រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកព្យាយាមបន្ថយឥទ្ធិពលរុស្ស៊ី និងចិន តាមរយៈការកៀរគរប្រទេសផ្សេងឱ្យជួយ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergei Lavrov ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​លោក ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (REUTERS/Shamil Zhumatov)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគ្រប់គ្រងឥទ្ធិពលទាំងរុស្ស៊ី និងចិន ដោយមានការជួយជ្រោមជ្រែងពីប្រទេសដទៃទៀត ប៉ុន្តែប្រទេសទាំងពីរបានដឹងពីសកម្មភាពទាំងនេះមុនរួចទៅហើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​​ទី១៨ ខែមករា ឆ្នាំ២០២៣។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើង​​ថា លោក​ខាង​លិច​បានមើល​ឃើញ​ប្រទេសទាំងពីរនេះ​ថាជាការគំរាមកំហែងមួយ។

ទោះជាយ៉ាងណា លោកបន្ថែមថា អាមេរិកមិនមានអំណាចគ្រប់គ្រាន់ ដើម្បីបន្ថយឥទ្ធិពលប្រទេសទាំងពីរនេះក្នុងពេលតែមួយបាននោះទេ ដូច្នេះហើយបានជាពួកគេព្យាយាមកៀរគរអឺរ៉ុប ជប៉ុន និងប្រទេសផ្សេងទៀតឱ្យចូលរួមជាមួយខ្លួន។

លោក​បានឱ្យដឹងទៀតថា លោក​ខាង​លិច ក៏​កំពុង​តែ​ព្យាយាម​ជំរុញ​ឱ្យ​មាន​ជម្លោះ​រវាង​រុស្ស៊ី និង​ចិនផងដែរ។

លោក​ថា​៖ «​លោក​ខាង​លិច​កំពុងតែ​ព្យាយាម​បង្កើត​ឱ្យមានជាភាព​មិន​ចុះ​សម្រុង​ក្នុង​ទំនាក់ទំនង​របស់​យើង។ ទោះជាយ៉ាងណា យើងនិងប្រទេសចិនបាន​មើល​ឃើញ​ពីសកម្មភាព​ទាំង​នេះអស់ទៅហើយ»។

ការលើកឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ហាក់គូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះទីក្រុងមូស្គូ នៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ខណៈកងទ័ពរបស់ខ្លួនកំពុងតែប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ហើយស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយលោកខាងលិច ក៏ត្រូវ​បាន​បំផ្លាញ​ដោយ​កញ្ចប់​នៃ​ទណ្ឌកម្មជាបន្តបន្ទាប់ផងដែរ។

គិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុនមក ប្រទេសមួយនេះបានព្យាយាម​បង្កើនទំនាក់ទំនងទាំងផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងប្រទេសចិន ខណៈខ្លួនមើលឃើញថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាសម្ពន្ធមិត្តដ៏សំខាន់មួយក្នុងការប្រឆាំងនឹងលោកខាងលិច។

ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីពេលកន្លងទៅ ក៏ធ្លាប់​បានព្រមាន​លោក​ប្រធានាធិបតី ស៊ី ជីនពីង អំពីផលវិបាកដែលចិនអាចនឹងទទួលបានផងដែរ ប្រសិនបើប្រទេសមួយនេះផ្ដល់ការគាំទ្រណាមួយដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោក​ខាងលិច ឬផ្តល់ជំនួយផ្នែកយោធាជាដើមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ