បក្សភ្លើងទៀននឹងកែខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍ដែលរិះគន់បក្សកាន់អំណាច ក្រោយលោក ហ៊ុន សែន ព្រមានប្ដឹងទៅតុលាការ

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួល​ស្គាល់ថា អ្វីដែលមា​ននៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស កា​​​​ល​​​ពីថ្ងៃម្សិលមិញ គឺជារឿងដែលឆ្គាំឆ្គង និងមិនគួរឱ្យកើតមានទៀត​នោះ​ទេ ហើយ​ផ្ទៃ​ក្នុង​គណបក្ស​​នឹងដក​​ខ្លឹម​​សារដូចដែល​មាននៅក្នុងសេចក្ដីថ្លែងការណ៍នោះចេញ​ជា​បន្ទាន់​ផង​ដែរ ក្នុងន័យដើម្បីសម្រួល​​ស្ថាន​ការណ៍​​​នេះឱ្យមាន​ភាពប្រក្រតី​ឡើង​វិញ។

ការបញ្ជាក់ជំហរបែបនេះរបស់លោក សុន ឆ័យ អនុប្រធានគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ក្នុងពេល​​ដែល​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ដោយ​ព្រមាន​ធ្ងន់ៗ​ថា ​ខ្លួន​នឹង​បង្គាប់​ឱ្យ​មេធាវី​របស់​រដ្ឋាភិ​បាល ពិនិត្យ​ដោយ​​​ម៉ត់​​​ចត់ មុន​នឹង​ត្រូវដាក់បណ្តឹង​ចូល​ទៅ​តុលាការប្រឆាំង​គណបក្ស​ភ្លើង​ទៀន។

លោក សុន ឆ័យ អះអាងនៅថ្ងៃនេះថា គណៈកម្មាធិការ​កណ្តាល​គណបក្សភ្លើង​ទៀន នឹង​ដក​ចេញ​នូវ​​​ខ្លឹម​​សារដូច​មាននៅក្នុងសេចក្តីថ្លែងការណ៍នោះចេញ ដោយមិនបង្អង់យូរទៀតទេ។ ស្របពេលជាមួយគ្នានេះ លោក​ទទួលស្គា​​ល់ថា ខ្លឹមសារនោះពិតជា​​មិន​​​​​គួរគប្បី​ប្រើ​​ប្រាស់ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ប្រតិ​​កម្ម​​មែន។

លោកបន្តថា៖ «យើងត្រូវចៀសឱ្យផុតអំពីការប្រើពាក្យពេចន៍ណាដែលប៉ះពាល់ទៅដល់តម្លៃនៃគណបក្ស​​​ណាដែ​​លយើងកំពុងតែប្រកួតប្រជែងជាមួយ ដូច្នេះនេះមានភាពខុសឆ្គង ខ្ញុំទទួលស្គាល់ ហើយយើងនឹងកែ​​ឱ្យបានឆាប់ ហើយយើងក៏នឹងធ្វើយ៉ាងម៉េចកុំឱ្យទម្លាប់ចាស់ដែលមិនល្អហ្នឹងកុំឱ្យកើតមានឡើងតទៅទៀត »។

ថ្លែងនៅក្នុងវេទិកា​ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ រាជធានីភ្នំពេញ កាល​ព្រឹក​ថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០២៣​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុ​​ សែន បាន​ស្នើឱ្យគណបក្សភ្លើងទៀនចេញ​មុខ​សុំទោសជាសាធារណៈ ប្រសិន​បើមិន​ដូច្នេះ​ទេ លោក​​នឹ​​ង​​​​​​​ប​ង្គា​ប់ឱ្យលោក គី តិច ដែលជាមេធាវីរបស់លោក ពិនិត្យ​ខ្លឹម​សារ​ដែល​មាន​នៅក្នុង​សេចក្តី​​ថ្លែង​​ការណ៍​​នោះ នឹ​ងដាក់បណ្តឹងទៅតុលាការ។

បើតាម​លោក ហ៊ុន សែន មានតែការធ្វើដូច្នេះទេ ទើប​អាច​ស្វែងរក​យុត្តិធម៌ និង​ប៉ះប៉ូវ​ការ​ចោទ​​​ប្រ​​កា​ន់ ដែល​​​លោ​​ក​ចាត់​ទុក​ជា​ការ​មួល​បង្កាច់​ខុស​ពី​ការ​ពិត​នេះ​បាន។

លោកបន្តថា៖ «ឥឡូវនេះ ខ្ញុំសូមបញ្ជាក់ សេចក្តីថ្លែងការណ៍ពីម្សិលខ្ញុំមើល មានចេញសេចក្តី​​​ថ្លែងការ​​​ណ៍​​ដែ​​​​​​​​និយាយ​​ប៉ះពាល់ដល់គណបក្សប្រជាជនគាបសង្កត់។ ឥឡូវនេះ ​​​តើគណបក្សប្រជាជន​​​គាបសង្កត់​​អ្នក​​​​ឯងលើរឿងអី? រឿងដូចជាអ្នកណាមួយ ដូចជាអនុប្រធានគណបក្សណាមួយជាប់គុក គេវាយខ្នោះ បើកសែកអត់​​​លុយ អារឿងបើកសែកអត់លុយហ្នឹងជាប់ខ្នោះតែញឹក ប៉ុន្មានថ្ងៃមុនឃើញ​​​ដូចជាពីរបីអាទិត្យ​​មុន​​​​ ឃើញ​​ឧក​​​ញ៉ាណាផង ឃើញចេញសែកអត់លុយ អាហ្នឹងសុទ្ធតែជួញជាប់គុកតែទាំងអស់​​ហ្នឹងហើយ។​​ ហើយ​​រឿ​​​​​ស្អីសុទ្ធ​​តែរឿងនយោបាយ រឿងស្អីសុទ្ធតែរឿងនយោបាយ រឿងហ្នឹងនិយាយគ្នាឱ្យច្បាស់។ ​​អត់ទេ! គណបក្ស​​ប្រ​​ជាជន មិនអាចទុកឱ្យអ្នកឯងធ្វើរបៀបហ្នឹងតទៅទៀតទេ។ យើងប្តឹងទៀត បើមិនឱ្យប្តឹង មានស្អី អញ​​​​លើកបាតុកម្ម ដាក់ឯងរត់ពេញទឹកពេញដី រកកន្លែងរត់មិនឃើញទៀតណោះ។ នេះចេះគេថ្នម​​ហើយ​​ប៉ុណ្ណឹ​​​​​​នោះ ចេញមកវាឈ្លើយតែម្តង»។

តាមរយៈសេចក្តីថ្លែងការណ៍ចុងក្រោយ​របស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃម្សិលមិញ បង្ហា​ញ​​ថា ខ្លួនប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ​​ខាងនយោ​​បាយពីគ​​ណ​​​បក្សកាន់អំណាច ហើយស្នើឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់។

គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គណ​​បក្ស​​ភ្លើង​​ទៀន បានចេញសេចក្តី​​ថ្លែងកា​​រ​ណ៍​​​​របស់ខ្លួន យ៉ាងហោចណាស់ក៏៣លើករួច​​ហើយដែរ។ សេ​ចក្តីថ្លែង​​​​​ការណ៍ទាំងនោះធ្វើឡើង​គាប់​ជួន​​មន្រ្តី​​​ជាន់​​​​ខ្ពស់​​​នៅក្នុងគណបក្ស គឺលោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថ​កិច្ចចាប់​ខ្លួន ក្រោម​​បទចោទ​​ប្រ​​កា​​ន់ ចេញ​មូលប្បទានបត្រដែលគ្មានសាច់ ឬហៅថាសែកស្អុយ។

នៅថ្ងៃនេះដែរ ក៏ជាលើកទីមួយហើយដែលលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​ស្គាល់​ថា ​លោក​គឺ​ជា​មេដឹក​​​នាំ​​បែប​​ហិ​​ង្សា។ ក្នុងពេលជាមួយគ្នានេះ​ លោក ហ៊ុន សែន ក៏បានព្រមាន​ចាប់​ខ្លួន​អ្នក​រិះ​គន់​ដាក់​ពន្ធនាគារដោយ​មិន​​​រុញ​​រា​​ទៀតឡើយ ​​រាប់ចាប់​​​តាំ​​​​ង​​ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់​​ជា​តិ នៅពេលរកឃើញថា នៅបន្តសាបព្រោះ​​វប្បធម៌​​​រិះគន់​​​គណបក្សប្រជាជនកម្ពុជា គឺ​លោក​​នាយក​រដ្ឋមន្រ្តី អះអាងថា ​​​នឹង​​ឈប់​​​ឱ្យ​អ្នក​រិះគន់ទាំ​ងនោះ​​រត់រួច​​ខ្លួន​​ទៀត​ហើយ ទោះត្រូវភៀស​ខ្លួនតាមមធ្យោបាយណាក៏ដោយ។

លោកបន្តថា៖ «ឥឡូវនេះ អាអ្នកនៅខាងក្រៅឯងជេរអញ ជេរទៅ ឯងរួចខ្លួនហើយ។ តែអាពួកនៅខាង​​ក្នុង​​គ្មាន​​រួចទេ អញខ្ទប់ទាំងទល់ដែនទៀត មិនឱ្យឯងចេញទៅណា»។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ ចាត់​ទុក​ថា កម្ពុជាគឺជា​​រដ្ឋ​​​​ដែលប្រកាន់គោលការណ៍របបប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែប្រសិនបើបណ្តាបក្សនយោបាយមិន​​អាច​​​ធ្វើសកម្មភាពអ្វីបាន ព្រោះតែត្រូវជាប់បណ្តឹង មានន័យថា កម្ពុជាមិនបានអនុវត្តតាម​​ស្មារតីច្បាប់​​ទេ។​​ជា​ង​​នេះទៀត លោកថា ប្រសិនបើសូម្បីគណបក្សភ្លើងទៀន ត្រូវប្រឈមមុខចំពោះមុខច្បាប់ ឬអាចមាន​​វាសនា​​មិន​​ខុស​​​​ពីគណបក្សសង្រ្គោះជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់​​អំណាចលើសលុបទៅ​​លើ​ដៃ​គូ​ប្រកួត​​​ប្រ​​ជែង​​​នៅក្នុង​សង្វៀន​នយោបាយហើយ។

លោកបន្តថា៖ «យើងឃើញថា បើហ៊ានតែធ្វើតាមការចង់បានហ្នឹង មានន័យថា គណបក្សនេះ គឺជាគណបក្ស​​​មួយ​​​​ដែលមិនមែនជាក្ដីសង្ឃឹមល្អ ឬក៏ជាសេចក្តីសង្ឃឹមដ៏រឹងមាំ​​របស់ប្រជា[ពលរដ្ឋ]ម្ចាស់​​ឆ្នោតនោះទេ។ វានឹងក្លាយ​​​ជាគំរូមួយដ៏អាក្រក់ ហើយវាក៏នឹងរុញច្រានប្រទេសកម្ពុជាទៅជាប្រទេសមួយដើរប្រាសចាកគន្លងនីតិរដ្ឋ និងរដ្ឋធម្មនុញ្ញដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង[ប៉ារីស] ២៣ តុលា ឆ្នាំ១៩៩១នោះ»។ 

នៅថ្ងៃនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះសារ​នយោបាយរបស់​គណបក្ស​ភ្លើង​ទៀន​ហើយ គ​​ណ​​​​​​បក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមដែរ។ តាមរយៈសេចក្តីថ្លែង​​ការ​​ណ៍​​របស់ខ្លួន គណបក្សកាន់អំណាច មិនអាចទទួលយកនូវការប្រមាថពីគណបក្សភ្លើងទៀននេះទេ និង​គាំ​​​ទ្រ​រាល់​​​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល។

បើទោះជាបែបណា សហគមន៍​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​ថា​នឹង​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ឬហៅថា EBA ទាំង​​ស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតទាំងថ្នាក់ឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២​​០​២៣ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និង​យុត្តិធម៌ទេ ជាពិសេសបរិយាកាសនយោបាយ រកឃើញថា នៅ​​តែ​​​​រងការគំរាមកំហែង និងយាយីខាងនយោបាយទៅលើបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ