ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែទទូចស្នើដល់មន្ត្រីបរិស្ថានពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ក្រោយពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗជាបន្តបន្ទាប់ ក្នុងតំបន់ការពារព្រៃព្រះរការ។
សេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ស្ថានភាពនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅតែមានបទល្មើសកើតឡើងឥតឈប់ឈរស្ទើតែរាល់ថ្ងៃ។ ជាមួយគ្នានេះ ប្រជាសហគមន៍បានបង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ខណៈពួកគេនៅតែបន្តរកឃើញបទល្មើសកាប់ឈើប្រណិតៗជាច្រើនប្រភេទ ដូចជា ដើមពពេល ផ្តៀក ស្ទៀង កកោះ ឈ្លីក និងឈើទាល (ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ) ដោយដើមឈើដែលរងការកាប់បំផ្លាញទាំងនេះ គឺមានមុខកាត់ចាប់ពី ៣៤សង់ទីម៉ែត្រ ដល់ ៩០សង់ទីម៉ែត្រ។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុ លោក ខាក់ ភារិទ្ធម៉ាស៊ី បានឱ្យដឹងថា ប្រជាសហគមន៍ចំនួន៦នាក់បាននាំគ្នាចុះល្បាតព្រៃ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន៤០ករណី និង ៦៣ក្តារបន្ទះ នៅក្នុងតំបន់ការពារព្រៃព្រះរការ។
លោកបន្តថា សហគមន៍ពិតជាមានការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃនេះនាពេលដ៏ខ្លីខាងមុន ដោយលោកសង្កេតឃើញថា មន្ត្រីបរិស្ថានហាក់ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យបទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែនៅក្នុងតំបន់អភិរក្សមួយនេះ។
លោកថា៖ «ស្ថានភាពព្រៃព្រះរការ ១០០ភាគរយ ឥលូវប្រហែលនៅសល់តែ៣០ភាគរយទេ ព្រោះករណីកាប់បំផ្លាញនៅតែមានអ៊ីចឹង ហើយក្រសួងបរិស្ថានក៏អត់សូវមានការខ្វល់ខ្វាយរឿងការកាប់ឈើ។ ហើយរឿងការដឹកជញ្ជូនព្រៃឈើនៅតែមានជារៀងរាល់ថ្ងៃ ហើយកាប់ទាំងយប់ទាំងថ្ងៃទៀត។ អនាគតព្រៃព្រះរការ មើលទៅនៅតែឈ្មោះទេ»។
រាជរដ្ឋាភិបាលបានដាក់បញ្ចូលព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា ជាតំបន់ដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រប្រជុំស្រុកចំនួន៣ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ងន ហ៊ីម បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវមានការទទួលខុសត្រូវ ដោយចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះបទល្មើសកាប់ព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរការនេះ។ លោកថា មន្ត្រីដែលអសមត្ថភាពទប់ស្កាត់ការកាប់ឈើក្នុងតំបន់ព្រៃអភិរក្សមួយនេះ មិនគួរមានតំណែងក្នុងស្ថាប័នរដ្ឋនោះទេ ដោយថានឹងបង្កឱ្យមានវិនាសកម្មព្រៃឈើកើតមានឡើងជាមិនខាន។
លោកថា៖ «មន្ត្រីពាក់ព័ន្ធ ឬមន្ត្រីឧទ្យានុរក្ស និងក្រសួងបរិស្ថាន អនុវត្តកាតព្វកិច្ចរបស់ខ្លួនឯង ដែលជាក្រសួងសាម៉ី ដែលជាមន្ទីរសាម៉ីបរិស្ថាន ត្រូវមានកាតព្វកិច្ចការពារព្រៃឈើ គឺត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនឯង ដែលជាអ្នកការពារ ដែលរស់មួយខែៗ ពលរដ្ឋបង់ពន្ធចូលទៅរដ្ឋាភិបាល ដើម្បីឱ្យគាត់អនុវត្តច្បាប់ និងអនុវត្តកាតព្វកិច្ច និងការងាររបស់គាត់»។
ជាមួយគ្នានេះ លោកថា មន្ត្រីដែលមានភារកិច្ចការពារតំបន់ព្រៃព្រះរការ មិនបានអនុញ្ញាតឱ្យពលរដ្ឋដែលស្រឡាញ់ព្រៃឈើ ចុះល្បាត ដើម្បីជាផ្នែកមួយជួយទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ដែលករណីនេះផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋចូលរួមស្ម័គ្រចិត្តសកម្មភាពសង្គម។ លោកបានស្នើឱ្យមន្ត្រីពាក់ព័ន្ធ បើកទូលាយឱ្យក្រុមយុវជនបានចុះល្បាតព្រៃឈើ ដើម្បីចូលរួមទប់ស្កាត់ការកាប់ឈើក្នុងតំបន់ព្រៃអភិរក្សមួយនេះ។
លោក ងន ហ៊ីម ស្នើថា៖ «សូមឱ្យអនុវត្តទៅតាមច្បាប់ស្តីពីតំបន់ការពារ គឺក្នុងច្បាប់ គេបានចែងច្បាស់ហើយ ឱ្យសហគមន៍មូលដ្ឋានចូលរួមការពារអភិរក្សព្រៃឈើនៅតំបន់ហ្នឹង ព្រោះអ្វីដែលយើងឃើញកន្លងមក មានតែការរឹតត្បិតសេរីភាព ជាក់ស្តែង យុវជនមក ត្រូវបានហាមឃាត់ មិនឱ្យចុះល្បាតព្រៃទៅវិញ»។
មាត្រា៣៥ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានច្រានចោលចំពោះការរកឃើញបទល្មើសការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការនេះ។ លោកបន្តថា មន្ទីរបរិស្ថានខេត្ត បានពង្រឹងការអនុវត្តច្បាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន មិនមានការធ្វេសប្រហែសដូចការលើកឡើងរបស់ប្រជាសហគមន៍នោះទេ។
លោកថា៖ «យើងធ្វើជារៀងរាល់ថ្ងៃ មិនដែលធ្វេសប្រហែសទេ ហើយចំពោះគាត់[សហគមន៍]ថាបានរបាយការណ៍ពីណាគាត់ទៅរាប់ក្ដារបន្ទះយ៉ាងម៉េចអាហ្នឹង ខ្ញុំអត់យល់ទេ! ក៏ប៉ុន្តែគ្រាន់តែថា លទ្ធផលយើងជាក់ស្តែង ក្នុងមួយឆ្នាំ ក្នុងព្រៃព្រះរការ យើងចុះល្បាតជាង៧០០ដង ហើយយើងបង្ក្រាបបទល្មើសបានជាង៤០០ករណី សបញ្ជាក់ថា ការយើងធ្វើមិនធ្វេសប្រហែសទេ»។
លោកបន្ថែមទៀតថា៖ «ក្នុងមួយឆ្នាំ យើងបញ្ជូនករណី[កាប់ឈើ]ទៅសាលាដំបូងជាង៣៣ករណី ពាក់ព័ន្ធនឹងបទល្មើសដែលយើងបញ្ជូនទេ នៅបទល្មើសដែលយើងអប់រំផ្សព្វផ្សាយ ពិន័យអន្តរកាលផ្សេងៗទៀត។ យើងធ្វើតើ! ហើយឱ្យខ្ញុំពង្រឹងច្បាប់យ៉ាងម៉េចទៀត?»
ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា មូលហេតុដែលសហគមន៍នៅតែបន្តរកឃើញបទល្មើសព្រៃថ្មីៗ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការនោះ អាចដោយសារតែមន្ត្រីបរិស្ថានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចការពារព្រៃឈើ។ លោកបន្ថែមទៀតថា បញ្ហានេះកើតមានទៅបាន ដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹងការព្រឹត្តអំពើពុករលួយ។
លោក អូត ឡាទីន ថា៖ «បច្ចុប្បន្ននេះ មន្ត្រីបរិស្ថានដែលមានកាតព្វកិច្ចក្នុងកិច្ចការអភិរក្សការពារព្រៃឈើ មានភាពធូររលុងក្នុងការអនុវត្តច្បាប់។ ពួកគាត់មិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបបទល្មើសនោះទេ។ ទោះបីសហគមន៍បង្ហាញភស្តុតាងច្បាស់ មានទាំងលេខនិយាមកាបង្ហាញ ក៏ពួកគាត់មិនខ្វល់ខ្វាយក្នុងការចុះទៅពិនិត្យ និងធ្វើចំណាត់ការផ្លូវច្បាប់នោះដែរ»។
យ៉ាងណា លោកទទូចស្នើដល់រដ្ឋាភិបាលគួរតែមានចំណាត់ការ និងយុទ្ធនាការបន្ថែមទៀត ដើម្បីធានាបានថាព្រៃឈើនៅកម្ពុជាមិនបាត់បង់បន្តទៀត។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលធ្វើចំណាត់ការច្បាប់លើមន្ត្រីបរិស្ថាន ដែលបណ្ដែតបណ្ដោយឱ្យមានការចូលទៅប្រព្រឹត្តបទល្មើសក្នុងតំបន់ព្រៃការពារ ជាពិសេសព្រៃព្រះរការ ព្រៃឡង់ និងព្រៃតំបន់ការពារផ្សេងទៀត។ បើរដ្ឋាភិបាលចង់ឱ្យព្រៃឈើឈប់បន្តមានការកាប់បំផ្លាញ រាជរដ្ឋាភិបាល ជាពិសេសមន្ត្រីបរិស្ថាន ត្រូវសហការជាមួយសហគមន៍មូលដ្ឋាន សកម្មជន ធ្វើការរួមគ្នា ដើម្បីការពារឱ្យមានប្រសិទ្ធភាព»។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)៕