នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសចុះចេញពីតំណែងនៅដើមខែក្រោយ

រូបថតឯកសារ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ថ្លែងទៅកាន់សមាជិកអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលរៀបចំជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅឯការិយាល័យសភា Commonwealth ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ (REUTERS / Loren Elliott)

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក​ស្រី ចាស៊ីន​ដា អាឌើន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​គួ​រ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដោយ​ថា ខ្លួនមិនអាចបន្តដឹកនាំប្រទេសទៀតទេ ហើយនឹងចុះចេញពីតំណែងនៅដើមខែកុម្ភៈខាងមុខនេះ ដោយនឹងមិនឈរឈ្មោះបោះឆ្នោតសាជាថ្មីផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

លោក​ស្រីប​ន្ត​ថា វាគឺ​ជា​ការ​តានតឹងមួយក្នុង​រយៈពេល៥​ឆ្នាំ​កន្លងមកនេះ​ ក្នុង​​នា​ម​​ជា​​នាយក​រដ្ឋមន្ត្រី ហើយវាគឺជារឿង​ចាំបាច់ដែលលោកស្រី​ត្រូវតែ​ចុះ​ចេញ​ពី​តំណែង ដើម្បីផ្ដល់ឱកាសឱ្យអ្នកដទៃ​ដែលមាន​សមត្ថភាព​ជាង​នេះ។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីនូវែលសេឡង់វ័យ ៤២ឆ្នាំ រូប​នេះ បន្ថែម​ថា៖ «សម្រាប់រដូវក្តៅនេះ ខ្ញុំសង្ឃឹមថានឹងអាចរកវិធីដើម្បីបន្តដឹកនាំមួយអាណត្តិទៀត ប៉ុន្តែខ្ញុំមិនអាចធ្វើវាបាននោះទេ»។

លោកស្រី ចាស៊ីនដា អាឌើន បន្តថា៖ «ខ្ញុំដឹងថា វានឹងមានការ​ពិភាក្សាជា​ច្រើន​​បន្ទាប់ពីការសម្រេចចិត្តនេះ។ អ្នកនយោ​បាយ​ក៏​ជាមនុស្សផង​ដែរ។ យើងផ្តល់នូវរាល់អ្វីៗទាំងអស់ដែលយើងអាចធ្វើបាន។ ទោះជាយ៉ាងណា សម្រាប់​ខ្ញុំ គឺ​វា​ដល់​ពេលហើយ»។

ទាក់ទងនឹងការប្រកាសចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីនេះដែរ គណបក្ស New Zealand Labour Party ដែលកំពុងតែកាន់អំណាច ក៏នឹងធ្វើការបោះឆ្នោតរើសមេដឹកនាំថ្មីរបស់ខ្លួននៅថ្ងៃអាទិត្យខាងមុខនេះ ខណៈការបោះឆ្នោតទូទៅនឹងធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។

ជាមួយគ្នានេះ លោកស្រី ចាស៊ីនដា អាឌើន ក៏បានបន្ថែមដោយបង្ហាញជាការជឿជាក់ថា គណបក្ស​នេះ​នឹងបន្តឈ្នះការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ