ប្រធានាធិបតីវៀតណាមលាលែងចេញពីតំណែង ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបអំពើពុករលួយក្នុងប្រទេស

ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅចូលរួមកិច្ចសន្ទនារបស់មេដឹកនាំ APEC ជាមួយក្រុមប្រឹក្សាធុរកិច្ច APEC ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ (Lillian Suwanrumpha/Pool តាមរយៈ REUTERS)

រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា លោកប្រធានាធិបតី ​ង្វៀន សួនហ៊្វុក ​ (Nguyen Xuan Phuc) បានលាលែងចេញពីតំណែង បន្ទាប់ពីគណបក្ស​កុម្មុយនីស្ត​វៀតណាម (Communist Party) ដែលកំពុងកាន់អំណាច បានស្តីបន្ទោសរូបលោកទាក់ទងនឹងការបំពាន និង​ការប្រព្រឹត្ត​ខុស​ដោយមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់លោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ការប្រកាសចុះចេញពីតំណែង​ដោយប្រធានាធិបតីវៀតណាមនេះ ក៏កើតឡើងស្រប​ពេល​ដែល​វៀត​ណាម​កំពុង​​តែ​បង្កើន​ការ​បង្ក្រាប​អំពើ​ពុក​រលួយនៅ​ក្នុង​ប្រទេសផងដែរ។

លោក ង្វៀន សួនហ៊្វុក ​ដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីវៀតណាមផងដែរនោះ បានកាន់តំណែងជាប្រធានាធិបតីវៀតណាម គិតចាប់តាំងពីឆ្នាំ​២០២១ ខណៈលោកក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ ដែល​ត្រូវបានកំណត់គោលដៅក្នុងការបង្ក្រាបអំពើពុករលួយដ៏ខ្លាំងក្លារបស់គណបក្ស។

យោងតាមការឱ្យដឹងពីរដ្ឋាភិបាល លោក ង្វៀន សួនហ៊្វុក ​ដែលបច្ចុប្បន្នមានវ័យ៦៨ឆ្នាំ មាន​ការ​ទទួលខុស​ត្រូវ​ចំពោះបទ​ល្មើស​ដែលប្រព្រឹត្តដោយមន្ត្រីជាច្រើន រួមទាំងឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រី ៣រូបផ្សេងទៀតផងដែរ។

ថ្លែងឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ប្រភពដដែលបន្ថែមថា៖ «ដោយមានការយល់ដឹងយ៉ាងពេញលេញអំពីទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខគណបក្ស និងប្រជាជន លោក [Nguyen Xuan Phuc] បានដាក់ពាក្យសុំលាលែងដើម្បីបញ្ចប់មុខតំណែងបច្ចុប្បន្ន ហើយចូលនិវត្តន៍»។

ទាក់ទិននឹងករណីនេះ ការិយាល័យ​របស់​លោក ង្វៀន សួនហ៊្វុក ​មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយបាន​ទេ ខណៈតំណែងប្រធានាធិបតីថ្មីក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរ។​

ស្ថិតក្នុងយុទ្ធនាការ​បង្ក្រាប​អំពើ​ពុករលួយដ៏ខ្លាំងក្លានៅ​ក្នុង​ប្រទេស រដ្ឋសភាវៀតណាម កាលពីពេលថ្មីៗនេះ ក៏បាន​បោះ​ឆ្នោត​ដក​ឧបនាយករដ្ឋមន្ត្រី ២រូប ​ដែល​រួម​មាន​លោក Pham Binh Minh និង Vu Duc Dam ចេញ​ពី​មុខតំណែង​របស់​ពួក​គេផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ