ក្រសួងព័ត៌មានថា សេចក្ដីថ្លែងការណ៍ករណីលោក ថាច់ សេដ្ឋា ដែលខ្លួន «ផ្សាយរួចលុបវិញ»នោះ គឺក្រសួងទទួលបានពីមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន

ក្រុមជួសជុលបណ្ដាញលូផ្លូវ កំពុងជួសជុលកែលម្អលូនៅពីមុខក្រសួងព័ត៌មាន កាលពីដើមខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

ក្រសួងព័ត៌មានអះអាងថា សេចក្តីថ្លែងការណ៍ករណីលោក ថាច់ សេដ្ឋា ដែលខ្លួន «ផ្សាយរួចលុបវិញ» គឺមុនផ្សាយ ក្រសួងផ្អែកលើសញ្ញាសម្គាល់ ឬ Logo គណបក្សភ្លើងទៀន ដែលមានបោះត្រា ខណៈក្រសួងទទួលបានប្រភពនេះពីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងបក្សភ្លើងទៀនផងដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបាន​ផ្សាយ​សេចក្តីថ្លែងការណ៍​ករណី​ចាប់ខ្លួន​អនុ​ប្រធាន​បក្ស​ភ្លើង​ទៀន កាលពីថ្ងៃទី១៧ ខែមករា ដោយ​ក្នុងនោះ ក្រសួងបានសរសេរ​ខ្លឹមសារ និងមាន​ភ្ជាប់នឹងរូបថតសេចក្តី​ថ្លែង​ការណ៍​​នោះ​​ថា «គណបក្សភ្លើងទៀន បានប្រកាសថា ការឃុំខ្លួន និងចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយនោះទេ»

ពាក់ព័ន្ធការផ្សាយនេះ អ្នកប្រើប្រាស់​បណ្តាញសង្គមមួយចំនួនបានរិះគន់ក្រសួង​ព័ត៌​មាន បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ក្លែងក្លាយ ឬ fake news ហើយថាក្រសួងព័ត៌​មាន​ជាស្ថាប័នផ្លូវការរបស់រដ្ឋ មិនគួរណា​ផ្សាយបំភ្លៃការពិត បង្ក​ការ​ភ័ន្ត​ច្រឡំ​ទៅ​កាន់​មហាជន​បែប​នេះ​ឡើយ។ យ៉ាងណា ក្រោយមក ក្រសួងក៏បានលុបព័ត៌មាននោះវិញ។

បើទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហោះនូវសេចក្តីជូនព័ត៌មានមួយឆ្លើយតបនឹងរឿងនេះ។

បើតាមសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ឱ្យដឹងថា សេចក្តីថ្លែងការណ៍ដែលក្រសួងបានបង្ហោះផ្សាយជាសាធារណៈកាលពីថ្ងៃទី១៧ ខែមករា គឺផ្អែកលើសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលមានសញ្ញាសម្គាល់ ឬ Logo គណបក្សភ្លើងទៀន មានបោះត្រាគណបក្សភ្លើងទៀន។ ក្រៅពីនោះ ក្រសួងអះអាងថាបានទទួលលិខិតនេះពីមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនផងដែរ។

ក្រសួងព័ត៌មានអះអាងថា៖ «ការចេញផ្សាយអត្ថបទដែលមានចំណងជើង គណបក្សភ្លើងទៀន បានប្រកាសថា ការឃុំខ្លួន និងចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយនោះទេ ដូចបានបញ្ជាក់ខាងលើ គឺផ្អែកលើសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលមានទាំងសញ្ញាសម្គាល់គណបក្សភ្លើងទៀន [Logo គណបក្សភ្លើងទៀន] និងបោះត្រាគណបក្សភ្លើងទៀនផងដែរ។ សេចក្ដីថ្លែងការណ៍នេះ ភ្នាក់ងារព័ត៌មានក្រសួង ទទួលបានពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបជាអ្នកផ្ញើឱ្យ ដែលធ្វើឱ្យភ្នាក់ងារយើងជឿថា នោះជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនពិតប្រាកដ»

យ៉ាងណា ក្រសួងព័ត៌មានថា ក្រោយមក ស្រាប់តែមានសេចក្ដីថ្លែងការណ៍មួយទៀតរបស់គណបក្សភ្លើងទៀនដែលបានបដិសេធនូវព័ត៌មាននេះវិញ ទើបភ្នាក់ងារសារព័ត៌មានក្រសួងក៏បានសម្រេចលុបព័ត៌មាននោះចោលភ្លាមៗដែរ។

ក្រសួងព័ត៌មានបន្តថា«ក្រសួងព័ត៌មាន សូមអំពាវនាវឱ្យគណបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងរបស់ខ្លួនឡើងវិញ ដែលហាក់ដូចកំពុងបែកបាក់ជាច្រើនក្រុម ដែលនាំឱ្យការចេញផ្សាយព័ត៌មានគ្មានការឯកភាពគ្នា ដែលធ្វើឱ្យមានភាពច្របូកច្របល់»

ក្រសួងព័ត៌មានអះអាងថា ក្រសួងតែងតែយកចិត្តដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងគ្រប់សកម្មភាពក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ។

ក្រោយពីការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀននៅយប់ថ្ងៃដដែលនោះ បានចេញសេចក្តីថ្លែងការណ៍បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា ដោយចាត់ទុកទង្វើចាប់និងឃុំខ្លួនលោកបែបនេះ គឺជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រឆាំងមួយនេះ។

ក្នុងនោះ បក្សភ្លើងទៀន បានទាមទារឱ្យដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ដើម្បីធានាបរិយាកាសល្អប្រសើរសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

វីអូឌី បានទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ពាក់ព័ន្ធថាតើក្រសួងមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងណាខ្លះ មុននឹងផ្សាយលើទំព័រក្រសួងព័ត៌មាននោះ។ ប៉ុន្តែលោកបានប្រាប់ឱ្យអ្នកសារព័ត៌មានទៅមើលខ្លឹមសារដែលមានក្នុងលិខិតរបស់ក្រសួងវិញ។

លោក មាស សុភ័ណ្ឌ បញ្ជាក់ថា៖ «នៅក្នុងលិខិតហ្នឹង [សេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន] គឺបានបញ្ជាក់ពីដំណើរការនៃការផ្សព្វផ្សាយរួចហើយណា អ៊ីចឹងមើលនៅក្នុងលិខិតហ្នឹង»

បែបនេះក្តី នៅពេលអ្នកព័ត៌មានសួរបន្តថា «តើក្រោយពីដឹងថាលិខិតនោះជាលិខិតក្លែងក្លាយ តើក្រសួងមានបានទាក់ទងទៅមន្ត្រីបក្សភ្លើងទៀន ដែលជាអ្នកផ្តល់ព័ត៌មាន ដើម្បីសុំការបញ្ជាក់ឬទេ?» ភ្លាមនោះខ្សែទូរសព្ទស្រាប់តែដាច់។

គណបក្សភ្លើងទៀន កាលពីរសៀលថ្ងៃទី១៨ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធចំពោះសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ពាក់ព័ន្ធការចាប់ខ្លួនលោក ថាច់ សេដ្ឋា ដោយថានោះជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ បង្កើតឡើងដោយជនខិលខូច ក្នុងចេតនាទុច្ចរិត ដើម្បីបង្កការភ័ន្តច្រឡំដល់សាធារណជនមកលើគណបក្សភ្លើងទៀន។

គណបក្សភ្លើងទៀន បន្តថា៖ «គណបក្សភ្លើងទៀន សម្តែងការសោកស្ដាយ ដែលក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននូវព័ត៌មានប្រតិដ្ឋ ដែលជាព័ត៌មានបំពុលសង្គម អាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងអស់ជំនឿទៅលើក្រសួងព័ត៌មាន ដែលជាស្ថាប័នព័ត៌មានកំពូលរបស់ជាតិ»

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនចោទប្រកាន់ក្រសួងព័ត៌មានថាមានចេតនាយ៉ាងណា ឬសន្និដ្ឋាននូវឯកសារនោះថាបែបណាឡើយ ដរាបណាលោកមិនទាន់ស្រាវជ្រាវដឹងការពិត។

បែបនោះក្តី លោក សុន ឆ័យ ថាបក្សភ្លើងទៀនក៏មានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនសម្រាប់ឱ្យក្រសួង និងសាធារណជនផ្ទៀងផ្ទាត់ព័ត៌មានដែរ។

ក្រៅពីនោះ មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ថ្នាក់ដឹកនាំបក្សនឹងពិនិត្យលើផ្ទៃក្នុងគណបក្សផងដែរ ថាតើមានចន្លោះត្រង់ណាដែលឈានដល់ការចេញឯកសារបែបនេះដែរឬអត់ ដែលចាំបាច់ឱ្យមានការរៀបចំគ្រប់គ្រងផ្ទៃក្នុងឱ្យបានហ្មត់ចត់។

លោក សុន ឆ័យ ថា៖ «ប្រហែលជាលើកដំបូងហើយ ដែលក្រសួងព័ត៌មានបានយកសេក្តីថ្លែងការណ៍មួយដែលថាជាសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន យកទៅជួយផ្សព្វផ្សាយ។ ដូច្នេះ យើងក៏ចង់ដឹងដែរ ពីមូលហេតុដែលនាំឱ្យក្រសួងព័ត៌មានយកឯកសារដែលយើងយល់ថាជាឯកសារក្លែងក្លាយហ្នឹងផ្សព្វផ្សាយ។ ប៉ុន្តែយើងមិនអាចចោទទៅលើក្រសួងថា ពាក់ព័ន្ធទៅនឹងឯកសារទាំងនោះទេ។ យើងនឹងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេតទៅលើអ្នកដែលបានរៀបចំឯកសារនោះហើយយើងនឹងពិនិត្យលើខ្លួនយើងដែរ ដែលជាគណបក្សភ្លើងទៀននេះ ដើម្បីថាតើមានភាពខ្វះចន្លោះត្រង់ណាក្នុងថ្នាក់ដឹកនាំ ដែលអាចអ្នកណាម្នាក់នឹងចេញឯកសារបែបនោះផង»។

យ៉ាងណា លោកថា បក្សនឹងមិនដាក់ពាក្យប្តឹងពាក់ព័ន្ធករណីនេះឡើយ តែនឹងរៀបចំផ្ទៃក្នុងឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសរឿងស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ចាត់ទុកថា ការដែលក្រសួងប្រើប្រាស់សេចក្តីថ្លែងការណ៍ដែលសំអាងលើត្រា និង logo ថាជាការធ្វេសប្រហែសមួយ ព្រោះថា នរណាក៏អាចធ្វើបែបនេះបានដែរក្នុងសម័យបច្ចេកវិទ្យានេះ។

យ៉ាងណា លោកថា ក្រសួងព័ត៌មាន ក៏មានក្រុមការងារត្រួតពិនិត្យ តាមដានព័ត៌មានក្លែងក្លាយ ដូច្នេះនៅពេលមានឯកសារបែបនេះ តើអ្នកបច្ចេកទេសក្រសួងបានផ្ទៀងផ្ទាត់បានច្បាស់លាស់ប៉ុនណាមុននឹងផ្សព្វផ្សាយ។

បើទោះជាមិនដឹងថាបុគ្គលណាជាអ្នកផ្តល់សេចក្តីថ្លែងការណ៍នោះឱ្យក្រសួងព័ត៌មានមែន តែលោកថា ក្រសួងគួរតែផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យអស់លទ្ធភាពជាមុនសិ នដូចជាចាប់ពី២ប្រភពឡើងទៅ មុននឹងផ្សព្វផ្សាយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់មុខមាត់ក្រសួងដែរ។

លោកថា៖ «ជារួម ខ្ញុំមិនដឹងថាតើបុគ្គលណាដែលជាអ្នកផ្តល់ឯកសារហ្នឹង? ហើយនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងមានលេខរបស់គណបក្សភ្លើងទៀនហ្នឹង ថាតើខាងក្រសួងលោកបានផ្ទៀងផ្ទាត់ជាមួយមន្ត្រីហ្នឹង ឬមិនបានផ្ទៀងផ្ទាត់? ព្រោះទី១ បើមន្ត្រីនៃគណបក្សភ្លើងទៀនណាមួយ ឧទាហរណ៍គាត់បានចែករំលែកឯកសារហ្នឹងទៅ ហើយយើងអត់បានផ្ទៀងផ្ទាត់ ហើយគាត់មានចេតនាមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រសួង តើក្រសួងទុកចិត្តដោយសារតែការបានទទួលឯកសារហ្នឹងពីប្រភពម្នាក់ ឬមួយក៏ការផ្ទៀងផ្ទាត់យ៉ាងហោចណាស់ឱ្យបាន២នាក់ឡើងទៅអីចឹង?»

លោកថា ការដែលក្រសួងផ្សាយរួចលុបវិញយ៉ាងដូច្នេះ វាបានកាត់បន្ថយទំនុកចិត្តរបស់ពលរដ្ឋទៅលើក្រសួង ស្របពេលករណីការចាប់ខ្លួនលោក ថាច់ សេដ្ឋា មានប្រភពសេចក្តីថ្លែងការណ៍ ២ផ្ទុយគ្នា ត្រូវបានគេផ្សព្វផ្សាយ ពោលគឺមួយគាំទ្រការចាប់ខ្លួន និងមួយទៀតមិនគាំទ្រការចាប់ខ្លួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានផ្តល់អនុសាសន៍ ៨ចំណុច ដល់ក្រសួង-ស្ថាប័ន និងអ្នកសារព័ត៌មាន។ ក្នុងនោះចំណុចទី៦ លោក ហ៊ុន សែន បានណែនាំឱ្យរួមគ្នាទប់​ស្កាត់​ព័ត៌​មាន​ក្លែង​ក្លាយ ឱ្យកាន់តែសកម្មថែមទៀត ដោយថា ព័ត៌មានមិនពិត និងព័ត៌មាន​ក្លែងក្លាយ អាចបង្កភាពចលាចល អស្ថិរភាពនយោបាយ អសន្ដិសុខសង្គម។

លោកថ្លែង​ថា«បន្ដចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើងក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្ដសាស្ដ្រដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថិរភាពនយោបាយ អសន្ដិសុខសង្គម និងកើតមានអរិភាពជាមួយនឹងបរទេស»

ក្រោយមក ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក៏បានស្រង់អនុសាសន៍ទាំង ៨ចំណុចរបស់លោកនាយករដ្ឋមន្ត្រីក្នុងពិធីជួបជុំលើកទី៥នោះជាថ្មីទៀត រំឭកដល់អ្នកពាក់ព័ន្ធ ដូចជា ជំរុញការផ្សព្វផ្សាយឱ្យអាជ្ញាធរចាត់វិធានការ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចោរប្លន់ប្រដាប់អាវុធ ចូលរួមប្រយុទ្ធនឹងភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងសង្គម ចូលរួមប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាដើម។

ក្នុងនោះ ក្រសួងក៏បានស្រង់ពាក្យស្លោក២ឃ្លារបស់លោក ហ៊ុន សែន សម្រា​ប់ឱ្យអ្នកសារព័ត៌មានអនុវត្តដូចជា «កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត» និង «ត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រតិដ្ឋកំហុសដាក់អ្នកដទៃ»


រាយការណ៍បន្ថែមដោយ៖ កញ្ញា ស៊ើង និមល់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ