ស៊ែប៊ី ស្នើរុស្ស៊ីបញ្ចប់ការប្រកាសជ្រើសរើសពលរដ្ឋខ្លួនសម្រាប់ចូលរួមសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vucic ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak និងអតីតនាយករដ្ឋមន្ត្រីឆែក លោក Andrej Babis នៅរបាំងព្រំដែនហុងគ្រី-ស៊ែប៊ី ក្បែរទីក្រុង Kelebia ប្រទេសហុងគ្រី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Marton Monus/Find)

ប្រធានាធិបតីស៊ែប៊ី លោក Aleksander Vucic បានឱ្យដឹងថា ប្រទេសរុស្ស៊ីគួរតែបញ្ឈប់កិច្ចខិតខំប្រឹងប្រែងនានារបស់ខ្លួន ក្នុងការជ្រើសរើសជនជាតិស៊ែប៊ី ដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមហ៊ុនយោធាឯកជន Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ការស្នើដោយប្រធានាធិបតីរូបនេះត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​រូប​លោក​បា​ន​រិះ​គន់​គេហទំព័រ និងក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន​របស់រុស្ស៊ី ចំពោះការផ្សព្វផ្សាយជាភាសាស៊ែប៊ី ដោយក្នុង​នោះ អង្គ​ភាពយោធា​​ឯកជន Wagner បានបន្តអូសទាញអ្នកស្ម័គ្រចិត្តឱ្យចូលរួមក្នុងក្រុមរបស់ពួកគេ។

ថ្លែងឱ្យដឹងតាមរយៈការចេញផ្សាយមួយដោយទូរទស្សន៍ក្នុងស្រុក លោកប្រធានាធិបតី Aleksander Vucic បានលើកឡើងថា៖ «ហេតុអ្វីបានជាអ្នកដែលមកពីក្រុម Wagner បន្តអូសទាញពលរដ្ឋពីប្រទេសស៊ែប៊ី [ចូលរួមជាមួយសង្គ្រាមនៅអ៊ុយក្រែន]? ខណៈអ្នកដឹងហើយថា សកម្មភាពនេះផ្ទុយនឹងបទប្បញ្ញត្តិរបស់យើង។»

ជាមួយគ្នានេះ លោក Aleksander Vucic ក៏បានបដិសេធការចោទប្រកាន់នានាដែលថា ក្រុម Wagner មានវត្តមាននៅក្នុងប្រទេសស៊ែប៊ី ដើម្បីរៀបចំគម្រោងឈ្លានពានអ៊ុយក្រែនចេញពីប្រទេសរបស់លោក​ផង​ដែរ។

គួរបញ្ជាក់ថា ប្រទេសស៊ែប៊ី គឺជាបេក្ខភាពមួយដែលនឹងត្រូវចូលរួមជាមួយសហភាព​អឺរ៉ុប ដែល​ជា​ដៃគូពាណិជ្ជក​ម្ម និង​វិនិយោគិន​ដ៏សំខាន់រ​បស់​ខ្លួន។ ទោះជាយ៉ាងណា ប្រទេសមួយនេះក៏រក្សាកិ​ច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ីផងដែរ ខណៈខ្លួនគឺពឹងផ្អែកទាំងស្រុងលើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។

បើទោះបីជាស៊ែប៊ី​ បានថ្កោលទោសម្តងហើយម្តងទៀតចំពោះការឈ្លានពានរបស់​រុស្ស៊ីលើអ៊ុ​យ​ក្រែន នៅឯ​អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិមួយចំនួនទៀតយ៉ាងណាក្ដី ប៉ុន្តែប្រទេសមួយនេះគិតរហូតមកដល់ពេលបច្ចុប្បន្ន នៅមិនទាន់ឃើញមានដាក់ជាទណ្ឌកម្មណាមួយ​​ប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ