ស្នងការនគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលថានគរបាលចរាចរណ៍ទទួលសំណូកពីម្ចាស់រថយន្តឈ្នួល ជាថ្នូរមិនចាត់វិធានការតាមច្បាប់

ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ បាន​ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។ (ហ្វេសប៊ុក៖ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល – Road Safety Office Of Kandal Province)

ស្នងការដ្ឋាន​​នគរបាលខេត្តកណ្ដាល បានច្រានចោលចំពោះការផ្សាយ ដែលថា មន្ត្រីនគរបាល​ចរា​ចរណ៍​ខេត្ត​កណ្ដាល ទទួលសំណូកពីម្ចាស់រថយន្ត​ឈ្នួលដែលដឹកលើសចំណុះ ជាថ្នូរ​នឹង​ការ​​មិន​ចាត់​វិធាន​ការ​តាម​ច្បាប់​ចរាចរណ៍ និងថាមិនមានការគំរាមកំហែងណាមួយទៅលើអ្នកសារព័ត៌មានពលរដ្ឋ ឱ្យលុបរូបថត និងវីដេអូនោះទេ។

ការលើកឡើងរបស់ស្នងការដ្ឋាននគរបាល​ខេត្តកណ្ដាល បានធ្វើឡើង​ក្រោយ​ពីសារព័ត៌មានវីអូឌី បានផ្សព្វផ្សាយព័ត៌មាន ដែលមានចំណងជើងថា «អ្នកសារព័ត៌មានពលរដ្ឋ​ម្នាក់​រ​ងការគំរាមចាប់ខ្លួន ក្រោយថត​សកម្មភាព​​​ប៉ូលិស​​​ចរាចរណ៍​​​​​​យក​​​លុយ​​​​​​ពីឡានឈ្នួល​ល្មើសច្បាប់» ដែលការផ្សព្វផ្សាយនោះបានធ្វើឡើង​តាំង​ពី​អំឡុង​ខែ​មេសា ឆ្នា២០២២។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នា២០២២ អ្នក​សារ​ព័ត៌​មាន​​ពលរដ្ឋម្នាក់ លោក សួន វុត្ថា បាន​អះ​អាង​ប្រាប់​វីអូឌី​​ថា មន្ត្រីនគរបាល​​​​ស្រុកលើកដែក ខេត្តកណ្ដាល បានគំរាម​ចាប់ខ្លួនរូបគាត់​បញ្ជូន​ទៅ​តុលាការ បើសិនជា​​គាត់​មិនលុបរូបភាព និងវីដេអូ ដែលថតពី​សកម្មភាព​មន្ត្រី​នគរបាល​​ទាំង​នោះយក​​លុយ​ពី​ម្ចាស់​រថយន្ត​ឈ្នួល ជាថ្នូរនឹង​ការ​អនុញ្ញាតឱ្យដឹកលើសចំណុះ។

តែយ៉ាងណា ​យោងតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្ញើជូនអគ្គនាយក​សារ​ព័ត៌​មាន​វីអូ​ឌី​ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា ​តាម​រយៈ​​របាយ​ការណ៍​បំភ្លឺ​របស់​នាយ​រង​ការិយាល័យ​​​នគរ​បាលចរាចរណ៍​ផ្លូវគោក លោក ខៀវ ប៊ុនធឿន គឺនៅថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ រូប​​លោកបានដឹកនាំ​កម្លាំងចំនួន១១នាក់ ចុះរឹត​បន្តឹង​​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច​ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើក​​​ដែក ខេត្តកណ្ដាល។

ប្រភព​ដដែលបន្តថា​ ក្នុង​អំឡុងពេលអនុវត្តនោះ កម្លាំងនគរបាល​ចរាចរណ៍​​បាន​ឃាត់​រថយន្ត​មួយ​គ្រឿងដែលបានផ្ទុកអ្នកដំណើរពេញ ព្រមទាំងមានអ្នកអង្គុយនៅកៅអីខាងមុខ​ផ្នែក​ខាង​ស្ដាំ ២នាក់ មិនពាក់ខ្សែក្រវាត់​ការពារសុវត្ថិភាព ដោយសមត្ថកិច្ច​បានអញ្ជើញអ្នក​បើកបរ​មក​ធ្វើការ​​អប់រំ។

ប្រភពដដែលបន្តទៀតថា ស្របពេលនោះ ក៏មានឈ្មោះ​ សួន​ វុត្ថា​ បានយកទូរសព្ទថត​​​សមត្ថកិច្ច​លើ​​​ដងផ្លូវដែលកំពុងអនុវត្តការងារ ដោយពុំបានសុំការអនុញ្ញាត និងមិន​ដឹង​ថា​ថត​ក្នុង​គោល​បំណង​អ្វី​នោះ​ឡើយ ទើប​មន្ត្រីនគរបាល​ចរាចរណ៍​ លោក ខៀវ ប៊ុនធឿន បានហៅ​ឈ្មោះ សួន វុត្ថា ទៅ​ជួប ​ដើម្បីពន្យល់គាត់ស្តីពីការថតរូប​នៅ​គោល​ដៅត្រួតពិនិត្យ និងស្នើឱ្យលុបរូបថតនិងវីដេអូចេញ ដើម្បីចៀសវាងការផ្សព្វផ្សាយព័ត៌មាន​មិនពិតណាមួយ។

លិខិតបញ្ជាក់ថា៖ «បន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ធ្វើការអ់រំទៅលើម្ចាស់រថយន្តឈ្នួលរួចមក លោក សួន វុត្ថា បានយល់ព្រមលុបរូបភាពចេញពីទូរសព្ទរបស់ខ្លួនដោយស្ម័គ្រចិត្ត និងបានធ្វើកិច្ចសន្យាដោយរូបលោកសរសេរផ្ទាល់ដៃថែមទៀតផង។ ចំពោះរ​ថយន្ត​ខាងលើ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ​ គ្រាន់តែ​ធ្វើការ​អប់រំ​លើកទី១ ទៅលើ​អ្នកបើកបរ ឱ្យ​ពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នករួមដំណើរ មិនត្រូវផ្ទុក​អ្នកដំណើរលើសចំណុះ ឬទំនិញសំពីងសំពោងនោះឡើយ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ធ្លាប់​មានប្រសាសន៍នៅ​​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នោះ​ថា មិន​ថា​​​តែ​​អ្នកសារព័ត៌មាន ឬពលរដ្ឋ សុទ្ធ​តែ​អាច​ថតរូប ឬវីដេអូ​នៅតាម​ទី​សាធារណៈបាន លើកលែងតែ​កន្លែងឯកជន ឬចំណុចដែលកើតហេតុ​អ្វីមួយ​ ដែលត្រូវបានព័ទ្ធខ្សែដោយសមត្ថកិច្ច ដើម្បីដោះស្រាយ​បញ្ហាសំខាន់កុំឱ្យបាត់ភស្តុតាង ជាដើម។

យ៉ាងណា លោកថា ករណីមន្ត្រីចរាចរណ៍​ឱ្យ​អ្នក​សារព័ត៌មានពលរដ្ឋ​លុបរូបថត និងវីដេអូ និងគំរាម​បញ្ជូន​​​ទៅ​តុលាការនោះ ជា​ការ​បំពេញ​លើសពី​តួនាទីភារកិច្ច​របស់​ខ្លួន ដោយ​បំពាន​តួនាទី​អ្នក​សារព័ត៌មាន។

លោកថា៖ «ខាងសមត្ថកិច្ចហ្នឹង គាត់ធ្វើលើសពីសិទ្ធិសមត្ថកិច្ចរបស់គាត់ហើយ។ គិតថាហ្នឹងជាសិទ្ធិរបស់​យើង មិនអីទេ! អ្នកណាក៏ដោយ ពលរដ្ឋយើងទាំងអស់មានសិទ្ធិតើ! បើនៅលើផ្លូវសាធារណៈ [អាចថតបាន]។ អ៊ីចឹង​រឿង​ហ្នឹងមិនមែនទើបឥឡូវណា! វាមានយូរណាស់ហើយ! អ៊ីចឹងវាមានមន្ត្រីល្អ និងមន្ត្រីមិនល្អ។ អ៊ីចឹងមន្ត្រីល្អដែលគាត់កំពុងគោរពតាមគោលការណ៍ គោរពតាមច្បាប់ ថតអីថតទៅ គាត់អត់មានខ្លាចអីទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ