សភាអឺរ៉ុបអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរបបក្នុងប្រទេសអ៊ីរ៉ង់

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​បន្ទាប់​ពី​អាជ្ញាធរបិទ​ផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (Majid Asgaripour/WANA តាមរយៈ REUTERS)

សមាជិកសភាអឺរ៉ុប បាន​អនុ​ម័ត​លើ​សេចក្ដីសម្រេច​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​អំពាវ​នាវ​ឱ្យ​មាន​​ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ ប្រឆាំង​នឹង​បុគ្គល និង​អង្គ​ភាព​ទាំង​ឡាយ​របស់​អ៊ីរ៉ង់​ ដែល​មាន​ការជាប់​ពាក់​ព័ន្ធនឹងកា​រ​រំលោភ​សិទ្ធិ​មនុស្ស ខណៈខ្លួនក៏បានបោះឆ្នោតក្នុងការកំណត់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករមួយផងដែរ។ នេះបើតាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងតាមរយៈសេចក្តីថ្លែងការណ៍មួយ សភាអឺរ៉ុបបានលើកឡើងថា៖ «អាជ្ញាធរអ៊ីរ៉ង់​ត្រូវតែ​បញ្ចប់​ការ​បង្ក្រាប​លើពលរដ្ឋរបស់ពួកគេ ហើយ​ក្នុង​នោះ មេដឹកនាំ​​កំពូល​​លោក Ali Khamenei ​និងលោកប្រធានាធិបតី Ebrahim Raisi ក៏គួរតែ​ត្រូវបាន​ដាក់​បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មផងដែរ»។

សេចក្តីសម្រេចដែលត្រូវបានអនុម័តនេះ បន្ត​ថា៖ «ការមិនយកចិត្តទុកដាក់របស់របបអ៊ីរ៉ង់​ ចំពោះសេ​ចក្តីថ្លៃថ្នូររបស់មនុស្ស និងសេចក្តីប្រាថ្នាក្នុងការចង់បានប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋខ្លួន ក៏ដូចជាការគាំទ្ររបស់ខ្លួនចំពោះប្រទេសរុស្ស៊ី គឺតម្រូវឱ្យសហភាពអឺរ៉ុបត្រូវផ្លាស់ប្ដូរជំហររបស់ខ្លួនបន្ថែមទៀតចំពោះអ៊ីរ៉ង់»។

គួរបញ្ជាក់​ថា សភាអឺរ៉ុប កាលពីថ្ងៃពុធកន្លងទៅ ក៏បានបានអំពាវនាវឱ្យសហភាពអឺរ៉ុប​ដាក់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ទៅ​ក្នុងបញ្ជីអង្គការភេរវករ ដោយបានលើកឡើងពីករណីគាបសង្កត់បាតុករក្នុងតំបន់ និងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក​ដល់យោធារុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា អ៊ីរ៉ង់បាន​ព្រមាន​ថា សហភាពអឺរ៉ុប គឺនឹងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ប្រសិនបើខ្លួនចាត់ទុកអង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករ។

ប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថាមានការកើតឡើងនូវ​ការតវ៉ា​ជា​បន្ត​បន្ទាប់ ពោលគឺចាប់តាំងពីមានករណីរបស់ស្ត្រីអ៊ីរ៉ង់មួយរូប ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ដែលបានស្លាប់កាលពីខែកញ្ញា ឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនដោយ​នគរបាល​ផ្នែកសីលធម៌របស់ប្រទេស​ ក្នុង​បទចោទប្រកាន់នៃការស្លៀកពាក់មិនសមរម្យ ទៅតាម​ការចែង​របស់​ច្បាប់សាសនា​អ៊ីស្លាម។

យោងតាមអង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) បានលើកឡើងថា អាជ្ញាធរអ៊ីរ៉ង់ក៏​ព្យាយាមស្វែងរកការកាត់ទោសប្រហារជីវិតលើមនុស្សមួយចំនួន ក្នុងគោលបំណង​ដើម្បី​បំភិតបំភ័យ​ដល់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​បះបោរក្នុងប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ