យុវជន និងអ្នកឃ្លាំមើល លើកឡើងថា ទោះជារដ្ឋាភិបាលចាត់វិធានការលើមេដឹកនាំបក្សប្រឆាំង ដោយមិនឱ្យនិយាយប្រវត្តិគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែរឿងប្រវត្តិសាស្ត្រនេះ វាជាឫសគល់នៃការពិត ដោយលាក់បាំងមិនបានយូរឡើយ។
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ទោះបីជាគណបក្សប្រជាជនកម្ពុជាមានប្រវត្តិមកពីណាក៏ដោយ គណបក្សភ្លើងទៀនមិនអាចមកនិយាយធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាបានឡើយ។ លោកព្រមានជាថ្មី ដោយចាត់វិធានការច្បាប់ បើសិនមិនបញ្ឈប់និយាយពីប្រវត្តិគណបក្សប្រជាជនកម្ពុជា។
លោកថា៖ «ទោះបីគណបក្សប្រជាជនកម្ពុជា មានប្រវត្តិមកពីត្រង់ណាក៏ដោយ អត់ត្រូវមកប៉ះពាល់នូវកិត្តិយស និងសេចក្ដីថ្លែថ្នូរគណបក្សប្រជាជនទេ។ អ្នកឯងហ៊ានសាកមើល៍! ខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល៍! ខ្ញុំមិនដែលទៅប៉ះពាល់ដល់បក្សអ្នកឯងណា! ហេតុអីបានអ្នកឯងមកប៉ះពាល់គណបក្សប្រជាជន? សូម្បីតែប្រវត្តិគណបក្សប្រជាជនកម្ពុជាកើតពីត្រង់អីត្រង់ណា អ្នកឯងមកថ្កោលទោស អ្នកឯងស្គាល់លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់នៅ?»
សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី យល់ថា វិធានការលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលគ្រាន់តែនិយាយរឿងប្រវត្តិគណបក្សកាន់អំណាច វាហាក់បង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងមានការភ័យខ្លាចរឿងប្រវត្តិសាស្ត្រ។
កញ្ញាសង្កេតឃើញថា វិធានការនេះ វាបានប៉ះពាល់ធ្ងន់ធ្ងរលើសិទ្ធិសេរីភាពបញ្ចេញមតិ ជាពិសេសនឹងធ្វើឱ្យអ្នកដឹងអំពីប្រវត្តិសាស្ត្រ និងរឿងដែលកើតឡើងក្នុងសង្គមបច្ចុប្បន្ន លែងហ៊ាននិយាយ និងបញ្ចេញមតិ។
កញ្ញាថា៖ «កូនខ្មែរឬយុវជនជំនាន់ហ្នឹង គាត់ក៏កំពុងធ្វើការសិក្សាទៅលើប្រវត្តិសាស្ត្រពីមុន មិនត្រឹមតែ “៧មករា” គាត់ក៏កំពុងអានសៀវភៅប្រវត្តិសាស្ត្រតាំងពីសម័យអង្គរ តាំងពីមុនសម័យអង្គរ ហ្វូណន ឬក៏ចេនឡា អីទាំងអស់! គាត់ក៏កំពុងសិក្សាធ្វើការងារលើរឿងហ្នឹង។ ខ្ញុំជឿថា គ្មានអ្នកណាមកកាឡៃការពិតបានទេ។ ប្រហែលជាអ្នកមួយចំនួនអាចសរសេរប្រវត្តិសាស្ត្របំផ្លើសបំភ្លៃ អ្នកខ្លះអាចសរសេរលាងគូថខ្លួនឯង យកមុខយកមាត់សម្រាប់ក្រុមបក្ខពួក ប៉ុន្តែការពិតនៅតែជាការពិតអ៊ីចឹង»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានលើកឡើងដែរថា រឿងប្រវត្តិសាស្ត្រ វាសំខាន់ ដែលគ្រប់ភាគីត្រូវតែដឹង និងលើកឡើង ដើម្បីបង្ហាញទៅអ្នកដែលចូលធ្វើនយោបាយ ឬប្រជាពលរដ្ឋ។ លោកចាត់ទុកការលើកយករឿងប្រវត្តិសាស្ត្រមកនិយាយនោះថាជារឿងធម្មតា ប៉ុន្តែបើរឿងនោះមិនពិតទេ គណបក្សនយោបាយរងការចោទប្រកាន់ មានសិទ្ធិបដិសេធ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ជាជាងប្រើប្រាស់វិធានការប្ដឹងផ្ដល់ និងចាប់ខ្លួនបែបនេះ។
លោកបន្តថា ប្រសិនមិនឱ្យយុវជនរម្លឹក និងដឹងពីប្រវត្តិសាស្ត្រទេ វានឹងធ្វើឱ្យស្មារតីមនសិការ យុវជនជំនាន់ក្រោយថយចុះ ដោយសារពួកគេមិនដឹងអំពីប្រវត្តិពីមុនមក ដែលអាចធ្វើឱ្យពួកគេដើរជាន់ដានចាស់ ជាពិសេសពីការដឹកនាំប្រទេស។ លើសពីនេះ វាក៏ធ្វើឱ្យយុវជនបែកបាក់សាមគ្គី ដោយការប្រកាន់បក្ខពួកផងដែរ។
លោកថា៖ «កាលណាយុវជនអត់ចាប់អារម្មណ៍រឿងប្រវត្តិសាស្ត្រទៀត វានឹងធ្វើឱ្យបាត់បង់មនសិការជាតិ ជាពិសេសធ្វើឱ្យយុវជនខ្លាចរអា ឱ្យតែនិយាយដល់រឿងប្រវត្តិគណបក្សប្រជាជនកម្ពុជាអីមួយ គឺអត់បានតែម្ដង! គឺភ័យ បារម្ភ គឺព្រួយបារម្ភ! ហើយធ្វើឱ្យយុវជនបាត់បង់មនសិការមួយក្នុងការស្វែងរកស្រាវជ្រាវប្រវត្តិសាស្ត្រក្នុងការជជែកវែកញែក»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយការពិតមិនអាចលាក់បាំងបានយូរទេ ដោយសារ បច្ចុប្បន្នប្រជាពលរដ្ឋ និងយុវជនភាគច្រើនបានសិក្សារៀនសូត្រចេះដឹងច្រើន។
លោកថា៖ «មានតែមនុស្សអត់បានសិក្សានិងរៀនសូត្រ ទើបមិនដឹងអំពីប្រវត្តិសាស្ត្រ។ យើងចាត់ទុកជាការពិត ហើយការពិត មិនអាចកុហកនរណាបានឡើយ។ អ៊ីចឹងយើងមិនចង់ជជែកអំពីបញ្ហាការរឹតត្បិតនៅក្នុងការជជែកអំពីប្រវត្តិសាស្ត្រហ្នឹង ព្រោះយើងដឹងហើយថា នៅកម្ពុជាគឺជាប្រទេសដែលបានលើកឡើងថា អ្នកឈ្នះជាអ្នកដែលសរសេរប្រវត្តិសាស្ត្រ បើយើងយោងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានលើកឡើងហ្នឹង»។
លោកបន្តថា រឿងប្រវត្តិសាស្ត្រជាឫសគល់នៃការពិត ដែលបង្ហាញរឿងអតីតកាល ឆ្លុះបញ្ចាំងពីបច្ចុប្បន្ន និងអនាគត ដូច្នេះបើសិនជាមានការរារាំង និងគំរាមកំហែង ឃាត់ខ្លួន ដោយមិនឱ្យនិយាយការពិតនោះ វាជាការបំបិទសេរីភាពក្នុងការសិក្សា អប់រំ ព្រមទាំងស្រាវជ្រាវផងដែរ។
លោកថា៖ «បើសិនជាមនុស្សមានការអប់រំ សិក្សាស្រាវជ្រាវ មិនអាចនិយាយការពិត អ៊ីចឹងការសិក្សាអប់រំរបស់យើង ក៏អត់មានតម្លៃដែរ។ អ៊ីចឹងសម្រាប់ខ្ញុំ យល់ថា វាគួរតែត្រូវបានបើកទូលាយ។ បើមិនបើកទូលាយទេ វានឹងធ្វើឱ្យផ្លូវចិត្តរបស់អ្នកសិក្សារៀនសូត្រ របស់បញ្ញវន្ត របស់យុវជន គឺនឹងត្រូវសាបសូន្យហើយ។ កាលណាសាបសូន្យ វានឹងទៅជាគ្រោះមួយដ៏ធំសម្រាប់ជាតិ និងប្រជាពលរដ្ឋនៅថ្ងៃអនាគត»៕