លោក ហ៊ុន សែន ប្រកាសឱ្យលោក ហូរ វ៉ាន់ ចូលកម្ពុជាវិញក្នុងពេលព្រមានចាត់វិធានការច្បាប់លើបក្សភ្លើងទៀន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាសឱ្យ​មន្ត្រីជាន់ខ្ពស់​មួយរូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កំពុងរស់នៅក្រៅប្រទេស ឱ្យត្រលប់ចូល​មក​ប្រទេស​​កម្ពុជាវិញ​ ខណៈ​ដែល​មន្ត្រីរូបនោះ​កំពុងជាប់បណ្ដឹងជាច្រើន​នៅតុលា​ការកម្ពុជា​។

លោក ហ៊ុ​ន សែន ថ្លែងថា​៖ «អាវ៉ាន់​​ អញផ្ដាំទៅអើយ មកស្រុកមក ​ហ្អែងទៅតាមគេធ្វើអី?​ មកអញលើកលែងទោស​ឱ្យ​ បើហ្អែងចង់មក​ ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ កម្ចាត់តែ​អាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ​ ក្រៅពីនោះផ្ដាច់ខ្លួន លើកលែងទោស​ឱ្យ​»។

​វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីលោក ហូរ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេសបានឡើយទេ ជុំវិញការប្រកាសហៅឱ្យចូលប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ។

ចំណែកអ្នកវិ​ភាគ​ន​យោបាយ លោក​ ​ឯម សុវណ្ណរ៉ា បានលើកឡើងថា ​ទាក់ទិន​នឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​មិនអាចជឿជាក់បាននោះទេ​ ព្រោះថា​តុលាការមិនទាន់ទម្លាក់ការចោទប្រកាន់​ទៅលើ​អតីតមន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិទាំងនោះនៅឡើយ​។

លោក ឯម សុវណ្ណរ៉ា ថា៖ ​«គួរតែមានចេញសាលដីកា ឬក៏មានការចេញលើកលែងទោសពីតុលាការ​។ ហើយនេះ​គ្រាន់តែជាសម្ដីអ្នកនយោបាយ​​ ព្រោះអ្នកនយោបាយ និងអ្នកនយោបាយ​ ខ្ញុំគិតថា​មិនកសាងជំនឿជឿជាក់រឹងមាំ​ទៅដល់​អ្នកនយោបាយប្រឆាំងឱ្យចូលមកទេ​»។

ម្យ៉ាងវិញទៀត អ្នកវិភាគនយោបាយរូបនេះថា ​បើទោះបីជា​អតីតមន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិត្រលប់មក​ប្រទេសកម្ពុជាវិញក្ដី​ ក៏ស្ថានភាពនយោបាយមិនមានអ្វីប្រសើរនោះដែរ​ ខណៈដែល​បណ្ដឹង​ជាច្រើនកំពុងតែធ្លាក់មក​លើ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​។​

លោកថា៖​ «​​បញ្ហាបច្ចុប្បន្ន​ អ្នកប្រឆាំងហ្នឹង​ធ្វើអ្វីមិនកើតទេ បើយើងមើលទៅ​លោក សម រង្ស៊ី ត្រូវរត់ចោលប្រទេស​ទៅ,​ អនុប្រធានគណបក្ស​ប្រឆាំង​ភ្លើងទៀន​ មានលោក សុន ឆ័យ ជាប់បណ្ដឹង,​ ទីប្រឹក្សា​ លោក គង់ គាំ​ ជាប់បន្ទុក​អីច្រើនអ៊ីចឹង​ ហើយលោក ថាច់ សេដ្ឋា ចាប់ខ្លួន។​ អ៊ីចឹង​វាពិបាកនឹងកសាងជំនឿជឿជាក់ថា​ធូរស្រាល​»។​

កាលពីថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េ​ត​គន្ធា បានផ្ដន្ទាទោស​អតីត​មេដឹកនាំ​ និង​​សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ ចំនួន៣៧​នាក់ ក្នុងនោះ ៣៦នាក់ជាប់ពន្ធនាគារ​ចន្លោះពី៥ទៅ៧ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតពីបទចោទ ពាក់ព័ន្ធការ​ប៉ុន​ប៉ង​និង​គាំទ្រ​ដំណើរ​វិល​ត្រលប់​មិនបានសម្រេច​របស់​លោកស្រី មូរ សុខ​ហួរ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ