វិភាគ៖ តើការចាប់ខ្លួនលោក ថាច់ សេដ្ឋា បន្សល់ទុកមន្ទិលអ្វីខ្លះជុំវិញសង្វៀននយោបាយ?

សមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា ទៅឃុំខ្លួន ក្រោយលោករងការចោទប្រកាន់ពីបទចេញសែកស្អុយ ល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ (ង៉ាយ ណៃ)

វិ​ធា​នកា​រ​ចា​ប់ឃុំ​ខ្លួ​ន ​និ​ងចោ​ទ​ប្រ​កាន់​ក្បាលម៉ាស៊ីន​ដឹ​កនាំគណ​បក្ស​ជំទាស់​ជាបន្តបន្ទាប់តា​ម​ផ្លូវ​តុ​លាកា​រ​ ​លើ​សង្វៀ​ន​ប្រកួតន​​​យោ​បា​​​យ ​​បា​​​ន​​កក្រើ​​​កឡើ​​​​​​​​​​​​​ង​វិ​​ញ​​​​​នៅ​​​​​​​ប៉ុ​ន្មាន​សប្តា​ហ៍​នេះ ​ស្រប​ពេ​ល​រដូវ​បោះឆ្នោតដើម្បីដ​ណ្ដើម​​​តំ​ណែ​ង​​នា​​​​​​យ​​​​​ក​រដ្ឋម​ន្ត្រី​ស​ម្រា​​ប់​​​​ដឹកនាំប្រ​​ទេ​​​​សអា​ណត្តិថ្មី ​កា​ន់តែខិតជិ​ត​មក​ដ​​​ល់​។

អ​​នុ​ប្រធាន​គ​ណប​ក្សភ្លើ​ង​ទៀន​ ដែ​លមា​នដើ​ម​កំណើ​ត​ពីដែ​ន​ដីកម្ពុ​​ជាក្រោ​ម​ ​គឺលោ​ក​ ថា​​ច់ ​សេដ្ឋា​ ត្រូ​វតុ​​លា​កា​​​រ​បង្គាប់​ឱ្យឃុំខ្លួននៅ​ពន្ធ​នា​គា​រ​ព្រៃ​ស រាជធានីភ្នំពេញ ​កាលពីថ្ងៃទី១៦ ខែមករា​ ក្រោយពីគាត់ត្រូវបានសមត្ថកិច្ចច្បាប់ខ្លួន ដោយចោទថា​​«មិនបំ​ពេញ​កាតព្វកិ​ច្ចចំ​​​​​ពោះ​​ឧបករណ៍អាចជួញដូរបាន» ឬមិនគោរពកិច្ចសន្យាទូ​​ទាត់ប្រា​ក់ ពា​ក់ព័​​​ន្ធ​​ជា​​មួ​យ​ក្រុម​ហ៊ុន​ឯកជ​នមួយ​កា​លពី​ឆ្នាំ២​០១​៩​។

​វិ​ធា​​​នការនេះ​ធ្វើ​ឡើង​តែ​១​សប្តាហ៍ ​ក្រោយពី​លោកនា​យករដ្ឋម​ន្ត្រី ហ៊ុន ​សែន ​​ព្រមាន​ក្រុ​មមន្ត្រី​បក្ស​​​ភ្លើង​ទៀន​ ពី​ខេត្ត​កំពង់ចាម​ ក្នុងពិធីមួយ​ កាលពី​ថ្ងៃ​​​ទី៩ ខែមករា​ ​ឆ្នាំ​២០​២៣​។​

ការព្រមាននោះ លោកបញ្ជា​ឱ្យ​មេធាវីនៅ​ទូទាំងប្រទេស​របស់បក្សកាន់អំ​ណា​ច តាមដានសារនយោបាយរបស់បក្សប្រឆាំងមួយនេះ ប្ដឹងទៅតុលាការ ​ដើ​ម្បី​ទប់ស្កាត់កុំ​ឱ្យមា​នការចោទប្រកាន់ជាថ្មីទៀតលើបក្សប្រជាជនថាជាអ្នកលួចបន្លំសន្លឹកឆ្នោត និងរិះគន់ប្រភពគណបក្សនេះផងដែរ។

ជាការកត់សម្គាល់ ការចេញបញ្ជាឱ្យមេធាវីប្រើវិធានការច្បាប់នៅទូទាំងប្រទេសនេះ ចំពេល​មានការរិះគន់ថាស្ថា​ប័នរៀ​បចំការបោះឆ្នោតទាំងមូល គ្រប់គ្រងដោយបក្សកាន់អំណាច។

​សារគំរា​មពេ​លនោះ​ ​លោក​ ហ៊ុន ​សែន​ បាន​បញ្ចេ​ញឈ្មោះ​លោក​ ​គង់​ ​គាំ ​ឧត្តមទីប្រឹក្សា​គណ​បក្សភ្លើ​ងទៀន ដែ​​ល​បាន​​រិះ​គ​ន់ប្រភពថ្ងៃ៧​ម​ករា ហើយលោក​បង្ហាញជំ​ហរ​មិ​នដ​កថយ ក្នុង​ការ​ជំ​រុញ​សំ​ណុំរឿ​ងរឹ​បអូ​សដី​លោក សុន ​ឆ័យ និងប​ង្ហើបពីជំ​នួប ​​​ជជែ​​កគ្នារវាងលោក​ ថា​ច់ សេដ្ឋា​ និ​ងកូនប្រុស​ច្បង​រ​​​​​ប​​​​ស់លោក គឺលោក​ ហ៊ុន ម៉ាណែត​ ដែ​ល​​ជាបេក្ខ​ភាព​នាយ​ក​រ​ដ្ឋ​មន្ត្រី​ទៅ​​​​ថ្ងៃអនាគត ។

លោ​​​កលើកឡើងថា៖ ​«អ៊ីចឹ​ងខ្ញុំ​សុំ ក្នុ​ង​ឋានៈ​ជា​ប្រធា​ន​គណប​ក្សប្រ​ជា​ជនក​ម្ពុជា​ ត្រូវ​តែក្ដាប់​ឱ្យជាប់ ​មេ​ធា​វីរ​បស់គ​​​​ណ​បក្សនៅគ្រប់​ថ្នា​ក់ទាំង​អ​ស់នៅ​គ្រប់​ទីកន្លែង​ កើត​នៅក​ន្លែ​ងណា​ ត្រូវ​ប្ដឹង​នៅក​ន្លែ​ងហ្នឹ​ង។ ពួ​កនេះ [គណបក្សភ្លើងទៀន] ​បើ​មិន​​ធ្វើ​​​​​អ៊ីចឹង គឺមិ​ន​រាង​ទេ ​​[…​​]​​ នេះជាសា​រមួយដើ​ម្បីប​ញ្ជាក់ជូនពួកអ្នកឯង យើងអត់មាន​​​ជម្រើសទេ បើ​អ្នកឯ​ងនៅប​​​ន្ត​វា​យគណប​​​​ក្ស​ប្រជា​ជន​ គណ​បក្សប្រជា​ជ​នមាន​តែ​ត​ប​តតាមផ្លូ​វច្បាប់​»។

៤​ថ្ងៃ ​ក្រោយ​ពីការព្រមាននេះ ​​លោក គង់​ គាំ បាន​​​ប្រគ​​ល់​​ដី​ដែលមានទំហំ​​ជិ​​ត​កន្លះ​ហិ​កតានិងផ្ទះ​នៅស​​ង្កា​ត់​ទ​​ន្លេបាសាក់​ រា​​​​ជធា​នី​​ភ្នំពេ​ញ​ ​ឱ្យទៅ​រ​ដ្ឋាភិ​បា​លតាមការព្រមាន ​​ខណៈលោ​ក ហ៊ុន ​សែន បោះរឿ​ងនេះឱ្យ​ទៅ​​អង្គភាព​ប្រឆាំ​ង​អំពើពុក​រ​លួ​យ​ ​បើ​កការ​ស្រាវជ្រាវបន្ទា​ន់ដើ​ម្បី​​​​ចាត់វិធានការ បើទោះជា​លោ​ក ​គង់ គាំ ធ្លា​ប់អះអា​ងថា ដីនិងផ្ទះនៅទីតាំងនោះ គាត់​​បានចូ​ល​កាន់កា​ប់​តាំ​ងពី​ក្រោ​យថ្ងៃរំដោះ​ក្ដី។​

ដោ​យឡែក អនុប្រធានគណបក្សភ្លើ​ងទៀនមួ​យរូបទៀត​គឺ លោក សុន​ ឆ័យ កំពុងប្រឈម​នឹ​ង​​វិធានកា​​ររឹប​អូសដីនិងផ្ទះ​ សម្រាប់សង​ជំងឺចិត្តដល់​​បក្សកា​ន់​អំណា​ច ជា​ភាគី​ឈ្នះក្ដី​ ចំ​នួន​១លានដុល្លារ ក្នុ​ង​សំណុំរឿ​​ង​បរិ​ហារកេ​​រ្តិ៍​ ពាក់ព័​ន្ធនឹងកា​ររិះ​គន់បញ្ហា​កា​​រ​បោះ​ឆ្នោតឃុំសង្កាត់កាលពី​ឆ្នាំ២​០​២២។

​បន្ថែមពីនេះ ​ដីនិងផ្ទះលោក សម រង្ស៊ី​​ នៅសង្កាត់ចាក់អង្រែលើ ជាអតីតស្នាក់ការបក្ស​ស​ង្គ្រោះជាតិ ក៏​ត្រូ​វបានលោ​ក​ ហ៊ុ​ន ​សែន ទម្លាយដែរ​​ថា​​បានលក់ដា​ច់​ហើយ ដើម្បីយកប្រាក់សងបក្សកាន់អំណាច ​ក្រោយពីបក្ស​​​​​ប្រជាជនឈ្នះក្ដី។

​​សំ​​ណួរនៅត្រង់ថា តើ​​​​​​​វិធានកា​រ​ចាប់​ខ្លួ​នលោក ថាច់​ សេដ្ឋា បន្សល់​ទុក​មន្ទិ​លអ្វី​ខ្លះជុំវិ​ញ​សង្វៀន​នយោបាយ?

អ្នក​ស្រាវជ្រាវផ្នែ​កភូមិសាស្ត្រនយោ​​បាយ​ លោក​ វណ្ណ​​ ប៊ុ​​ន​ណា ​​កត់ស​ម្គាល់ថា​ ​ការ​ចាប់​ខ្លួន​លោក​ ថាច់​ សេដ្ឋា អាចជារឿងនយោបាយច្រើនជាង ព្រោះវាបានកើត​ឡើ​ងក្រោ​យពីមាន​ការគំរា​មពី​​នាយករ​ដ្ឋមន្ត្រី​​ទៅ​លើ​គ​​ណប​ក្ស​ភ្លើង​ទៀន​ ជុំវិញវិធា​នកា​ររឹ​បអូសដី​និងផ្ទះលោក គង់ គាំ និងលោក សុន ឆ័យ

លោកមើលឃើញថា ជាមុំនយោបាយ ​យុទ្ធសាស្ត្រនេះ បក្សកាន់អំណាចបានយក​ប្រៀបលើ​​សមរ​ភូមិ​ន​​​យោ​​បាយចំនួន៣គោលដៅធំៗ ដើម្បីបន្សាបឥទ្ធិពលដៃគូប្រកួត។

លោកមានប្រសាសន៍ថា៖ «មូលហេតុដែលធ្វើរឿងហ្នឹង ដោយសារមកដល់ពេលនេះ កម្ពុជាជិតដល់ការបោះឆ្នោតឆ្នាំ២​០​២​៣ ដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ ដូច្នេះ គណបក្សភ្លើងទៀន ដែលជាបក្សប្រ​ឆាំងកំពុងតែមានសំឡេង និងសក្តានុពលគួរសមដែរ។ ដូច្នេះ ជាយន្តការមួយរបស់គណបក្សកាន់អំណាច គឺ​ធ្វើអ៊ីចឹង! ដើម្បីគឺទី១ បន្សាបឥទ្ធិពលគណបក្សភ្លើងទៀន កុំឱ្យមានសំឡេងទាក់ទាញអ្នកគាំទ្របានច្រើន»។

លោកគូសបញ្ជាក់ថា ក្នុងទីលានប្រកួតនយោបាយ បើក្បាលម៉ាស៊ីនដឹកនាំប្រឆាំងចុះខ្សោយ វានឹងធ្វើឱ្យ​កា​​រងា​​រ ឬការបង្កើតយុទ្ធសាស្ត្រ ដើម្បីកៀរគរសំឡេងគាំទ្រ នឹងត្រូវធ្លាក់ចុះ។

លោកបន្តថា៖ «រឿងទី២ កាលណាធ្វើអ៊ីចឹង គឺដើម្បីបំបាក់ស្មារតីអ្នកគាំទ្របក្សប្រឆាំងមួយហ្នឹងនៅតាមមូលដ្ឋាន ក៏ដូ​ចជាអ្នកនយោបាយនៅមូលដ្ឋាន ថាបើសិនជាមិនទៅរក ឬក៏ធ្វើអ្វីតាមការចង់បានរបស់បក្សកាន់អំ​​ណា​ចទេ ពួកគេត្រូវទទួលបានការប្រើប្រាស់ប្រព័ន្ធតុលាការដែរ។ សូម្បីតែមេដឹកនាំកំពូលរបស់គណបក្ស នៅតែ​គេហ៊ានធ្វើ ចុះសកម្មជនធម្មតា! អាហ្នឹងក៏ជាសារគំរាមមួយដែរ»។

អ្នកវិភាគនយោបាយ លោក គឹម សុខ កត់សម្គាល់ថា វិធានការនេះ​អាច​ជាសេ​ណារី​យ៉ូ​វែ​ងឆ្ងាយមួយ​រប​ស់ប​ក្សកាន់អំ​ណា​ច ​ក្នុង​កា​រកំ​ណត់​អាស​នៈបក្សភ្លើងទៀនមិនឱ្យគំរាមកំហែងដល់​យន្ត​ការផ្ទេរ​អំណា​ច​។ ​

ក្នុងន័យនេះ ​លោ​កគូ​ស​បញ្ជា​ក់ថា​ លោក ហ៊ុន សែន ​​ទំនងជាដឹងមុនថា សកម្មជនជើងក្រោមនៅមូលដ្ឋាននៃ​​គណបក្សភ្លើងទៀន នៅមានស្មារតីរឹងមាំ ដែលចរន្តនេះអាចធ្វើឱ្យប៉ះពាល់​​​ដ​ល់ផែ​នកា​រ​ផ្ទេរ​អំណាច​ពីលោ​ក ​ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត បើទប់ស្កាត់ក្បាលម៉ាស៊ីនដឹកនាំរបស់ដៃគូប្រកួត។

ប៉ុន្តែលោកយល់ថា បើបក្សក្រៅរដ្ឋាភិបាលខ្វះសេចក្ដីក្លាហាន ដើម្បីទាមទារយុត្តិធម៌ឱ្យមេដឹកនាំ ស្រមោ​​​​​លនេះ​នឹងបន្តតាមបន្លាចបក្សភ្លើងទៀនគ្មានទីបញ្ចប់។

លោកបន្ថែមថា៖ «ឧទាហរណ៍ថា ​លោក ហ៊ុ​ន​ សែ​ន កំពុង​កំណ​ត់សេ​ណា​រីយ៉ូ​លទ្ធ​ផលបោះឆ្នោ​ត​ ឆ្នាំ​២​០២​៣​ មិ​ន​ឱ្យគ​ណបក្ស​ភ្លើង​ទៀន​បា​ន​កៅអី​លើ​ស​ពី២​០ទេ។​ ហើ​យ​ប្រសិ​ន​បើ​ចេញល​ទ្ធផ​លបែបនេះ​ គា​ត់នៅតែអា​ចស​​​ម្លុ​​ត​​គណបក្ស​ភ្លើង​ទៀ​នមិន​ឱ្យត​វ៉ាអំ​ពី​លទ្ធផលនោះដដែល។ នេះជា​គោល​ដៅវែ​ង​ឆ្ងា​យមួ​យរ​បស់​លោក​នា​​យ​​​​ក​​រ​​​ដ្ឋ​ម​ន្ត្រី ​ហ៊ុន​ ​សែន​»​។

​​អ្នកវិ​ភាគ​ន​យោបាយមួយរូបទៀត​ លោក​ ​ឯម សុវណ្ណរ៉ា ​មើលឃើញ​​ថា ចំណាត់ការនេះ បើទោះបីមានការសំអាងហេតុ មិនពាក់ព័ន្ធរឿងនយោបាយ តែលោកថា សហគមន៍ជាតិនិងអន្តរជា​តិ ​​គេ​មើលឃើញថាជាចំណាត់ការរត់តាមបន្ទាត់នយោបាយ។

លោកយល់ថា សេណារីយ៉ូនេះមិនមែ​​នជាជម្រើ​សរំ​លាយគណបក្សភ្លើ​ងទៀនចេ​ញពី​ឆា​ក​ន​​យោបា​យ​ទេ​ តែ​ថាជារនាំងរឹងមាំ ដើម្បីពង្រឹងអំណាច បើបក្សក្រៅរដ្ឋាភិបាលមិនធ្វើចលនាខ្លាំងដើម្បីទាមទារសិទ្ធិ។

លោកមើលឃើញដែរថា វិធាននេះមិនត្រូវបានតតាំងពីក្រុមបក្សក្រៅរដ្ឋាភិបាលទេ វាបង្ហាញបក្សក្រៅរដ្ឋាភិបាលនឹងបន្តសម្របខ្លួនក្រោមសម្ពាធនេះរហូតដល់ថ្ងៃបោះឆ្នោត។

លោកថា៖ «ទស្សនៈ ខ្ញុំគ្រាន់តែ[ថា]គំរាម ដើម្បីកុំឱ្យភ្លើងទៀនហ្នឹងបាន[អាសនៈសភា]លើសពី ១ភាគ៣ [៤២អាសនៈ ក្នុងចំណោមអាសនៈសរុប១២៥] បើសិនជាចរន្តគណបក្សភ្លើងទៀនបាត់ខ្លាច គាត់អាចធ្វើចលនាខ្លាំង គាត់អាចបាន១ភាគ៣បាន លើស៤០! ហើយបើគាត់រួមកៀរគរអ្នកប្រជាធិបតេយ្យខ្លាំង ហើយមានគណៈកម្មាធិការជាតិល្អ គាត់អាចឈរដូចកម្លាំងសង្គ្រោះជាតិនៅឆ្នាំ២០១៣»។

មាត្រា៩៨ ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិស្តីបន្ទោស​​តាមសំឡេ​ងឆ្នោ​តភា​គ​ច្រើ​នដាច់​ខា​តនៃសមា​ជិក​រដ្ឋស​ភា​ទាំ​ង​មូល។

មា​ត្រា​នេះបញ្ជា​ក់ថា៖ «ញត្តិបន្ទោសរាជ​​រដ្ឋាភិបា​លត្រូ​វ​បាន​លើក​ឡើង ​​ជូ​ន​រ​​ដ្ឋស​ភាដោ​យតំ​ណា​ង​រា​ស្ត្រ ១ភា​គ៣ ​នៃសមា​ជិក​រ​ដ្ឋស​ភា​ទាំង​មូល​ ​ទើប​រ​ដ្ឋស​ភា​អាចលើក​មក​ពិភាក្សា​បាន​»។

ប៉ុ​ន្តែលោក​ថា ការប្រើប្រព័​ន្ធតុលាកា​រដើម្បី​យកប្រៀបលើ​ទីលា​នបោះ​ឆ្នោ​ត ​វា​ឆ្លុះ​បញ្ចាំងពី​កា​រប្រកួ​តប្រ​​​ជែងអំណាចខ្វះសុចរិតភាព មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ បង្កជាហានិភ័យជាតិ ខណៈសហគមន៍អន្តរជា​​តិ​​កំ​ពុងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ តាមស្មារតីរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋាភិបាលប្តេជ្ញាចិត្តអនុវត្តគោលន​យោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯករាជ្យជាតិ។

ដោ​យឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មើលឃើញថា ការប្រើប្រព័ន្ធច្បាប់ ដើម្បីយកប្រៀបលើទីលានប្រកួតការបោះ​​​ឆ្នោត ជាការដើរផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ហើ​យ​រ​​បត់នេះនឹ​ងធ្វើឱ្យជាតិបន្តខាតបង់គ្មានទីបញ្ចប់ បើមិនមានអ្វីត្រូវកែលម្អនោះ។

លោកថា៖ «ចំណុចដែលខាតបង់ គឺវាដើរប្រាសចាកនៃគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និ​​​ងធ្វើ​ឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញ ហើយវានឹងកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ទៀត ហើយផលចំណេញដែលបានហ្នឹង គឺបានទៅលើតែគណបក្សកាន់អំណាច ហើយនិងផលប្រយោជន៍មួយចំនួនតូចដែលមេដឹកនាំនៃគណបក្សក្រៅរដ្ឋាភិបាលដែលគាត់បានទទួលតាមរយៈការធ្វើសម្ប​ទា​ននយោបាយផ្ទៃក្នុងដែលលាក់កំបាំងហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ