តុលាការមិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ ខណៈក្រុមមេធាវីចាត់ទុកការឃុំខ្លួនកូនក្ដីជាថ្មីថាបំពាននីតិវិធី

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាដំបូង​រាជធានីភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​សហជីព​​ កញ្ញា ឈឹម ស៊ីថរ​ នៅក្រៅឃុំបណ្ដោះអាសន្ន ទោះបីជាក្រុមមេធាវី លើកសំអាង​ថា ការ​ចាប់និង​ឃុំខ្លួន​កូន​ក្ដីរបស់ខ្លួន​ជាថ្មីនេះ​​ ជាការ​បំពាន និងអនុវត្តលើសនីតិវិធីច្បាប់។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បាន​បើក​សវនា​ការលើ​បណ្ដឹង​​​សុំ​នៅ​ក្រៅឃុំរបស់​ក្រុម​មេធាវី​ការ​ពារ​ក្ដីឱ្យ​កញ្ញា ឈឹម ស៊ីថរ​ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ និង​​បា​ន​​សម្រេច​ប្រកាស​សាល​ក្រម​ភ្លាមៗ​​​​​នៅ​ថ្ងៃ​ដដែលនេះ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក​ស្រី សឿង ចរិយា បាន​ប្រកាស​សាលក្រម​ភ្លាមៗ ដោយ​មិន​អនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ននោះ​ទេ ហើយក៏មិន​បាន​​បញ្ជាក់​ពីមូលហេតុ​​នៃការ​សម្រេចនេះដែរ។

ប៉ុន្តែ​អំឡុងពេលសវនាការ លោកស្រី សឿង ចរិយា ជម្រាបនៅក្នុងអង្គសវនាការ​ថា តុលាការបានបញ្ជូន​ដីកា​ដោះលែង និង​ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទៅប្រធាន​ពន្ធនាគារ ហើយ​ខាង​ពន្ធនាគារក៏ទទួលបាន ព្រម​ទាំង​យក​ឱ្យ​កញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេង​ផ្ដិត​មេដៃទៀត​ផង។

លោកស្រីបញ្ជាក់​ថា តុលាការបានអនុវត្តត្រឹមត្រូវហើយ មិនមែនផ្ទុយពីនីតិវិធីដូចការលើកឡើង​របស់​ក្រុម​មេធាវី​នោះ​ទេ ខណៈតំណាង​អយ្យការ​ លោក សេង ហៀង នៅតែអះអាងថា កញ្ញា ឈឹម ស៊ីថរ បំពានបម្រាម​តុលាការ ហើយ​ការ​ចាប់​ខ្លួន​ និង​ឃុំខ្លួនជាថ្មីនេះ ជា​ឆន្ទានុ​សិទ្ធិរបស់​តុលា​ការ។

ប្រាប់​អ្នក​សារព័ត៌មាន​វីអូឌី បន្ទាប់​​​​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រ​ម​រួច​​ កញ្ញា ឈឹម ស៊ីថរ ចាត់​ទុកការ​កាត់​ក្ដី​របស់តុលាការ ដែលមិនឱ្យកញ្ញា​ក្រៅឃុំថា​ជារឿង​អយុត្តិ​ធម៌។

កញ្ញាថា៖ «ការ​កាត់ក្ដីខ្ញុំ [មិនឱ្យនៅក្រៅឃុំ] វាជារឿងអយុត្តិធម៌ ហើយការកាត់ក្ដីនេះ វាជាការបិទបាំងកំហុសខ្លួនឯង»។

កញ្ញា ស៊ីថរ បញ្ជាក់អំឡុង​ពេល​សវនាការ​ថា កញ្ញា​ និងសហការី ​ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ​ កាលពីខែ​មីនា ឆ្នាំ២​០២២ មិន​បាន​ទទួលដីកាដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​របស់​​តុលាការ​ឡើយ។ កញ្ញាបញ្ជាក់​​ថា ពួក​គាត់​​ទទួល​​បាន និង​ផ្ដិត​មេដៃ​ តែ​លិខិត​ដោះ​លែងឱ្យ​នៅ​ក្រៅឃុំបណ្ដោះអាសន្នមួយសន្លឹកតែប៉ុណ្ណោះ។

កញ្ញា ស៊ីថរ បន្តថា ចាប់​តាំង​ពី​ដោះ​លែង សមត្ថកិច្ច​ក៏​មិនដែល​ហៅ​កញ្ញា​ទៅ​បង្ហាញ​ខ្លួន និងប្រាប់​ពី​ដីកា​ដាក់​ឱ្យ​ស្ថិតក្រោមការត្រួតពិនិត្យដែរ ហើយ​ការចេញទៅក្រៅប្រទេសនេះ មិនមែនជា​លើក​ទី១ទេ ដោយកញ្ញាបានចេញទៅ ចំនួន៣​ដង ក្នុងនោះ ទៅប្រទេសថៃ បាន២​ដង និងទី៣ ទៅ​ប្រទេស​អូស្ត្រាលី។

កញ្ញាបន្តថា៖ «ខ្ញុំ​បាន​ផ្ដិត​មេដៃ​តែ​[លើ]ដី​កាដោះ​លែង​មួយ​សន្លឹក ហើយ​បងប្អូន​ដែល​ចេញ​ពី​ពន្ធនាគារជាមួយខ្ញុំផ្សេង​​ទៀត ពួក​គាត់​ទទួល​បាន​ដូ​ច​ខ្ញុំ​ដែរ។ ខ្ញុំមិ​ន​បាន​ទទួល​ដំណឹង និង​ដីកា​ដាក់​ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ​ហើយ​​ក៏​មិន​បាន​ផ្ដិត​មេដៃ»។

មិនត្រឹម​តែ​កញ្ញា ឈឹម ស៊ីថរ ទេ​​ដែលបា​ន​អះអាង​បែប​នេះ មេធាវី​ការ​​ពារ​​ក្ដី​ឱ្យ​កញ្ញា​​ទាំង៣​រូប ក៏​បាន​ជម្រាប​ទៅ​អង្គ​សវនាការ​ថា សូម្បី​ពួក​គាត់​ក៏​មិន​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ និងដីកាពីតុលាការដែរ។

លើសពីនេះ លោកស្រី សាម សុគន្ធា ដែលជា​​មេធាវីការពារក្តី​ឱ្យកញ្ញា​ ឈឹម ស៊ីថរ បាន​បញ្ជាក់​ថា នៅពេល​ឃាត់​ខ្លួន​កូន​ក្ដីនៅ​ព្រលាន​យន្ត​ហោះ បន្ទាប់​ពីត្រលប់មកពីប្រទេស​អូស្ត្រាលី តុលាការ​ក៏មិន​​​បាន​ជូនដំណឹងទៅក្រុមមេធាវីដែរ។

លោកស្រីបន្ត​ថា ការ​ចេញ​ទៅ​ក្រៅប្រទេស​នេះមិនមែនជាកំហុសកូនក្ដីរបស់ពួកគាត់ទេ ដូច្នេះ​ការ​ចាប់​ឃុំ​ខ្លួន​កូន​ក្ដី​ជាថ្មី ក្រោមការចោទថា​បំពានបម្រាមតុលាការនោះ ជារឿងមិនត្រឹម​ត្រូវ​ និង​អនុវត្តផ្ទុយពីមាត្រាច្បាប់​នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ស្របពេលដែលតុលាការបើកសវនាការនាថ្ងៃនេះ ក្រុមកូដករណាហ្គា​វើលដ៍ ក៏បាន​នាំ​គ្នា​ទៅប្រមូល​ផ្ដុំ​នៅខា​ង​មុខ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីលើកទឹកដល់កញ្ញា ឈឹម ស៊ីថរ និងទាម​ទារ​ឱ្យ​ដោះ​លែង ហើយ​ទម្លាក់​បទចោទប្រកាន់​លើ​កញ្ញា ឈឹម ស៊ីថរ ព្រមទាំងអ្នកផ្សេងៗទៀត​ផង​ដែរ។ ក្រៅពីនោះ​ ក៏មា​ន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​តំណាង​ស្ថាន​ទូត​អាមេរិក និង​អូស្ត្រាលី ជាដើម បានចូលឃ្លាំមើលផងដែរ។

នាយក​កិច្ច​ការ​ទូទៅ​​អង្គ​ការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ចំពោះការសម្រេចរបស់តុលាការ បើទោះបីជាមេធាវី និងកញ្ញា ឈឹម ស៊ីថរ មានអំណះអំណាងគ្រប់គ្រាន់ក៏ដោយ។

លោកថា៖ «សរុបមកវិញ បើសិនជាកញ្ញា ឈឹម ស៊ីថរ និង​​មេធាវីបានទទួលនៃដីកា​ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ប្រហែលជាមិនមានការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទេ ​ព្រោះ​កញ្ញា​មិន​អាច​ចាក​ចេញទៅក្រៅប្រទេស​បាន​ទេ ដោយគោរពលក្ខខណ្ឌតុលាការ»។

កញ្ញា ឈឹម ​​ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់ពី​បទ «ញុះ​ញង់​​ឱ្យ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ» បន្ទាប់​ពី​កញ្ញា និង​សមាជិក​សហជីព​ផ្សេង​ទៀត ចេញ​ទាម​ទារ​រក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារនៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍។

​កញ្ញា​ និង​សមាជិក​សហជីព​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​ឱ្យ​​នៅ​ក្រៅ​ឃុំកាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែបើតាមក្រុមមេធាវីការពារក្ដីកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត អះ​អាង​ថា ពួក​គាត់​មិន​បាន​ទទួល​ការ​ជូន​ដំណឹង និង​ដីកា​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យតាម​ផ្លូវ​តុលាការឡើយ។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិង​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្រោមហេតុផលថា ល្មើស​បម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ ក្រោយ​ពេល​កញ្ញាបាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ