស្រាយ គំរាមកំហែង និងស្វែងរកបទចោទដើម្បីចោទប្រកាន់ប្រជាពលរដ្ឋទៅតុលាការ។
តំណាងពលរដ្ឋរូបនេះបន្តថា គ្រួសារអ្នកស្រីបានបាត់បង់ដីចម្ការប្រហែល៥ហិកតា ដោយសារក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រំលោភយកកាលឆ្នាំ២០០៦ ដោយក្រុមហ៊ុននេះពុំបានដោះស្រាយជូនគាត់ឡើយ ក្រៅពីការគំរាមកំហែងចាប់ខ្លួន និងគំរាមប្តឹងទៅតុលាការ។
អ្នកស្រីបន្ថែមថា៖ «កាលពីក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយផលដំណាំ និងដីធ្លីពួកខ្ញុំហ្នឹង គឺអាជ្ញាធរភូមិឃុំបានគំរាមកំហែងពួកខ្ញុំ។ គេថាប្រសិនបើខ្ញុំហ៊ានទៅតវ៉ាលើដីហ្នឹង គេនឹងបាញ់ចោល គេនឹងចាប់ដាក់គុក។ ដល់លឺអ៊ីចឹង ពលរដ្ឋខ្ញុំគាត់អត់ហ៊ានចេញតវ៉ាទេ។ ហើយនៅក្នុងសវនាការ ខ្ញុំបានសំណូមពរដល់តុលាការឱ្យជួយផ្តល់យុត្តិធម៌ដល់ពួកខ្ញុំ ព្រោះខ្ញុំជាអ្នករងគ្រោះពិតប្រាកដ មិនបានទៅរំលោភយកដីក្រុមហ៊ុននោះទេ។ ដីនេះម៉ែឪខ្ញុំចេញឱ្យជាយូរឆ្នាំមកហើយ ហើយពួកខ្ញុំបានដាក់ញត្តិរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ»។
លោក យុទ្ធ ជឿន អាយុ៦០ឆ្នាំ ដែលអះអាងថាជាអតីតទាហាន និងអតីតមេភូមិព្រលាន នៅឃុំកណ្តោល បានឱ្យដឹងថា ប្រជាពលរដ្ឋពិតជាបានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ រំលោភយកកាលពីឆ្នាំ២០០៦ ពិតមែន។ លោកថា គ្រួសារលោកក៏បានបាត់បង់ដីទំហំជាង ៧ហិកតា ដោយសារក្រុមហ៊ុននេះផងដែរ ខណៈដីនោះ លោកបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៨៤។
យ៉ាងណា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងជាថ្មីទៀត ដោយបដិសេធដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋចំនួន ២៤៣គ្រួសារ នៅសហគមន៍ព្រលាន, ពលរដ្ឋ ៨៤៣គ្រួសារ នៅសហគមន៍៨៤៣ និងពលរដ្ឋ ១២៩គ្រួសារ នៅសហគមន៍១២៩ និងសហគមន៍ផ្សេងទៀត ដែលពលរដ្ឋអះអាងថាកំពុងមានជម្លោះជាមួយក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងស្រុកស្រែអំបិល បូទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លី គឺមិនមែនជាដំណោះស្រាយល្អ និងអាចដោះស្រាយបញ្ហាចប់បានឡើយ។ លោកថា អាជ្ញាធរគួរតែធ្វើការសម្របសម្រួលដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានឆាប់ ដោយចៀសវាងការចោទប្រកាន់ និងចាប់ពលរដ្ឋដាក់ពន្ធនាគារ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់សិទ្ធិដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោក ហ៊ួរ អ៊ីន សង្កេតឃើញថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ឬអ្នកមានលុយមានអំណាច គឺភាគីក្រុមហ៊ុន ឬអ្នកមានលុយមានអំណាច តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់ទៅលើប្រជាពលរដ្ឋ ដោយពលរដ្ឋខ្លះត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងខ្លះទៀតត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។
លោកបន្ថែមថា៖ «ករណីនេះ ជាករណីជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន ហើយការប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋបែបនេះ វាមិនមែនជាដំណោះស្រាយដ៏ល្អមួយ និងសមរម្យនោះទេ។ អ៊ីចឹងអាជ្ញាធរគួរតែសម្របសម្រួលឱ្យបានខ្ពស់នៅក្នុងរឿងហ្នឹង ព្រោះវាជាករណីជម្លោះដីធ្លីដែលអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី គួរតែសម្របសម្រួលដោះស្រាយបញ្ចប់រឿងហ្នឹងឱ្យបានលឿនទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បានស្ដីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំវិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោកបានបញ្ជាទៅមន្ត្រីទាំងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។ លោកក៏ធ្លាប់ប្តេជ្ញាថាមិនឱ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសាររឿងជម្លោះដីធ្លីនោះដែរ។
លោកបន្ថែមថា៖ «គាត់ដាំដុះកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគល់ឱ្យគាត់ទៅ! ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះហ្អ៎! បើនៅក្នុងគណបក្ស ខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែលោកឯងហ្អី? បានប្រកាច់ខំទុកធ្វើអី? មិនចែកឱ្យប្រជាជនទៅ? [….] ដល់សួរទៅ អាហ្នឹងដីអ្នកណា? ថាដីគាត់ចូលទៅទន្ទ្រាន គាត់ទៅ[កាន់]កាប់។ ហើយចុះអ្នកណាគេធ្វើអីនៅ? ថាអត់ទាន់ធ្វើអីទេ! ហើយចុះម៉េចមិនវាស់ឱ្យគាត់ទៅ? ហើយបានទៅអ្នកណា? បានទៅប្រជាជនយើងតើ! នយោបាយដីធ្លីយើងផ្តល់ឱកាសធ្វើបែបនេះ ប៉ុន្តែមន្ត្រីរបស់យើងហាក់ដូចជាស្តាប់គ្នាមិនបាន យល់គ្នាមិនបាន។ ខ្ញុំសុំដាស់តឿនសាជាថ្មីម្តងទៀត។ ចេញពីខេត្តណា ខេត្តហ្នឹងត្រូវទទួលខុសត្រូវ»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
សមាគមមួយនេះបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ៕












