លោក ស ខេង បញ្ជាទៅអាជ្ញាធរខេត្តសៀមរាបចាត់វិធានការច្បាប់លើជនល្មើសដែលបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅអាជ្ញាធរ​ខេត្តសៀមរាប ត្រូវធ្វើការស្រាវជ្រាវ បង្ក្រាប និង​ចាត់​វិធាន​ការ​ច្បាប់ ព្រមទាំង​បញ្ជូន​​ជន​ល្មើស​ទៅតុលាការ​ឱ្យទា​ន់​ពេល​វេលា បើរកឃើញថាមាន​ជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ» នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧  ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធនៅខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី ចល័តយាមល្បាត និង​​ពង្រឹងការឃ្លាំមើល ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គលិកទាំងឡាយដែលពុំមានភារកិច្ច និង​គ្មានការអនុញ្ញាត​ពី​អាជ្ញាធរជាតិអប្សរា ចូល​ទៅ​តាម​ចំណុចសំខាន់ៗនៃ​តំបន់​រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ជាពិសេសនៅពេលយប់ ដែល​នាំឱ្យមា​នភា​ព​ស្មុគ​ស្មាញ​នៃ​បទ​ល្មើស​នានា។ ជាមួយគ្នានេះដែរ លោកក៏បាន​បញ្ជាទៅអាជ្ញាធរខេត្តសៀមរាប ត្រូវធ្វើការស្រាវជ្រាវរកវត្ថុតាង បង្ក្រាប និង​បញ្ជូន​ជន​ល្មើស​​​ដែល​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌជាតិ ទៅតុលាការ​ ដើម្បីចាត់វិធានការច្បាប់។

លោក ស ខេង បានថ្លែងថា៖ «អាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ គប្បីបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ខុស​ច្បាប់ ការ​បំផ្លិច​បំផ្លាញ ការ​ជីកកកាយ​វត្ថុ​បុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាង ទៅតុលាការចាត់វិធានការតាមច្បាប់»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក៏បាន​ណែនាំទៅអង្គភាពនគរបាលការពារ​បេតិកភណ្ឌ បង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យ​កងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រឡាញ់​បេតិកភណ្ឌ វប្បធម៌ជាតិ សំដៅបង្ការនិងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ការបោះទីតាំង​ស្នាក់​នៅ ទីកន្លែង​ធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។

បន្ថែមពីនេះ​ លោក​បានណែនាំអង្គភាព​នគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកកម្ម និងទស្សនកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយ​នៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ។

អ្នកនាំពាក្យរដ្ឋបាល​ខេត្ត​សៀម​រាប លោក លី សំរិទ្ធ បានបង្ហាញការ​គាំ​ទ្រ​នឹង​បទ​បញ្ជាបន្ថែម​របស់​រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ ខណៈ​លោក​ថា បច្ចុប្បន្ននេះ ពួកគាត់​បាន​សហការគ្នាយ៉ាងល្អ ក្នុងការ​បង្ការ បង្ក្រាប និង​ទប់ស្កាត់បទល្មើសជាហូរហែ រួមមាន បទល្មើសគ្រឿង​ញៀន ល្បែង​ស៊ីសង ការ​កាប់​ឈើ និងបទល្មើសលួចវត្ថុបុរាណ ​ជាដើ​ម ដើម្បី​ការ​ពារ​សណ្តាប់​ធ្នាប់​សាធារណៈ​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតំបន់នោះផងដែរ។

លោកមានប្រសាសន៍ថា៖ «កាលពីមិ្សលមិញនេះ សម្តេចក្រឡាហោម បាន​បញ្ជាក់​បន្ថែម ត្រូវ​យក​ចិត្តទុកដាក់បន្ថែមទៀត ប៉ុន្តែនៅក្នុងតំបន់អង្គរនេះ វាមានក្រុមសមត្ថកិច្ចនៅទីនេះ ដូចជាមាននគរបាលទេសចរណ៍ មាន​នគរបាល​ការពារ​បេតិកភណ្ឌ និងនគរ​បាលខេត្ត រួមគ្នា សហការ​គ្នា ដើម្បីអនុវត្តភារកិច្ចឱ្យបានល្អប្រសើរ ឱ្យមានប្រសិទ្ធភាព»។

លោកបន្ថែមថា៖ «នៅក្នុងភូមិសាស្ត្រសៀមរាបយើងនេះ បទល្មើសមិនមានច្រើនទេ ព្រោះយើងធ្វើការងារសន្តិសុខច្រើនណាស់នៅក្នុងតំបន់ហ្នឹង ព្រោះខេត្តសៀមរាបជាខេត្តទេសចរណ៍មួយ​សំខាន់​ណាស់។ បើសិនជាបទល្មើសចេះតែកើតឡើង​ញឹក​ញាប់ យើង​មិន​អាច​ធានាឱ្យមានការទាក់ទាញភ្ញៀវទេសចរ​ឱ្យម​ក​កម្សាន្តបាន​ទេ។ អ៊ីចឹង​ហើយ​បាន​របាយ​ការណ៍ តួលេខ​ប្រចាំ​ឆ្នាំ ប្រចាំខែ ប្រចាំត្រី​មាស មិន​សូវឆ្លុះបញ្ចាំងឃើញមានបទល្មើសកើតច្រើនទេ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែន​ករុណា ​សង្កេត​ឃើញ​ថា បទ​ល្មើស​ដែល​កើតឡើងក​ន្លង​មក ភាគ​ច្រើនមិន​ត្រូវ​បាន​ចាត់​វិធានការលើជនល្មើសតាមច្បាប់នោះទេ ដោយសារជនដែលប្រព្រឹត្ត​ជា​អ្នក​មាន​លុយ​​មាន​អំណាច និង​មានការប្រកាន់បក្ខពួកនិយម ជាដើម។ ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ដោយមិន​ប្រកាន់បក្ខពួក ទើបកាត់បន្ថយបទល្មើសទាំងនេះបាន។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការអនុវត្តច្បាប់ដោយតឹងរ៉ឹង ហើយមានភាពច្បាស់លាស់យ៉ាងនេះ យើងជឿជាក់ថា បទល្មើសទាំងអស់នេះនឹងមានការកាត់បន្ថយ ហើយមិនមានកើតមានឡើងបន្តទៀតបានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ